
ការប្រណាំងក្របី ដែលបានធ្វើនៅថ្ងៃភ្ជុំបិណ្ឌ នៅវិហារសួគ៌កន្លងមក។ ស្រេង ម៉េងស្រ៊ុន
ភ្នំពេញៈ គណៈកម្មការរៀបចំការប្រកួតកីឡាប្រពៃណីនៅវិហារសួគ៌ បានត្រៀមប្រភេទកីឡាចំនួន ៥ រួចជាស្រេច មានប្រណាំងក្របី ប្រណាំងសេះ គុនដំបង ចំបាប់បុរាណ និងល្បុក្កតោ ដើម្បីដាក់ឲ្យប្រកួត និងសម្តែងនៅក្នុងបរិវេណវត្តវិហារសួគ៌ ស្ថិតក្នុងភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល នាថ្ងៃភ្ជុំបិណ្ឌ (ភ្ជុំធំ) នាថ្ងៃទី ៩ ខែតុលា ខាងមុខនេះ ដោយសង្ឃឹមថា នឹងមានភ្ញៀវជាតិ និងអន្តរជាតិចូលរួមច្រើនដូចបណ្តាឆ្នាំកន្លងមក។
លោក ថែ ថាំង ប្រធានភូមិវិហារសួគ៌ និងជាប្រធានគ្រប់គ្រងការប្រកួតកីឡាប្រពៃណី នៅវិហារសួគ៌ បានប្រាប់ថា៖ «នៅថ្ងៃភ្ជុំធំ ឆ្នាំនេះ យើងនឹងមានរៀបចំការប្រណាំងក្របី សេះ ប្រកួតចំបាប់ គុនដំបង និងសម្តែងល្បុក្កតោ ដូចកាលពីឆ្នាំមុនៗដែរ ព្រោះការប្រកួតកីឡាប្រពៃណី នៅវិហារសួគ៌នេះ បានក្លាយជាវប្បធម៌ប្រពៃណីដ៏ផូរផង់ ដែលបានបន្សល់ទុកពីជីដូនជីតារបស់យើងរាប់រយឆ្នាំមកហើយ»។
តាមប្រធានភូមិខាងលើនេះ បានឲ្យដឹងថា ការប្រកួតកីឡាប្រពៃណី នៅវិហារសួគ៌ថ្ងៃភ្ជុំបិណ្ឌខាងមុខនេះ គណៈកម្មការរៀបចំការប្រកួត បានត្រៀមក្របី ១០ គូ សេះ ២៧ គូ គុនដំបង ៤ គូ ចំបាប់ ៣៥ គូ និងល្បុក្កតោ ២ គូ សម្រាប់ប្រកួត និងសម្តែង ហើយតាមចំនួននេះបង្ហាញថា ចំនួនក្របី មាន ការកើនឡើងជាងឆ្នាំមុនចំនួន ៥ គូ ប៉ុន្តែចំនួនសេះ អ្នកចំបាប់ គុនដំបង និងល្បុក្កតោ មាន ចំនួនដូចនឹងឆ្នាំមុនដែរ។

ការប្រកួតចំបាប់បុរាណ។ ស្រេង ម៉េងស្រ៊ុន
យ៉ាងណាក៏ដោយ ចំនួនក្របី សេះ ព្រមទាំងអ្នកគុនដំបង ល្បុក្កតោ ពិសេសចំបាប់ អាចនឹងមានការប្រែប្រួលពេលប្រកួតជាក់ស្តែង ព្រោះនេះ ជាការចូលរួមដោយការស្ម័គ្រចិត្ត ហើយបើតាមលោក ថែ ថាំង បានឲ្យដឹងថា ចំនួនអ្នកចំបាប់បុរាណទាំង ៣៥ គូនេះ មានមកពីខេត្តព្រៃវែង កំពង់ចាម ភ្នំពេញ ស្វាយរៀង និងខេត្តកំពង់ឆ្នាំងផងដែរ។
លោក ថែ ថាំង បានបន្ថែមថា៖ «អ្វីៗយើងបានត្រៀមរួចរាល់អស់ហើយ អ៊ីចឹងបើសិនជាអាកាសធាតុអំណោយផល គ្មានភ្លៀង គឺការរៀបចំប្រកួត កីឡាប្រពៃណីរបស់យើងនឹងដំណើរការទៅបានរលូន តែបើមានភ្លៀង រាងពិបាកបន្តិច។ ចំណែកការប្រកួតចំបាប់ ខ្ញុំមិនចង់ដាក់ឲ្យប្រកួតនៅលើតាបពីដូចចំបាប់សម័យថ្មីនោះទេ ព្រោះចំបាប់បុរាណ គប្បីធ្វើនៅលើដី ឬលើស្មៅ ដើម្បីរក្សាភាពដើម ដូចជីដូនជីតារបស់យើងបានបន្សល់ទុកឲ្យ»។
គួររំឭកថា វិហារសួគ៌ បានក្លាយជាទីតាំង ដែលមានការរៀបចំការប្រកួតកីឡាប្រពៃណី ថ្ងៃភ្ជុំបិណ្ឌ ធំជាងគេនៅកម្ពុជា ដោយមានភ្ញៀវជាតិ និងអន្តរជាតិ បានចូលរួមទស្សនាផ្ទាល់រាប់ម៉ឺននាក់។ ចំណែកភ្ជុំបិណ្ឌ នៅថ្ងៃអង្គារ ទី ៩ ខែតុលានេះ គឺពីម៉ោង ៧ ដល់ម៉ោង ៩ ព្រឹក មានការប្រណាំងក្របី និងសេះ ហើយពីម៉ោង ៩ ដល់ម៉ោង ១២ ប្រកួតចំបាប់ គុនដំបង និង សម្តែងល្បុក្កតោ។ បន្ទាប់ពីនោះ នឹងមានការលេងល្បែងប្រជាប្រិយរហូតដល់យប់៕