ភ្នំពេញ៖ ​អ្នក​ប្រដាល់​ដែល​កំពុង​មាន​ប្រជាប្រិយ​ខ្លាំង​តាម​រយៈ​ឈ្នះ​បាន​ជយលាភី​ និង​ខ្សែ​ក្រវាត់​ផ្ទួនៗ​ ​វង្ស ​វិឆ័យ​ របស់​ក្លិប​កងពល​ឆត្រ​យោង​ ៩១១​ ត្រូវ​បាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​លំដាប់​ខ្លាំង​របស់​ថៃ​ A០ Vatan ​ក្នុង​ទម្ងន់ ​៦៧ ​គ.ក្រ នៅ​សង្វៀន SEATV នា​ព្រឹក​ថ្ងៃ​អាទិត្យ។

ជ័យជម្នះ​របស់ A០ Vatan លើ​ជើង​ខ្លាំង ​ធឿន ​ធារ៉ា ចំនួន ​២ ​ដង ​និង​ឈ្នះ​ រឿង សោភ័ណ្ឌ​ ១ ​លើក​នោះ ​ធ្វើ​ឲ្យ​កីឡាករ​លំដាប់​ខ្លាំង​របស់​ខ្មែរ​មួយ​ចំនួន​ញញើត​ គឺ​លំបាក​រក​ដៃ​គូ​ប្រកួត ​ប៉ុន្តែ​វត្តមាន​របស់​ វង្ស​ វិឆ័យ ​សប្តាហ៍​នេះ ​គឺ​បាន​ដាស់​អារម្មណ៍​អ្នក​ទស្សនា​ឲ្យ​​ងាក​មក​សង្កេត​តាម​ដាន ​ខណៈ​ដែល​មតិ​អ្នក​ទស្សនា​ និង​អ្នក​ជំនាញ​ស្គាល់​ពី​សមត្ថភាព​កីឡាករ​ថៃ​រូប​នេះ​មួយ​ចំនួន​ហ៊ាន​បញ្ចេញ​យោបល់​ថា ​ប្រសិន​ជា A០ Vatan ​វ៉ៃ​អស់​ពី​សមត្ថភាព​ក្នុង​តម្លាភាព ​គ្មាន​ទីផ្សារ​ពាណិជ្ជកម្ម​នៅ​ពី​ក្រោយ​ខ្នង​ទេ ​​គឺ​ភាគរយ​តិច​ណាស់​ដែល​ ​វង្ស ​វិឆ័យ​ ​មាន​សមត្ថភាព​ឈ្នះ​នោះ​។​

យ៉ាង​ណា​ក៏​ដោយ វង្ស វិឆ័យ ដែល​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​ចំនួន ​២ ​ស្ថាប័ន ​និង​ជយលាភី​ជើងឯក​ជាតិ​ក្នុង​ឆ្នាំ ​២០១៩ ​នោះ អាច​នឹង​បាន​ដឹង​ពី​កល​ល្បិច​ប្រកួត​របស់ A០ Vatan ច្រើន​ហើយ ព្រោះ​​ថៃ​ម្នាក់​នេះ ទើប​តែ​ប្រកួត​ជាមួយ ឡៅ ចន្ទ្រា ដែល​ជា​សិស្ស​រួម​ក្លិប​ជាមួយ វង្ស វិឆ័យ កាល​ពី​សប្តាហ៍​មុន ដោយ​ចាញ់​ដោយ​ពិន្ទុ ប៉ុន្តែ​ការ​ប្រកួត​នោះ A០ Vatan ហាក់​មិន​សូវ​វាយ​សម្រុក​ទៅ​លើ ចន្ទ្រា ប៉ុន្មាន​ឡើយ។

ប្រភព​ក្រៅ​ផ្លូវ​ការ​បាន​ប្រាប់​ដោយ​​សុំ​មិន​បញ្ចេញ​ឈ្មោះ​​ថា​៖ «​ការ​ប្រកួត​តាម​វិស័យ​ឯកជន​ស្ថិត​ក្នុង​ទម្រង់​រក​ស៊ី​លក់ ​ឬ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ ខណៈ​ដែល​ទីផ្សារ​ប្រកួត​មិន​អនុលោម​តាម​បច្ចេកទេស​សុទ្ធសាធ​នោះ​ទេ​។ និយាយ​ឲ្យ​ចំ​គេ​មាន​ចេតនា​រៀបចំ​ឲ្យ​កីឡាករ​ខ្មែរ ​មាន​ប្រៀប​ដើម្បី​ងាយ​ទទួល​បាន​ជ័យជម្នះ ​មាន​ការ​គាំទ្រ​ពី​មហាជន ​ខណៈ​ដែល​ភាគី​កីឡាករ​ថៃ​អាច​នឹង​សម្រប​សម្រួល​ ដើម្បី​រក​ទីផ្សារ​ប្រកួត​បាន​ច្រើន​ផង​ដែរ​។ ​ប្រភព​ដដែល​បន្ត​​ថា​៖​ ​«​បើ​មិន​ជឿ​ឲ្យ​សង្កេត​មើល​លទ្ធផល​កីឡាករ​កម្ពុជា​យើង​មួយ​ចំនួន ​ចេញ​ទៅ​ប្រកួត​នៅ​​ក្រៅ​ប្រទេស​ទៅ គឺ​ភាគ​ច្រើន​សន្លប់​មិន​ដល់​ទឹក​ គឺ​ត្រឹម​ទឹក​ទី ​១ ​នេះ​ច្រើន​ណាស់​»​។​

