ភ្នំពេញ៖ ​សហព័ន្ធ​កីឡា​វាយសី​កម្ពុជា ​នឹង​លើក​យក​ការ​ប្រកួត​កីឡា​វាយសី​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ ២០២០ ​ដែល​ខកខាន​មិន​អាច​រៀបចំ​បាន ដោយ​សារ​វិបត្តិ​ជំងឺ​កូវីដ ​១៩ ​នោះ មក​ធ្វើ​ជា​ថ្មី នៅ​អគារ​សហព័ន្ធ​​ក្នុង​ពហុកីឡដ្ឋានជាតិ​អូឡាំពិ​កកម្ពុជា ពី​​ថ្ងៃទី ​១៦ ដល់​ថ្ងៃទី ​១៨ ខែ​មករា ឆ្នាំ ​២០២១ ​នេះ។

ជាមួយ​គ្នា​នេះ ថ្នាក់​ដឹកនាំ​សហព័ន្ធ​កីឡា​វាយសី​កម្ពុជា​បាន​អះអាង​ថា ​​​ចំពោះ​ក្រុម​អត្តពលិក​ជា​ម្ចាស់​​ជយលាភី ដែល​បង្ហាញ​សមត្ថភាព​ល្អ​នៅ​ក្នុង​ការ​ប្រកួត​ថ្នាក់ជាតិ​លើក​នេះ នឹង​ត្រូវ​ដាក់​នៅ​ក្នុង​បេក្ខភាព​​ដែល​​វាយ​តម្លៃ ពី​គណៈកម្មាធិការ​ប្រតិបត្តិ និង​ប្រធាន​សហព័ន្ធ ដើម្បី​ដាក់​បញ្ចូល​ជា​អត្តពលិក​ឆ្នើម​របស់​សហព័ន្ធ​ ត្រៀម​សម្រាប់​ចេញ​ទៅ​ប្រកួត​ស៊ីហ្គេម​តំណាង​ឱ្យ​កម្ពុជា។

លោក​ ជាម ​សុភា​ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយសី​កម្ពុជា​ប្រាប់​​ថា៖​ «កីឡាករ-​ការិនី​ ដែល​ជ្រើស​រើស​ចេញ​ពី​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ ២០២០ ​នេះ ​នឹង​ត្រូវ​ដាក់​នៅ​ក្នុង​បេក្ខភាព ​​ដើម្បី​វាយ​តម្លៃ​ដាក់​បញ្ចូល​ជា​អត្តពលិក​ឆ្នើម​របស់​​សហព័ន្ធ​ ដោយ​​​រង់ចាំ​សេចក្តី​សម្រេច​ពី​គណៈកម្មាធិការ​ប្រតិបត្តិ​ និង​ឆ្លង​ទៅ​​ឯកឧត្តម​ឧត្តម​សេនីយ៍ឯក ​លី ​កុសល ជា​ប្រធាន​សហព័ន្ធ»។

លោក​ឧត្តម​សេនីយ៍ទោ ​ជាម ​សុភា បាន​បន្ថែម​ថា៖ ​«ការ​វាយ​តម្លៃ​ដាក់​បញ្ចូល​ជា​អត្តពលិក​ឆ្នើម​របស់​​សហព័ន្ធ​នេះ ក៏​ព្រោះ​តែ​​យើង​បាន​កំណត់​ជ្រើសរើស​យក​អត្តពលិក​​សុទ្ធសឹង​តែ​ជា​​អ្នក​មាន​សមត្ថភាព​ឆ្នើមៗ​ចំនួន ​៧ នាក់ ​ដើម្បី​បំពាក់​បំប៉ន​ហ្វឹកហាត់​ជា​ជម្រើស​ជាតិ​បម្រុង​​ស៊ីហ្គេម​លើក​ទី​៣១ ​ឆ្នាំ ​២០២១ នៅ​ប្រទេស​វៀតណាម ​​និង​ស៊ីហ្គេម​លើក​ទី៣២ ​ឆ្នាំ ​២០២៣​ ​ដែល​ព្រះរាជាណាចក្រ​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​»។

