ភ្នំពេញៈ ក្រុម​វិសាខា នឹងត្រូវ​វិល​មក​សងសឹក​ក្រុម​អាស៊ី​អឺរ៉ុប (AEU) សម្រាប់​ការ​ប្រកួត​លីក កំពូល​កម្ពុជា នៅ​ចុង​សប្តាហ៍​នេះ ឯ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ក៏​ត្រូវ​ជម្រះ​បញ្ជី​ចាស់​ជាមួយ​ក្រុម​អង្គរ​ថាយហ្គឺរ ដែរ ប៉ុន្តែ​ជំនួប​រវាង​ក្រុម​ខ្លាំង ណាហ្គាវើល និង​ភ្នំពេញ​ក្រោន ត្រូវ​បាន​លើក​ពេល​ទៅ​ធ្វើ​នៅ​ថ្ងៃ​ទី ២៧ ខែ​កក្កដា វិញ។

ក្រុម​វិសាខា នៅ​មិនទាន់​បំភ្លេច​ភាព​ហ្មងសៅ ដែល​ក្រុម​អាស៊ី​អឺរ៉ុប បានផ្តល់​ឲ្យ​ពួកគេ សម្រាប់​ការ​ប្រកួត​ជើង​ទី ១ នោះ​ទេ​ព្រោះ​ការ​ចាញ់​ក្រុម​អាស៊ី​អឺរ៉ុប ២-០ នោះ វា​ជា​ការ​បរាជ័យ​លើក​ដំបូង​របស់​ក្រុម​វិសាខា សម្រាប់​ការ​បង្ហាញ​ខ្លួន​លើក​ទី ១ ក្នុង​លីក​កំពូល​កម្ពុជា ឆ្នាំ ២០១៨ នេះ។

សម្រាប់​ការវិល​មកជួប​គ្នា​លើក​នេះ លោក ហុក សុ​ជីវ័ន គ្រូបង្វឹក​ក្រុម​វិសាខា នៅ​តែ​បាន​បង្ហាញ​ការ​គោរព​ដល់​ក្រុម​អាស៊ី​អឺរ៉ុប បើ​ទោះបី​ជា​ពេល​នេះ អាស៊ី​អឺរ៉ុប មាន​ទម្រង់​លេង​ធ្លាក់​ចុះ​ជាង​មុន​ក៏ដោយ។

លោក​បាន​ប្រាប់​កាលពី ម្សិលមិញ​ថា៖ «យើង​ក៏បាន​មើលឃើញ​ពី​ការធ្លាក់ចុះ​របស់​ក្រុម​គេ​ដែរ ប៉ុន្តែ​យើង​មិន​អាច​វាយ​តម្លៃ​ការ​ប្រកួត​បាន​ទេ ព្រោះ​ការ​ប្រកួត​មួយៗ វា​តែង​តែ​មាន​ការ​ប្លែក​រហូត ប៉ុន្តែ​យើង​នឹង​ព្យាយាម​កែប្រែ​លទ្ធផល​ឲ្យ​បាន»។

គួរ​បញ្ជាក់ថា ក្រុម​វិសាខា និង​អាស៊ី​អឺរ៉ុប ទើបតែ​បាន​ជួប​ការខកចិត្ត គឺ​ធ្លាក់​ចេញពី​ការ​ប្រកួត​វគ្គ ១៦ ក្រុម​ថ្នាក់​ជាតិ ពាន​ហ៊ុនសែន ឆ្នាំ ២០១៨ កាល​ពី​ថ្ងៃ​ពុធ​ដូចគ្នា ដោយ​ក្នុង​នោះ វិសាខា បាន​ស្មើ ១-១ ជាមួយ​ក្រុម​ស្វាយរៀង បន្ថែម​ទៅ​លើ​ការ​ចាញ់ ១-០ កាល​ពី​ជើង​ទី ១ ឯ​អាស៊ី​អឺរ៉ុប បាន​បន្ត​ចាញ់​ក្រុម​ក្រសួង​ការពារ​ជាតិ ៧-១ បន្ថែម​ទៅ​លើ​ការ​ចាញ់ ៣-១ ក្នុង​ជើង​ទី ១។

ជុំវិញ​ការប្រកួតជាប់ៗគ្នា​នេះ លោក ហុក សុ​ជីវ័ន បាន​និយាយថា៖ «ការវិល​មកជួប​ក្រុម​អាស៊ី​អឺរ៉ុប លើក​នេះ យើង​នៅ​តែ​មាន​ផល​វិបាក ដោយសារ​យើង​បាន​ប្រកួត​ជាប់ៗ​គ្នា​ពេក អ៊ីចឹង​យើង​ត្រូវ​ព្យាយាម​ប្រមូល​កម្លាំង​កីឡាករ​ឲ្យ​បាន​ល្អ​ឡើង​វិញ។ ខាង​គេ​ក៏​ប្រកួត​ជាប់ៗ​គ្នា​ដូច​យើង​ដែរ ប៉ុន្តែ​យើង​បាន​ជួប​សុទ្ធ​តែ​ក្រុម​ខ្លាំងៗ ហើយ​បាន​ចេញ​ទៅ​លេង​នៅ​ខេត្ត​ទៀត អ៊ីចឹង​ការ​វិល​ចុះ វិល​ឡើង វា​ពិបាក​សម្រាប់​ក្រុម​យើង​ច្រើន»។