លោក​ ហង្ស ​ស៊ឺន ​គ្រូ​បង្វឹក​កីឡាករ វង្ស ​វិឆ័យ បាន​ប្រាប់​ថា វិឆ័យ ​ហ្វឹកហាត់ ​និង​ត្រៀម​ប្រកួត​បាន​ល្អ​ ប៉ុន្តែ​យើង​​មិន​ហ៊ាន​អះអាង​យ៉ាង​ណា​មុន​ប្រកួត​នោះ​ឡើយ​។ ទោះ​យ៉ាង​ណា លោក​បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​ធានា​បាន​តាំង​ពី​ដើម​មក ​គឺ​កីឡាករ​ក្នុង​ក្លិប​របស់​ខ្ញុំ​ ​ធានា​វ៉ៃ​អស់​ពី​សមត្ថភាព ដោយ​គ្មាន​កីឡាករ​ណា​មួយ​ ជាប់​ពិន័យ​ពី​ការ​ប្រកួត​មិន​ប្រក្រតី​នោះ​ឡើយ ​ហើយ​ភាគ​ច្រើន​ការ​ចាញ់ ​ឬ​ឈ្នះ ​មិន​ចង់​និយាយ​ត្រឹម​ឈរ​ទឹក​បាន​ល្អ​ប៉ុណ្ណោះ​ទេ តែ​​វ៉ៃ​អស់​ពី​សមត្ថភាព​ទៅ​តាម​គំនិត​របស់​ខ្ញុំ»​។​

ចំណែក​លោក​ ថៃ​ អ៊ូ​ អ្នក​នាំ​កីឡាករ​ថៃ​ មក​ប្រកួត​និយាយ​ថា​៖ «​កីឡាករ​ថៃ​ Ao Vatan ​នេះ ​ពិត​ជា​ខ្លាំង​មែន​ និង​មាន​តម្លៃ​ខ្លួន​ប្រកួត​ខ្ពស់​ជាង​គេ​ ប៉ុន្តែ​ខ្ញុំ​គ្រាន់​តែ​ជា​អ្នក​រក​ទីផ្សារ​ឲ្យ​មាន​ការ​ប្រកួត ​គឺ​គេ​មិន​ឲ្យ​និយាយ​រឿង​បច្ចេកទេស​ ការ​ចាញ់​ ​ឈ្នះ​ ឬ​ការ​វិភាគ​ណា​មួយ​នោះ​ទេ​ ​ព្រោះ​សិទ្ធិ​របស់​ខ្ញុំ ​នាំ​កីឡាករ​ថៃ​ ឬ​កីឡាករ​បរទេស​មក​ប្រកួត ​ទៅ​តាម​ការ​ចង់​បាន​របស់​សង្វៀន ​និង​មន្ត្រី​បច្ចេកទេស​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​តែ​ប៉ុណ្ណោះ»​។

លោក​​ ហង្ស ស៊ឺន បាន​បន្ត​ថា​​៖ «បញ្ហា​ថៃ​វ៉ៃ​អស់​ពី​សមត្ថភាព​ ឬ​មិន​អស់​ខ្ញុំ ​ក៏​មិន​អាច​ដឹង​ដែរ ​​ព្រោះ​ភារកិច្ច​ត្រួត​ពិនិត្យ​ពី​គណៈកម្មការ​ខាង​ម្ចាស់​សង្វៀន​ ព្រម​ទាំង​ស្ពនស័រ​គេ​មើល​បន្ថែម ​ចំណែក​ខ្ញុំ​សុំ​មិន​និយាយ​ពី​បច្ចេកទេស​នោះ​ឡើយ​»។​

ដោយ​ឡែក​ជុំវិញ​ការ​ផ្គូផ្គង​កីឡាករ​បរទេស​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ ​តែងតែ​ជួប​បញ្ហា​ផ្លាស់​ប្តូរ​គូ​ប្រកួត​ភ្លាមៗ​ក៏​ស្ថិត​ក្នុង​ភាព​មន្ទិល​រវាង​ជំនួប​របស់ ​វង្ស ​វិឆ័យ ​និង Ao Vatan ​លើក​នេះ​ដែរ។ ប៉ុន្តែ​​លោក ​ញាន​ សុធី​ ប្រធាន​គ្រប់គ្រង​កម្មវិធី​បាន​ប្រាប់​​ថា​៖ «គិត​មក​ដល់​ម៉ោង​នេះ​ យើង​គ្មាន​ព័ត៌មាន​ណា​ត្រូវ​ផ្លាស់ប្តូរ​នោះ​ទេ​ ប៉ុន្តែ​បើ​យោង​តាម​ច្បាប់​របស់​កីឡា​ គឺ​កីឡា​មាន​បញ្ហា​សុខភាព​ ឬ​លើស​ទម្ងន់​ ឬ​រក្សា​បទបញ្ជា​ប្រកួត​មិន​បាន​ដូច​ជា​មក​មិន​ទាន់​ពេលវេលា​ គឺ​ត្រូវ​ពិន័យ​ឲ្យ​ចាញ់​ដោយ​ស្វ័យ​ប្រវត្តិ ​និង​រក​កីឡាករ​ផ្សេង​ដាក់​ជំនួស​ហើយ​​នេះ ​គឺ​ជា​អ្វី​ដែល​យើង​កំពុង​អនុវត្ត​ជាក់​ស្តែង​»៕​