ភ្នំពេញ៖ ជំនួប​​ប្រដាល់​គុន​ខ្មែរ​មិត្តភាព​អន្តរជាតិ​ក្នុង​ទម្ងន់ ​៦៧ ​គ.ក្រ នៅ​សង្វៀន ​SEATV ​នា​ព្រឹក​ថ្ងៃ​អាទិត្យ​ក្នុង​កម្មវិធី​ Boostrong ​ត្រូវ​បាន​ផ្លាស់​ប្តូរ​ភ្លាមៗ​ដោយ​គម្រោង​នៃ​ការ​​ប្រកួត​របស់​កីឡាករ​ វង្ស ​វិឆ័យ​ របស់​ក្លិប​​កងពល​ឆត្រ​យោង ​៩១១ ​ពី​ដំបូង​ត្រូវ​បាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​លំដាប់​ខ្លាំង ​AO Vatan ​ប៉ុន្តែ​ការ​ប្រកួត​ជាក់​ស្តែង​ត្រូវ​បាន​ផ្លាស់ប្តូរ​ដាក់​ជំនួស​​ដោយ​កីឡាករ​ថៃ​ល្បី​មួយ​ទៀត​ដែល​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​ពី​កម្ពុជា ​(ធ្លាប់​ឈ្នះ​ជើង​ខ្លាំង​កម្ពុជា​មាន​ ឡុង​ សុភី​ និង ​រឿង​សោភ័ណ្ឌ ​ជា​ដើម​) ​​គឺ​កីឡាករ​ Thav Olan។

ទោះ​ជា​យ៉ាង​​ណា​​ សមត្ថភាព​​របស់​ Thav Olan​ មាន​ក្បាច់​គុន​​មិន​ក្រោម​កីឡាករ​ AO Vatan ​នោះ​​ឡើយ ​ប៉ុន្តែ​លទ្ធផល​ គឺ​ វង្ស​ វិឆ័យ​ នៅ​តែ​រក្សា​បាន​​កំណត់ត្រា​ឈ្នះ​ដដែល​​ទោះ​ជា​ការ​ប្រកួត​មាន​លក្ខណៈ​លំបាក ​និង​តឹងតែង​ដោយសារ​តែ​កម្រិត​វិជ្ជា​គុន​របស់​អ្នក​ប្រដាល់​ទាំង ​២ ​ត្រូវ​បាន​គេ​ដឹង​​ថា​ មាន​សមត្ថភាព​​ល្អ​ខ្លាំង​នៅ​ក្នុង​ប្រភេទ​ទម្ងន់​ធ្ងន់​ដូច​គ្នា​​។​

ក្នុង​ស្ថានភាព​ប្រកួត​ក្រោម​​ក្រសែ​ភ្នែក​អ្នក​ទស្សនា​យ៉ាង​ច្រើន​កំពុង​តាម​ដាន​គូ​ប្រដាល់​ខ្លាំង​​ដ៏​កម្រ​នេះ​ វត្តមាន​របស់​កីឡាករ​ថៃ​​ Thav Olan​ ជំនួស​កីឡាករ​​ AO Vatan ​មិន​បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ខក​ចិត្ត​​នោះ​ទេ​ពី​ព្រោះ​កម្រិត​វិជ្ជា​គុន​មាន​លំដាប់​ល្អ​ដូច​គ្នា ​ហើយ​ក៏​មាន​អ្នក​ទស្សនា​​លាន់​មាត់​ថា ​​កីឡាករ​ថៃ​ Thav Olan​ នេះ​មាន​ប្រជាប្រិយភាព​ និង​ក្បាច់​គុន​ចង់​ល្អ​ជាង​ AO Vatan​ ទៅ​ទៀត​។

អវត្តមាន​របស់​ A០ Vatan ​ត្រូវ​បាន​គណៈកម្មការ​ប្រាប់​ថា ​កីឡាករ​រូប​នេះ​​រក្សា​ទម្ងន់​មិន​បាន​​តាម​ការ​កំណត់​ត្រឹម ​៦៧ ​គីឡូក្រាម​​ នោះ​​ជា​មូលហេតុ​។​

បើ​និយាយ​ពី​ប្រវត្តិ​ប្រកួត​ និង​បទពិសោធ​របស់​កីឡាករ​ថៃ​ Thav Olan​ កូន​កាត់​រូប​នេះ​​វិញ ​គឺ​ច្រើន​ជាង ​វង្ស ​វិឆ័យ ​ប្រហែល ​៣ ​​ដង​ឯណោះ​​ ប៉ុន្តែ​កម្លាំង ​និង​បច្ចេកទេស​វិញ​គឺ​ វង្ស​ វិឆ័យ​ ទប់ទល់​​បាន​ល្អ​ព្រម​ទាំង​រក្សា​បាន​កំណត់ត្រា​ជា​ប្រវត្តិ​ឈ្នះ​នៅ​​ក្នុង​ឆ្នាំ ​២០១៩​ និង​​ដើម​ឆ្នាំ ​២០២០ ​នេះ​​បន្ត​​ទៀត​​គួរ​ឲ្យ​​មាន​មោទនភាព​បំផុត​​។

