ភ្នំពេញ៖ ​ក្លិប​បាល់​ទាត់វិសាខា ​បាន​ចាត់​ទុក​ការ​ឈ្នះ​ពាន​រង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ​ ២០២០ ថា ជា​សមិទ្ធផល​ដ៏​អស្ចារ្យ ដែល​បាន​ជួយ​ឱ្យ​ក្លិប​ទើប​បង្កើត​​ឡើង​ក្នុង​ឆ្នាំ​ ២០១៦ មួយ​នេះ ទទួល​បាន​ឱកាស​ដ៏​ពិសេស គឺ​ការ​បាន​ទៅ​លេង​នៅ​វគ្គ​ជម្រុះ play off ពាន​រង្វាន់ AFC Cup 2021 ជា​លើក​ដំបូង។

យ៉ាង​ណា​ក៏​ដោយ សម្រាប់​ការ​ប្រកួត​រដូវកាល​ថ្មី​ឆ្នាំ​ ២០២១ ​នេះ អ្នក​ចាត់ការ​ទូទៅ​ក្លិប​វិសាខា កញ្ញា អ៊ូ បញ្ញាសុកិត្យា បាន​ដាក់​គោល​ដៅ​កាន់​តែ​ធំ​សម្រាប់​ក្លិប ដែល​​មាន​មូលដ្ឋាន​នៅ​ភ្នំពេញ​មួយ​នេះ ដើម្បី​ឈាន​ទៅ​រក​ការ​ឈ្នះ​ពាន​នៅ​ក្នុង​ស្រុក ពិសេស​ការ​ធ្វើ​ឱ្យ​បាន​ល្អ នៅ​ក្នុង​ការ​ប្រកួត AFC Cup ដើម្បី​ចារ​កំណត់ត្រា​នៅ​ក្នុង​សៀវភៅ​ប្រវត្តិសាស្រ្ត​របស់​ក្លិប​ផ្ទាល់។

តាមរយៈ​បទសម្ភាស​ជាមួយ​ក្លិប​ផ្ទាល់ កញ្ញា អ៊ូ បញ្ញាសុកិត្យា បាន​និយាយ​ថា៖ ​«វិសាខា ទើប​បាន​ឈ្នះ​ពាន​រង្វាន់​សម្តេច ហ៊ុន សែន ​ឆ្នាំ ​២០២០ ហើយ​ការ​ឈ្នះ​ពាន​នេះ បាន​ជួយ​ឱ្យ​យើង​បាន​​ទៅ​លេង​នៅ​វគ្គ​ជម្រុះ​​ពាន​រង្វាន់ AFC Cup 2021 អ៊ីចឹង​យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា ការ​ទទួល​បាន​ជោគជ័យ​ទាំង​អស់​នេះ ដែល​បងប្អូន​បាន​ជួយ​ជំរុញ​ជាមួយ​គ្នា គឺ​យើង​នឹង​បន្ត​ដើរ​ទៅ​ដល់​​ AFC មួយ​កម្រិត​ទៀត ដែល​យើង​អាច​កត់​ត្រាទុក​ នៅ​ក្នុង​សៀវភៅ​ប្រវត្តិសាស្រ្ត​របស់​ក្លិប​ទើប​កកើត វិសាខា​របស់​យើង»។

អ្នក​ចាត់​ការ​ទូទៅ​ជា​ស្រ្តី​រូប​នេះ បាន​បន្ត​ថា៖​ «ក្រៅ​ពី​ការ​ឈ្នះ​ពាន​រង្វាន់​សម្តេច​នេះ គឺ​នៅ​ឆ្នាំ​ក្រោយ​យើង​នៅ​តែ​បន្ត និង​ស្វែងរក​ពាន​មក​ជូន​ក្លិប និង​អ្នក​គាំទ្រ​របស់​យើង​ទាំង​អស់​គ្នា ហើយ​យើង​តែងតែ​ស្វែងរក​កីឡាករ ដែល​មាន​សមត្ថភាព​ល្អៗ មក​ចូលរួម​ជាមួយ​យើង។ ទោះ​ជា​កីឡាករ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក យើង​តែងតែ​ចម្រាញ់​ពួក​គាត់ ពង្រឹង​សមត្ថភាព កំណែ​ទម្រង់​​នៃ​ការ​លេង ដើម្បី​ឈាន​ទៅ​រក​ពាន​នៅ​ឆ្នាំ ​២០២១ ​នេះ»។

