ភ្នំពេញ: «​ខ្ញុំ​ស្រឡាញ់​កម្ពុជា និង​ស្រឡាញ់​ក្លិប​បាល់ទាត់​បឹងកេត​» បាន​ក្លាយ​ជា​ពាក្យពេចន៍​ចុងក្រោយ​ដែល​ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា បាន​បន្សល់​ទុក​នៅក្នុង​វីដេអូឃ្លីប​របស់​ក្លិប​បាល់ទាត់​បឹងកេត បន្ទាប់ពី​រូប​គេ​បាន​សម្រេច​ចាកចេញ​ពី​ក្លិប​ក្នុង​ស្រុក​មួយ​នេះ ដើម្បី​សម្រេច​បំណង​ទៅ​លេង​នៅ​លីក​កំពូល​ម៉ាឡេស៊ី​ជា​លីក​ទី​ ២ ក្នុង​ឆ្នាំ​ ២០១៩ ​នេះ​។

ចាន់ វឌ្ឍនាកា ធ្លាប់​បាន​ទទួល​ការខកចិត្ត​ម្តង​ហើយ​សម្រាប់​ការចេញ​ទៅ​លេង​នៅ​ក្លិប Pahang កាលពី​ដើម​ឆ្នាំ​ ២០១៨ បន្ទាប់ពី​ក្លិប​លេង​នៅ​លីក​កំពូល​ម៉ាឡេស៊ី​នេះ​បាន​សម្រេច​បញ្ចប់​កុងត្រា​ជាមួយ​រូបគេ​ត្រឹម​ពាក់កណ្តាល​រដូវកាល​នោះ​។ ប៉ុន្តែ​កីឡាករ​មាន​ដើម​កំណើត​នៅ​ខេត្ត​កំពត វឌ្ឍនាកា នៅ​តែ​ចង់​ចេញ​ទៅ​ប្រកប​អាជីព​នៅ​លើ​ទឹកដី​ម៉ាឡេស៊ី​តាមរយៈ​ការ​ទៅ​រួមរស់​ជាមួយ​ក្លិប PKNS FC ដែល​ទើប​ទទួល​បាន​លេខ​ ៣ ក្នុង​លីក​កំពូល​ម៉ាឡេស៊ី​កាលពី​ ២០១៨​។

លោក បែ មករា អ្នក​ចាត់ការ​ទូទៅ​ក្លិប​បឹងកេត​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាលពី​ថ្ងៃ​អង្គារ​ថា​៖ «​ចាន់ វឌ្ឍនាកា បាន​បញ្ចប់​កុងត្រា​ជាមួយ​ក្លិប​បឹងកេត​ហើយ ហើយ​ការ​ចេញ​ទៅ​ប្រកប​អាជីព​នៅ​លីក​កំពូល​ម៉ាឡេស៊ី​ជា​លើក​ទី​ ២ ​នេះ​ជា​ការសម្រេច​ចិត្ត​របស់​គាត់​ផ្ទាល់ អ៊ីចឹង​ក្លិប​មាន​តែ​ជួយ​ជ្រោមជ្រែង ដើម្បី​បំពេញ​បំណង​របស់​គាត់​»​។

លោក​បាន​បង្ហាញ​ការសោកស្តាយ​សម្រាប់​ការចាកចេញ​របស់ ចាន់ វឌ្ឍនាកា ដោយ​និយាយ​ថា​៖ «​គាត់​ហាក់​ដូចជា​កីឡាករ​ឆ្នើម​ប្រចាំ​ក្លិប​ធ្លាប់​នៅ​ជាមួយ​យើង​យូរ និង​បាន​ជួយ​សាង​ភាពល្បីល្បាញ​នៅក្នុង​ក្លិប អ៊ីចឹង​ជា​ធម្មតា​ការបាត់បង់​កីឡាករ​ឆ្នើម​មាន​លំដាប់​លេខ​ ១ ​ក្នុង​ស្រុក​គឺ​យើង​មាន​ការ​សោកស្តាយ​ខ្លាំង ប៉ុន្តែ​ដើម្បី​អនាគត​កីឡាករ និង​ដើម្បី​បើក​ផ្លូវ​ឲ្យ​កីឡាករ​ខ្មែរ​យើង​ផ្សេងៗ​ទៀត​បាន​ទៅ​លេង​នៅ​ក្រៅ​ប្រទេស យើង​ត្រូវ​តែ​ធ្វើការ​លះបង់​»​។

