The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - វិសាខា ធ្វើឲ្យ​ក្រោន ស្គាល់​ខ្លួនឯង​កាន់តែ​ច្បាស់

វិសាខា ធ្វើឲ្យ​ក្រោន ស្គាល់​ខ្លួនឯង​កាន់តែ​ច្បាស់

Content image - Phnom Penh Post
ការប្រកួត​របស់​ក្រុម​វិសាខា និង​ភ្នំពេញ​ក្រោន​ដែល​ធ្វើ​ក្រោម​ក្រសែភ្នែក​អ្នកគាំទ្រ​ជាង​ ៥ ​ពាន់​នាក់​។ រូប NOCC

វិសាខា ធ្វើឲ្យ​ក្រោន ស្គាល់​ខ្លួនឯង​កាន់តែ​ច្បាស់

ភ្នំពេញៈ ការបន្ត​ដណ្តើម​បាន​ ៣ ​ពិន្ទុ​របស់​ក្រុម​វិសាខា​តាមរយៈ​ការយក​ឈ្នះ ៤-៣ កាលពី​ថ្ងៃ​អាទិត្យ​បាន​ធ្វើឲ្យ​ក្រុម​ភ្នំពេញ​ក្រោន​មើលឃើញ​ពី​ចំណុច​ខ្សោយ​ខ្លួនឯង​កាន់តែ​ច្បាស់ ហើយ​ក្រុម​នេះ​ក៏​គ្រោង​នឹង​ធ្វើ​ការងារ​ឲ្យ​កាន់តែ​ធ្ងន់ ដើម្បី​ពង្រឹង​ការខ្វះខាត​នេះ​ផង​ដែរ ចំណែក ប្រាក់ មុន្នីឧត្តម បាន​ជំរុញ​ឲ្យ​សមាជិក​ក្រុម​ព្រះខ័នរាជ​ស្វាយរៀង ពង្រឹង​គុណភាព​លេង​បន្ថែម​ទៀត ដើម្បី​ស្វែងរក​ជ័យជម្នះ​ឆ្ពោះ​ទៅ​រក​ការ​ឈ្នះ​ពាន​លីក​កំពូល​កម្ពុជា​ប្រចាំ​ឆ្នាំ​ ២០១៩ ​នេះ​។

អតីត​ខ្សែប្រយុទ្ធ​ឆ្នើម កែវ សុខង៉ន អ្នក​ចាត់ការ​ទូទៅ​ក្រុម​ភ្នំពេញ​ក្រោន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា​៖ «​អ្វី​ដែល​យើង​បាន​ដាក់​គោលដៅ​ឲ្យ​កីឡាករ​ធ្វើ​គឺ​ពួកគាត់​បាន​ធ្វើ​អស់​ពី​លទ្ធភាព​ហើយ ប៉ុន្តែ​កីឡាករ​វ័យក្មេង​របស់​យើង​មួយ​ចំនួន​នៅ​មាន​ការបារម្ភ​ទៅ​នឹង​ការប្រកួត​ធំៗ​បែប​នេះ ដែល​ធ្វើឲ្យ​ស្មារតី​របស់​គាត់​មាន​ការភិតភ័យ ធ្វើឲ្យ​ការប្រកួត​របស់​យើង​អត់​សូវ​បាន​ល្អ​។ ហេតុនេះ​យើង​ត្រូវ​ធ្វើការងារ​ធ្ងន់​បន្ថែម​ទៀត ដើម្បី​ផ្លាស់ប្តូរ​ស្ថានភាព​ជាមួយ​ចន្លោះ​ប្រហោង​ដែល​យើង​បាន​មើលឃើញ​នេះ​»​។

សម្រាប់​ការវិល​មក​ជួប​គ្នា​របស់​ក្រុម​វិសាខា និង​ភ្នំពេញក្រោន​នៅ​កីឡដ្ឋាន​វិសាខា​កាលពី​ថ្ងៃ​អាទិត្យ​នោះ គឺ​បាន​ក្លាយ​ជា​ការប្រកួត​ដ៏ជក់ចិត្ត​បំផុត ខណៈ​ក្រុម​ទាំង​ ២ បាន​វាយបក​រក​គ្រាប់​បាល់​ប្រដេញ​គ្នា​យ៉ាង​ស្វិតស្វាញ​នោះ ហើយ​ជំនួប​នេះ​ក៏​បាន​ក្លាយ​ជា​ការប្រកួត​ដែល​មាន​អ្នកគាំទ្រ​ផ្ទាល់​ច្រើន​បំផុត មិន​ធ្លាប់​មាន​នៅ​លីក​កំពូល​កម្ពុជា​ផង​ដែរ​គឺ​មាន​រហូត​ដល់​ ៥៥១២ ​នាក់​។

