The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - វី ស្រីស្រស់ ត្រូវ​បាន​ជំរុញ​ឱ្យ​ខំ​ហាត់ ដើម្បី​ត្រៀម​ទៅ​ស៊ីហ្គេម




វី ស្រីស្រស់ ត្រូវ​បាន​ជំរុញ​ឱ្យ​ខំ​ហាត់ ដើម្បី​ត្រៀម​ទៅ​ស៊ីហ្គេម

Content image - Phnom Penh Post
កីឡាការិនី វី ស្រីស្រស់ បានម៉ាត់ទៅ​លើ នៅ ស្រីពៅ នៅ​ក្នុង​ការ​ប្រកួត​ថ្នាក់ជាតិ ឆ្នាំ​ ២០២០។ រូប សហ​ការី

វី ស្រីស្រស់ ត្រូវ​បាន​ជំរុញ​ឱ្យ​ខំ​ហាត់ ដើម្បី​ត្រៀម​ទៅ​ស៊ីហ្គេម

ភ្នំពេញ៖ កើត​ក្នុង​គ្រួសារ​នៃ​ត្រកូល​អ្នក​ប្រដាល់ ដែល​ប្រើ​ញើស​ឈាម​ស្រស់ៗ ដើម្បី​ប្តូរ​យក​ប្រាក់​ជួយ​ដល់​គ្រួសារ វី ស្រីស្រស់ បាន​ក្លាយ​ជា​កីឡាការិនី​ចុង​ក្រោយ​ប្រចាំត្រកូល «វី» ដែល​នៅ​តែ​ចាប់​យក​អាជីព​ប្រដាល់​សកល ខណៈ​បងស្រី​របស់​នាង វី ស្រីខួច និង វី ស្រីឆាយ រួម​ទាំង​ម្ចាស់​ខ្សែ​ក្រវាត់​ពិភពលោក វី សាវុធ ដែល​ជា​បងប្រុស​បាន​ប្តូរ​មុខ​របរ​អស់​ហើយ គឺ​នៅ​ឡើយ​តែ​រូបនាង និង​បងប្រុស​ទី៤ វី សុភ័ស្ស ដែល​ជា​ជម្រើសជាតិ ប្រដាល់​សកល​ដែរ។

សម្រាប់​ការ​ក្រាញ​ននៀល​នៅ​លើ​វិថី​ប្រដាល់​នេះ វី ស្រីស្រស់ នៅ​តែ​ទទួល​បាន​ការ​ទុក​ចិត្ត​ពី​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា ដើម្បី​ឱ្យ​កីឡាការិនី​វ័យ ១៦ ឆ្នាំ​រូប​នេះ​បាន​បន្ត​ជាប់​ជា​បេក្ខភាព​ជម្រើស​ជាតិ​នៅ​ឆ្នាំ ២០២១ នេះ ហើយ​វា​ក៏​ជា​ពេលវេលា​ដ៏​សំខាន់ ដែល ស្រីស្រស់ ត្រូវ​ខំ​ប្រឹង​ពង្រឹង​សមត្ថភាព​ទ្វេ​ដង ដើម្បី​ត្រៀម​ចូលរួម​ការ​ប្រកួត​ស៊ីហ្គេម​លើក​ទី៣១ នៅ​ប្រទេស​វៀតណាម នា​ចុង​ឆ្នាំ​នេះ​ផង​ដែរ។

វី ស្រីស្រស់ បាន​និយាយ​ថា៖ «ខ្ញុំ​ជាប់​ជា​កីឡាការិនី​ជម្រើសជាតិ​ប្រដាល់​សកល​ចំនួន ៤ ឆ្នាំ​មក​ហើយ ដោយ​ខ្ញុំ​ធំ​ឡើង​នៅ​ជាមួយ​តែ​បងៗ ជា​អ្នក​ប្រដាល់ គឺ​ដឹង​តែ​ប្រឹង​ហាត់​ជាមួយ​ក្រុម​ជម្រើស​ជាតិ នៅ​ក្នុង​ស្តាតអូឡាំពិក រហូត​មក​ដល់​ពេល​នេះ»។

ត្រឹម​អាយុ ១០ ឆ្នាំ វី ស្រីស្រស់ បាន​ជាប់​ចិត្ត​នឹង​ការ​ហាត់​ប្រដាល់ ដើម្បី​បាន​ឡើង​ប្រកួត​រក​ប្រាក់​មក​ជួយ​ផ្គត់ផ្គង់​គ្រួសារ ដូច​បងៗ​ទាំង ៤ នាក់​របស់​នាង ហើយ​បងប្អូន​ត្រកូល «វី» ទាំង ៥ នាក់​នេះ បាន​សាង​ភាព​ល្បីល្បាញ​បំផុត​នៅ​ក្នុង​ឆ្នាំ ២០០៩ ហើយ​ក៏​ឆ្នាំ​ដែល វី សាវុធ ដណ្តើម​បាន​ឈ្នះ​ខ្សែ​ក្រវាត់​ពិភព​លោក​ពី​អ្នក​ប្រដាល់​ហ្វីលីពីន សម្រាប់​ការ​ប្រកួត​ធ្វើ​នៅ​ស្តាត​អូឡាំពិក​ផង​ដែរ។

