ភ្នំពេញ: កីឡាករ វៃ ភ័ត្ត្រា នៃ​ក្រុម​ជម្រើស​ជាតិ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា បាន​ធ្វើការ​ប្តេជ្ញា​ថា​នឹង​ខំប្រឹង​ហ្វឹកហាត់ បង្កើន​សមត្ថភាព និង​បច្ចេកទេស​ឲ្យ​បាន​ល្អ​ដើម្បី​ឈាន​ទៅ​រក​ការប្រជែង​រក​មេដាយ​សម្រាប់​ការប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ ពិសេស​ការប្រកួត​ស៊ីហ្គេម​នៅ​ហ្វីលីពីន​ដែល​គ្រោង​ធ្វើ​ពី​ថ្ងៃ​ទី​ ៣០ ខែ​វិច្ឆិកា​ដល់​ថ្ងៃទី​ ១០ ខែ​ធ្នូ ឆ្នាំ​ ២០១៩ នេះ​។

កីឡាករ​មាន​ដើម​កំណើត​នៅ​ស្រុក​សំរោង ខេត្ត​តាកែវ វៃ ភ័ត្ត្រា បាន​ប្រាប់​ថា​៖ «​ការទទួល​បាន​ឱកាស​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន លើក​នេះ​វា​ជា​ពេលវេលា​ដ៏ល្អ​បំផុត​ចំពោះ​រូបខ្ញុំ​ក្នុង​ការទទួល​បាន​នូវ​បច្ចេកទេស​ថ្មីៗ​គឺ​ខ្ញុំ​ជឿថា ការ​ចេញ​ទៅ​ហាត់​នៅ​ចិន​នេះ​ខ្ញុំ​នឹង​មាន​ការកើន​នូវ​កម្រិត​បច្ចេកទេស​ពី​ ៦០ ​ទៅ​ ៧០ ​ភាគរយ ដើម្បី​ខ្ញុំ​អាច​ប្រកួត​ប្រជែង​ស្មើមុខ ស្មើ​មាត់ ជាមួយ​ប្រទេស​គេ​នៅក្នុង​ការប្រកួត​នៅលើ​ឆាក​អន្តរជាតិ​»​។

កីឡាករ​វ័យ​ ១៩ ​ឆ្នាំ​ដែល​បាន​ចូល​មក​ហាត់​កីឡា​កាយសម្ព័ន្ធ​ទាំងពី​អាយុ​ ៩ ​ឆ្នាំ វៃ ភ័ត្ត្រា បាន​បញ្ជាក់​ថា​៖ «​បើ​ទោះបី​ជា​ខ្ញុំ​បាន​ឃ្លាតឆ្ងាយ​ពី​ក្រុម​គ្រួសារ​រយៈពេល​វែង និង​បាន​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន​តែ​ម្នាក់ឯង ប៉ុន្តែ​រូបគេ​បាន​ប្តេជ្ញាចិត្ត​ហើយ​ថា ខ្ញុំ​នឹង​ប្រឹងប្រែង​ហ្វឹកហាត់​ឲ្យ​អស់​ពី​សមត្ថភាព ព្រោះ​គោលដៅ​របស់​ខ្ញុំ​គឺ​ខ្ញុំ​ចង់​បង្ហាញ​ទង់ជាតិ​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ តាមរយៈ​ការដណ្តើម​បាន​មេដាយ​ពី​ការប្រកួត​របស់​ខ្ញុំ ពិសេស​ការប្រកួត​ស៊ីហ្គេម​នៅ​ហ្វីលីពីន​ខាង​មុខ​នេះ​»​។

ការលើក​ឡើង​របស់ វៃ ភ័ត្ត្រា ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​កាលពី​ព្រឹក​ម៉ោង​ ១០ ថ្ងៃ​អង្គារ​ម្សិលមិញ​គឺ​មុន​ពេល​រូបគេ​ត្រូវ​ឡើង​យន្តហោះ​បោះពួយ​ទៅ​កាន់​ទឹកដី​ប្រទេស​ចិន ដើម្បី​ហ្វឹកហាត់​រយៈពេល​ជាង​ ៨ ​ខែ​នៅ​ខេត្ត​គ័ងទុង​ដែល​ជា​ជំរុំ​ហ្វឹកហាត់​កីឡា​កាយសម្ព័ន្ធ​ដ៏​មាន​សក្តានុពល និង​មាន​ភាព​អំណោយផល​មួយ​របស់​ប្រទេស​ចិន​។

