ភ្នំពេញៈ ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា បានរកឃើញគ្រាប់បាល់ដំបូង សម្រាប់ការវិលមកលេងនៅលីកកំពូលកម្ពុជា ឆ្នាំ ២០១៨ របស់ខ្លួនហើយ ហើយវាក៏ជាគ្រាប់បាល់ដ៏មានន័យបំផុត ក្នុងការជួយក្រុមបឹងកេតដែរ ចំណែកអ្នកចាំទី សំ ពៅ បានធ្វើឲ្យក្រុមណាហ្គាវើល ជួបការខកចិត្តនៅលើទឹកដីខេត្តសៀមរាប ជាមួយការសង្គ្រោះបាល់ដ៏អស្ចារ្យរបស់គេ ឯក្រសួងការពារជាតិ បានបង្កើតកំណត់ត្រាច្រំដែល ក្នុងការយកឈ្នះក្រុមអាស៊ីអឺរ៉ុប។
ចាន់ វឌ្ឍនាកា ត្រូវបានគ្រូបង្វឹកលោក ហៅ សុជាតិ ដាក់ឲ្យចូលលេងនៅក្នុងជម្រើស ១១ នាក់ដំបូង ជាលើកទី ១ បន្ទាប់ពីរូបគេ មិនបានបង្ហាញខ្លួន កាលពីសប្តាហ៍មុន។ ការប្រកួត នៅពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃសៅរ៍នោះ វឌ្ឍនាកា បានតែតបាល់បញ្ចូលទីជួយឲ្យក្រុមបឹងកេត ឈ្នះក្រុមប៉ូលិស ១-០ ទាំងលំបាក នៅនាទីទី ៧២ ខណៈ Gbenga បានលើកបាល់កាត់ចូលក្នុងតំបន់គ្រោះថ្នាក់យ៉ាងល្អនោះ។
បើទោះបីជា ការឈ្នះប៉ូលិស ត្រឹម ១-០ នេះវាបានបង្ហាញពីការថមថយនូវចំនួនគ្រាប់បាល់ បើប្រៀបធៀបទៅនឹងការជួបគ្នាជើងទី ១ ដែលបឹងកេត បានឈ្នះប៉ូលិស រហូតដល់ ៥-១ ប៉ុន្តែ ១ គ្រាប់របស់ វឌ្ឍនាកា នេះបានក្លាយជាជ័យជម្នះយ៉ាងសំខាន់បំផុត ក្នុងការជួយឲ្យក្រុមបឹងកេត មានភាគរយ កាន់តែខ្ពស់ ក្នុងការប្រជែងយកពាននៅឆ្នាំនេះ។
ការមាន ៣៦ ពិន្ទុ បានធ្វើឲ្យក្រុមបឹងកេត មាន ៤ ពិន្ទុ ដាច់ពីក្រុមណាហ្គាវើល ដែលជាគូប្រជែងរបស់ខ្លួន ព្រោះការប្រកួតជើងទី ២ ជាមួយក្រុមអង្គរថាយហ្គឺរ នៅលើទឹកដីខេត្តសៀមរាប កាលពីថ្ងៃអាទិត្យ ណាហ្គាវើល ទទួលបានត្រឹម ១ ពិន្ទុ ដើម្បីមាន ៣២ ពិន្ទុ។ ណាហ្គាវើល បានត្រឹមស្មើ ១-១ ជាមួយអង្គរថាយហ្គឺរ ដែលពួកគេធ្លាប់ឈ្នះ ៣-០ កាលពីជើងទី ១។
ខ្សែប្រយុទ្ធ Joichiro បានរកគ្រាប់បាល់នាំមុខឲ្យក្រុមអង្គរថាយហ្គឺរ ១-០ តាំងពីនាទីទី ១៥ ប៉ុន្តែខ្សែប្រយុទ្ធ Matthew Osa វាយបកបាន ១ គ្រាប់វិញឲ្យណាហ្គាវើល នៅនាទីទី ៤០។ ក្រោយការតាមស្មើនេះ ណាហ្គាវើល បានបង្កើនការវាយលុកទៅលើក្រុមអង្គរថាយហ្គឺរ យ៉ាងខ្លាំង ហើយបានបង្កើតឱកាសក្នុងការស៊ុត និងតែតបាល់ចំគោលដៅជិត ១០ គ្រាប់ ប៉ុន្តែអ្នកចាំទី សំ ពៅ សង្គ្រោះបាល់ទាំងនោះ បានយ៉ាងជោគជ័យ។
សំ ពៅ ត្រូវបានអ្នកទស្សនា ចាត់ទុកថាជាកំពូលអ្នកសង្គ្រោះបាល់ ដែលបានជួយឲ្យក្រុមអង្គរថាយហ្គឺរ ចែក ១ ពិន្ទុជាមួយក្រុមណាហ្គាវើល លើកនេះ ដើម្បីមាន ១២ ពិន្ទុ ប៉ុន្តែលទ្ធផលស្មើគ្នានេះ បានធ្វើឲ្យគ្រូបង្គោលក្រុមណាហ្គាវើល លោក មាស ចាន់ណា មិនសប្បាយចិត្តនោះទេ ហើយវាក៏ជាពេលដែលណាហ្គាត្រូវធ្វើការងារកាន់តែធ្ងន់ ក្នុងការប្រជែងយកពាននៅឆ្នាំនេះផងដែរ។
ចំណែកក្រុមទ័ព បានយកឈ្នះក្រុមអាស៊ីអឺរ៉ុប ៣-១ បន្ថែមទៅលើការឈ្នះ ២-១ កាលពីជើងទី ១ ហើយការឈ្នះ ៣-១ នេះវាដូចគ្នាទៅនឹងការប្រកួតជម្រុះវគ្គ ១៦ ក្រុមថ្នាក់ជាតិពានរង្វាន់សម្តេច ហ៊ុន សែន កាលពីថ្ងៃពុធអ៊ីចឹងដែរដោយ ទ័ព បានឈ្នះ អាស៊ីអឺរ៉ុប ៣-១ ដូចគ្នា។ ការទទួលបាន ៣ ពិន្ទុនេះ បានជួយឲ្យក្រុមទ័ព មាន ៣០ ពិន្ទុ ខណៈក្រុមសូលទីឡូអង្គរ ក៏បានបន្តឈ្នះក្រុមឈរនៅបាតតារាងវេស្ទើន ៣-០ ដើម្បី ១៤ ពិន្ទុ។
ចំពោះ ២ ប្រកួតទៀត ដែលធ្វើឡើងកាលពីយប់ថ្ងៃអាទិត្យ ម្សិលមិញ ក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមអគ្គិសនីកម្ពុជា ៤-២ ដើម្បីមាន ២០ ពិន្ទុ ហើយជ័យជម្នះនេះក៏ជាពេលដែល ណុប តុលា រកបាន ២ គ្រាប់តែម្នាក់ឯងជាថ្មីផងដែរ ខណៈ ប្រាក់ មុន្នីឧត្តម និង Silva Junior រកបានម្នាក់ ១ គ្រាប់ ឯ ២ គ្រាប់របស់អគ្គិសនីកម្ពុជា រកបានដោយ ម៉ាត់ នូរុណ។ រីឯក្រុមមាន ២៩ ពិន្ទុស្រាប់ វិសាខា បានយកឈ្នះក្រុមមាន ២១ ពិន្ទុ ភ្នំពេញក្រោន ៣-១៕