ភ្នំពេញៈ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់សកល និងជាអនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រតិកម្មចំពោះសកម្មភាព នៃការប្រកួតប្រដាល់រៀងរាល់ចុងសប្តាហ៍ នៅតាមស្ថានីយទូរទស្សន៍ឯកជន ខណៈអ្នកគ្រប់គ្រងសង្វៀនខ្លះ នៅតែផ្គូផ្គងកីឡាករទើបចាញ់ដោយសន្លប់ និងត្រូវបានសុំឲ្យសម្រាកមួយរយៈពេលដោយគ្រូពេទ្យជំនាញ មិនឲ្យឡើងប្រកួតទៀត។
លោក ឆឹង យ៉ៅយ៉េន បានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃពុធថា៖ «បើមន្ត្រីបច្ចេកទេស គ្រូបង្វឹក ឬកីឡាករខ្លួនឯងផ្ទាល់ មិនស្តាប់គ្រូពេទ្យទេ គឺបញ្ហាប្រឈមផ្នែកសុខភាពប្រឈម នឹងកើតមានឡើងសម្រាប់ពួកគាត់ នៅថ្ងៃអនាគត ហេតុនេះយើងទាមទារឲ្យពួកគេយកចិត្តទុកដាក់ស្តាប់ពេទ្យ ដែលមានជំនាញសិក្សារៀនសូត្រច្រើនឆ្នាំ»។
កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ វង្ស ណយ ដែលរងរបួសដោយសន្លប់ត្រឹមទឹកទី១ នោះ ត្រូវបានលោក ឆឹង យ៉ៅយ៉េន ចេញលិខិតទៅគណៈកម្មការផ្គូរផ្គង និងមន្ត្រីបច្ចេកទេសទាំងអស់គ្រប់សង្វៀន សុំផ្អាកចាប់គូគាត់មួយរយៈសិន ដើម្បីឲ្យ វង្ស ណយ បានសម្រាកសម្រួលសុខភាព ប៉ុន្តែហាក់គ្មានប្រសិទ្ធភាព ព្រោះមន្ត្រីកាន់កម្មវិធីប្រដាល់ប្រចាំសប្តាហ៍របស់សហព័ន្ធថា នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ វង្ស ណយ មានឈ្មោះប្រកួតជាមួយថៃ Kwan Chai Petchnioth ក្នុងទម្ងន់ ៧៣ គីឡូក្រាម ក្នុងកម្មវិធី Carabao របស់ស្ទូឌីយោសង្វៀនបាយ័នស្ទឹងមានជ័យ។
ទាក់ទងនឹងករណីនេះ លោក ឆឹង យ៉ៅយ៉េន បានបន្តថា៖ «កីឡាករ វង្ស ណយ កាលពីថ្ងៃសៅរ៍ ទី១៧ ខែ សីហា បានសន្លប់ធំ ដោយស្នៀតទាត់ផ្កាប់ចានរបស់កីឡាករថៃ Kwan Ek ក្នុងទឹកទី១ ហើយកាលពីថ្ងៃចន្ទ ខ្ញុំបានស្នើឲ្យផ្អាកការប្រកួតមួយរយៈ ឬ ២ សប្តាហ៍សិន ដើម្បីឲ្យគ្រូពេទ្យតាមដាន ប៉ុន្តែ វង្ស ណយ នៅតែបន្តមានប្រកួតនៅសង្វៀនបាយ័នថ្ងៃអាទិត្យនេះទៀត»។
លោក យ៉ៅយ៉េន បាននិយាយសង្កត់ធ្ងន់ថា៖ «បើប្រកួតទៅសុខសប្បាយមិនអីទេ ប៉ុន្តែបើទទួលរងការសន្លប់ របួសធ្ងន់ ឬគ្រោះថ្នាក់ណាមួយជាយថាហេតុនោះ កុំថាពេទ្យមិនបានប្រាប់ ព្រោះអស់លោកគិតលុយជាធំមិនគិតពីសុខភាព»។
ចំណែកលោក ជឹម ផល្លា គ្រូពេទ្យក្រុមជម្រើសជាតិ និងជាប្រធានក្រុមពេទ្យ ប្រចាំតាមសង្វៀនប្រដាល់ បាននិយាយថា៖ «ខ្ញុំបានផ្សព្វផ្សាយពីខ្លឹមសាររបស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន រួចហើយ ប៉ុន្តែមានសង្វៀនខ្លះគេគោរពតាម និងមានសង្វៀនខ្លះ គេមិនយកចិត្តទុកដាក់ស្តាប់គ្រូពេទ្យទេ ហើយជំនាញគ្រូពេទ្យ បើគេមិនស្តាប់ មិនធ្វើតាមទេ យើងក៏គ្មានសិទ្ធិទៅចាប់បង្ខំគេដែរ គឺទៅតាមដំណើរទៅ»។
លោកបន្តថា៖ «កន្លងមក គ្រូពេទ្យ តែងតែរំឭកថា កីឡាករមុនប្រកួត ត្រូវតែថ្លឹង ពិនិត្យសុខភាពសិន ហើយមានស្នាមកោសខ្យល់ ក្តៅខ្លួន មុខមាត់ស្លេកស្លាំង សម្ពាធឈាម ឬចង្វាក់បេះដូងមិនល្អ ឬទើបតែសន្លប់ កាលពីសប្តាហ៍មុន យើងមិនឲ្យប្រកួតទេ ប៉ុន្តែសង្វៀនខ្លះគេខ្លាចខូចកម្មវិធី តែងតែឲ្យគ្រូពេទ្យយោគយល់ និងអនុគ្រោះដែលបញ្ហានេះគ្រូពេទ្យចាំតែខុសប៉ុណ្ណោះ»។
មន្ត្រីជាន់ខ្ពស់របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ដោយសុំមិនបញ្ចេញឈ្មោះថា៖ «តាមពិតមន្ត្រីសហព័ន្ធ មានសិទ្ធិតិចបំផុត ក្នុងការគ្រប់គ្រងផ្គូរផ្គងកីឡាករប្រកួត ព្រោះមន្ត្រីនៅខាងម្ចាស់សង្វៀនប្រដាល់នីមួយៗ គេមិនសូវខ្លាច ឬស្តាប់តាមការឲ្យយោបល់ ឬជំនាញពីសហព័ន្ធ ឬគ្រូពេទ្យនោះឡើយ។ បើនិយាយឲ្យចំទៅ មន្រ្តីរបស់យើង ធ្វើការឲ្យគេយកកម្រៃពលកម្ម ហើយការប្រកួតប្រជែងពេលខ្លះរបស់សង្វៀននីមួយៗ គ្មានតម្លាភាព និងមិនស្មើភាព ខណៈដែលសហព័ន្ធមិនមែនជាអ្នកគ្រប់គ្រងរឿងលុយកាក់នោះឡើយ»៕