លោក ណយ ផាណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា ដែល​ជា​អ្នក​ជូន​ដំណើរ​កីឡាករ វៃ ភ័ត្ត្រា ទៅ​ហ្វឹកហាត់​នៅ​ចិន​នេះ​ដោយផ្ទាល់​បាន​ថ្លែង​ប្រាប់​ថា​អស់​រយៈពេល​ ២ ​ឆ្នាំ​មក​ហើយ ដែល​យើង​បាន​ទាក់ទង​ទៅ​ខេត្ត​គ័ងទុង​តាមរយៈ​លោក Wang Meng ដែល​ជា​អ្នកសម្របសម្រួល និង​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​លោក Tang Gordon ជា​អនុប្រធាន​ទី​ ១ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC) ហើយ​លោក Tang Gordon និង​លោក ថោង ខុន ដែល​ជា​ប្រធាន NOCC និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា ជា​អ្នក​រ៉ាប់រង​លើ​ការ​ចេញ​ទៅ​ហ្វឹកហាត់​នេះ ហើយ​យើង​ក៏​បាន​សុំ​ប្រាក់​ប្រចាំ​ខែ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​ឲ្យ​កីឡាករ វៃ ភ័ត្ត្រា ផង​ដែរ​។

លោក ណយ ផាណា បាន​បន្ថែម​ថា​៖ «​វៃ ភ័ត្ត្រា នឹង​ត្រូវ​ហ្វឹកហាត់​ជាមួយ​នឹង​បណ្តុំ​អ្នក​កីឡា ខ្លាំង នៅ​ខេត្ត​គ័ងទុង​ហេតុនេះ​ខ្ញុំ​ជឿ​ថា​ការហាត់​នៅ​ទី​នោះ​នឹង​ធ្វើឲ្យ​រូបគេ​កើន​ទៅ​លើ​បច្ចេកទេស ព្រោះ​នៅ​ទី​នោះ​គ្មាន​ការរំខាន​គឺ​ដឹង​តែ​ពី​ហាត់​ក្រោម​ការបង្ហាត់​បង្ហាញ​ពី​គ្រូ​ជំនាញ​ខ្លាំងៗ​នៅ​ទីនោះ ហើយ​ក្រោយ​បញ្ចប់​ការហ្វឹកហាត់ វៃ ភ័ត្ត្រា អាច​នឹង​បន្តដំណើរ​ទៅ​ប្រកួត​ស៊ីហ្គេម​នៅ​ហ្វីលីពីន​តែ​ម្តង​»​។

នៅពេល​និយាយ​ដល់​ការប្រកួត ស៊ីហ្គេម នៅ​ហ្វីលីពីន​ឆ្នាំ​នេះ​លោក ណយ ផាណា បាន​បញ្ជាក់​ថា​៖ «​ទោះបី​ជា​យើង​មាន​ការពិបាក​ក្នុង​ការប្រកួតប្រជែង​យក​មេដាយ ប៉ុន្តែ​ក្តី​រំពឹង​របស់​យើង​គឺ​ចង់​ឆ្លង​ផុត​ការប្រកួត​ជម្រុះ ដើម្បី​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ស៊ីហ្គេម​លើក​នេះ ហើយ​ខ្ញុំ​ជឿ​ថា​ការចេញ​ទៅ​ហ្វឹកហាត់​រយៈពេល​ជាង​ ៨ ​ខែ​នេះ វៃ ភ័ត្ត្រា នឹង​មាន​ការកើន​ទៅលើ​បច្ចេកទេស ព្រោះ​ការហាត់​នៅ​ចិន​នេះ​គេ​ផ្តោត​ខ្លាំង​ណាស់ ហើយ​នៅ​លើ​ពិភពលោក​នេះ​ចិន​ជា​ប្រទេស​ខ្លាំង​មួយ​ផ្នែក​កីឡា​កាយសម្ព័ន្ធកម្ម​នេះ​តែ​ម្តង​»៕