ភ្នំពេញៈ កីឡាករ សោម វិឆ័យ ហាក់​មាន​ទំនុកចិត្ត​យកឈ្នះ រឿម វណ្ណៈ ក្នុងការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ TV5 Boxing Knock Out Serie នៅលើ​សង្វៀន​ប៉ុស្តិ៍​លេខ​ ៥ នា​យប់​ថ្ងៃ​សៅរ៍ ប៉ុន្តែ ពុយ វណ្ណៈ និង ឡុង បេនលឿន ហាក់​ខ្លាចញញើត​គ្នា​មិន​ហ៊ាន​និយាយ​ពី​ការរំពឹងទុក​មុន​។

តាម​ប្រវត្តិ​ជួបគ្នា​ ៣ ​លើក​កន្លងមក សោម វិឆ័យ មិន​ដែល​ឈ្នះ រឿម វណ្ណៈ ទេ គឺ​ចាញ់​ ២ និង​ស្មើ​ ១ ប៉ុន្តែ​អ្វីដែល​ធ្វើឲ្យ សោម វិឆ័យ មានសង្ឃឹម​ឈ្នះ រឿម វណ្ណៈ លើក​នេះ​ដោយសារ​រូបគេ​មាន​យុទ្ធសាស្ត្រ​បិទ​កែង​ឆ្វេង​របស់ រឿម វណ្ណៈ បន្ទាប់មក​ចូល​លេង​ក្បាច់​ជង្គង់​យក​ឈ្នះ​បាន​។

លោក ឡុង វិបុល គ្រូបង្វឹក សោម វិឆ័យ បាន​ប្រាប់ថា ការហ្វឹកហាត់ និង​តាំងចិត្ត ព្រមទាំង​ត្រៀម​បាន​ល្អ ហើយ​ស្នៀត​ជង្គង់​របស់ សោម វិឆ័យ គឺអាច​មានប្រៀប​ជាង​ក្នុង​ការយក​ឈ្នះ​លើ រឿម វណ្ណៈ​។

លោក​បន្តថា​៖ «​សោម វិឆ័យ មាន​ចំណុច​ខ្សោយ​កន្លងមក គឺ​ខ្ជីខ្ជា​ក្នុងការ​ហ្វឹកហាត់​មិន​បាន​ល្អ​នាំឲ្យ​ចាញ់ ប៉ុន្តែ​លើក​នេះ​ឃើញថា វា​កំពុង​ប្រឹងប្រែង​ជាង​មុន​»​។

ស្រដៀង​គ្នា​នេះ សោម វិឆ័យ បាន​និយាយថា​៖ «​ទោះជា​ខ្ញុំ​មិន​ធ្លាប់​ឈ្នះ រឿម វណ្ណៈ ប៉ុន្តែ​ខ្ញុំ​ដឹង​ពី​របៀប​ប្រកួត​លើក​នេះ​គឺ​បិទ និង​ការពារ​កែង​របស់គេ​មិន​ឲ្យ​វាយ​ចូល គឺ​ធានា​ឈ្នះ​តាមរយៈ​ក្បាច់​ជង្គង់ ព្រោះ​ការប្រកួត​នេះ​មិនមែន​ឧបសគ្គ​ធំ​ដូច​កាល​ប៉ះ គង់ សំបូរ នៅ​វគ្គ​ ៨ ​នាក់​នោះទេ ហេតុនេះ​ខ្ញុំ​សង្ឃឹម​ឈ្នះ​បាន​កៅអី​នេះ​តែម្តង គឺ​ ៩០ ​ភាគរយ​»​។

រឿម វណ្ណៈ ដែល​ទើបតែ​ផ្លាស់​ពី​ខេត្តបន្ទាយមានជ័យ​មក​នៅ​ក្លិប​អន្លង់វែង​ខេត្ត​ឧត្តរមានជ័យ​កំពុង​ហ្វឹកហាត់​បានល្អ​ជាង​មុន​។

