ភ្នំពេញ៖ ក្រុម​លទ្ធផល​ប្រកួត​វគ្គ​ជម្រុះ​ចុង​ក្រោយ​សម្រាប់​តំណែង​កៅអី ​២ ​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃ​ពាន​រង្វាន់​ TV5 Boxing Knock Out Serie ​នៅ​លើ​សង្វៀន​ប៉ុស្តិ៍​លេខ​ ៥ កាល​ពី​យប់​ថ្ងៃ​សៅរ៍​ចេញ​លទ្ធផល​ហើយ​ គឺ​សោម ​វិឆ័យ ​ទទួល​បាន​ជ័យជម្នះ​ដូច​រំពឹង​ទុក​ដោយ​ធ្វើ​ឲ្យ​ ​រឿម ​វណ្ណៈ ​ចាញ់​​ពិន្ទុ​ដោយ​អស់​ចិត្ត ​ប៉ុន្តែ​កីឡាករ​ ឡុង ​បេនលឿន​ ​ត្រូវបានគណៈកម្មការ​ចៅក្រម​​សម្រេច​ឲ្យចាញ់​កីឡាករ ពុយ ​វណ្ណៈ​ ទាំង​មិនអស់​ចិត្ត​ហើយសុំ​តវ៉ា​ទាំង​គ្រូ​ ទាំង​សិស្ស​ដោយ​ហៅ​ការ​កាត់​សេចក្តី​នេះ​ជា​រឿង​អយុត្តិធម៌​នាំ​ឲ្យ​កីឡាករ​ចាញ់​ខូច​ចិត្ត​ និង​អស់​ឱកាស​ឡើង​ទៅ​វគ្គ​បន្ត​​ទៀត​។​

ទោះ​ជា​​យ៉ាង​ណា​ លទ្ធផល​ប្រកួត​នេះ​ត្រូវ​បាន​យក​ជា​ផ្លូវ​ការ​តាម​ច្បាប់​កីឡា​ដែល​មិន​អាច​សើរើ​វិញ​បាន​ឡើយ​ ប៉ុន្តែ​ការ​ប្តឹង​តវ៉ា​ត្រូវ​បាន​លោក ​តែម​ ម៉ឺន ​ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ នឹង​ទទួល​យក​មក​ពិនិត្យ​ឡើង​វិញ ​ដើម្បី​រក​យុត្តិធម៌​ជូន​គេ​​។​

ជំនួប​ប្រកួត​ចំនួន ​២ ​​គូ​ចុង​ក្រោយ​នេះ​ អ្នក​ឈ្នះ​ត្រូវ​បាន​ទទួល​កៅអី​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ និង​ទទួល​បាន​ប្រាក់កក់​រួច​ជា​ស្រេច​​ពី​ ៥០០ ដុល្លារ​ ដល់ ៤​ ០០០ ​ដុល្លារ​ ទៅ​តាម​ចំណាត់​ថ្នាក់​ពី​លេខ ​១ ​ដល់​លេខ ​៤​។

ចំណែក​កីឡាករ ​ពុយ ​វណ្ណៈ ​ដែល​ឆ្លង​កាត់​ការ​ប្រកួត​ចំនួន​ ៣ ​ទឹក​ពេញ​ជាមួយ​ ​ឡុង​ បេន​លឿន ​គឺ​ស្វិតស្វាញ​ដូច​គ្នា​ ប៉ុន្តែ​គណៈកម្មការ ​និង​ចៅក្រម​ផ្តល់​ពិន្ទុ​ឲ្យ​ ពុយ ​វណ្ណៈ ​ឈ្នះ ​នាំ​ឲ្យ ​ឡុង ​បេនលឿន ​សុំ​​តវ៉ា​​ពី​លទ្ធផល​នេះ​​។​

លោក ​ឡុង ​សាលវ័ន្ត​ គ្រូ​បង្វឹក​ ឡុង ​បេន​លឿន ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ ​«​ការ​ផ្តល់​ពិន្ទុ​នោះ ​គឺ​ល្ងីល្ងើ​នឹង​មិន​យក​ជំនាញ​ក្នុង​ខ្លួន​មក​ប្រើ​ទេ ​គឺ​និយម​ទៅ​លើ​បក្ខ​ពួក​ព្រោះ​ឡុង​ បេន​លឿន​ មាន​ពិន្ទុ​ឈ្នះ​ដាច់​ពិសេស​ទឹក​ទី ​៣ ​ជា​ទឹក​ផ្តាច់​ព្រ័ត្រ»​​។

លោក ​ឡុង​ សាលវ័ន្ត​​ បញ្ជាក់​​ថា ​តាម​​រូបភាព​វីដេអូ​ប្រកួត​ព្រម​នឹង​ភ្នែក​មហាជន​គេ​ឃើញ​ទាំង​អស់​គ្នា​ហើយ​ចំណុច​ដែល​ ឡុង​ បេន​លឿន ​ឈ្នះ​​គឺ​​ទី ១ ​ដើរ​ចូល​វាយ​សម្រុក​ដោយ​បោះ​ជង្គង់​ចូល​គោលដៅ​ល្អ​។ ​ទី​២ ​កម្លាំង​នៅ​រឹងមាំ​ល្អ​ជាង​ចាប់​ជើង​រុញ​ផ្តួល​ដៃ​គូ​នៅ​ចុង​ទឹក​ចំនួន ​២ ​លើក​ព្រម​ទាំង​ឱប​ឡើង​ក្បាច់​ជង្គង់​បាន​ជានិច្ច​។ ​​ចំណុច​នេះ ​គឺ​គ្មាន​ឃើញ​ចាញ់​ត្រង់​ណា​ទេ ខណៈ​ ​២ ទឹក​ដំបូង​ក៍​មាន​ប្រៀប​ខ្លះៗ​មក​ហើយ​។ ​

លោក​បាន​បន្ថែម​ថា៖ ​«លោក​ ចាន់​​​ សុទ្ធ​ ប្រធាន​វិនិច្ឆ័យ​មិន​លើក​ទូរស័ព្ទ​ពី​ខ្ញុំ ​ដើម្បី​ទទួល​ពាក្យ​ប្តឹង​នោះ​ឡើយ ​ប៉ុន្តែ​ខ្ញុំ​នៅ​ឆ្ងាយ​កន្លះ​ម៉ោង​ធ្វើ​ម្តេច​ទៅ​ដល់?​ ​ទោះ​ជា​យ៉ាង​ណា​ ខ្ញុំ​ ឡុង​​ សាលវ័ន្ត ​មិន​សុខ​ចិត្ត​ទេ​បាន​ប្តឹង​ទៅ​លោក​ប្រធាន​សហព័ន្ធ ​គឺ​លោក​ តែម ​ម៉ឺន​​​ គាត់​​បាន​​សន្យា​ទទួល​យក​ទៅ​ពិនិត្យ ​ដើម្បី​ដោះ​ស្រាយ​ហើយ​​»​។​

លោក​ ចាន់​ សុទ្ធ ​ប្រធាន​វិនិច្ឆ័យ​ប្រចាំ​កម្មវិធី​នោះ​ ​មិន​អាច​ផ្តល់​ពត៌មាន​ទាក់ទង​នឹង​ចៅក្រម​ផ្តល់​ពិន្ទុ​បាន​ទេ​​ប៉ុន្តែ​លោក​និយាយ​ថា​៖ ​«​ការ​ផ្តល់​ឲ្យ​ ពុយ ​វណ្ណៈ​ ឈ្នះ​នោះ​គឺ​ត្រឹម​ត្រូវ​របស់​ចៅក្រម​ហើយ​...»​៕