ភ្នំពេញ៖ អ្នកប្រដាល់ វេង សុភ័ក្រ បានបន្សល់ទុកការសោកស្តាយឲ្យ សូត្រ ខេវិន ដោយការម៉ាត់ត្រឹម ១ ដៃឲ្យសន្លប់ ដើម្បីក្លាយជាម្ចាស់ប្រាក់លាន និងទទួលបានប្រាក់រង្វាន់សរុបរហូតដល់ ៥ លានរៀល ពីការប្រកួតម៉ារ៉ាតុងដណ្តើមប្រាក់លានក្នុងទម្ងន់ ៦០ គីឡូក្រាម នៅលើសង្វៀនថោន កាលពីថ្ងៃអាទិត្យ។

ជ័យជម្នះរបស់ វេង សុភ័ក្រ លើ សូត្រ ខេវិន បានកើតមានឡើងយ៉ាងលឿនបំផុត ហើយមានភាពងាយស្រួលជាងការយកឈ្នះលើ សុខ សាវិន ដោយពិន្ទុមិនឯកច្ឆន្ទ ២-១ នៅក្នុងការប្រកួតជម្រុះ មានត្រឹម ៣ ទឹកផងដែរ ព្រោះការប្រកួតនៅវគ្គនេះ សុភ័ក្រ បានយកឈ្នះដោយតានតឹងបំផុត។

សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដោយប្រើច្បាប់ Mas Fight មានត្រឹម ១ ទឹក ស្មើ ៩ នាទីនោះ វេង សុភ័ក្រ បានចំណាយពេលត្រឹម ១ នាទី និង ៣៨ វិនាទីប៉ុណ្ណោះ ក្នុងការបញ្ជូនកណ្តាប់ដៃស្តាំចូលផ្ទៃមុខរបស់ សូត្រ ខេវិន បណ្តាលឲ្យដួលអុកគូទងើបលែងរួចតែម្តង ដើម្បីទទួលបានប្រាក់រង្វាន់ ៣,៤ លានរៀល រួមទាំងប្រាក់រង្វាន់ឧបត្ថម្ភពី Mas Fight Cambodia ចំនួន ១,៦ លានរៀលទៀត សរុប ៥ លានរៀល ជាមួយការប្រើពេលប្រកួតទាំង ២ លើកសរុបត្រឹម ១០ នាទី និង ៣៨ វិនាទី។

ជាមួយការផ្តួល សូត្រ ខេវិន ឲ្យសន្លប់យ៉ាងលឿននេះ វេង សុភ័ក្រ បាននិយាយក្រោយការប្រកួតថា៖ «មិញនេះ ខ្ញុំមិនទាន់បានចេញអស់ក្បាច់ទេ គឺចេញបានតែដៃ។ ខ្ញុំចង់វាយដៃហើយ ទាត់ជើងជាប្រយោលទៀត ប៉ុន្តែដៃគូរបស់ខ្ញុំ អត់សូវហ៊ានវាយ និងហ៊ានប្តូរជាមួយយើង គឺពេលយើងប្តូរ គាត់ថយ និងរត់គេច ដល់តែអ៊ីចឹងធ្វើឲ្យយើងកាន់តែមានកម្លាំងចិត្តប្រកួត»។

ជាមួយគ្នានេះ សូត្រ ខេវិន ដែលបានយកឈ្នះលើ វៀត ប៊ុនឌឿន ដោយពិន្ទុជាឯកច្ឆន្ទ ៣-០ នៅវគ្គជម្រុះត្រឹម ៣ ទឹក មុនមកសន្លប់ក្រោមកណ្តាប់ដៃ វេង សុភ័ក្រ ហើយបានប្រាក់រង្វាន់ត្រឹម ១,៨ លានរៀលនោះ គឺមានការខកចិត្តខ្លាំង។

សូត្រ ខេវិន បាននិយាយក្រោយប្រកួតចាញ់ថា៖ «ខ្ញុំមិនហ៊ានវាយសម្រុកភ្លាមៗដោយសារការប្រកួតនេះភ័យផង ព្រោះធ្លាប់ចាញ់ពិន្ទុបង វេង សុភ័ក្ត្រ ម្តងមកហើយ ហេតុនេះខ្ញុំវាយទប់សិន ចាំមើលចំណុចខ្សោយរបស់គាត់ ប៉ុន្តែកណ្តាប់ដៃរបស់គាត់ បានវាយលឿនរបើកដៃការពារមុខរបស់ខ្ញំខ បណ្តាលឲ្យខ្ញុំដួលវិល ងើបមិនរួច គឺខ្ញុំពិតជាមិនអស់ចិត្តឡើយ»។

ចំណែកលោក សួន ប៊ុនសូត្រ ជាឪពុក និងគ្រូ សូត្រ ខេវិន បាននិយាយថា៖ «ការជួបជើងចាស់ វៀត ប៊ុនឌឿន នៅវគ្គជម្រុះ ខ្ញុំគិតថាជាឧបសគ្គធំ ប៉ុន្តែយើងបានឆ្លងផុត ដោយប្រកួតឈ្នះដាច់ គឺសប្បាយចិត្តណាស់។

ចំណែកការឡើងមកជួប វេង សុភ័ក្រ ខ្ញុំគិតថា ទំនងអាចឈ្នះ ព្រោះគិតថា មិនមែនជាឧបសគ្គធំនោះទេ ប៉ុន្តែលទ្ធផល ខេវិន វ៉ៃរបៀបខ្លាចៗ គឺមិនក្លាហ៊ានប្តូរដូចពេលប្រកួតជាមួយ ប៊ុនឌឿន ហើយបន្ទាប់មកចូលដៃរបស់គេ សន្លប់តែម្តង ដែលមិននឹកស្មានដល់»។

គួរបញ្ជាក់ថា ការប្រកួតម៉ារ៉ាតុងដណ្តើមប្រាក់លាន នៅ Mas Fight Cambodia ចំនួន ៥ សប្តាហ៍កន្លងមកនេះ ម្ចាស់ជើងឯកប្រចាំសប្តាហ៍ទី ១ ម៉ន វណ្ណី ទទួលបានប្រាក់រង្វាន់ចំនួន ៥,៨ លានរៀល ច្រើនជាងគេ ចំណែក វេង សុភ័ក្រ និងម្ចាស់ជើងឯក ព្រឿង សុជាតិ បានប្រាក់រង្វាន់ ៥ លានដូចគ្នា ហើយ ឌុម កែវដា និង វ៉ាន់ វឿន ដែលជាម្ចាស់ជើងឯកប្រចាំសប្តាហ៍ទី ៣ និងទី ៤ នោះ បានប្រាក់រង្វាន់ចំនួន ៣,៤ លានរៀល ប៉ុន្តែ ប៊ុន សុធា និង យុគ យក្សផ្លែ ដែលស្មើគ្នា នៅវគ្គផ្តាច់ព្រ័ត្រនោះ បានចែកប្រាក់រង្វាន់ជា ២ ក្នុងនោះម្នាក់ៗទទួលបាន ១,៨ លានរៀល បូកទាំងប្រាក់រង្វាន់លើកទឹកចិត្តចំនួន ២៥ ម៉ឺនរៀលទៀតស្មើៗគ្នា៕