ភ្នំពេញៈ ខ្សែប្រយុទ្ធដ៏ឆ្នើម ចាន់ វឌ្ឍនាកា បានច្រានចោលចំពោះសំណើ នៃការចេញទៅលេងឲ្យក្លិបនៅក្រៅប្រទេស ដោយរូបគេបានសម្រេចចិត្តវិលមកលេងឲ្យក្លិបបឹងកេតវិញ ហើយវត្តមានរបស់ខ្សែប្រយុទ្ធជំនាញជើងឆ្វេងរូបនេះ បានធ្វើឲ្យក្រុមបឹងកេត កាន់តែមានការជឿជាក់ក្នុងការប្រជែងយកតំណែងជើងឯកនៃលីកកំពូលកម្ពុជា ឆ្នាំ ២០១៨។
លោក បែ មករា អ្នកចាត់ការទូទៅក្លិបបឹងកេត បានចាត់ទុកការវិលត្រឡប់របស់ ចាន់ វឌ្ឍនាកា ថា «ជាការវិលត្រឡប់របស់វីរបុរសបាល់ទាត់»។ លោកបានថ្លែងក្នុង សន្និសីទកាសែត កាលពីថ្ងៃសៅរ៍ថា៖ «នៅថ្ងៃនេះក្លិបសូមប្រកាសជាផ្លូវការ ពីការវិលត្រឡប់របស់ Hero ចាន់ វឌ្ឍនាកា ដែលធ្លាប់ជួយឲ្យក្លិបឈ្នះពានជាច្រើន ហើយក៏ជាកីឡាករ ដែលធ្វើឲ្យលីកកំពូលកម្ពុជាយើងមានការកក្រើក ផងដែរ»។
អ្នកចាត់ការទូទៅវ័យក្មេងរូបនេះ ក៏សង្ឃឹមថា ចាន់ វឌ្ឍនាកា នឹងជួយឲ្យបឹងកេតកាន់តែមានភាគរយ ក្នងការឈ្នះពាន ផងដែរ។ លោកបានបញ្ជាក់ថា៖ «ចំពោះភាគរយការឈ្នះពានរបស់បឹងកេត គឺពីមុនរហូតដល់ឥឡូវនេះ យើងនៅតែមានសង្ឃឹម ប៉ុន្តែការបន្ថែមគាត់មក ១ ទៀត ធ្វើឲ្យយើងមានកម្លាំង និងមានជម្រើសកាន់តែច្រើន ដែលនឹងធ្វើឲ្យតំបន់ប្រយុទ្ធរបស់យើងកាន់តែល្អជាងមុន ព្រោះ វឌ្ឍនាកា ជាកីឡាករមានគុណភាពខាងបញ្ចប់ទី»។
ចំណែក ចាន់ វឌ្ឍនាកា បានបង្ហាញពីមូលហេតុ៣ ដែលទាក់ទាញឲ្យរូបគេ វិលមកលេងឲ្យក្លិបបឹងកេតវិញលើកនេះ។ វឌ្ឍនាកា បាននិយាយថា៖ «សម្រាប់ខ្ញុំ មើលឃើញពីសក្តានុពលរបស់លីកកំពូលកម្ពុជា គឺឥឡូវនេះមានក្រុម ដែលអាចប្រកួតប្រជែងបានច្រើន ទី ២ ខ្ញុំបានមើលឃើញពីថ្នាក់ដឹកនាំ គាត់មានឆន្ទៈខ្ពស់ក្នុងការដឹកនាំក្លិប ទី ៣ ក្លិបទាំងមូល មានឆន្ទៈចង់ឈ្នះពានរង្វាន់លីកកំពូលកម្ពុជា ៣ រដូវកាលជាប់គ្នា ហើយនេះជាឆន្ទៈមួយ ដែលធ្វើឲ្យខ្ញុំចង់មកលេងនៅបឹងកេត វិញ»។
បន្ថែមលើនេះ ចាន់ វឌ្ឍនាកា ក៏គ្រោងនឹងយកបទពិសោធ ដែលទទួលបានពីការចេញទៅលេងនៅក្រៅប្រទេស ពិសេសនៅលីកកំពូលម៉ាឡេស៊ី មកជួយពង្រឹងក្រុមបឹងកេត ផងដែរ។ កីឡាកររូបនេះ បានបញ្ជាក់ថា៖ «ការចេញទៅលេងនៅក្រៅប្រទេសមួយរយៈកន្លងមកនេះ ខ្ញុំទទួលបានបទពិសោធច្រើន ហើយខ្ញុំក៏សង្ឃឹមថា ខ្ញុំនឹងយកបទពិសោធទាំងនោះ មកជួយក្រុមបឹងកេតក្នុងការប្រកួតជើងទី ២ លីកកំពូលកម្ពុជា ខាងមុខនេះដែរ»។
ជាមួយគ្នានេះ ប្រធានក្លិបថ្មីរបស់បឹងកេត គឺអ្នកស្រី ពុធ ធីតា ក៏បានបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការជួយជំរុញឲ្យក្លិបបឹងកេត កាន់តែទទួលបានជោគជ័យ ផងដែរ ហើយអ្នកស្រីក៏បានប្រាប់ដែរថា ការទទួលបានផ្លែផ្លាក្នុងការចរចាឲ្យចាន់ វឌ្ឍនាកា វិលមកលេងឲ្យក្លិបបឹងកេត វិញនេះ ដោយសារតែ វឌ្ឍនាកា មានបេះដូងនៅបឹងកេតស្រាប់។
ស្ត្រីវ័យប្រមាណ ៣៧ ឆ្នាំរូបនេះ បានថ្លែងថា៖ «យើងនឹងព្យាយាមបណ្តុះថ្នាល សម្រាប់ជំនួសក្រុមធំរបស់យើង គឺយើងមានឆន្ទៈក្នុងការធ្វើការងារនេះតែម្តង ហើយយើងក៏នឹងធ្វើឲ្យមានទីលានផ្ទាល់ខ្លួនផងដែរ។ យើងត្រូវតែមានស្តាត និងធ្វើអាជីវកម្ម ដើម្បីស្វែងរកប្រាក់ចំណូលគាំទ្រដល់ក្លិប ព្រោះថានៅស្រុកខ្មែរយើង ការស្វែងរកអ្នកស្ពនស័រមកជួយខាងបាល់ទាត់ វាមិនងាយទេ»។
អ្នកស្រី ពុធ ធីតា បញ្ជាក់ថា៖ «ជាក់ស្តែងតាំងពីខ្ញុំកាន់កាប់ក្លិប រហូតដល់ពេលនេះ ខ្ញុំមិនទាន់ទទួលបានស្ពនស័រពីខាងណា សូម្បី ១ ដុល្លារទេ អ៊ីចឹងហើយចក្ខុវិស័យរបស់យើង គឺត្រូវធ្វើស្តាត នៅកន្លែងណា ដែលអាចធ្វើអាជីវកម្មបាន គឺធ្វើយ៉ាងណាឲ្យក្លិបរបស់យើង បានដើរទៅមុខ»៕