ភ្នំពេញ៖ ​កីឡាករ​​លំដាប់​ខ្លាំង​កម្រិត​មធ្យម​របស់​កម្ពុជា​ ​អេលីត ​វិចិត្រ ​​របស់​​ក្លិប​គុន​ខ្មែរ​ប៉ែន​កាក់​ និង​ សារ៉ាយ​ ចំរើន​ មក​ពី​ក្លិប​រាជសីហ៍​ខេត្ត​បន្ទាយមានជ័យ ​បាន​ចាញ់​អ្នក​ប្រយុទ្ធ​​មក​ពី​ប្រទេស ​ចិន ​និង​ថៃ​យ៉ាង​គ្រាំគ្រា​ ដោយ​ពួក​គេ​តស៊ូ​បាន​ មិន​លើស ​៣ ​នាទី​ផង ​ត្រូវ​ទទួល​រង​សន្លប់​ធំ​ដូច​គ្នា​ នៅ​ក្នុង​ការ​ប្រកួត Mas Fight ​របស់​សង្វៀន​ថោន កាល​ពី​ថ្ងៃ​អាទិត្យ។​ ​ជើង​ខ្លាំង​ ​ផល ​សោភ័ណ្ឌ​ ​បាន​វ៉ៃ​ប្តូរ​ជាមួយ​ចិន ​Sun Zhixiang ​យ៉ាង​ស្វិតស្វាញ​ គ្រប់​ចំនួន ​៩ ​នាទី​ពេញ​ ដើម្បី​​​បាន​លទ្ធផល​ស្មើ​គ្នា​។​

ជាមួយ​គ្នា​នេះ ប្រភព​ពី​មហាជន​​អ្នក​តាម​ដាន​ប្រដាល់​ការ​ប្រកួត​នេះ បាន​​លាន់​មាត់​ថា​ ដូច​​ខ្វះ​កីឡាករ​កម្ពុជា ​ទើប​ដាក់​សមត្ថភាព​កីឡាករ​កម្រិត​សឹង​ក្រោម​មធ្យម​ ប៉ះ​ជាមួយ​ជើង​ខ្លាំង​មក​ពី​ប្រទេស ​ចិន ​និង​ជើង​ខ្លាំង​មក​ពី​ថៃ​។

កម្រិត​បច្ចេកទេស​របស់​កីឡាករ ​សារ៉ាយ ​ចំរើន​ មិន​ទាន់​មាន​ឈ្មោះ​ល្បី​នៅ​ឡើយ ​គឺ​សូម្បី​តែ​សង្វៀន​ប្រដាល់​នៅ​ភ្នំពេញ ​ក៏​មិន​សូវ​ឃើញ​គេ​ប្រកួត​ក្នុង​លំដាប់​គូ​ឯក ​ឬ​គូ​ឯក​រង​នៅ​ឡើយ​ ប៉ុន្តែ​លើក​នេះ​ដាក់​ឲ្យ​ជួប​​ជើង​ខ្លាំង​​របស់​​ថៃ​ ​Angkalek Sit Pholek ដែល​​ធ្លាប់​ស្មើ​ជើង​ខ្លាំង​កំពុង​ល្បី​ឈ្មោះ វង្ស វិឆ័យ។

តាម​ប្រភព​ច្បាស់​ការ​ពី​គណៈកម្មការ​រៀបចំ​បាន​​ឲ្យ​ដឹង​ថា ​​សារ៉ាយ​ ចំរើន ធ្លាប់​ប្រកួត​បាន​តែ ​៣២ ​លើក​ប៉ុណ្ណោះ គឺ​​មាន​បទពិសោធ​ខ្ចី​នៅ​ឡើយ​ ប៉ុន្តែ Angkalek Sit Pholek ធ្លាប់​ប្រកួត​ រហូត​ដល់​ ​១៣១ ​ដង​​ឯណោះ​ ហើយ​ថៃ​ម្នាក់​នេះ ​មាន​កម្រិត​បច្ចេកទេស​​ល្អ​កែង ​និង​ជង្គង់​មុត​ស្រួច មាន​បទពិសោធ​ល្អ​ដាច់​ គឺ​សូម្បី​តែ​ជើង​ខ្លាំង​កម្ពុជា​កំពុង​ល្បី​ឈ្មោះ ​វង្ស ​វិឆ័យ ​បាន​ត្រឹម​ស្មើ​ប៉ុណ្ណោះ​។

ចំពោះ​ការ​ប្រកួត​ជាក់​ស្តែង​វិញ ​កីឡាករ​ សារ៉ាយ ​ចំរើន ​តស៊ូ​បាន​ត្រឹម ​៣ ​នាទី ​គឺ​ទទួល​រង​នូវ​ស្នៀត​កែង​ និង​ជង្គង់​​របស់​ Angkalek Sit Pholek បណ្តាល​ឲ្យ​ដួល​សន្លប់​យ៉ាង​គ្រាំគ្រា​បំផុត​ ខណៈ​ដែល​សមត្ថភាព ​គឺ​មិន​អាច​តដៃ​បាន​ឡើយ​។

ស្រដៀងគ្នា​នេះ ​​អេលីត​ វិចិត្រ​ ដែល​ប្តូរ​កណ្តាប់​ដៃ​ និង​ជង្គង់​ជាមួយ​ចិន ​Hin Chung​ ​នោះ​ បាន​ត្រឹម​តែ ​២ ​នាទី​ ក៏​​ទទួល​រង​នូវ​ជង្គង់​ធ្ងន់ៗ​បណ្តាល​ឲ្យ​អាជ្ញា​កណ្តាល​រាប់​ ​៨ ​ដល់​ទៅ​ ២ ​លើក​ ហើយ​​សន្លប់​ធំ​តែ​ម្តង​។

