The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - វីរបុរស​ហូឡង់ Sneijder ប្រកាស​ចូលនិវត្តន៍​ពី​អាជីព​បាល់ទាត់

វីរបុរស​ហូឡង់ Sneijder ប្រកាស​ចូលនិវត្តន៍​ពី​អាជីព​បាល់ទាត់

Content image - Phnom Penh Post
Sneijder (​ស​) តែ​តបាល់​ក្នុងការ​ប្រកួត Champions League ២០១៨ ​។ រូប AFP

វីរបុរស​ហូឡង់ Sneijder ប្រកាស​ចូលនិវត្តន៍​ពី​អាជីព​បាល់ទាត់

ក្រុងឡាអេៈ កីឡាករ​ល្បីឈ្មោះ​បំផុត​នៅ​ប្រទេស​ហូឡង់ Wesley Sneijder បានប្រកាស​ចូលនិវត្តន៍​ពី​វិស័យ​បាល់ទាត់​កាលពី​ថ្ងៃ​ចន្ទ​ដោយ​ទម្លាក់​ចុះ​វាំងនន​នៃ​អាជីព​ដែល​ពោរពេញ​ទៅដោយ​ជ័យជម្នះ​ក្នុង​រយៈពេល​ ១៧ ​ឆ្នាំ​មកនេះ​។

កីឡាករ​វ័យ​ ៣៥ ​ឆ្នាំ​ដែល​បាន​លេង​ ១៣៤ ​លើក​សម្រាប់​ជម្រើសជាតិ​រូប​នេះ​បាន​ធ្វើការ​ប្រកាស​បែបនេះ​នៅពេល​រូបគេ​កំពុងនិយាយ​តាម​បណ្ដាញ YouTube របស់​ក្លិប​ក្នុងស្រុក FC Utrecht ក្រោយពី​បាន​ទិញ​កញ្ចប់​សាជីវកម្ម​នៅ​កីឡដ្ឋាន​របស់​ក្លិប Utrecht នេះហើយ​។

កីឡាករ Sneijder បាន​និយាយ​ថា​៖ «​ការផ្សារភ្ជាប់​ទំនាក់ទំនង​របស់​ខ្ញុំ​ទៅ​នឹង​ទីក្រុង​នេះ​គឺមាន​ទំហំធំធេង​ណាស់ ហើយ​ឥឡូវ​ខ្ញុំ​បាន​ចូលនិវត្តន៍​ពី​វិស័យ​បាល់ទាត់​ហើយពី​ព្រោះ​ខ្ញុំ​ចង់បាន​កន្លែង​ល្អ​ដើម្បី​ចែករំលែក​បទពិសោធ​របស់ខ្ញុំ​»​។

កីឡាករ Sneijder ដែល​បាន​ចូលរួម​ប្រកួត​អន្តរជាតិ​នៅ​ឆ្នាំ​ ២០០៣ ​ក្នុង​អាយុ​ ១៩ ​ឆ្នាំ​នោះបាន​ទទួល​ពាន​រង្វាន់​មេដាយ​ក្នុងនាម​ជា​ម្ចាស់​ជើងឯករង​នៃ​ព្រឹត្តិការណ៍ World Cup នៅ​ឆ្នាំ​ ២០១០ ខណៈ​ជម្រើសជាតិ​ហូឡង់​បាន​ចាញ់​ក្រុម​ជម្រើសជាតិ​អេស្ប៉ាញ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​នេះ​ដែល​រៀបចំ​ធ្វើ​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​នៅពេល​នោះ​។

ការបង្ហាញ​ខ្លួន​របស់​គេ​នៅពេលនោះ​បាន​ធ្វើឲ្យ​គេ​ទទួលបាន​ពានរង្វាន់​បាល់​ប្រាក់ (Silver Ball) ក្នុងនាម​ជា​កីឡាករ​ឆ្នើម​ទី​ ២ ​នៅ​ព្រឹត្តិការណ៍​នោះ ខណៈ​កីឡាករ​ឆ្នើម​ទី​ ១ ​បាន​ទៅលើ​កីឡាករ​អ៊ុយរូហ្គាយ​គឺ​លោក Diego Forlan​។

