
ខ្សែបម្រើជប៉ុន Mizuno Hikaru របស់បឹងកេត ព្យាយាមគ្រប់គ្រងបាល់ពីក្រុមវិសាខា កន្លងមក។ ភ្នំពេញ ប៉ុសិ៍្ត
ភ្នំពេញ៖ ក្រុមសម្បូរធនធាន វិសាខា និងបឹងកេត ត្រូវប្រឈមមុខគ្នានៅលើវាលស្មៅថ្ងៃសៅរ៍នេះ ដើម្បីប្រជែងគ្នាយក ៣ ពិន្ទុ ចំណែកក្រុមណាហ្គាវើល ហាក់មានកង្វល់ចំពោះការស្វាគមន៍ក្រុមនគរបាលជាតិ (ប៉ូលិស) ក្នុងការប្រកួតបើកឆាករបស់ខ្លួននៃក្របខ័ណ្ឌលីកកំពូលកម្ពុជា ឆ្នាំ ២០២០ ខណៈក្រុមម្ចាស់ជើងឯក ព្រះខ័នរាជស្វាយរៀង ត្រូវធ្វើដំណើរទៅជួបក្រុមគិរីវង់សុខសែនជ័យ នៅខេត្តតាកែវ។
ការវិលមកជួបគ្នារបស់ក្រុមវិសាខា និងបឹងកេតលើកនេះ វាបានក្លាយជាការប្រកួតដ៏ធំ និងមានការចាប់អារម្មណ៍ខ្លាំង ព្រោះក្រុមទាំង ២ សម្បូរធនធានកីឡាករ និងមានគុណភាពលេងល្អដូចគ្នា ហើយអ្វីដែលសំខាន់នោះ ទាំងថ្នាក់ដឹកនាំ វិសាខា និងបឹងកេត សុទ្ធតែបានដាក់គោលដៅខ្ពស់ដូចគ្នា គឺការប្រជែងយកពាននៅរដូវកាលនេះ។
យ៉ាងណាក៏ដោយសម្រាប់ការប្រកួតបើកឆាកកាលពីសប្តាហ៍មុន វិសាខា ទទួលបានលទ្ធផលគាប់ប្រសើរជាងក្រុមបឹងកេត ដោយពួកគេបានឈ្នះក្រុមប៉ូលិស ២-១ ចំណែកបឹងកេតបានស្មើជាមួយក្រុមម្ចាស់ផ្ទះ អង្គរថាយហ្គឺរ ១-១ ប៉ុន្តែជំនួបលើកនេះ បឹងកេត អាចមានតែមជាង វិសាខា បន្តិច ដោយសារជាទឹកដីរបស់ពួកគេ ខណៈជំនួប ២ លើកចុងក្រោយ កាលពីឆ្នាំ ២០១៩ វិសាខា បានឈ្នះបឹងកេត ៣-២ ក្នុងទឹកដី និងស្មើ ១-១ នៅក្រៅទឹកដី។
យ៉ាងណាមិញ ក្រុមណាហ្គាវើល ដែលបានយកកីឡដ្ឋាន AEU Sport Park ធ្វើជាទឹកដីនោះ ហាក់នៅមានកង្វល់សម្រាប់ការស្វាគមន៍ក្រុមប៉ូលិស។ បើទោះបីជា ប៉ូលិស ទើបបានចាញ់ក្រុមវិសាខា ប៉ុន្តែលោក មាស ចាន់ណា ថា ប៉ូលិសមានទម្រង់លេងល្អជាងមុន។
គ្រូបង្គោលក្រុមណាហ្គាវើល លោក មាស ចាន់ណា បានប្រាប់កាលពីម្សិលមិញថា៖ «ការរៀបចំរបស់យើងនៅរដូវកាលនេះ វាមិនជាល្អជាងគេប៉ុន្មានទេ ហើយក៏មិនអន់ជាងគេដែរ ដោយសារយើងត្រៀមតែនៅក្នុងស្រុក គឺមិនបានទៅក្រៅស្រុក ដូចក្រុមគេមួយចំនួន។ ចំណែកការជួបក្រុមនគរបាលជាតិនៅថ្ងៃសៅរ៍នេះ ខ្ញុំមានការបារម្ភដែរ ដោយសារលេងនៅម៉ោង ៣ កន្លះ ដែលពិបាកលេងមែនទែន ព្រោះក្តៅ ហើយម្យ៉ាងទៀតនៅពេលនេះ ក្រុមនគរបាលជាតិកំពុងតែលេងបានល្អ»។
ចំណែកក្រុមព្រះខ័នរាជស្វាយរៀង ដែលទើបបានលត់ក្រុមសូលទីឡូអង្គរ ៥-១ ក្នុងទឹកដីខ្លួនឯង ដើម្បីឈរនៅលើកំពូលតារាងនោះ នឹងត្រូវធ្វើដំណើរទៅជួបក្រុមគិរីវង់សុខសែន ដែលទើបចាញ់ក្រុមអាស៊ីអឺរ៉ុប ១-០ ហើយការប្រកួតនេះ ត្រូវបានគេមើលឃើញថា ស្វាយរៀងមានភាគរយច្រើនជាង ក្នុងការឈ្នះបាន ៣ ពិន្ទុ ព្រោះក្រុមម្ចាស់ជើងឯកមួយនេះ មានទម្រង់លេងកាន់តែល្អ។
ចំណែកក្រុមភ្នំពេញក្រោន ក៏មានភាគរយច្រើនក្នុងការរកបាន ៣ ពិន្ទុបន្ថែមផងដែរ ខណៈពួកគេត្រូវវិលទៅជួបក្រុមសាលាបាល់ទាត់ជាតិបាទីអាយុក្រោម ១៨ ឆ្នាំ ពីព្រោះក្រុមនេះ ក៏ប្រើកីឡាករខ្មែរសុទ្ធ ដូចក្រុមអគ្គិសនីកម្ពុជា ដែលពួកគេទើបយកឈ្នះ ៣-០ ផងដែរ។ រីឯក្រុមក្រសួងការពារជាតិ (ទ័ព) ត្រូវស្វាគមន៍ក្រុមមាន ៣ ពិន្ទុ អាស៊ីអឺរ៉ុប នៅលើទឹកដីខ្លួនឯង ហើយជំនួបនេះ វាពិតជាសំខាន់ចំពោះទ័ព ក្នុងការស្រោចស្រង់ភាពហ្មងសៅរបស់ខ្លួនចំពោះការស្មើ ០-០ ជាមួយក្រុមបាល់ទាត់បាទីដ៏គួរឲ្យឈឺចាប់កាលពីសប្តាហ៍មុន៕
កម្មវិធីប្រកួតនៅថ្ងៃសៅរ៍
-ណាហ្គាវើល v នគរបាលជាតិ កីឡដ្ឋាន AEU ៣:៣០
-បឹងកេត v វិសាខា កីឡដ្ឋានខេមបូឌាអ៊ែរវ៉េ ៣:៣០
-គិរីវង់ v ស្វាយរៀង កីឡដ្ឋានគិរីវង់ ៣:៣០
៣ ប្រកួតនៅថ្ងៃអាទិត្យ
-ទ័ព v អាស៊ីអឺរ៉ុប កីឡដ្ឋាន AEU ម៉ោង ៣:៣០
-បាល់ទាត់ជាតិបាទី v ភ្នំពេញក្រោន នៅបាទី ៣:៣០
-សូលទីឡូអង្គរ v អង្គរថាយហ្គឺរ កីឡដ្ឋាន SRU ៣:៣០