យ៉ាងណា​ក៏ដោយ​ក្រុម​ម្ចាស់ផ្ទះ​វិសាខា​បាន​បន្ត​យក​ឈ្នះ​ក្រុម​ភ្នំពេញក្រោន ៤-៣ បន្ថែម​លើ​ការឈ្នះ ៣-១ កាលពី​ជើង​ទី​ ១​។ ខ្សែប្រយុទ្ធ Guardiano Eliel រកបាន​ ២ ​គ្រាប់​តែ​ម្នាក់ឯង​នៅ​នាទី​ទី​ ១៨ និង​ទី​ ៧៥ ហើយ Opeyemi Korede និង ស៊ិន កក្កដា រក​បាន​ម្នាក់​ ១ ​គ្រាប់​នៅ​នាទី​ទី​ ៤៣ និង​ទី​​ ៨០ ចំណែក​ ៣ ​គ្រាប់​របស់​ក្រោន​គឺជា​ការវាយបក​របស់ Mustafa Zazai នៅ​នាទី​ទី​ ៥៩ Paulo Victor នៅ​នាទី​ទី​ ៧៤ និង Bata នៅ​នាទី​ទី​ ៩០​។

ជាមួយ​គ្នា​នេះ​លោក ស៊ុំ វណ្ណា គ្រូបង្វឹក​ក្រុម​ភ្នំពេញក្រោន​បាន​និយាយ​ថា​៖ « យើង​ទៅ​លេង​នៅ​ទឹកដី​របស់​គេ ដូច្នេះ​ភាព​រំជួលចិត្ត​របស់​កីឡាករ​យើង​នៅ​តែ​មាន​ការបារម្ភ​ខ្លាំង​។ ចំពោះ​ខ្ញុំ​ផ្ទាល់ ខ្ញុំ​មិន​បាន​ដាក់​សម្ពាធ​ទៅ​កាន់​កីឡាករ​នោះ​ទេ គឺ​យើង​ព្យាយាម​ធ្វើ​ទៅ​តាម​អ្វី​ដែល​យើង​បាន​គ្រោង​ទុក ប៉ុន្តែ​ផ្ទុយ​ពីអ្វី​ដែល​យើង​បាន​គ្រោង​ទុក​នោះ គឺ​ការគ្រប់គ្រង​អារម្មណ៍​របស់​កីឡាករ​យើង​មួយ​ចំនួន​នៅ​មាន​កម្រិត​ដោយ​ទាក់ទង​ទៅ​នឹង​បទពិសោធ​របស់​ពួកគាត់​លើ​ទីលាន​ដែល​ជា​មូលហេតុ​ធ្វើឲ្យ​ក្រុម​មាន​ចន្លោះ​ប្រហោង​នៅ​ត្រង់​ចំណុច​មួយ​ចំនួន​»​។

លោក​បាន​បន្ថែម​ថា​៖ «​ខ្ញុំ​បាន​យល់​ច្បាស់​ពី​កីឡាករ​របស់​យើង​តាមរយៈ​ការប្រកួត​នេះ​គឺ​កីឡាករ​យើង​ខ្វះខាត​លើ​ការទំនាក់ទំនង​គ្នា​លើ​ទីលាន ខ្វះ​បទពិសោធ​នៅពេល​ដែល​ប៉ះ​ក្រុម​ខ្លាំង និង​ឆាប់​រំជួលចិត្ត​។ ដូច្នេះ​ខ្ញុំ​អាច​វាស់​ដឹង​ពី​កម្រិត​របស់​កីឡាករ​យើង ហើយ​អាច​ដាក់​ពួកគាត់​លេង​ទៅ​តាម​កម្រិត ដូចជា​ការប្រកួត​ជាមួយ​ក្រុម​ខ្លាំង យើង​ត្រូវ​ដាក់​អ្នកណា និង​ប្រកួត​ជាមួយ​ក្រុម​ល្មមៗ​ដាក់​កីឡាករ​រូប​ណា​»​។

