The Phnom Penh Post Search

Search form

វិសាខា រំពឹង​ខ្ពស់​ជាង​បឹងកេត រីឯ​ក្រុម​ទ័ព ថា​អាច​ឈ្នះ ៣ ពិន្ទុ

Content image - Phnom Penh Post
ម៉េន សីហា របស់​វិសាខា បាន​ព្យាយាម​រារាំង Omogba របស់បឹង​កេត នាជំនួប​ជើងទី​ ១។ ស្រេង ម៉េងស្រ៊ុន

វិសាខា រំពឹង​ខ្ពស់​ជាង​បឹងកេត រីឯ​ក្រុម​ទ័ព ថា​អាច​ឈ្នះ ៣ ពិន្ទុ

ភ្នំពេញៈ ក្រុម​វិសាខា បានបង្ហាញ​ពី​ទំនុកចិត្ត​ខ្ពស់ជាង​ក្រុម​កំពុង​មាន​វិបត្តិ​ផ្នែក​កម្លាំង បឹងកេត សម្រាប់​ការ​វិល​មក​ជួប​គ្នា ក្នុង​លីក​កំពូល​កម្ពុជា ចុង​សប្តាហ៍​នេះ ប៉ុន្តែ​ក្រសួង​ការពារ​ជាតិ (ទ័ព) រំពឹង​ថា កម្លាំង​ចិត្ត​ដែល​ទទួល​បាន​ពី​ការ​ទម្លាក់​ក្រុម​ព្រះខ័ន​រាជ​ស្វាយ​រៀង ក្នុង​ពាន ហ៊ុន សែន នឹង​ជួយ​ឲ្យ​ពួកគេ អាច​បន្ត​ឈ្នះ ៣ ពិន្ទុ​ពី​ក្រុម​សូល​ទីឡូ​អង្គរ ឯ​ណាហ្គាវើល ក៏មាន​ភាគរយ​ខ្ពស់ ក្នុង​ការ​ឈ្នះ ៣ ពិន្ទុ​បន្ថែម​ដែរ។

ក្រុម​កំពុង​ឈរ​នៅ​កំពូល​តារាង បឹងកេត និង​ក្រុម​ឈរ​នៅ​លេខ ៣ វិសាខា បាន​ស្មើគ្នា ១-១ ក្នុងការ​ប្រកួត​ជើង​ទី ១ ចំណែក​ការ​វិល​មក​ជួប​គ្នា ជើង​ទី ២ នេះ វិសាខា ទាមទារ​យក​លទ្ធផល​ឈ្នះ។ លោក ហុក សុជីវ័ន គ្រូបង្វឹក​ក្រុម​វិសាខា បាន​ប្រាប់​កាល​ពី​ម្សិលមិញ​ថា៖ «យើង​ត្រៀម​ខ្លួន​បា​នល្អ​ហើយ ហើយ​យើង​ក៏​គ្មាន​ជួប​កង្វល់​លើ​បញ្ហា​អ្វី​នោះ​ដែរ»។

លោក សុ​ជីវ័ន បាន​បន្ថែមថា៖ «ពីមុន​ទាំង​ក្លិប​យើង​ផ្ទាល់ និង​អ្នកផ្សេង គឺ​គ្មាន​អ្នកណា​នឹកស្មាន​ថា យើង​ធ្វើ​បាន​ល្អ​ដល់​កម្រិត​ហ្នឹង​នោះ​ទេ អ៊ីចឹង​ហើយ​ជា​គោល​ដៅ​ជា​បន្ត​ទៀត យើង​ត្រូវ​ឆ្ពោះ​ទៅ​រក​អ្វី​ដែល​ខ្ពស់​ជាង​នេះ​ទៀត ហើយ​បើ​យើង​អាច​ឈ្នះ​ក្រុម​បឹងកេត បាន​វា​កាន់​តែ​ល្អ​ប្រសើរ​ចំពោះ​ពួក​យើង ដែល​យើង​អាច​ឈរ​នៅ​ពី​លើ​គាត់​វិញ​ម្តង»។

ចំណែក​លោក ហៅ សុជាតិ គ្រូបង្វឹក​ក្រុម​បឹងកេត បានបង្ហាញ​កង្វល់​ច្រើន សម្រាប់​ការជួប​ក្រុម​វិសាខា លើក​នេះ។ លោក​បាន​ប្រាប់​ថា៖ «យើង​កំពុង​រៀបចំ ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​ជាង​លើក​មុន ប៉ុន្តែ​យើង​មាន​បញ្ហា​ខ្លះ​ទៅ​លើ​របួស​កីឡាករ​មាន ចាន់ វឌ្ឍនាកា Gbenga និង លេស សេន ហើយ​ផល​ប៉ះពាល់​មួយ​ទៀត គឺ​យើង​ទើប​លេង​ពាន​សម្តេច ហ៊ុន សែន កាល​ពី​ថ្ងៃ​ពុធ ដោយ​លេង​ដល់ ១២០ នាទី អ៊ីចឹង​កីឡាករ​ខ្មែរ អាច​ស្រុត​ចុះ​កម្លាំង​ច្រើន តែ​កីឡាករ​បរទេស​ផ្សេង​ទៀត មិន​ជា​បញ្ហា​ទេ»។

