ភ្នំពេញ: ពិធីបុណ្យ​ទន្លេ​លើក​ទី​ ៥ ឆ្នាំ​ ២០១៩ នៅ​ខេត្ត​កំពង់ឆ្នាំង​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឲ្យ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) និង​ក្រសួង​ទេសចរណ៍​រៀបចំ​ឲ្យ​មាន​ការប្រកួត​កីឡា​ចំនួន​ ១២ ​ប្រភេទ​នោះ​ក៏​មាន​កីឡា​អុំទូក លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ផង​ដែរ​ហើយ​ការអុំទូក​នេះ​នាំ​ឲ្យ​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង និង​គណៈកម្មការ​រៀបចំ​បុណ្យ ខិតខំ​សម្អាត​ទីធ្លា​បរិស្ថាន​មាត់ទន្លេ និង​ផ្ទៃ​ទឹក​ដែល​ធ្លាប់តែ​អួអាប់​ដោយ​សំណង់​លំនៅ​អនាធិបតេយ្យ​លើ​ទឹក​របស់​ជនជាតិ​វៀតណាម​នៅ​ផ្សារក្រោម​នោះ​យ៉ាងល្អ​គួរ​ឲ្យ​កោតសរសើរ​ពី​មហាជន​។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ និង​ជា​អគ្គលេខាធិការ NOCC បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា​៖ «​វត្តមាន​នៃ​កីឡា​អុំទូក​សម្រាប់​ពិធីបុណ្យ​ទន្លេ​លើក​ទី ៥ នៅ​ខេត្ត​កំពង់ឆ្នាំង​នេះ យើង​ទទួល​បាន​ផលប្រយោជន៍​ធំធេង​សម្រាប់​បរិស្ថាន និង​ទីលាន​មាត់​ច្រាំងទន្លេ​ព្រម​ទាំង​ទីលាន​នៅ​លើ​ផ្ទៃ​ទឹក​»​។

លោក​បាន​បន្ថែម​ថា​៖ «​យើង​បាន​រំដោះ​ចេញ​នូវ​សំណង់ និង​លំនៅឋាន​លើទឹក ដែល​មាន​ច្រើន​ឆ្នាំ​កន្លង​មក​ដោយ​យើង​អញ្ជើញ​ឲ្យ​គាត់​ចេញ ធ្វើឲ្យ​បរិវេណ​ផ្ទៃ​ទឹកទន្លេ​មើលឃើញ​ទេសភាព​ធម្មជាតិ​ពី​ផ្សារ​ក្រោម ឃើញ​ដល់​ភ្នំ​នាង​កង្រី ដើម្បី​បង្ក​ឲ្យ​ការ​អុំទូក​មាន​អំណោយផល​តាម​បទដ្ឋាន​បច្ចេកទេស​នៃ​ការប្រកួត ហើយ​ទីលាន​មាត់ច្រាំង​សម្រាប់​អ្នកទស្សនា​ក៏​ត្រូវ​បាន​រៀបរយ​បាន​ល្អ​ផងដែរ​»​។

ចំណែក​លោក បឹង គឹមតោ អនុប្រធាន​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា​បាន​ប្រាប់​ថា​បុណ្យ​ទន្លេ​នៅ​ឆ្នាំ​នេះ​មាន​ទូក​ចូលរួម​ច្រើន ហើយ​តាម​លោក​ដឹង គឺ​មាន​ជាង​ ២០ ​ទូក​។ លោក​បាន​បន្ថែម​ថា​៖ «​ក្នុង​ព្រឹត្តិកាណ៍​ប្រកួត​នោះ ខ្ញុំ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​លម្អិត​ទេ ព្រោះ​ខ្ញុំ​ត្រៀម​តែ​ទៅ​ចូលរួម​ជា​គណៈកម្មការ​បច្ចេកទេស​ពេល​ប្រកួត​ប៉ុណ្ណោះ​»​។

បន្ថែម​លើ​នេះ​លោក សុទ្ធ សុវណ្ណរិទ្ធ អភិបាលរង​ខេត្ត​កំពង់ឆ្នាំង​បាន​ថ្លែង​ប្រាប់​ថា​៖ «​កីឡា​ប្រណាំងទូក​ក្នុង​ថ្ងៃបុណ្យ​ទន្លេ​នេះ​មាន​ជិត​ ៣០ ទូក ប៉ុន្តែ​មិនទាន់​បាន​កំណត់​ប្រភេទ​ឲ្យ​បាន​ច្បាស់​នៅ​ឡើយ​ដោយ​នៅ​រង់ចាំ​គណៈកម្មការ ផ្គូផ្គង និង​ជំនាញ​។

លោក​បន្ត​ថា​៖ «​នៅក្នុង​ចំនួន​ទូក​នោះ​គឺ​មាន​ទូក​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង និង​ទូក​មកពី​ភ្នំពេញ​ចំនួន​ ២០ ​ទូក​ហើយ​ក្រៅ​ពី​នោះ​មាន​ទូក​មកពី​ខេត្ត​កណ្តាល ខេត្ត​កំពង់ធំ និង​បាត់ដំបង ហើយ​ទីលាន​ប្រកួត​នៅ​មាត់ទន្លេ និង​លើ​ផ្ទៃ​ទឹក​នៅ​ផ្សារក្រោម​គឺ​អាជ្ញាធរ និង​គណៈកម្មការ​រៀបចំ​ប្រកួត​កីឡា​បាន​យក​ចិត្ត​ទុកដាក់​រៀបចំ​បាន​ល្អ ដើម្បី​បរិស្ថាន​ល្អ​ក្រោម​ប្រធានបទ​ទន្លេ​ផ្សារភ្ជាប់​សន្តិភាព​ប្រជាជន និង​ទេសចរណ៍​»​។

គួរ​បញ្ជាក់​ថា​ពិធីបុណ្យ​ទន្លេ​លើក​ទី​ ៥ ឆ្នាំ​ ២០១៩ ​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​ចំនួន​ ៣ ​ថ្ងៃ​នៅ​ខេត្ត​កំពង់ឆ្នាំង​គឺ​ចាប់ផ្តើម​ពី​ថ្ងៃទី​ ១៥ ដល់​ថ្ងៃទី​ ១៧ ខែ​មីនា ចុង​សប្តាហ៍​នេះ​ហើយ​នៅក្នុង​ពិធី​បុណ្យ​នេះ​មាន​ការអនុញ្ញាត​រៀបចំ​ឲ្យ​មាន​ការប្រកួត​នូវ​ប្រភេទ​កីឡា​ចំនួន​ ១២ រួមមាន​រត់ប្រណាំង​កម្សាន្ត​ប្រកួត​បាល់ទាត់ បាល់ទះ ចំបាប់​បុរាណ ប្រណាំង​សេះ​ទាញព្រ័ត្រ​វាយ​សី ជិះ​កង់​កម្សាន្ត ប្រណាំងទូក ប្រកួត​បាល់បោះ​ប្រដាល់​គុន​ខ្មែរ និង​កីឡា​ប្រពៃណី​ល្បក្កតោ​៕