ភ្នំពេញ៖ ​អ្នក​ប្រដាល់​ជា​បេក្ខភាព​​ដណ្តើម​ប្រាក់​លាន​ក្នុង​កម្មវិធី ​Mas Fight​ នៃ​សង្វៀន​ថោន​ នា​ថ្ងៃ​អាទិត្យ​នេះ វេង​ សុភ័ក្រ​ ​និង ​សេង ​ស្រឿន មាន​បទពិសោធ​ចាស់​ជាង​គេ ​ចំណែក​ជើង​ថ្មី ​២ ​រូប​ទៀត​មាន ​​ផាន ​រះ និង ​អ៊ុង ​កំសត់​ ​ដែល​ទើប​តែ​សាង​ឈ្មោះ​ល្បី​បន្តិច​បន្តួច ​បាន​ចូល​ខ្លួន​មក​ដណ្តើម​ប្រាក់​លាន​នេះ​ដែរ ​ក្នុង​ប្រភេទ​ទម្ងន់ ​៦៣,៥ ​គីឡូក្រាម។ ​

យ៉ាង​ណា​ក្តី​វត្តមាន​របស់​ ​វេង​សុភ័ក្រ​ ត្រូវ​បាន​គេ​កត់​សម្គាល់​ថា ​មាន​សមត្ថភាព​ មាន​ប្រៀប​ជាង​គេ ​មាន​បទពិសោធ​លើ​សង្វៀន​ល្អ​ជាង​គេ ​ខណៈ​​គ្រូ​បង្វឹក​ក៏​មាន​ទំនុក​ចិត្ត​រំពឹង​ថា​ មាន​លទ្ធភាព​ច្រើន​ក្នុង​ការ​ដណ្តើម​យក​ប្រាក់​លាន​នេះ​។​

ប្រភព​ពី​គណៈ​កម្មការ​ផ្គូផ្គង​ លោក ​ជួប ​វុត្ថា ​បាន​ឲ្យ​ដឹង​ថា​ ការ​ផ្គូផ្គង​គឺ​ពិនិត្យ​ទៅ​លើ​សមត្ថភាព​បច្ចុប្បន្ន ​ដោយ​ថ្លឹងថ្លែង​មើល​ថា​ ជើង​ចាស់​មួយ​ចំនួន ​កម្រិត​​បច្ចេកទេស ​ឬ​កម្លាំង​ធ្លាក់​ចុះ​ ចំណែក​កីឡាករ​ជើង​ថ្មី​មួយ​ចំនួន ​ចាប់​ផ្តើម​មាន​បច្ចេកទេស ​និង​កម្លាំង​ល្អ​ ជា​បណ្តើរៗ​ត្រូវ​ជួប​ប្រកួត​គ្នា​បាន​ល្អ​។ ទោះ​ជា​យ៉ាង​ណា​ ការ​ផ្គូផ្គង​នៅ​សង្វៀន​ថោន​ មាន​ការ​គោរព​គោលការណ៍​ឯកភាព​គ្នា​ រវាង​ភាគី​ចំនួន ​៣ ​គឺ​ខាង​ស្ពនស័រ​, ​ម្ចាស់​សង្វៀន ​និង​ខាង​មន្ត្រី​បច្ចេកទេស​របស់​សហព័ន្ធកីឡា​​ប្រដាល់​គុន​ខ្មែរ​។

តាម​ការ​ស្រង់​​ស្ថិតិ​ប្រវត្តិ​ប្រកួត​របស់​កីឡាករ​ទាំង ​៤ ​គឺ​មាន​កម្ពស់ ​១,៧០ ម៉ែត្រ​ដូច​គ្នា ​ប៉ុន្តែ​ ​វេង​ សុភ័ក្រ​ ប្រកួត​បាន​ច្រើន​ជាង​គេ ​គឺ ​៧២ ​ដង ​ឈ្នះ ​៥៧​ ​ចាញ់ ​១៣​ ​ស្មើ ​២ ​ដង ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​បាន ​២៥ ​លើក​។​ បន្ទាប់​មក ​សេង​ ស្រឿន​ ធ្លាប់​ប្រកួត​បាន​ ​៧០​ ​ឈ្នះ ​៥២​ ​ចាញ់ ​១៥ ​ស្មើ​ ​៣ ​ដង ​ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​បាន ​១៥ ​ដង​។

ចំណែក​ជើង​ថ្មី ​អ៊ុង ​កំសត់ ​មាន​បទពិសោធ​ខ្ចី​វស្សា​ជាង​គេ​ គឺ​ធ្លាប់​ប្រកួត​បាន​ ​៣២ ដង ​ឈ្នះ ​២៣​ ​ចាញ់ ​២​ ​ស្មើ ​៧ ​ដង ​ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ចំនួន ​១៧ ​ដង​ ហើយ ​ជើង​ថ្មី​កីឡាករ​ ផាន​ រះ ​ទើប​តែ​សាង​ភាព​ល្បី​ថ្មីៗ​នេះ​ ដោយ​ប្រកួត​បាន ​៦៩ ​ឈ្នះ ​៤៧​ ចាញ់ ​១៥​ ​ស្មើ ​៧ ​ដង ​ក្នុង​នោះ​ ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​បាន ​១០ ​ដង​។​

