ភ្នំពេញៈ កីឡាករ​កម្ពុជា វ៉ាន់ វឿន របស់​ក្លិប​ឃ្លាំងមឿង​បាន​កំណត់​ទិសដៅ​ធ្វើ​យ៉ាងណា​ផ្តួល​កីឡាករ​ថៃ Banda Sak ឲ្យ​សន្លប់​ឲ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​សម្រាប់​ការប្រកួត​ខ្សែក្រវាត់​ខារ៉ាបាវ ទម្ងន់​ ៦០ ​គីឡូក្រាម វគ្គ​ជម្រុះ​សន្សុំ​ពិន្ទុ​លើក​ចុងក្រោយ​របស់​គេ​នៅ​សង្វៀន SEATV នា​រសៀល​ថ្ងៃ​សៅរ៍ ដើម្បី​ប្រជែង​យក​កៅអី​វគ្គ​ផ្តាច់ព្រ័ត្រ​ជាមួយ លាភ រដ្ឋា ដែល​កំពុង​តែ​មាន​ប្រៀប​។

តាម​លទ្ធផល​ប្រកួត​វគ្គ​ជម្រុះ​សន្សំ​ពិន្ទុ​ចំនួន​ ៧ ​សប្តាហ៍​កន្លង​មក​នេះ​គឺ​មាន​តែ លាភ រដ្ឋា និង វ៉ាន់ វឿន ទេ ដែល​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​ប្រជែង​គ្នា​ឡើង​ទៅ​ប្រកួត​ផ្តាច់ព្រ័ត្រ​ជាមួយ​កីឡាករ​ថៃ តំណាង​ឲ្យ​អ្នក​បាន​លេខ​ ១ ​ប្រចាំ​ពូល​កម្ពុជា ខណៈ​ពេល​នេះ​អ្នក​ទាំង​ ២ បាន​ឈ្នះ​ទាំង​ ៣ ​ប្រកួត​ដូចគ្នា តែ លាភ រដ្ឋា កំពុង​មាន​ប្រៀប ព្រោះ​បាន​ផ្តួល​គូប្រកួត​ឲ្យ​សន្លប់​ក្នុង​ថិរវេលា​ខ្លី​ជាង​។ ចំណែក ធន់ មករា និង សេន កុសល ក៏​មាន​ ៩ ​ពិន្ទុ​ដែរ តែ​មាន​លំដាប់​នៅក្រោម​។

នៅពេល​នេះ វ៉ាន់ វឿន កំពុង​ហ្វឹកហាត់​ខ្លាំង​ណាស់​ដើម្បី​ផ្តួល​ថៃ Banda Sak ឲ្យ​សន្លប់​ទើប​គេ​នៅ​មាន​ឱកាស​ចាំ​អ៊ុត​មើល​ការប្រកួត​ចុង​ក្រោយ​របស់ លាភ រដ្ឋា​។ វ៉ាន់ វឿន បាន​ប្រាប់​ថា​៖ «​ការប្រកួត​វគ្គ​ចុងក្រោយ​នេះ​ខ្ញុំ​មាន​ការព្រួយបារម្ភ​ខ្លាំង​ណាស់ ព្រោះ​ដៃគូ​របស់​ខ្ញុំ Banda Sak មាន​កម្លាំង​រឹងមាំ និង​ស៊ូ​បាន​ល្អ​។ បញ្ហា​យក​ឈ្នះ​ត្រឹម​ពិន្ទុ ខ្ញុំ​រំពឹង​ថា​ឈ្នះ ប៉ុន្តែ​ការ​វាយ​ឲ្យ​សន្លប់​គឺជា​ការលំបាក​បំផុត​»​។

កីឡាករ​ធ្លាប់​ឈ្នះ​មេដាយ​សំរឹទ្ធ​នៅ​ស៊ីហ្គេម​រូប​នេះ​បន្ថែម​ថា​៖ «​ខ្ញុំ​មាន​ការព្រួយបារម្ភ ព្រោះ​ការប្រកួតប្រជែង​នេះ​ផ្តល់​ភាពមិន​យុត្តិធម៌​គ្រប់​ជ្រុងជ្រោយ​។ កាល​ប្រកួត​ជម្រុះ​ជុំ​ទី​ ៣ កាលពី​ថ្ងៃ ទី​ ១៦ ខែ​កុម្ភៈ ខ្ញុំ​បាន​ផ្តួល​កីឡាករ​ថៃ​ឲ្យ​សន្លប់​ទឹក​ទី​ ៣ ប៉ុន្តែ​ទទួល​លទ្ធផល​គិត​បាន​ត្រឹម​ឈ្នះ​ពិន្ទុ​ទេ ព្រោះ​កីឡាករ​ថៃ​ម្នាក់​នោះ​មក​ជំនួស អ៊ីចឹង​គេ​ចាត់ទុក​ការប្រកួត​នោះ​ត្រឹម​ជា​ការប្រកួត​មិត្តភាព​អន្តរជាតិ​ប៉ុណ្ណោះ​»​។

