ភ្នំពេញៈ កីឡាករ​កម្ពុជា សារឿន ច័ន្ទ បាន​ចាញ់​ជើង​ខ្លាំង​របស់​ថៃ Supper Man យ៉ាង​ផុយស្រួយ​បំផុត​គឺ​ត្រឹម​ទឹក​ទី ១ នៅក្នុង​ការប្រកួត​វគ្គ​ជម្រុះ​ដណ្តើម​ខ្សែក្រវាត់ Wurkz ទម្ងន់​​ ៦០ ​គីឡូក្រាម​នៅ​សង្វៀន SEATV កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ ចំណែក ហេង វាសនា ក៏​មិន​អាច​រក​ ៣ ​ពិន្ទុ​ថែម​ដូចគ្នា ខណៈ​រូបគេ​បាន​ចាញ់​ថៃ Chhai Yo ដោយ​ពិន្ទុ​ទាំង​ប្រផិតប្រផើយ​នោះ​។

តាម​លទ្ធផល​ប្រកួត​ចាញ់​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា​កីឡាករ ហេង វាសនា និង សារឿន ច័ន្ទ នៅ​សល់​ឱកាស​ស្តួចស្តើង​បំផុត​ក្នុង​ការប្រជែង​យក​កៅអី​ផ្តាច់ព្រ័ត្រ​ដែល​មាន​តែ​ ១ ប្រចាំ​នៅ​ពូល​កម្ពុជា ព្រោះ​ ៣ ​ប្រកួត​នេះ ហេង វាសនា និង សារឿន ច័ន្ទ ឈ្នះ​ ១ ​ប្រកួត និង​ចាញ់​ ២ ​ប្រកួត​មាន​ ៥ ​ពិន្ទុ​ស្មើ​គ្នា ដោយ​ស្ថិត​នៅ​ពី​ក្រោម​កីឡាករ លន បញ្ញា ដែល​ឈរ​នៅ​លើ​កំពូល​តារាង​បណ្តោះអាសន្ន​ដោយ​ឈ្នះ​ ២ ចាញ់​ ១ និង​រង់ចាំ​ការប្រកួត​នៅ​សប្តាហ៍​ក្រោយ​ទៀត​។

សម្រាប់​ទិដ្ឋភាព​ប្រកួត​ជាក់ស្តែង​គឺ​មាន​ភាពស្វិតស្វាញ ព្រោះ ហេង វាសនា បាន​ប្រឹងប្រែង​យ៉ាង​ល្អ និង​អស់​ពី​សមត្ថភាព តែ Chhai Yo មាន​ស្នៀត​ដកថយ​ស្រង់​យក​ពិន្ទុ​បាន​ល្អ​ជាង​។ បន្ថែម​ពី​លើ​នេះ​ការ​វាយ​ចេញ​របស់ ហេង វាសនា មិន​សូវ​ចំ​គោលដៅ​ល្អ ប៉ុន្តែ​លទ្ធផល​ពី​សំណាក់​ចៅក្រម​ទាំង​ ៥ ​បាន​ផ្តល់​ពិន្ទុ​ចាញ់​កីឡាករ​ថៃ​ ៣ ​ទល់​នឹង​ ២ ក្នុង​លក្ខណៈ​ប្រផិតប្រផើយ​។

ហេង វាសនា បាន​និយាយ​ក្រោយ​ការប្រកួត​ថា​៖ «​ខ្ញុំ​រំពឹង​ឈ្នះ តែ​លទ្ធផល​បែរ​ជា​ចាញ់​ទៅវិញ​។ ការ​កាត់សេចក្តី​នេះ​គឺ​កីឡាករ​ថៃ​ហាក់បី​ដូចជា​មាន​សំណាង​ជាង​កីឡាករ​ខ្មែរ ព្រោះ​កន្លង​មក​បើ​ការប្រកួត​ក្នុង​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា ថៃ​ភាគច្រើន​គឺ​ឈ្នះ​ជារឿយៗ​»​។