លោក ​ហង្ស​ ស៊ឺន គ្រូ​បង្វឹក​របស់​ វេង​ សុភ័ក្រ​ បាន​​ប្រាប់​​ថា​៖ «​ការ​ប្រកួត​នេះ​ គឺ​រំពឹង​​ឈ្នះ​ច្រើន​ ​បើ​សិន ​សុភ័ក្រ​ ចាប់​ឆ្នោត​ប៉ះ​ ​ផាន ​រះ ​ឬ ​អ៊ុង ​កំសត់​ នៅ​វគ្គ​ជម្រុះ ប៉ុន្តែ​បើ​ប៉ះ​ សេង​ ស្រឿន​បែប​រាង​លំបាក​ និង​តឹង​តែង​ខ្លាំង​។​ យ៉ាង​ណា​ក៏​ដោយ សុភ័ក្រ ​ហាត់​ត្រៀម​ប្រកួត​បាន​ល្អ​ ហើយ​បើ​តាម​ខ្ញុំ​មើល ​វា​មាន​ប្រៀប​ច្រើន​​ក្នុង​ការ​ដណ្តើម​យក​ឈ្នះ​ទាំង ​២ វគ្គ»​។​

ចំណែក​ វ៉េង​ សុភ័ក្រ​ បាន​និយាយ​ថា៖ ​«​មួយរយៈ​នេះ​ ខ្ញុំ​មាន​បញ្ហា​សុខភាព​​ មិន​សូវ​បាន​ឡើង​ប្រកួត ​ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​ហ្វឹកហាត់​បាន​ល្អ​ត្រៀម​រួច​ហើយ​ ហើយ​ការ​​ប្រកួត​ដណ្តើម​ប្រាក់​លាន​នេះ​ ខ្ញុំ​រំពឹង​​ឈ្នះ។ ​និយាយ​ទៅ​ ខ្ញុំ​សង្ឃឹម​ឈ្នះ ​៩០ ​ភាគរយ​ ​ព្រោះ​ដៃ​គូ​ ដែល​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​ខ្ញុំ​ក្នុង​ចំណោម​ ៣ នាក់​នេះ​ ខ្ញុំ​គិត​ថា ​មិន​លំបាក​ខ្លាំង​នោះ​ទេ​ ក្នុង​ការ​​ប្រកួត​យក​ឈ្នះ​ ប៉ុន្តែ​ចាំ​មើល​ជាក់​ស្តែង​ទៅ​ ព្រោះ​វ៉ៃ​គ្នា​ប្រឹង​រៀង​ខ្លួន»​។​

ចំណែក​លោក​ ស៊ឹម ​ហេង ​គ្រូ​បង្វឹក ​អ៊ុង ​កំសត់​ បាន​ប្រាប់​ថា​៖ «​ក្នុង​ចំណោម​កីឡាករ ​៤ ​នាក់​ខាង​លើ​នេះ​ ខ្ញុំ​គិត​ថា ​មាន​ក្បាច់​​ផ្តួល​ដៃ​គូ​ម៉្យាង​ម្នាក់​ទេ​។​ អ៊ុង ​កំសត់ ​មាន​បទពិសោធ​ឡើង​សង្វៀន​តិច​ជាង​គេ​មែន​​ ប៉ុន្តែ​ចិត្ត​ធំ​ ពេល​ប្រកួត​វាយ​សម្រុក​គ្មាន​ញញើត​ ហើយ​វា​មាន​ក្បាច់​ល្អ ​គឺ​មិន​ចេះ​លាក់​កម្លាំង​ ដោយ​​ចូល​វាយ​ភ្លាមៗ​។ បើ​ផ្តួល​គេ​មិន​បាន​ គឺ​សន្លប់​ខ្លួន​ឯង ​គឺ​មិន​ចូលចិត្ត​វ៉ៃ​អូស​បន្លាយ​ពេល​វេលា​នោះ​ទេ​ ​ព្រោះ​ក្នុង​ជ័យជម្នះ​កន្លង​មក​របស់​វា​ចំនួន ​២៣ ​លើក​ គឺ​ផ្តួល​គេ​ឲ្យ​សន្លប់​បាន​រហូត​ដល់ ​១៧ ​លើក​ គឺ​ឈ្នះ​ពិន្ទុ​តែ ​៦ ​លើក​ប៉ុណ្ណោះ​»​៕