យ៉ាងណា​ក៏ដោយ​អ្នក​ចាត់ការ​ទូទៅ​ដែល​ធ្លាប់​មាន​បទពិសោធ​ទៅ​ដឹកនាំ​ក្រុម​នៅ​ប្រទេស​ថៃ​លោក បែ មករា នៅតែ​មាន​ការគាំទ្រ​ទៅ​លើ​ការសម្រេចចិត្ត​របស់​ខ្សែ​ប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​កម្ពុជា ចាន់ វឌ្ឍនាកា ក្នុង​ការ​ទៅ​ប្រកប​អាជីព​នៅ​លីក​កំពូល​ម៉ាឡេស៊ី​ដោយ​លោក​គិត​ថា វឌ្ឍនាកា នឹង​មាន​អនាគត​ជាង​ការលេង​នៅក្នុង​ស្រុក​។

លោក បែ មករា បាន​បញ្ជាក់​ថា​៖ «​យើង​ដឹង​ហើយ​ថា​សមត្ថភាព​របស់ ចាន់ វឌ្ឍនាកា គួរតែ​ទៅលេង​នៅ​លីក​ដែល​ល្អ​ជាង​យើង ហើយ​ជាធម្មតា​យើង​ផ្តល់​ឱកាស​ដល់​កីឡាករ​ខ្មែរ​ទាំងអស់​ដែល​មាន​ក្លិប​ល្អៗ​ក្រៅ​ប្រទេស​ចង់​បាន​គឺ​យើង​ឲ្យ​គាត់​ទៅ ព្រោះ​ការទៅលេង​នៅក្រៅ​ប្រទេស វា​មិន​ត្រឹម​តែ​ទទួល​បាន​ចំណូល​ច្រើន​ជាង​ក្លិប​នៅក្នុង​ស្រុក​នោះ​ទេ ប៉ុន្តែ​គាត់​អាច​សាង​កេរ្តិ៍ឈ្មោះ​របស់​គាត់ និង​អាច​សាង​កិត្តិយស​របស់​ប្រទេស​ជាតិ​នៅ​លើ​ឆាក​អន្តរជាតិ​ទៀត​ផង​»​។

ជាមួយ​គ្នា​នេះ​ក្លិប​បឹងកេត​ក៏​បាន​សរសេរ​បង្ហោះ​នៅលើ​ផេច​ហ្វេសប៊ុក​របស់​ខ្លួន​ជូនពរ​ដល់ ចាន់ វឌ្ឍនាកា ឲ្យ​ទទួល​បាន​ជោគជ័យ​សម្រាប់​ការផ្ទេរ​ទៅ​លេង​នៅ​ក្លិប​ថ្មី PKNS FC របស់​ម៉ាឡេស៊ី​នា​រដូវកាល​ថ្មី​នេះ​ផង​ដែរ ហើយ​បឹងកេត​ក៏​នាំ​ចូល​កីឡាករ​បរទេស​ល្អៗ ដើម្បី​ត្រៀម​ការប្រកួត​លីក​កំពូល​កម្ពុជា​ឆ្នាំ​ ២០១៩ ​នេះ​ដោយ​គ្មាន​វត្តមាន វឌ្ឍនាកា​។

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ​លោក បែ មករា បាន​បង្ហើប​ថា​គិត​មក​ដល់​ពេល​នេះ​ក្លិប​បឹងកេត​បាន​នាំ​យក​កីឡាករ​បរទេស​គ្រប់​ ៥ ​នាក់​សម្រាប់​ត្រៀម​រដូវកាល​ថ្មី​នេះ​រួចរាល់​ហើយ គ្រាន់​តែ​យើង​មិន​ទាន់​បង្ហាញ​គឺ​យើង​ទុក​ប្រកាស​ជា​ផ្លូវ​ការសរុប​នៅ​ក្នុង​សន្និសីទ​កាសែត​ដែល​ក្លិប​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃទី​ ១៥ ខែ​កុម្ភៈ ហើយ​ការត្រៀម​ខ្លួន​លើក​នេះ​យើង​សង្ឃឹម​ថា យើង​នឹង​អាច​ធ្វើ​បាន​ល្អ​ជាង​មុន​៕