ភ្នំពេញៈ កីឡាករកម្ពុជា វ៉ាន់ វឿន មកពីក្លិបឃ្លាំងមឿងកីឡាបានយកឈ្នះថៃ Yorth Vandy ទាំងប្រផិតប្រផើយសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិនៅលើសង្វៀន SEATV ប៉ុន្តែ សារឿន ច័ន្ទ របស់ក្លិបតាព្រហ្មមានជ័យត្រូវបានថៃចំណូលថ្មី Yorth Chakphat វ៉ៃឲ្យសន្លប់ធំ ត្រឹមទឹកទី ១ ហើយការចាញ់យ៉ាងផុយស្រួចនេះ វាបានបង្ហាញថាសមត្ថភាពរបស់ សារឿន ច័ន្ទ មិនទាន់មានលទ្ធភាពស្តារមុខមាត់ជាអ្នកប្រដាល់ខ្លាំងលំដាប់ជួរមុខដូចមុនៗបាននោះឡើយ។
សម្រាប់ការប្រកួតកាលពីថ្ងៃអាទិត្យនោះ វ៉ាន់ វឿន និង Yorth Vandy បានធ្វើការប្រកួតគ្នាយ៉ាងស្វិតស្វាញ និងជក់ចិត្តចំនួន ៥ ទឹកពេញ ហើយ វ៉ាន់ វឿន វាយចេញបានពិន្ទុមានប្រៀបត្រឹម ៣ ទឹកដំបូងប៉ុណ្ណោះ ប៉ុន្តែការប្រកួតដែលអូសបន្លាយដល់ទឹកទី ៤ និងទឹកទី ៥ Yorth Vandy មានប្រៀបវិញម្តង ខណៈដែលក្បាច់ទាត់ និងជង្គង់របស់គេបានបោះចូលគោលដៅល្អ និងរារាំងដោយស្នៀតការពារបានល្អផងដែរ។ ទោះជាយ៉ាងណាលទ្ធផលផ្លូវការពីចៅក្រមទាំង ៥ និងគណៈកម្មការវិនិច្ឆ័យបានប្រគល់ជ័យជម្នះឲ្យ វ៉ាន់ វឿន ឈ្នះត្រឹមពិន្ទុប្រផិតប្រផើយ។
វ៉ាន់ វឿន បាននិយាយក្រោយពេលប្រកួតថា៖ « Yorth Vandy លំបាកប្រកួតណាស់ ព្រោះកណ្តាប់ ដៃ និងស្នៀតជង្គង់របស់គេរហ័សលំបាកគេច។ បន្ថែមលើសពីនេះកាលផ្លាស់ទីលឿន និងវាយបកលឿនធ្វើឲ្យពិបាកប្រកួត។ ប៉ុន្តែក្នុងជំនួបប្រកួតនេះ ខ្ញុំនៅតែមានទំនុកចិត្តឈ្នះជានិច្ច គឺតាំងពីមុនបញ្ចប់ទឹកទី ៥ ម្ល៉េះ ព្រោះការប្រកួត ៣ ទឹកដំបូង ខ្ញុំវាយសន្សំពិន្ទុបានច្រើន និងមានប្រៀបជាង»។
ចំណែកកីឡាករ សារឿន ច័ន្ទ ដែលហ្វឹកហាត់ត្រៀមប្រកួតចង់ស្តារភាពខ្លាំងមកវិញនោះនៅតែមិនទាន់អាចទៅរួចដោយលទ្ធផលប្រកួតចាញ់របស់ សារឿន ច័ន្ទ មួយរយៈនេះមិនទាន់អាចស្តារមុខមាត់បានគឺភាគច្រើនចាញ់ ដោយសន្លប់មិនអាចបាន ៥ ទឹកនៅឡើយ ហើយលើកនេះ សារឿន ច័ន្ទ ត្រូវបានកីឡាករថៃ Yorth Chakphat ដែលទើបតែមកប្រកួតនៅខ្មែរលើកដំបូងបោះជង្គង់ចូលបណ្តាលឲ្យសន្លប់ធំ ងើបលែងរួចនៅទឹកទី ១ តែម្តង។
សារឿន ច័ន្ទ បាននិយាយថា៖ «សព្វថ្ងៃខ្ញុំមានប្រពន្ធ និងកូន ហើយបញ្ហាដែលប្រកួតធ្លាក់ចុះជាងមុននេះមកពីកម្លាំងខ្ញុំខ្សោយជាងមុន ឯបច្ចេកទេសនៅល្អដូចមុន ប៉ុន្តែការសន្លប់យ៉ាងលឿនក្នុងទឹកទី ១ នេះដោយសារខ្ញុំទទួលរងនូវជង្គង់ឆ្វេងរបស់ Yorth Chakphat ចូលពោះទឹកស្តាំរបស់ខ្ញុំគឺចុកមិនអាចងើបរួច»។
គួររំឭកថា សារឿន ច័ន្ទ ធ្លាប់យកឈ្នះ រឿង សោភ័ណ្ឌ កាលនៅទម្ងន់ ៥៧ គីឡូក្រាម ដើម្បីទទួលបានខ្សែក្រវាត់គឺកីឡាករក្នុងស្រុកខ្មែរសឹងតែរកគូប្រកួតជាមួយ សារឿន ច័ន្ទ មិនបាន ប៉ុន្តែបច្ចុប្បន្នគេបានធ្លាក់ចុះច្រើន។
លោក ញាន សុធី នាយកគ្រប់គ្រងកម្មវិធីប្រកួតនៅ SEATV បាននិយាយថា៖ «សារឿន ច័ន្ទ ពិតជាសន្លប់ធំមែនគឺអស់លទ្ធភាពតបតជាមួយដៃគូ។ សមត្ថភាពក្បាច់គុនល្អ ប៉ុន្តែកម្លាំងរបស់គេធ្លាក់ចុះជាងមុនៗ ហើយការប្រកួតងាយនឹងសន្លប់បែបនេះគឺជាក្តីបារម្ភមួយក្នុងការផ្គូផ្គងជាមួយកីឡាករមកពីបរទេសលើកក្រោយៗ។ ហេតុនេះ សារឿន ច័ន្ទ គួរតែព្យាយាមហ្វឹកហាត់បន្ថែមទៀត ដើម្បីបំប៉នកម្លាំងឲ្យបានល្អ ប្រកួតឈ្នះកីឡាករខ្មែរគ្នាឯងសិន ទើបមានឱកាសបានឡើងប្រកួតលក្ខណៈអន្តរជាតិទៀត»៕