ភ្នំពេញៈ អ្នកប្រដាល់ដែលកំពុងតែសាងភាពល្បីល្បាញក្នុងទម្ងន់ធ្ងន់របស់កម្ពុជា វង្ស វិឆ័យ បានប្រើកណ្តាប់ដៃផ្តួលកីឡាករបារាំង Bahi Mhamed ឲ្យសន្លប់ត្រឹមរយៈពេល ៦ នាទីក្នុងគម្រោងប្រកួតចំនួន ៩ នាទីក្នុងកម្មវិធី Mas Fight នៅលើសង្វៀនថោនកាលពីថ្ងៃអាទិត្យ ចំណែក ពុទ្ធ ឆាយរិទ្ធី និង អ៊ុង វិរៈ បានស្មើកីឡាករថៃ និងអាមេរិក ដែលចំណាយពេល ៩ នាទីពេញតាមលក្ខខណ្ឌដែលបានចែង គឺបើគ្មានអ្នកណាសន្លប់ត្រូវឲ្យស្មើ។
សិស្សគណក្លិបទ័ពឆត្រយោង ៩១១ វង្ស វិឆ័យ កំពុងមានទីផ្សារប្រកួតច្រើនជាងគេបន្ទាប់ពីយកឈ្នះកីឡាករថៃ និងជើងខ្លាំងក្នុងស្រុកមួយចំនួន ដូចជា ឡុង សុភី ដោយដណ្តើមបានខ្សែក្រវាត់ចំនួន ២ ស្ថាប័ន និងជើងឯកថ្នាក់ជាតិក្នុងទម្ងន់ ៦៩ គីឡូក្រាមនោះ។
ជាមួយគ្នាការប្រឡូកក្នុងសង្វៀនថោន Mas Fight ចំនួន ៩ នាទី វង្ស វិឆ័យ មិនទាន់ស្គាល់រសជាតិចាញ់ម្តងនៅឡើយ ហើយកាលពីល្ងាចថ្ងៃអាទិត្យរូបគេ នៅតែរក្សាលទ្ធផលល្អគឺបន្តឈ្នះ ដោយផ្តួលកីឡាករ Bahi Mhamed មកពីប្រទេសបារាំងឲ្យសន្លប់ក្នុងរយៈពេល ៦ នាទីប៉ុណ្ណោះ ដោយប្រើស្នៀតកណ្តាប់ដៃ។
លទ្ធផលឈ្នះផ្ទួនៗ និងជាប់ៗគ្នារបស់ វង្ស វិឆ័យ បានធ្វើឲ្យប្រជាប្រិយភាពរបស់គេបានឈានចូលលំដាប់ជួរមុខអាចនឹងតាមទាន់កីឡាករល្បីបំផុតរបស់កម្ពុជា មាន កែវ រំចង់ និង រឿង សោភ័ណ្ឌ ជាដើម។
នៅពេលសួរថា តើរូបគេកំពុងជាប់កិច្ចសន្យាក្នុងកម្មវិធីប្រកួតអ្វីខ្លះនៅក្នុងឆ្នាំ ២០២០ នេះ វង្ស វិឆ័យ បានឆ្លើយតបថា៖ «កម្មវិធីប្រកួតមានគេទាក់ទងមកជាប់ជានិច្ច សឹងតែរកពេលប្រកួតមិនបាន ប៉ុន្តែរឿងជាប់កិច្ចសន្យា ឬចូលប្រកួតក្នុងព្រឹត្តិការណ៍អ្វីមួយ សូមសួរទៅគ្រូបង្វឹករបស់ខ្ញុំទៅ ទើបជាផ្លូវការគឺខ្ញុំមិនអាចដឹងទេ»។
កីឡាកររូបនេះបានបន្ថែមថា៖ «ទោះជាយ៉ាងណាក្នុងទម្ងន់ ៦៩ គ.ក្រ ខ្ញុំជាបេក្ខជនម្នាក់ក្នុងការដាក់ឲ្យប្រកួតក្នុងកីឡាជាតិលើកទី ៣ ខែឧសភា ឆ្នាំ ២០២០ នេះនៃសមាគមប្រដាល់ក្រសួងការពារជាតិ»។ កីឡាករដែលមានប្រវត្តិលេចធ្លោបំផុតនៅក្នុងឆ្នាំ ២០១៩ តាមរយៈភាពអំណោយផលខាងកម្ពស់ខ្ពស់ល្អ និងមានជំនាញក្បាច់ជង្គង់ វង្ស វិឆ័យ បានឈានមកដល់ចំណាត់ថ្នាក់ជួរមុខក្នុងទម្ងន់ធ្ងន់របស់កម្ពុជា ដែលបានឱកាសប្រកួតលក្ខណៈអន្តរជាតិជាបន្តបន្ទាប់។
ចំណែកកីឡាករ ពុទ្ធ ឆាយរិទ្ធី របស់កម្ពុជាដែលបានប្រកួតជាមួយអ្នកប្រដាល់ថៃ Kongwuth Kosetjan នៅ Mas Fight កាលពីថ្ងៃអាទិត្យនោះដែរ គឺបានប្រកួតគ្នាយ៉ាងស្វិតស្វាញអស់រយៈពេល ៩ នាទីគឺទទួលបានលទ្ធផលឈ្នះតាមច្បាប់ Mas fight ដែលមិនផ្តល់ពិន្ទុនោះទេ។
ស្រដៀងគ្នានេះដែរកីឡាករ អ៊ុង វិរៈ ដែលមិនធ្លាប់ចាញ់សោះនៅសង្វៀនថោន Mas fight នោះទទួលបានលទ្ធផលស្មើដូចគ្នា ជាមួយកីឡាករ Banasiak Pawel មកពីអាមេរិកក្នុងទម្ងន់ ៨៤ គ.ក្រ។ បើតាមបច្ចេកទេសនៃការប្រកួតលើកនេះ អ៊ុង វិរៈ ចង់យ៉ាប់ជាងលើកមុនៗ ព្រោះត្រូវកីឡាករអាមេរិកវ៉ៃចូលគោលដៅល្អជាង និងធ្វើឲ្យលំបាកទប់ទល់ផងដែរ៕