ប៉ុន្តែ​លោក រាជ សុផែន មន្ត្រី​បច្ចេកទេស​របស់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​និយាយ​ថា​៖ «​ចៅក្រម​កាត់ក្តី​នេះ​ត្រឹមត្រូវ​ហើយ​ជា​ធម្មតា​កីឡាករ​ដែល​ចាញ់​មួយ​ចំនួន​តែងតែ​មិន​អស់​ចិត្ត ប៉ុន្តែ​គេ​មិនមែន​ជា​អ្នក​វ៉ៃ​ផង ដាក់​ពិន្ទុ​ផង ដោយ​ខ្លួនឯង​នោះ​ទេ​»​។

ចំណែក​កីឡាករ​ជើងចាស់ សារឿន ច័ន្ទ ដែល​ប្រកួត​ចាញ់​ក្នុង​លក្ខណៈ​ផុយ​ពេក​នោះ​បាន​ធ្វើឲ្យ​ក្រុម​អ្នក​ទស្សនា​ផ្ទាល់ នៅ​ជិត​សង្វៀន​ប្រដាល់​លាន់មាត់​ថា​ «​ចោលលុយ​» គឺ​មាន​ន័យ​ថា​ស្តាយ​លុយ​ដែល​ការប្រកួត​លក្ខណៈ​អន្តរជាតិ ដែល​មាន​តម្លៃ​ខ្លួន​ដល់​ទៅ​ ៤០០ ​ដុល្លារ តែ​ឈរ​ប្រកួត​មិន​បាន​ ២ ​នាទី​ផង ក៏​បរាជ័យ​យ៉ាង​លឿន​បំផុត​។

ក្រោយ​ពេល​កីឡាករ​ថៃ Supper Man ប្រើ​ស្នៀត​ទាត់​ល្អ​ចូល​កញ្ចឹងក គឺ​បាន​ធ្វើឲ្យ​ សារឿន ច័ន្ទ ដួល​ហើយ​អាជ្ញាកណ្តាល យឹម សុខុម រាប់​ចំនួន​ ១០ តែ​ដោយសារ សារឿន ច័ន្ទ ស្ថិត​ក្នុង​សភាព​ឈរ​មិន​នឹង​លោក​ក៏​បញ្ឈប់​ការប្រកួត​តែ​ម្តង​ទៅ​។ ភ្លាមៗ​នោះ សារឿន ច័ន្ទ ក៏​តវ៉ា​ដោយ​និយាយ​ថា​៖ «​ខ្ញុំ​នៅ​ប្រកួត​បាន​» ប៉ុន្តែ​វា​ជា​ច្បាប់​ប្រកួត​ដែល​មិន​អាច​តថ្លៃ​បាន​ទេ​នៅ​ពេល​អាជ្ញាកណ្តាល​បាន​រាប់​ដល់​ ១០ ​ទៅ​ហើយ​នោះ​។

គិត​ត្រឹម​វគ្គ​ជម្រុះ​សប្តាហ៍​ទី​ ៧ ​នេះ​បង្ហាញ​ថា​កីឡាករ​ថៃ​មាន​សមត្ថភាព​ល្អ​ជាង​កីឡាករ​កម្ពុជា​ដោយ​ពួកគេ​បាន​ឈ្នះ​ជា​បន្តបន្ទាប់​។ ជាមួយ​គ្នា​នេះ Supper Man បាន​ឈ្នះ​ទាំង​ ៣ ​លើក មាន​ ៩ ​ពិន្ទុ និង​កំពុង​ឈរ​នៅលើ​គេ ក្នុង​ចំណោម​កីឡាករ​ថៃ​ទាំង​ ៤ ​នាក់​ដែល​តាម​ពី​ក្រោយ​ដោយ Chhai Yo​។ ចំណែក​ជើង​ខ្លាំង​ម្នាក់​ទៀត​របស់​ថៃ Chhav Vallith ដែល​មាន​សមត្ថភាព​ខ្ពស់ ហើយ​គេ​រំពឹង​ខ្ពស់​ថា​អាច​នឹង​ឈាន​ចូល​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នោះ បែរ​ជា​ធ្លាក់​បាត់​ទៅ​ហើយ​ដោយសារ​តែ​ឈ្នះ​ ១ និង​ចាញ់​ ២ ​ប្រកួត​នោះ​៕