កីឡាករ​ថៃ Banda Sak ធ្លាប់​ប្រកួត​បាន​ ៦០ ​ដង​ឈ្នះ​ ៤៨ និង​ចាញ់​ ១២ ​ដង ចំណែក​កីឡាករ វ៉ាន់ វឿន ធ្លាប់​ប្រកួត​បាន​ចំនួន​ ៧០ ​ដង ឈ្នះ​ ៥៦ ចាញ់​ ១២ និង​ស្មើ​​ ២ ​ដង​។

ទាក់ទង​នឹង​ការប្រកួត​ជម្រុះ​ដែល​មាន​កីឡាករ​ថៃ​អវត្តមាន ហើយ​លទ្ធផល​បាន​ប៉ះពាល់​ការ​បូក​ពិន្ទុ​របស់​កីឡាករ​កម្ពុជា​ក្នុង​ការផ្ទៀងផ្ទាត់​រក​អ្នក​លេខ​ ១ ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ វា​ជា​ការទទួល​ខុសត្រូវ​រួម​របស់​គណៈកម្មការ​ផ្គូផ្គង និង​មន្ត្រី​បច្ចេកទេស​របស់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​។

នៅក្នុង​សំណួរ​ថា តើ​ការ​អវត្តមាន​របស់​កីឡាករ​ថៃ​ជា​កំហុស​អ្នកណា​? លោក​ ញាន សុធី នាយក​គ្រប់គ្រង​សង្វៀន SEATV បាន​ប្រាប់​ថា​៖ «​មាន​ករណី​ខ្លះ​យើង​បាន​ជួប​ការលំបាក ព្រោះ​កីឡាករ​ក្រោយ​ប្រកួត​មាន​របួស ឬ​ឈឺខ្លួន មិន​អាច​ប្រកួត​បាន​ត្រូវ​តែ​ខកខាន​ប្រកួត​គឺ​ពិតជា​ចៀស​មិន​ផុត​ទេ​។ នៅ​សង្វៀន​ណា​ក៏​ធ្លាប់​បាន​ជួប​វិបត្តិ​បែប​នេះ​ដែរ ហើយ​យើង​អាច​រៀបចំ​ការប្រកួត​លក្ខណៈ​អន្តរជាតិ​ធម្មតា​ជំនួស​វិញ ដោយ​កីឡាករ​ដែល​មាន​វត្តមាន​បាន​ប្រកួត​គិត​ត្រឹម​ឈ្នះ​បាន​ ៣ ​ពិន្ទុ ទោះ​ជា​បាន​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ក្នុង​ទឹក​ណាក៏ដោយ​។ នេះ​ជា​ច្បាប់​ប្រកួត​របស់​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​»​។

ដោយឡែក សេន កុសល មកពី​ក្លិប​មោងឫស្សី​មរតក​គុន​ខ្មែរ​ត្រូវ​ដាក់​ឲ្យ​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ជាមួយ​ថៃ Roung Sayam ខណៈ​បេក្ខភាព​របស់​ថៃ បាន​អវត្តមាន​ហេតុនេះ សេន កុសល ទទួល​បាន​ឈ្នះ​ ៣ ​ពិន្ទុ​ជាស្រេច​។ បើ​ទោះ​ជា​យ៉ាងណា សេនកុសល ទទួល​បាន​ ៣ ​ពិន្ទុ​ដើម្បី​មាន​ ១២ ​ពិន្ទុ​ពេញ ប៉ុន្តែ​គេ​ពុំ​អាច​មាន​លទ្ធផល​ទៅ​ប្រៀប​ជាមួយ​មិត្ត​រួម​ជាតិ​ ៣ ​នាក់​ទៀត​បាន​ទេ​។

យ៉ាងណា​ក៏ដោយ សេន កុសល ដែល​ធ្លាប់​ ៦៤ ​ដង ឈ្នះ​ ៥០ ចាញ់​ ១២ និង ស្មើ​ ២ ​ដង​ថា​នឹង​វ៉ៃ​អស់​សមត្ថភាព​ពេល​ប៉ះ Roung Sayam ដែល​ធ្លាប់​ប្រកួត​ ៧១ ​ដង ឈ្នះ​ ៥៨ និង​ចាញ់​ ១៣ ​ដង​។ សេន កុសល ប្រាប់​ថា​៖ «​ការប្រកួត​នេះ ខ្ញុំ​ធានា​វ៉ៃ​អស់​ពី​សមត្ថភាព ហើយ​ខ្ញុំ​រំពឹង​ឈ្នះ​ ៩០ ​ភាគរយ​»៕