ភ្នំពេញៈ កីឡាករ​មាន​កាយ​សម្បទា​ល្អ និង​មាន​សមត្ថ​ភាព​ប្រកួត​គួរ​ឲ្យ​ចាប់​អារម្មណ៍ វង្ស វិឆ័យ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ទំនង​ជា​មាន​ប្រៀប​ជាង​បេក្ខភាព​ចំនួន ​៣ នាក់​ទៀត មាន ពុទ្ធ ឆាយរិទ្ធី, ឆៃ សារ៉ា និង ឈឿន ល្វៃ ដែល​ត្រូវ​ដាក់​ឲ្យ​ប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ប្រាក់​​លាន ទម្ងន់ ​៦៩ ​គីឡូក្រាម ក្នុង​កម្មវិធី Mas Fight Cambodia នៅ​លើ​សង្វៀន​ថោន​នា​ថ្ងៃ​អាទិត្យ​នេះ។

ទោះបី​សមត្ថភាព ​ឬ​បទពិសោធ​របស់​កីឡាករ​ទាំង ​៤ ​មាន​កម្រិត​ល្បីល្បាញ​ដូច​គ្នា ​ប៉ុន្តែ​គិត​មក​ដល់​ពេល​នេះ​ កម្រិត​បច្ចេកទេស​ និង​កម្លាំង​សមត្ថភាព​របស់​កីឡាករ ​វង្ស ​វិឆ័យ ​គឺ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ល្អ​ជាង​គេ​ដាច់​តែ​ម្តង ​ហើយ​ទោះបី​ វង្ស​ វិឆ័យ ​ចាប់​ឆ្នោត​ប៉ះ​អ្នកណា​នៅ​វគ្គ​ជម្រុះ​​មាន​ត្រឹម ​៣ ​ទឹក ​ក៏​គេ​នៅ​មាន​ជំនឿ​ថា​ ​វង្ស ​វិឆ័យ​ នឹង​មាន​លទ្ធផល​ឈ្នះ​មិន​ខាន​ ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ។​

លោក​ គឹម ស្រ៊ុនកុសល ​នាយក​គ្រប់គ្រង​កម្មវិធី​ ​​Mas Fight​ Cambodia បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ ថា​៖ «​ការ​ផ្គូផ្គង​សម្រាប់​ការ​ប្រកួត​ យើង​ពិត​ជា​លំបាក​រក​កីឡាករ​ ឲ្យ​មាន​សមត្ថភាព​បទពិសោធ​ ឬ​កម្លាំង​បច្ចេកទេស​ ឲ្យ​មាន​ប្រហាក់​ប្រហែល​គ្នា​ណាស់​ គឺ​វា​តែងតែ​មាន​ចំណុច​លើស ​ឬ​ខ្វះ​គ្នា​បន្តិច​បន្តួច​ចៀស​មិន​ផុត​ទេ។​ ជាមួយ​គ្នា​នេះ​យើង​ក៏​ត្រូវ​ការ​ពេល​វេលា​វែង​ ដើម្បី​កក់​កីឡាករ​ទុក​ ​ព្រោះ​ពួក​គាត់​មិនមែន​រង់ចាំ​តែ​ប្រកួត​នៅ​ក្នុង​សង្វៀន​ ​Mas Fight ​យើង​តែ​មួយ​នោះ​ទេ»​។

លោក ​ស្រ៊ុនកុសល​ បាន​បន្ថែម​ថា​៖ «​ក្នុង​ចំណោម​កីឡាករ ​៣ នាក់ ​ដែល​ត្រៀម​ចាប់​ឆ្នោត​ប្រកួត​ជាមួយ​ វង្ស ​វិឆ័យ ​គឺ​ ​ឈឿន ​ល្វៃ​ និង ​ឆៃ ​សារ៉ា​ រាង​ខ្ចី​វស្សា​ដូច​គ្នា ​ប៉ុន្តែ​ ​ពុទ្ធ ​ឆាយរិទ្ធី​ មាន​បទពិសោធ​ និង​ចាស់​វស្សា​ជាង ​គឺ​មិន​មែន​អាច​ថា ​វង្ស ​វិឆ័យ ​មាន​ប្រៀប​ធានា​ឈ្នះ​បាន​ស្រួល​នោះ​ទេ គឺ​អាច​នឹង​​មាន​ភាព​ប្រទាញ​ប្រទង់​គ្នា​មិន​ខាន​ ហើយ​ក្នុង​បេក្ខភាព​ទាំង​ ​៤ ​នាក់​នេះ ​មាន ​៣ ​នាក់ ​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​មក​គ្រប់គ្រង​ដូច​គ្នា ​លើក​លែង​តែ​ ​ឈឿន​ ល្វៃ​ ប៉ុន្តែ​កំពុង​ល្អ​ដោយ​ធ្លាប់​វ៉ៃ​ស្មើ​ជាមួយ​ វង្ស ​វិឆ័យ កាល​ពី​ពេល​ថ្មីៗ​នេះ​​ដែរ»​។​