ក្នុង​ជំនួប​ប្រកួត​ដ៏​ស្វិតស្វាញ​ចំនួន ​៥ ​ទឹក​ពេញ​នោះ ​គេ​មើល​ឃើញ​ថា​ ​នៅ​ទឹក​ទី ២​ និង ​៣ ​កីឡាករ​ថៃ​ Thav Olan​ បាន​វាយ​ជង្គង់​ និង​កែង​បាន​ល្អ​ព្រម​ទាំង​កាច់​ឲ្យ​ វង្ស ​វិឆ័យ​ ដួល​ញឹកញាប់​ និង​មាន​ពិន្ទុ​នាំ​មុខ​ផង​ដែរ​។​ ស្ថានភាព​ប្រកួត​កំពុង​តែ​តានតឹង​ ហើយ​ការ​វាយ​សម្រុក​ខ្លាំង​ដូច​គ្នា​បាន​ធ្វើ​ឲ្យ​ វង្ស ​វិឆ័យ​ ប្រឹងប្រែង​​ស្តារ​បាន​ពិន្ទុ​មក​វិញ​នៅ​ទឹក​​ទី​៤​ ខណៈ​ដែល​វាយ​កណ្តាប់​ដៃ​​ កែង ​និង​ជង្គង់​​ និង​រុញ​ឲ្យ​ កីឡាករ​ថៃ​ Thav Olan ​ដួល​អុក​គូទ​នៅ​បង្គោល​សង្វៀន​​ងើប​មិន​ចង់​រួច​ អាជ្ញា​កណ្តាល​បាន​រាប់​​កីឡាករ​ថៃ​រូប​នេះ​ចំនួន ​៨ ​ទើប​បន្ត​ការ​ប្រកួត​បាន​វិញ​។​ ការ​​ប្រកួត​ដែល​បាន​បន្ត​រហូត​ចប់​ទឹក​ទី ​៥ ​នោះ​ Thav Olan​ អស់​ថាមពល​​បាន​ព្យាយាម​ទប់ទល់​ច្រើន​ជាង​វ៉ៃ​លុក ​ដើម្បី​កំដរ​ឲ្យ​ចប់​ទឹក​ទី ​៥ ​ខណៈ​ វង្ស​ វិឆ័យ​ ក៏​ខ្សោយ​​ថាមពល​ដូច​គ្នា​រង់ចាំ​តែ​ស្នូរ​ជួង​បញ្ចប់​ប៉ុណ្ណោះ​។

ក្រោយ​ប្រកាស​លទ្ធផល​ឲ្យ ​វង្ស ​វិឆ័យ​ ឈ្នះ​កីឡាករ​​ Thav Olan ​និយាយ​ថា​៖ «​​ខ្ញុំ​ចាញ់​ដោយសារ​​រង​មួយ​​ដៃ​វិល​ និង​គេ​បន្ថែម​ទាត់​ទៀត​ធ្វើ​ឲ្យ​ខ្ញុំ​ដួល​។ ​មូលហេតុ​នេះ​ខ្ញុំ​ទទួល​ស្គាល់​ថា ​វិឆ័យ​ ខ្លាំង​គួរ​សម​ក្នុង​ចំណោម​​អ្នក​ដែល​​ខ្ញុំ​ធ្លាប់​ប្រកួត​ជាមួយ​កីឡាករ​ខ្មែរ​កន្លង​មក​ ហើយ​មូលហេតុ​​ចាញ់​ដោយសារ​ខ្ញុំ​មិន​បាន​ត្រៀម​ខ្លួន​ល្អ​ទេ ​គឺ​មក​ជំនួស​គេ​ប៉ុន្តែ​ខ្ញុំ​ចាញ់​ត្រឹម​ពិន្ទុ​ក្រោយ​អាជ្ញា​កណ្តាល​​រាប់​ប៉ុណ្ណោះ»​​។​

Thav Olan ​បន្ថែម​ថា៖ ​«​​ប្រសិន​​ជួប​ប្រកួត​លើក​ក្រោយ​បាន​​ត្រៀម​មុន​ល្អ​ ខ្ញុំ​ធានា​ឈ្នះ​បាន​ពី​ព្រោះ​កីឡាករ​កម្ពុជា ​ខ្ញុំ​ញញើត​តែ​កណ្តាប់​ដៃ​ រឿង ​សោភ័ណ្ឌ​ ប៉ុណ្ណោះ»​​៕