អ្នកស្រី សុខុម ជា​អ្នកមើល​ខុសត្រូវ​លើ រឿម រណ្ណៈ និយាយថា​៖ «​វា​មាន​កម្លាំង​ល្អ​ជាង​មុន ហើយ​ការប្រកួត​នេះ​មិនទាន់​ហ៊ាន​និយាយថា​យ៉ាងម៉េច​នោះទេ ពីព្រោះ​វគ្គ​នេះ​សំខាន់​ប្រឹង​ដូចគ្នា​។ វា​មាន​ស្នៀត​កែង​ល្អ ប៉ុន្តែ​ត្រង់​ថា វាយ​ចូល​គោលដៅ ឬ​យ៉ាងណា យើង​មិនទាន់​ហ៊ាន​ថា​ឈ្នះ​ប៉ុន្មាន​ភាគរយ​នោះឡើយ​»​។

ចំណែក​ការជួបគ្នា​រវាង ឡុង បេនលឿន និង ពុយ វណ្ណៈ កាន់តែ​លំបាក​ទស្សន៍ទាយ​ខណៈ​ដែល ពុយ វណ្ណៈ ជា​ជើងចាស់​ធ្លាប់​ឈ្នះ​ក្នុង​ព្រឹត្តិការណ៍​នេះ​ ១ ​លើក​កន្លងមកហើយ ប៉ុន្តែ​ បេន លឿន កំពុងតែ​មានឈ្មោះ​ល្បី​ក្នុង​ជំនាន់​អ្នក​ស្រករ​ក្រោយ ហើយ​គេ​មាន​កម្លាំងកាយ និង​ទឹកចិត្ត​ប្រកួត​ក្លាហាន និង​និយាយ​មិនដែល​អួត​ពី​ឈ្នះ​ទេ ប៉ុន្តែ​លទ្ធផល​មិន​ងាយ​ចាញ់​ទេ​។

ឡុង បេនលឿន បាន​និយាយថា​៖ «​ខ្ញុំ​មិន​ហ៊ាន​និយាយ​មុន​ថា​ឈ្នះ​ឬ​យ៉ាងណា​នោះទេ តែ​ធានា​វ៉ៃ​អស់ពី​សមត្ថភាព​»​។

ចំណែក​លោក ឡុង សាលវ័ន្ត ជា​គ្រូបង្វឹក​ទាក់ទង​មិនបាន​ទេ ប៉ុន្តែ​គ្រូបង្វឹក ឡុង វិបុល ដែល​តែងតែ​សហការ​ជាមួយ ឡុង សាលវ័ន្ត បាន​អះអាង​ថា សមត្ថភាព​របស់ បេនលឿន បច្ចុប្បន្នកំពុង​ល្អ ហេតុនេះ ពុយ វណ្ណៈ គឺ​លំបាក​ទប់ទល់​ណាស់​។

លោក ឡុង វិបុល បាន​វាយតម្លៃ​ថា​៖ «​បើតាម​ខ្ញុំ​គិត​ខ្លួនឯង ហ៊ាន​ព្យាករ​ថា ឡុង បេនលឿន មានសង្ឃឹម​ឈ្នះ​ ៦០ ​ភាគរយ ឯ ពុយ វណ្ណៈ ៤០ ​ភាគរយ​»​។

ចំណែក ពុយ វណ្ណៈ បាន​និយាយថា​៖ «​ខ្ញុំ​ហាត់​ផង និង​ហ្វឹកហាត់​ជា​កង​នគរបាល​ខេត្តសៀមរាប​ផង ដោយសារ​ខ្ញុំ​ទើបតែ​ប្រឡង​បាន​ក្របខ័ណ្ឌ​ថ្មីៗ​។ ទោះជា​យ៉ាងណា ខ្ញុំ​មិន​ហ៊ាន​និយាយថា ឈ្នះ ឬ​ចាញ់​ទេ ព្រោះ​គេ​ខ្លាំង​ដែរ​»៕