បន្ថែម​ទៅ​លើ​ការ​ដាក់​គោលដៅ​​ប្រជែង​ឱ្យ​បាន​ពាន​ក្នុង​ស្រុក​នេះ វិសាខា​ក៏​ចង់​បង្កើត​បាន​នូវ​កំណត់ត្រា​ល្អ​សម្រាប់​ការ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ផង​ដែរ ខណៈ​ការ​ប្រកួត​ជម្រុះវគ្គ play off ពាន​រង្វាន់ AFC Cup 2021 នេះ ក្រុម​វិសាខា​របស់​កម្ពុជា ត្រូវ​ប្រកួត​ជម្រុះ​ជុំ​ទី​២ ជាមួយ​ក្រុម​ Lalenok United របស់​ទីម័រ​ខាង​កើត ហើយ​​ក្រុម​ណា​ឈ្នះ នឹង​ត្រូវ​ឡើង​ទៅ​ជួប​ក្រុម​ Persipura Jayapura របស់​ឥណ្ឌូនេស៊ី​។

កញ្ញា អ៊ូ បញ្ញាសុកិត្យា ​បាន​បញ្ជាក់​ថា៖​ «​មិន​ត្រឹម​តែ​ពាន​រង្វាន់​នៅ​ក្នុង​ស្រុក​ទេ ប៉ុន្តែ​ផ្នែក ​១ ​នៃ​ការ​អភិវឌ្ឍ និង​គោលដៅ​របស់​ក្លិប​វិសាខា​ នៅ​ឆ្នាំ​នេះ គឺ​ការ​ឈាន​ទៅ​លេង​កម្រិត​អន្តរជាតិ ដោយ​យើង​នឹង​នាំ​យក​ទង់​ជាតិ​ប្រទេស​កម្ពុជា និង​ទង់​ក្លិប​បាល់ទាត់​​វិសាខា​ទៅ​ដល់​ប្រទេស​ជិត​ខាង ដើម្បី​ឱ្យ​គេ​ស្គាល់​បាល់​ទាត់​កម្ពុជា​យើង និង​ក្លិប​វិសាខា​ផង​ដែរ»។

កញ្ញា​​បាន​បន្ថែម​ថា៖​ «នៅ​រដូវកាល​ថ្មី​ឆ្នាំ ​២០២១ នេះ យើង​នឹង​ព្យាយាម​​ប្រកួត​ប្រជែង ​ដើម្បី​ទទួល​បាន​សមិទ្ធ​ផល​ថ្មី បន្ថែម​ទៅ​លើ​អ្វី​ដែល​យើង​មាន​នៅ​ឆ្នាំ ​២០២០ សម្រាប់​ជូន​ដល់​បងប្អូន​ទាំង​អស់​គ្នា ហើយ​ទាំង​នេះ​ ជា​មោទនភាព​ជាតិ​របស់​យើង​ទាំង​អស់​គ្នា បើ​សិន​ជា​យើង​បាន​ទៅ​ដល់​គោលដៅ​កំណត់​នោះ»។

អ្នក​ចាត់​ការ​ទូទៅ​រូប​នេះ បាន​បញ្ជាក់​បន្ថែម​ថា៖ ​«យ៉ាង​ណា​ក៏​ដោយ ​អ្វី​ទាំង​អស់​នេះ មិន​អាច​ជោគជ័យ​ទេ បើ​សិន​ជា​គ្មាន​អ្នក​ទាំង​អស់​គ្នា​ជួយ​គាំទ្រ ​ដូច្នេះ​ខ្ញុំ​សូម​អំពាវនាវ​ដល់​អ្នក​​គាំទ្រ​ទាំង​អស់​បន្ត​គាំ​ទ្រ​ក្លិប​វិសាខា ដើម្បី​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​ជាមួយ​គ្នា​នៅ​រដូវកាល​ថ្មី និង​ចូល​រួម​ទាំង​អស់​គ្នា ដើម្បី​អភិវឌ្ឍ​វិស័យ​កីឡា​បាល់ទាត់​នៅ​ប្រទេស​កម្ពុជា គឺ​យើង​ឆ្ពោះ​ទៅ​មុខ​ជាមួយ​គ្នា»៕​