ចំណែក​លោក លី​ កុសល​ ប្រធាន​សហព័ន្ធ​កីឡាវាយ​សី​កម្ពុជា​​បាន​អះអាង​ថា សហព័ន្ធ​មាន​កម្មវិធី​ហ្វឹកហាត់​ខ្លាំង​សម្រាប់​ការ​ត្រៀម​ទៅ​ប្រកួត​ស៊ីហ្គេម។ លោក​បាន​ថ្លែង​ថា៖​​ «​តាម​ការ​គ្រោង​ទុក​ការ​ប្រកួត​នៅ​ស៊ីហ្គេម​ ឆ្នាំ ​២០២១ នៅ​ប្រទេស​វៀតណាម​ សហព័ន្ធ​បាន​ដាក់​កម្មវិធី​ហ្វឹកហាត់​សម្រុក​យ៉ាង​ខ្លាំង​ក្នុង​នោះ​មាន​ទាំង​ការ​ប្រកួត​ធ្វើ​តេស្ត​សមត្ថភាព​​របស់​អត្តពលិក​ជម្រើស​ជាតិ​ប្រចាំ​សប្តាហ៍​ផង​ដែរ ​ក្នុង​គោល​បំណង​ផ្តល់​រង្វាន់​លើក​ទឹក​ចិត្ត ​និង​​ពង្រឹង​សមត្ថភាព​ឱ្យ​ល្អ​ឆ្ពោះ​ទៅ​ស៊ីហ្គេម»​។​​

លោក​បាន​បន្ថែម​​​ថា​៖ «​យើង​បាន​ខិតខំ​យ៉ាង​ខ្លាំង​ ដោយ​ចូលរួម​​ទាំង​អស់​គ្នា​ក្នុង​ការ​ដាក់​ផែនការ​សម្រួច​អភិវឌ្ឍ​សមត្ថភាព​កីឡាករ​-ការិនី​ជម្រើស​ជាតិ​ ឈាន​ទៅ​សម្រេច​ឱ្យ​បាន​តាម​ផែនការ​មេ​របស់​ CAMSOC ​គឺ​​យ៉ាង​ហោច​សហព័ន្ធ​កីឡា​វាយ​សី ត្រូវ​​ខិតខំ​ឱ្យ​ឈ្នះ​បាន​មេដាយ​មាស ​១ ​ជូន​មាតុ​ភូមិ​នៅ​​ស៊ីហ្គេម​ឆ្នាំ ​២០២៣​»។

សម្រាប់​ការ​ប្រកួត​កីឡា​វាយសី​ជ្រើស​រើសជើង​ឯកថ្នាក់​ជាតិ​ឆ្នាំ ​២០២០ ​នេះ មាន​​ក្លិប​ និង​សម្ព័ន្ធ​កីឡា​វាយសី​ចំនួន ​១៥​ បាន​ដាក់​ពាក្យ​ចូលរួម​ប្រកួត រួម​មាន​ក្លិប​វាយ​សី​ពហុកីឡដ្ឋាន​ជាតិ, ក្លិប​ព្រះខ័ន​រាជ, 1 2 Play, ការពារ​អាកាស ជ/គ, ភ្នំពេញ, ក្រសួង​មហាផ្ទៃ, ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រម​ទាំង​សម្ព័ន្ធ​កីឡា​វាយសី​ខេត្ត​កំពង់ស្ពឺ ខេត្ត​ព្រៃវែង ខេត្ត​ព្រះសីហនុ ខេត្ត​ប៉ៃលិន ខេត្ត​សៀមរាប ខេត្ត​កំពង់ឆ្នាំង ខេត្ត​កំពង់ចាម និង​សម្ព័ន្ធ​​កីឡា​វាយ​សី​ខេត្ត​ស្វាយ​រៀង ដោយ​មាន​ប្រតិភូ ​៤៣ ​នាក់ កីឡាករ ​១១៤ នាក់ កីឡា​ការិនី​ចំនួន​ ​២៥ ​នាក់ ហើយ​ពួក​គេ​ត្រូវ​​​ប្រកួត​ប្រជែង​នៅ​លើ​វិញ្ញាសា​​ប្រកួត​ចំនួន ​៧៕