នៅក្នុង​ការប្រកួត​ប្រចាំ​សប្តាហ៍​ទី ១៧ នេះ ទាំង​ក្រុម​បឹងកេត និង វិសាខា ត្រូវការ​ឈ្នះ​ជា​ចាំបាច់​ដូចគ្នា។ បឹងកេត អាច​នឹង​ធ្លាក់​ទៅ​ឈរ​នៅ​លេខ ៣ បើ​សិន​ជា​ពួកគេ​ភ្លាត់​ចាញ់​ក្រុម​វិសាខា លើក​នេះ ព្រោះ​ពេល​នេះ បឹងកេត មាន ៣៩ ពិន្ទុ លើ​វិសាខា និង​ណាហ្គា​វើល ដែល​មាន ៣៨ ពិន្ទុ​ស្មើ​គ្នា ខណៈ ណាហ្គាវើល ត្រូវ​បាន​គេ​មើល​ឃើញ​ថា អាច​នឹង​ឈ្នះ​បាន ៣ ពិន្ទុ​បន្ថែម​លើក​នេះ ព្រោះ​ក្រុម​នេះ​ត្រូវ​វិល​ទៅ​ជួប​ក្រុម​ឈរ​នៅ​បាត​តារាង វេស្ទើន ដែល​ពួកគេ​ធ្លាប់​លត់ ១០-១ កាល​ពី​ជើង​ទី ១។

ចំណែក​ក្រុម​ទ័ព ដែល​ឈរ​នៅ​លេខ ៤ មាន ៣៤ ពិន្ទុ ត្រូវ​វិល​ទៅ​ជួប​ក្រុម​ម្ចាស់ផ្ទះ សូល​ទីឡូ​អង្គរ ដែល​ពួកគេ​ធ្លាប់​ឈ្នះ ៣-១ កាល​ជើង​ទី ១។ បើ​ទោះបី​ជា ទ័ព ទើប​ជួប​ការ​នឿយ​ហត់ ដោយ​ប្រកួត​ដល់ ១២០ នាទី ដើម្បី​ទម្លាក់​ក្រុម​ព្រះ​ខ័នរាជ​ស្វាយរៀង ក្នុង​ពាន​ហ៊ុន សែន កាល​ពី​ថ្ងៃ​ពុធ ប៉ុន្តែ​គ្រូបង្វឹក​ក្រុម​ទ័ព បាន​ប្រាប់​ថា កម្លាំង​ចិត្ត​នៃ​ការ​ឈ្នះ​ក្រុម​ស្វាយរៀង​នោះ នឹង​ជួយ​ឲ្យ​ក្រុម​របស់​លោក​ឈ្នះ​បាន ៣ ពិន្ទុ​លើក​នេះ​ទៀត។

លោក ភា សុ​ភ័​ក្ត្រា គ្រូបង្វឹក​ក្រុម​ទ័ព បាន​ប្រាប់​កាលពី​ម្សិលមិញ​ថា៖ «ខ្ញុំ​គិតថា ការ​ទៅ​ជួប​ក្រុម​សូល​ទីឡូ​អង្គរ នៅ​ខេត្ត​សៀមរាប លើក​នេះ វា​ដូច​ជា​អត់​មាន​បញ្ហា​អ្វី​នោះ​ទេ ព្រោះ​កម្លាំង​ចិត្ត ដែល​បន្សល់​ទុក​ពី​ការ​ឈ្នះ​ក្រុម​ស្វាយរៀង វា​នឹង​ធ្វើ​ឲ្យ​យើង មាន​ការ​ងាយ​ស្រួល ក្នុង​ការ​រៀបចំ​ការ​លេង​លើក​នេះ ហើយ​ក្រុម​យើង​ក៏មាន​សង្ឃឹម​ឈ្នះ​ផង​ដែរ»។

ដោយឡែក​ក្រុម​ស្វាយរៀង ត្រូវ​ស្វាគមន៍​ក្រុម​អាស៊ី​អឺរ៉ុប ដែល​ពួកគេ​បាន​ចាញ់ ២-១ ក្នុង​ជើង​ទី ១ ឯ​ប៉ូលិស ធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម​អង្គរ​ថាយហ្គឺរ ដែល​ពួកគេ​ឈ្នះ ២-១ ហើយ​ភ្នំពេញ​ក្រោន ត្រូវ​ជួប​ក្រុម​ម្ចាស់​ផ្ទះ អគ្គិសនី​កម្ពុជា ដែល​ពួកគេ​ធ្លាប់​ស្មើ ០-០ កាល​ពី​ជើង​ទី ១៕

កម្មវិធី​ប្រកួត​នៅ​ថ្ងៃ​សៅរ៍

-វេ​ស្ទើ​ន v ណាហ្គា​វើ​ល កីឡដ្ឋាន​វេ​ស្ទើ​ន ១៥:០០
-អង្គ​រថា​យ​ហ្គឺ​រ v ប៉ូលិស កីឡដ្ឋាន​ខេត្តសៀមរាប ១៥:៣០
-ស្វាយរៀង v អាស៊ី​អឺរ៉ុប កីឡដ្ឋាន​ខេត្តស្វាយរៀង ១៨:០០

សម្រាប់ ៣ ប្រកួត​នៅ​ថ្ងៃ​អាទិត្យ

-អគ្គិសនី​កម្ពុជា v ភ្នំពេញ​ក្រោ​ន កីឡដ្ឋាន​អគ្គិសនី ១៥:០០
-សូល​ទី​ឡូ​អង្គរ v ទ័ព កីឡដ្ឋាន ខេត្តសៀមរាប ១៥:០០
-បឹងកេត v វិសាខា ពហុ​កីឡដ្ឋានជាតិ ម៉ោង ១៨:០០

អត្ថបទគួរចាប់អារម្មណ៍