រយៈពេល​ ៤ ​ឆ្នាំក្រោយ​មកទៀត​នៅ​ប្រទេស​ប្រេស៊ីល រូបគាត់​បាន​ជួយ​ឲ្យ​ជម្រើសជាតិ​ហូឡង់​បាន​លេខ​ ៣ ​ក្រោយពី​ចាញ់​ជម្រើសជាតិ​អាហ្សង់ទីន​ដោយ​ការ​ស៊ុត​បាល់​ប៉េណាល់ទី​នៅ​វគ្គ​ ៤ ​ក្រុម​ចុងក្រោយ ហើយ​រូបគេ​ក៏មាន​ឈ្មោះ​លេង​នៅ​ព្រឹត្តិការណ៍ Euro 2008 ផង​ដែរ បើទោះជា​ក្រុម​របស់​គេ​បាន​ធ្លាក់​នៅ​វគ្គ​ ១៦ ​ក្រុម​ក្រោម​ស្នាដៃ​របស់​ជម្រើសជាតិ​រុស្ស៊ី​ក៏ដោយ​។

ការ​មានឱកាស​លេង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ World Cup ឆ្នាំ​ ២០១០ ​ជាមួយ​ជម្រើសជាតិ​ហូឡង់​នោះបាន​កើតឡើង​ក្រោយពី​រូបគាត់​មាន​រដូវកាល​ល្អ​បំផុត​លេង​នៅក្នុង​ក្លិប ខណៈ​កីឡាករ​ពាក់​លេខ​ ១០ ​រូបនេះ​បាន​ជួយ​ឲ្យ​ក្លិប Inter Milan ឈ្នះ​ពាន Serie A ពាន Coppa Italia និង​ពាន Champions League ក្រោម​ការដឹកនាំ​របស់​លោក Jose Mourinho នៅពេល​នោះ​។

កីឡាករ Sneijder ជា​និស្សិត​បញ្ចប់​ការសិក្សា​នៅ​ក្លិប Ajax នៅ​ឆ្នាំ​ ២០០២ ​នោះ​បាន​ឈ្នះ​ពាន Eredivisie និង​ឈ្នះ​ពាន Dutch Cup ចំនួន​ ២ ​លើក​ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​នៅក្នុង​ក្រុមទី​ ១ ​របស់​ក្លិប Ajax មុនពេល​ធ្វើដំណើរ​ទៅ​ចូលរួម​នឹង​ក្លិប Real Madrid ជាទី​ដែល​រូបគាត់​បាន​បង្កើត​ទំនាក់ទំនង​ជាមួយ​អតីត​កីឡាករ​ហូឡង់ Arjen Robben ផង​ដែរ​។

កីឡាករ​រូបនេះ​បានឈ្នះ​ពាន​ក្របខ័ណ្ឌ​អេស្ប៉ាញ La Liga នៅ​ឆ្នាំ​ ២០០៨ ហើយ​រយៈពេល​ ១ ​ឆ្នាំ​ក្រោយមក រូបគេ​បាន​ធ្វើ​ដំណើរ​ទៅ​ចូលរួម​នឹង​ក្លិប​អ៊ីតាលី Inter ដោយបាន​ឈ្នះ​ពាន​សំខាន់​នៅ​ប្រទេស​នេះ​មុនពេល​ការរងរបួស​ជា​បន្តបន្ទាប់​បាន​ធ្វើឲ្យ​គាត់​ធ្វើដំណើរ​ទៅ​កាន់​ក្លិប Gala ជាទី​ដែល​គាត់​បានឈ្នះ​ពាន​លីក​ ២ ​ថែមទៀត និង​ពាន​តួកគី Turkish Cups ចំនួន​ ៣ ​ទៀត​ក្នុង​រយៈពេល​ ៤ ​ឆ្នាំ​។

គាត់​បានបញ្ចប់​អាជីព​បាល់ទាត់​នៅពេល​គាត់​កំពុង​លេង​នៅ​ក្លិប Al Gharafa ជា​ក្លិប​សំខាន់​មួយ​នៅ​ប្រទេស​កាតា​៕ SN

អត្ថបទគួរចាប់អារម្មណ៍