ភ្នំពេញ៖ អ្នកប្រដាល់ វេង សុភ័ក្រ របស់ក្លិបកីឡាប្រដាល់បញ្ជាការដ្ឋានទ័ពពិសេស បានរកឃើញជ័យជម្នះសំខាន់មួយទៀត ដើម្បីក្រសោបប្រាក់លានពីការប្រកួតម៉ារ៉ាតុងដណ្តើមប្រាក់លាន នៃកម្មវិធី Mas Fight Cambodia នៅសង្វៀនថោន ទៅតាមអ្វីដែលរូបគេបានរំពឹងទុក។
នៅក្នុងការប្រកួតម៉ារ៉ាតុងដណ្តើមប្រាក់លានទម្ងន់ ៦៣,៥ គីឡូក្រាម កាលពីថ្ងៃអាទិត្យកន្លងមកនេះ វេង សុភ័ក្រ ចាប់ឆ្នោតប៉ះជើងថ្មី ផាន រះ របស់ក្លិបជ្រៃសែនខេត្តកំពង់ស្ពឺ ហើយតាមរយៈការប្រកួតនោះ សុភ័ក្រ បានផ្តួល ផាន រះ ឲ្យសន្លប់ត្រឹមទឹកទី ២ ដើម្បីបានឡើងទៅវគ្គផ្តាច់ព្រ័ត្រដូចការរំពឹងទុក។
ផាន រះ ដែលប្រឹងប្រែងទប់ទល់អស់ពីកម្លាំងកាយចិត្ត តែមិនអាចស៊ូជាមួយ វេង សុភ័ក្របានគ្រប់ទឹកនោះទេ គឺគេសន្លប់មិនអាចងើបរួច ដោយស្នៀតទាត់ និងកែងពេញៗ ខណៈដែលអាជ្ញាកណ្តាលរាប់ដល់ចំនួន ៨ នៅតែមិនអាចបន្តការប្រកួតបាន។ ចំណែកអ្នកប្រដាល់ជើងចាស់ សេង ស្រឿន របស់ក្លិបមហិទ្ធិរិទ្ធមេសរថ្ងកខេត្តស្វាយរៀង បានយកឈ្នះ អ៊ុង កំសត់ មកពីព្រែទទឹងខេត្តបាត់ដំបងដោយពិន្ទុក្នុងវគ្គជម្រុះ។
ចំណែកការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដែលមានលក្ខណៈជក់ចិត្តនោះ វេង សុភ័ក្រ បានយកឈ្នះ សេង ស្រឿន ក្នុងលក្ខណៈតឹងតែងសម្រាប់ការប្រកួត ៣ ទឹក។ នៅទឹកទី១ វេង សុភ័ក្រ មានប្រៀបបន្តិចបន្តួច លើ សេង ស្រឿន ហើយទឹកទី២ ទំនងប្រទាញប្រទង់គ្នាគួរសម ប៉ុន្តែទឹកទី៣ វេង សុភ័ក្រ មានប្រៀបផ្នែកជង្គង់ និងកែង ព្រមទាំងបង្ខំឲ្យ សេង ស្រឿន ដួលជាច្រើនលើក។លទ្ធផលឈ្នះដោយពិន្ទុជាឯកច្ឆន្ទ ៥-០ លើ សេង ស្រឿន បានជួយឲ្យ វេង សុភ័ក្រ ក្លាយជាម្ចាស់ជើងឯក ជាមួយប្រាក់រង្វាន់ ៣,៤ លានរៀល ហើយក៏ជាការឈ្នះប្រាក់លាន លើកទី២ ផងដែរ ចំពោះ សុភ័ក្រ ខណៈ សេង ស្រឿន បានតែ ១,៨ លានរៀលទេ។
ក្រោយពេលប្រកួត វេង សុភ័ក្រ បាននិយាយថា៖ «ខ្ញុំមានសង្ឃឹមឈ្នះប្រាក់នេះ តាំងពីមុនប្រកួតម្ល៉េះ ព្រោះខ្ញុំប្រឹងហាត់ ព្រមទាំងរក្សាសុខភាពបានល្អ និងស្តាប់តាមការណែនាំរបស់លោកគ្រូពីរបៀបវ៉ៃ ដោយនៅក្នុងទឹកទី១ ខ្ញុំនៅបារម្ភ ដោយសារជង្គង់របស់ សេង ស្រឿន វ៉ៃល្អដែរ ប៉ុន្តែចាប់ពីទឹកទី២ មក ខ្ញុំប្រើស្នៀតកែងចូលគោលដៅបានល្អធ្វើឲ្យគាត់ខ្លាចញញើត មិនសូវហ៊ានចូលកៀកសម្រុកខ្លាំងមកលើខ្ញុំ គឺធ្វើឲ្យខ្ញុំកាន់តែមានឱកាស វាយសម្រុកបន្ថែមក្នុងជំនឿចិត្តខ្ពស់»។
ចំណែកលោក ជួប វុត្ថា អ្នកគ្រប់គ្រងកីឡាករប្រកួតប្រចាំនៅសង្វៀនថោនបាននិយាយថា៖« វេង សុភ័ក្រ វ៉ៃបានល្អដូចការរំពឹងទុករបស់គេ ហើយលទ្ធផលប្រកួតរបស់គេឈ្នះពិន្ទុដាច់ដោយភាគីចាញ់គ្មានរង្គាសចិត្តតវ៉ាអ្វីនោះឡើយ ហើយតាមកំណត់ត្រាប្រកួតនៅសង្វៀនថោននេះ វេង សុភ័ក្រ ធ្លាប់ឈ្នះប្រាក់រង្វាន់នេះម្តងរួចហើយ សម្រាប់ការប្រកួតម៉ារ៉ាតុងដណ្តើមប្រាក់លាន ក្នុងទម្ងន់ ៦០ គីឡូក្រាម ដោយកាលនោះ គេទទួលបានប្រាក់ ៥ លានរៀល ហើយលើកនេះគេដំឡើងទម្ងន់មកវ៉ៃ ៦៣,៥ គីឡូក្រាម បានឈ្នះម្តងទៀត»។
ជាមួយគ្នានេះ មានការប្រកួតលក្ខណៈ Mas Fight ១ គូទៀត ដែលមានការប្រកួតជក់ចិត្តខ្លាំង គឺកីឡាករជើងខ្លាំងទើបល្បីឈ្មោះ រិន សារដ្ឋ មកពីក្លិបទ័ពជើងទឹក បានផ្តួលកីឡាករជើងចាស់បាត់មុខយូរ និងទើបប្តូរក្លិបមកនៅក្លិបនាគរាជចតុមុខ សំអាង ឌុន ឲ្យសន្លប់ ដើម្បីយកប្រាក់ ១ លាន ៦ សែនរៀល បន្ថែមពីលើប្រាក់តម្លៃខ្លួន៕