ភ្នំពេញ៖ ​សហព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​កម្ពុជា ​(​ហៅ​ប៉េង​ប៉ុង​) បាន​​ត្រៀម​ផែន​ការ​យុទ្ធសាស្ត្រ​ក្នុង​ការ​បញ្ជូន​អត្តពលិក​ចំនួន ​៨ ​នាក់ (​ស្រី​ ៣ ​នាក់​) ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន ​បំប៉ន​បច្ចេកទេស​ឲ្យ​មាន​សមត្ថភាព​ខ្ពស់ ដើម្បី​​​ដណ្តើម​យក​លទ្ធផល​ឈ្នះ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម ​លើក​ទី ​៣២ ​ឆ្នាំ ​២០២៣​ ដែល​កម្ពុជា​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ខណៈ​ពេល​នេះ​ក្រុម​ថ្នាល​​ជម្រើស​ជាតិ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ ក៏​បាន​ប្រមូល​ផ្តុំ​ហ្វឹកហាត់​ឡើង​វិញ​ផង​ដែរ ​បន្ទាប់​ពី​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា ​អនុញ្ញាត​ជា​ថ្មី​។​

លោក​ ស៊ុន ​សុទ្ធារិទ្ធ ​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​កម្ពុជា ​ទទួល​ស្គាល់​ថា​ ចំណុច​ប្រឈម​ ពិត​ជា​មាន​ហើយ​សម្រាប់​ការ​ហ្វឹកហាត់​ និង​​សមត្ថភាព​របស់​អត្តពលិក​យើង​បច្ចុប្បន្ន​ មិន​ទាន់​ធានា​បាន​ថា ​ប្រកួតប្រជែង​ក្នុង​កម្រិត​តំបន់​មាន​ប្រៀប​ជាង​គេ​នៅ​ឡើយ​ទេ ហេតុ​នេះ​ការ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស​ពិសេស​ប្រទេស​ចិន ​គឺ​ជា​គោលដៅ​សំខាន់​ដែល​យើង​រំពឹង​ខ្ពស់។

លោក​​បាន​ប្រាប់​​ភ្នំពេញ​ ប៉ុស្តិ៍​ ​ថា​៖ ​«ខ្ញុំ​និយាយ​ដោយ​ត្រង់ ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​កម្ពុជា ​ត្រូវ​តែ​ស្វែងរក​ការ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស​ ពិសេស​ប្រទេស​ចិន គឺ​​យ៉ាង​ហោច​ណាស់​ ១ ​ឆ្នាំ​ឲ្យ​បាន​ចំនួន ​៩ ​ខែ​ដែរ​ ទើប​កម្រិត​បច្ចេកទេស​អត្តពលិក​យើង​ឡើង ​និង​ចូលរួម​ប្រកួត​កម្រិត​អន្តរជាតិ​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គេ​ ឬ​អាច​ដណ្តើម​បាន​មេដាយ​ជូន​ជាតិ»​។​

យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​វិបត្តិ​ជំងឺ​កូវីដ ​១៩ នេះ ផែន​ការ​ហ្វឹកហាត់​ក៏​ដូចជា​ប្រកួត​របស់​​ក្រុម​វាយ​កូន​ឃ្លី​លើ​តុ​នៅ​លើ​ឆាក​អន្តរជាតិ​ ត្រូវ​បាន​ខក​ខាន ​និង​ពន្យារ​ពេល​អស់​។ ប៉ុន្តែ​តាម​ការ​ស្ទាបស្ទង់​ស្ថានភាព​កូវីដ ​១៩ ​នេះ ​ផែនការ​ហ្វឹកហាត់​នៅ​បរទេស​របស់​កីឡា​វាយ​កូន​ឃ្លី​លើ​តុ ​អាច​នឹង​ត្រៀម​ចេញ​​នៅ​ខែ​វិច្ឆិកា ​ឆ្នាំ ​២០២០ ​ជាមួយ​ប្រភេទ​កីឡា​ផ្សេង​ទៀត​។​