ចំណែក​លោក សុក វាសនា គ្រូបង្វឹក​ក្រុម​អាស៊ី​អឺរ៉ុប មិនអាច​ទាក់ទង​បានទេ កាលពី​ម្សិលមិញ ដោយសារ​ទូរស័ព្ទ​របស់​គាត់ ហៅ​ចូល តែ​គ្មាន​អ្នក​ទទួល។ យ៉ាង​ណា​ក៏ដោយ សម្រាប់​ការ​ប្រកួត​ក្នុង​ជើង​ទី ២ ចំនួន ៣ លើក​ចុង​ក្រោយ​នេះ ក្រុម​អាស៊ី​អឺរ៉ុប បាន​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​នូវ​ទម្រង់​លេង និង​បាន​ចាញ់​ទាំង ៣ ប្រកួត​តែម្តង ផ្ទុយ​ពី​ក្រុម​វិសាខា បាន​ឈ្នះ​ទាំង ៣ ប្រកួត ហើយ​រឿង​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ គឺ​វិសាខា បាន​ឈ្នះ​ភ្នំពេញ​ក្រោន ដែល​ពួកគេ​ធ្លាប់​ស្មើ ០-០ កាល​ជើង​ទី ១ ដល់ ៣-១ កាល​ពី​សប្តាហ៍​មុន។

យ៉ាងណាមិញ ក្រុម​ស្វាយរៀង ក៏ត្រូវ​ធ្វើការ​ប្រកួត​សងសឹក​ជាមួយក្រុម​អង្គ​រថាយហ្គឺរ ផង​ដែរ។ បើ​ទោះបី​ជា​ក្រុម​ស្វាយរៀង ធ្លាប់​ចាញ់​អង្គរ​ថាយហ្គឺរ ៣-១ ក្នុង​កា​ប្រកួត​ជើង​ទី ១ ប៉ុន្តែ​ការ​លត់ ក្រុម​ប៉ូលិស ៤-០ និង​ការ​បន្ត ឈ្នះ​ក្រុម​អគ្គិសនី​កម្ពុជា ៤-២ ពី​សប្តាហ៍​មុន វា​បាន​បង្ហាញ​ពី​ការ​កើន​ឡើង​របស់​ស្វាយរៀង។

ចំណែក​ក្រុម​ក្រសួងការពារជាតិ (ទ័ព) ដែល​កំពុង​ឈរ​នៅ​លេខ ៤ មាន ៣០ ពិន្ទុ ក្រោម​ក្រុម​វិសាខា និង​ណាហ្គាវើល មាន ៣២ ពិន្ទុ​ស្មើ​គ្នា​នោះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា អាច​នឹង​ឈ្នះ​បាន ៣ ពិន្ទុ​បន្ថែម​ទៀត ព្រោះ​លើក​នេះ​ពួកគេ​ត្រូវ​វិល​ទៅ​ជួប​ក្រុម​វេស្ទើន ដែល​ពួកគេ​ធ្លាប់​លត់ ៨-០។ រីឯ​ក្រុម​ឈរ​នៅ​កំពូល​តារាង​មាន ៣៦ ពិន្ទុ បឹងកេត ត្រូវ​ស្វាគមន៍​ក្រុម​សូលទី​ឡូអង្គរ ដែល​ពួកគេ​ធ្លាប់​ស្មើ ១-១ ហើយ​ក្រុម​ប៉ូលិស ត្រូវ​ជួប​ក្រុម​អគ្គិសនី​កម្ពុជា ដែល​ពួកគេ ធ្លាប់​ឈ្នះ ក្នុង​លទ្ធផល ៤-១៕

កម្មវិធី​ប្រកួត​នៅ​ថ្ងៃ​សៅរ៍

-អាស៊ី​អឺរ៉ុប v វិសាខា នៅ AEU Sport Park ម៉ោង ១៥:០០

-បឹងកេត v សូល​ទី​ឡូ​អង្គរ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ១៨:០០

-អង្គ​រថា​យ​ហ្គឺ​រ v ស្វាយរៀង នៅ កីឡដ្ឋាន​ខេត្តសៀមរាប ម៉ោង ១៥:៣០

២ ប្រកួត​នៅ​ថ្ងៃអាទិត្យ

-វេ​ស្ទើ​ន v ទ័ព កីឡដ្ឋាន​វេ​ស្ទើ​ន ១៥:៣០

-ប៉ូលិស v អគ្គិសនី​កម្ពុជា នៅ​ពហុ​កីឡដ្ឋាន​ជាតិ ១៨:០០