ជាមួយ​ជ័យជម្នះ​នោះ​បាន​ធ្វើ​ឱ្យ វី សាវុធ ទទួល​បាន​ប្រាក់​យ៉ាង​ច្រើន ពិសេស​ប្រាក់​រង្វាន់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រាក់​ពី​ធនាគារ​ប្រចាំ​ខែ​ផង​ដែរ ហើយ សាវុធ បាន​នាំ​ឱ្យ​ប្អូនៗ​ទាំង ៤ នាក់ ចូល​ហាត់​ប្រដាល់​ជាមួយ​ខ្លួន​រហូត​បាន​ជាប់​ជម្រើសជាតិ​ប្រដាល់​សកល​ទាំង​អស់។

បន្ថែម​ទៅ​លើ​ការ​បង្កើត​បាន​ស្នាដៃ ដើម្បី​បាន​ជាប់​ជា​ជម្រើសជាតិ​នេះ កូនច្បង​ទី១ វី សាវុធ កូន​ទី២ វី ស្រីខួច កូន​ទី៣ វី ស្រីឆាយ កូន​ទី៤ វី សុភ័ស្ស និង​កូនពៅ វី ស្រីស្រស់ បាន​ព្យាយាម​កាន់​តែ​ខ្លាំង ដើម្បី​រួម​គ្នា​រក​ប្រាក់​តាមរយៈ​ប្រដាល់ ហើយ​ការ​ប្រឹងប្រែង​នេះ បាន​កែប្រែ​គ្រួសារ ដែល​មាន​ឪពុក​ម្តាយ​ជា​ជាង​សំណង់ គ្មាន​ផ្ទះ​សំបែង​មួយ​នេះ មាន​ជីវភាព​ប្រសើរ​វិញ និង​មាន​លុយ​ទិញ​ដី ធ្វើ​ផ្ទះ​បាន​រស់នៅ​ស្ថិត​ក្នុង​ភូមិ​ស្វាយ​រលំ ១ ឃុំ​ស្វាយរលំ ស្រុក​ស្អាង ខេត្ត​កណ្តាល។

កីឡាការិនី វី ស្រីស្រស់ បាន​ប្រាប់​បន្ថែម​ថា៖ «នៅ​ពេល​ចូល​ហាត់​ប្រដាល់​នោះ គ្រូៗ​គាត់​ជួយ​បង្ហាត់​ខ្ញុំ និង​ឱ្យ​ខ្ញុំ​បាន​ឡើង​ប្រកួត ដោយ​គាត់​សរសើរ​ខ្ញុំ​ថា អនាគត​ល្អ​អ៊ីចឹង​ហើយ​ធ្វើ​ឱ្យ​ខ្ញុំ​កាន់​តែ​មាន​ទឹក​ចិត្ត​ស្រឡាញ់ និង​បាន​ជាប់​ជម្រើសជាតិ​នៅ​ឆ្នាំ ២០១៨ ចំណែក​ការ​បន្ត​ជាប់​ជម្រើសជាតិ​លើក​នេះ​គ្រូ​បាន​ប្រាប់​ខ្ញុំ​ថា ឆ្នាំ ២០២១ នេះ ខ្ញុំ​ជា​បេក្ខភាព​ឡើង​ទៅ​ប្រកួត​ស៊ីហ្គេម​នៅ​ប្រទេស​វៀតណាម ដោយ​ខ្ញុំ​ត្រូវ​ហាត់​ត្រៀម​ក្នុង​ទម្ងន់ ៥៤ គីឡូក្រាម ហេតុ​នេះ​គ្រូ​ឱ្យ​ខ្ញុំ​ខិតខំ​ហាត់​ឱ្យ​ខ្លាំង​មែន​ទែន»។

ចំណែក​លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា​ប្រាប់​ថា៖ «ឆ្នាំ​នេះ ក្នុង​ចំណោម​អត្តពលិក​ជម្រើសជាតិ​ប្រដាល់​សកល​ចំនួន ១៣ នាក់ មាន​កីឡាការិនី​តែ ២ នាក់​ទេ គឺ វី ស្រីស្រស់ ទម្ងន់ ៥៤ គីឡូក្រាម និង សឿន សុខលី ទម្ងន់ ៤៩ គីឡូគ្រាម។ វី ស្រីស្រស់ ជា​បេក្ខភាព​ដែល​យើង​ត្រៀម​សម្រាប់​ព្រឹត្តិការណ៍​សំខាន់​ឱ្យ​បាន​ល្អ​ព្រោះ​សម្រាប់​ការ​ប្រកួត​លើក​នេះ យើង​ទទួល​បាន​ច្រើន​ប្រភេទ​ទម្ងន់»។

វី ស្រី​ស្រស់ ហ្វឹកហាត់ និង​គោរព​វិន័យ​បាន​ល្អ​ក្នុង​ជម្រើស​ជាតិ ប៉ុន្តែ​ឱកាស​បាន​ឡើង​ប្រកួត គឺ​តិច​តួច​ដោយ​នាង​ធ្លាប់​បាន​ឡើង​ប្រកួត​ចំនួន ១៤ ដង ឈ្នះ ៩ និង​ចាញ់ ៥ ដង។ ទោះ​យ៉ាងណា សម្រាប់​ការ​ប្រកួត​ថ្នាក់​ជាតិ ស្រីស្រស់ ធ្លាប់​ឈ្នះ​មេដាយ​មាស ២ និង​ប្រាក់ ២ ហើយ​ក្រៅ​ពី​ប្រកួត​ប្រដាល់​សកល​នេះ វី ស្រីស្រស់ ក៏​ធ្លាប់បាន​ឡើង​ប្រកួត​ប្រដាល់​គុន​ខ្មែរ​បាន ៥ ដង​ដែរ ដោយ​ឈ្នះ ៣ និង​ចាញ់ ២ ដង៕

អត្ថបទគួរចាប់អារម្មណ៍