ចំណែក លោក ​ធន់ ​សុភា ​គ្រូ​បង្វឹក​ ឆៃ សារ៉ា ទទួល​ស្គាល់​ថា​៖ ​«ក្នុង​ចំណោម​បេក្ខភាព​ទាំង ​៤ ​នាក់​នេះ ​ឆៃ ​សារ៉ា ​​ដូចជា​មាន​កម្រិត​បច្ចេកទេស​នៅ​ទាប​ជាង ​ឬ​ក្រោម​គេ​បន្តិច​ ​ព្រោះ​ថា​សូម្បី​តែ​កីឡាករ ​ឈឿន​ ល្វៃ​ ជា​ជើង​ថ្មី ​ក៏​ល្អ​ជាង​​ដែរ​ ចំណែក​ ពុទ្ធ ឆាយ​រិទ្ធី​ និង ​វង្ស ​វិឆ័យ ​កាន់​តែ​ល្អ​ជាង​មួយ​កម្រិត​ទៀត​»។​

លោក​បន្ត​ថា​៖ «​មួយ​រយៈ​នេះ ​ឆៃ ​សារ៉ា​ ហ្វឹកហាត់​មិន​សូវ​បាន​ល្អ​គ្នា ព្រោះ​​មាន​កូន​ប្រពន្ធ​ផង​ កម្លាំង​ខ្សោយ​ជាង​មុន ​ប៉ុន្តែ​ ឆៃ​ សារ៉ា​ ចិត្ត​ធំ​មាន​ក្បាច់​កែង​រូស​ល្អ​ ក៏​អាច​មាន​លទ្ធភាព​តតាំង​បាន​ល្អ​ ហើយ​​នៅ​សល់​រយៈពេល​ប៉ុន្មាន​​ថ្ងៃ​ទៀត​នេះ ​ខ្ញុំ​នឹង​បង្វឹក​ឲ្យ​ ​សារ៉ា​ រឹងមាំ ​និង​មាន​បច្ចេកទេស​បន្ថែម​ក្នុង​ការ​វ៉ៃ​លុក​ល្អ ​កែង​ល្អ ​និង​ជង្គង់​ល្អ​ គឺ​នឹង​មាន​លទ្ធផល​ល្អ​ លើ​សង្វៀន​ជាក់​ស្តែង​ ដែល​យើង​លំបាក​ទស្សន៍ទាយ​មុន​ប្រកួត​បាន​ត្រូវ​ណាស់​»​។​

ចំណែក​លោក ​ណន ​រិទ្ធ ​គ្រូ​បង្វឹក​ ​ពុទ្ធ ​ឆាយ​រិទ្ធី​ បាន​និយាយ​ថា​៖ «ឆាយរិទ្ធី ​ហ្វឹកហាត់​ត្រៀម​បាន​ល្អ ​និង​មាន​សង្ឃឹម​ក្នុង​ការ​ដណ្តើម​ប្រាក់​លាន ប៉ុន្តែ​​យើង​មិន​អាច​មើល​ស្រាល​ដៃ​គូ​ប្រកួត​​បាន​ទេ​ ​ព្រោះ​កីឡាករ​ទម្ងន់​ធ្ងន់ ​ពេល​វាយ​ចូល​គោលដៅ​ពេញៗ​ល្អ​នោះ​ ងាយ​នឹង​ស្រុត​កម្លាំង​អ៊ីចឹង​​ខ្ញុំ​គិត​ថា ​សង្ឃឹម ​៥០ ​ភាគរយ​សិន ​ខណៈ​ដែល​ ​វង្ស ​វិឆ័យ​ ជា​ឧបសគ្គ​ធំ​ជាង​គេ ​ប្រសិន​ប៉ះ​គ្នា​នោះ​»។​

វង្ស ​វិឆ័យ​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ជើង​ខ្លាំង​ជំនាន់​ក្រោយ​ ធ្លាប់​ចាញ់ ​និង​ឈ្នះ​​ជាមួយ ​ឡុង ​សុភី​ ហើយ​កាល​ពី​សប្តាហ៍​​មុន បាន​ចាញ់ ​រឿង ​សោភ័ណ្ឌ​ ទាំង​មិន​អស់​ចិត្ត ខណៈ​ដែល​អ្នក​គាំទ្រ​​មួយ​ចំនួន​ធំ ស្រែក​ថា​ មិន​យុត្តិធម៌​។​ លោក​ ហង្ស​ ស៊ឺន ​គ្រូ​បង្វឹក​ និង ​វង្ស ​វិឆ័យ ​មិន​អាច​ទាក់ទង​សុំ​សម្ភាស​បាន​ទេ​ ប៉ុន្តែ​កាល​ពី​ប៉ុន្មាន​សប្តាហ៍​កន្លង​មក​លោក​ ហង្ស​ ស៊ឺន បាន​​ខ្សឹប​ប្រាប់​ថា​៖​«ខ្ញុំ​មិន​ចង់​និយាយ​ទេ​ ​ព្រោះ​មាន​គេ​ថា ​ខ្ញុំ​អួត ​អ៊ីចឹង​​បង​ប្អូន​មើល​ខ្លួន​ឯង​ទៅ​ដឹង​ហើយ»​៕