ចំណែក​លោក ហុក សុចិត្រា អ្នកចាត់ការ​ទូទៅ​ក្រុម​វិសាខា​បាន​និយាយ​ថា​៖​ «​នេះ​ជា​ការប្រកួត​មួយ​ដ៏អស្ចារ្យ​នៅក្នុង​លីក​ខ្មែរ​យើង ព្រោះ​យើង​មើលឃើញ​ទាំង​គុណភាព​នៃ​ការលេង និង​គុណភាព​អ្នក​ចូល​គាំទ្រ​គឺ​មាន​ចំនួន​ច្រើន​លើស​គេ​តាំងពី​បង្កើត​លីក​កំពូល ហើយ​ជា​លទ្ធផល វិសាខា ធ្វើ​បាន​ល្អ​មែនទែន​ក្នុង​ការយក​ឈ្នះ​ក្រុម​ភ្នំពេញ​ក្រោន​»​។

ដោយឡែក​ក្រុម​ព្រះខ័នរាជ​ស្វាយរៀង​បាន​បន្ត​យក​ឈ្នះ​ក្រុម​គិរីវង់​សុខសែនជ័យ ២-១ បន្ថែម​ទៅ​លើ​ការឈ្នះ ២-០ កាល​ជើង​ទី​ ១ ហើយ​លទ្ធផល​នេះ​បាន​ជួយ​ឲ្យ​ពួកគេ​បន្ត​ឈរ​នៅ​កំពូល​តារាង​ដោយ​មាន​ ៤២​ ពិន្ទុ និង​តាម​ពីក្រោយ​ដោយ​ក្រុម​ណាហ្គាវើល​ដែល​មាន​ ៣៧ ​ពិន្ទុ​ក្រោយ​ពួកគេ​បន្ត​ឈ្នះ​ក្រុម​ប៉ូលិស ៣-១​។

យ៉ាងណា​ក៏ដោយ​ប្រធាន​ក្រុម ប្រាក់ មុន្នីឧត្តម របស់​ក្រុម​ស្វាយរៀង​បាន​និយាយ​ថា​៖ «​ក្រុម​នីមួយៗ​តែងតែ​ត្រៀម​ជាមួយ​ពួកយើង ហើយ​ការត្រៀម​របស់​ពួកគាត់​គឺ​ធ្វើឲ្យ​ការដណ្តើម​បាន​ ៣ ​ពិន្ទុ​ក្នុង​លីក​កំពូល​សម្រាប់​ពួកយើង សុទ្ធតែ​មាន​ការពិបាក អ៊ីចឹង​ហើយ​នៅក្នុង​ការប្រកួត​មួយៗ​យើង​ត្រូវតែ​ពង្រឹង​បន្ថែម​ទៀត​ដើម្បី​រក ៣ ពិន្ទុ និង​ជ័យជម្នះ​»​។

ផ្ទុយ​ពីនេះ​ក្រុម​បឹងកេត​បាន​ត្រឹម​ស្មើ ១-១ ជាមួយ​ក្រុម​អង្គរថាយហ្គឺរ ដូច​ជើង​ទី​ ១ ​ដដែល​ហើយ​ការចែក​គ្នា​ ១ ​ពិន្ទុ​នេះ​នៅ​តែ​ធ្វើឲ្យ​បឹងកេត​ឈរ​នៅ​លេខ​ ៦ មាន​ ៣១ ​ពិន្ទុ​លើ​ភ្នំពេញក្រោន​ដែល​មាន​ ២៨ ​ពិន្ទុ និង​ក្រសួង​ការពារជាតិ មាន​ ២៦ ​ពិន្ទុ ចំណែក​អង្គរថាយហ្គឺរ បន្ត​ឈរ​នៅ​លេខ​ ៣ ដោយ​មាន​ ៣៤ ​ពិន្ទុ​ស្មើ​ជាមួយ​ក្រុម​ឈរ​នៅ​លេខ​ ៤ វិសាខា​៕

អត្ថបទគួរចាប់អារម្មណ៍