លោក​ ស៊ុន​ សុទ្ធារិទ្ធ​ បន្ថែម​ថា​៖ ​«បញ្ហា​កូវីដ ​១៩​ នាំ​ឲ្យ​ខកខាន​ផែនការ​ត្រៀម ​និង​ការ​ប្រកួត​នៅ​អន្តរជាតិ​ជា​ច្រើន ​ប៉ុន្តែ​បច្ចុប្បន្ន​នៅ​ពេល​កូវីដ​ស្ងប់​ និង​មាន​ការ​អនុញ្ញាត​ពី​ក្រសួង​ផែនការ​រៀបចំ​ប្រកួត​ជើងឯក​ជាតិ​ប្រចាំ​ឆ្នាំ ​ក្រោម​ការ​គាំទ្រ​ពី​ក្រសួង​អប់រំ ​នឹង​ពន្យារពេល​រហូត​ដល់​ខែ​ធ្នូ​ ឆ្នាំ ​២០២០​ ដើម្បី​ទុក​ពេល​ឲ្យ​បាន​ច្រើន​ ទៅ​លើ​ការ​រៀបចំ​ហ្វឹកហាត់​ជា​ចម្បង។ ចំណែក​​ការ​រៀបចំ​ប្រកួត​ឲ្យ​បាន​ច្រើន​លើក​ក្នុង ​១ ឆ្នាំៗ​នោះ​ ​ដូច​យើង​សំលៀង​កាំ​បិត​ គឺ​កាន់​តែ​សំលៀង ​កាន់​តែ​មុត ​ហើយ​ដូច​គ្នា​ទៅ​នឹង​អត្តពលិក​យើង​កាន់​តែ​ប្រកួត ​កាន់​តែ​មាន​សមត្ថភាព​ល្អ​»។​

គួរ​រំឭក​ថា ​លោក ​ស៊ុន ​សុទ្ធារិទ្ធ ​ធ្លាប់​ដក​ខ្លួន​ពី​តួនាទី​ជា​អគ្គលេខាធិការ ​សហព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​កម្ពុជា អស់​រយៈពេល​ជាង ​៥ ​ឆ្នាំ​ ដោយ​បញ្ហា​មិន​ចុះ​សម្រុង​គ្នា ​ប៉ុន្តែ​កាល​ពី​ឆ្នាំ ​២០១៩ ​តាមរយៈ​មហាសន្និបាត​សហព័ន្ធ​ដែល​រៀបចំ​រចនា​សម្ព័ន្ធ​ដឹកនាំ​ថ្មី ​​មាន​លោក​នាយ​ឧត្តម​សេនីយ៍ ​គៀត ​ចន្ទថារិទ្ធិ​ ជា​ប្រធាន​ លោក​ ស៊ុន​ សុទ្ធារិទ្ធ​ ត្រូវ​បាន​ជ្រើស​តាំង​ជា​អគ្គលេខាធិការ​ម្តង​ទៀត។

លោក​ ស៊ុន ​សុទ្ធារិទ្ធ ​បាន​អះអាង​ថា​៖ «​ខ្ញុំ​សង្ឃឹម​ថា ប្រធាន​ និង​ថ្នាក់​ដឹកនាំ​សហព័ន្ធ​ថ្មី នឹង​ដឹកនាំ​បាន​ល្អ ​ក្នុង​ការ​ជួយ​ឲ្យ​អត្តពលិក​ដណ្តើម​បាន​មេដាយ​ក្នុង​ព្រឹត្តិការណ៍​លំដាប់​អន្តរជាតិ​បន្ទាប់​ពី​ផែន​ការ​យុទ្ធសាស្ត្រ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស ​បាន​យ៉ាង​ហោច ​៩ ​ខែ ក្នុង ​១ ឆ្នាំ ​និង​មាន​ការ​ប្រកួត​ច្រើន​លើក​ក្នុង ​១ ​ឆ្នាំ​ៗ»។

លោក​​ប្រាប់​ទៀត​ថា ​បច្ចុប្បន្ន​យើង​មាន​ក្រុម​​​ជម្រើស​ជាតិ​​ថ្នាល​ ៨ នាក់ (ស្រី ២ នាក់) ​​និង​គ្រូ​បង្វឹក ​២ ​នាក់​ ​ចំណែក​ក្រុម​ជម្រើស​​ជាតិ​ធំ ​ដែល​​ត្រៀម​មិន​ទាន់​បាន​​ប្រមូល​ផ្តុំ​មាន ​៧ នាក់ (ស្រី ​១ នាក់) និង​គ្រូ​បង្វឹក ​២ ​នាក់ ហើយ​​ថវិកា​គាំទ្រ​បាន​ពី​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា មាន​ចំនួន ​៦០ លាន​រៀល ​ក្នុង ​១ ឆ្នាំ​ ដែល​ចំណាយ​ទៅ​លើ​ការ​បណ្តុះបណ្តុះ​បណ្តាល​, ការងារ​រដ្ឋបាល ​និង​ការ​ប្រកួត​ជម្រើស​ជើងឯក​ថ្នាក់​ជាតិ​៕​​