ចំណែក​កីឡាករ​ជើង​ខ្លាំង ​ផល ​សោភ័ណ្ឌ​ ​របស់​ក្លិប​តាឡឺ​មាន​រិទ្ធិ ​បាន​ប្រឹងប្រែង​អស់​ពី​សមត្ថភាព​ទប់ទល់​កណ្តាប់​ថៃ​ជាមួយ​កីឡាករ​ចិន ​Sun Zhxiang បាន​ចប់ ​៩ ​នាទី​ ហើយ​តាម​ច្បាប់​ប្រកួត​របស់​ ​Mas Fight ​Cambodia ​គឺ​បាន​ប្រកាស​ឲ្យ​ស្មើ​គ្នា ខណៈ​ដែល​ស្ថានភាព​ប្រកួត ផល សោភ័ណ្ឌ ​ចង់​យ៉ាប់ ​និង​ចាញ់​ប្រៀប​​កីឡាករ​ចិន​នោះ​ផង​ដែរ​។​

យ៉ាង​ណា​ ការ​ផ្គូផ្គង​របស់​គណៈកម្មការ​ប្រកួត​ដែល​បាន​សហការ​ជាមួយ​គណៈកម្មការ​ខ្មែរ ​និង​គណៈកម្មការ​នៅ​ក្រុង​ហុងកុង​បាន​​ទទួល​រង​ការ​រិះគន់​ពី​អ្នក​តាមដាន​ទស្សនា​ដោយសារ​តែ​​កម្រិត​បច្ចេកទេស​រវាង​កីឡាករ​កម្ពុជា ​និង​ថៃ​នោះ​ខុស​ពី​គ្នា​ដាច់​តែ​ម្តង​។​

ជុំវិញ​បញ្ហា​នេះ លោក​ ស្រ៊ុន​ កុសល ​នាយក​គ្រប់គ្រង​កម្មវិធី​នៅ​​សង្វៀន​ថោន​ បាន​​ពន្យល់​ថា​៖ «​បញ្ហា​ផ្គូផ្គង​នៅ​សប្តាហ៍​ទី ​២០ ​នេះ​ មាន​ការ​លំបាក​មែន​ ​ព្រោះ​យើង​លំបាក​រក​កីឡាករ ​ដែល​មាន​សមត្ថភាព​ប្រហាក់​ប្រហែល​គ្នា​ ដ្បិត​អី​កីឡាករ​ខ្មែរ​យើង​ភាគ​ច្រើន​ជាប់​រវល់​កម្មវិធី​ប្រកួត​ច្រើន ​ហើយ​បេក្ខភាព​របស់​កីឡាករ​ សារ៉ាយ​ ចំរើន ​ប៉ះ​ជើង​ខ្លាំង​ថៃ ​ Angkalek Sit Pholek គឺ​ជា​កីឡាករ​បម្រុង​ ​ឡើង​ជំនួស​គេ​មែន​។ ​ប៉ុន្តែ​ការ​ចាញ់​របស់​កីឡាករ ​អេលីត ​វិចិត្រ​ ជាមួយ ​Hin Chung ​​គឺ​សមត្ថភាព​ប្រហាក់​ប្រហែល​គ្នា​ ប៉ុន្តែ​ធម្មតា​ការ​វ៉ៃ​សម្រុក​ប្តូរ​កណ្តាប់​ដៃ​ និង​ជង្គង់​គ្នា​ គឺ​ចំ​គោលដៅ​ល្អ​សន្លប់​ មិន​អាច​ធានា​បាន​នោះ​ឡើយ​»។​

ជាមួយ​គ្នា​នេះ ចំពោះ​ការ​រៀបចំ​ប្រកួត​ដោយ​​មាន​កីឡាករ​បរទេស​មក​ពី​​ចម្រុះ​ជាតិ​សាសន៍​ ដែល​គួរ​ឲ្យ​មាន​ការ​បារម្ភ​ពី​​ហានិភ័យ​វីរុស​កូវីដ ​១៩ ​នោះ​ លោក​ ស្រ៊ុន​ កុសល បាន​​បន្ត​ថា​៖ ​«ចំពោះ​​បញ្ហា​ការ​ការពារ​សុខភាព​ទប់ទល់​ទៅ​នឹង​ជំងឺ​កូវីដ ១៩​ គឺ​ខាង​ស្ថានីយ​បាន​រៀបចំ​អនាម័យ​​ល្អ​ ដោយ​ដាក់​អាល់កុល​ និង​វាស់​កម្តៅ​ នៅ​ច្រក​ចូល​ និង​បាញ់​ថ្នាំ​សម្លាប់​មេរោគ​គ្រប់​ទីកន្លែង​អង្គុយ​ក្នុង​ទីលាន​ប្រកួត​»។​

លោក​បាន​បញ្ជាក់​ថា​៖ ​«ទោះ​ជា​យ៉ាង​ណា​ បើ​ស្ថានភាព​ជាក់​ស្តែង​ ឬ​មាន​បទ​បញ្ជា​ពី​ថ្នាក់​លើ​ ឬ​ក្រសួង​សុខាភិបាល ​ឬ​រាជរដ្ឋាភិបាល ​យើង​នឹង​​អនុវត្តតាម​ភ្លាម ​ប៉ុន្តែ​​បច្ចុប្បន្ន​យើង​នៅ​តែ​បន្ត​សកម្មភាព​ប្រកួត​ជា​ធម្មតា​ តាម​កម្មវិធី​ដែល​បាន​ត្រៀម​រួច​កន្លង​មក​សិន​»៕