ភ្នំពេញ: ការប្រកួតប្រដាល់គុនខ្មែរវគ្គជម្រុះសន្សំពិន្ទុជុំដំបូងនៃខ្សែក្រវាត់ខារ៉ាបាវទម្ងន់ ៥៧ គីឡូក្រាមលក្ខណៈអន្តរជាតិនៅសង្វៀនប្រដាល់អាស៊ីអាគ្នេយ៍កីឡាករកម្ពុជា ២ រូបរួមមាន វ៉ាន់ វឿន មកពីក្លិបឃ្លាំងមឿងខេត្តពោធិ៍សាត់ និង ម៉ន សាម៉េត មកពីក្លិបកងចក្ររាជសីហ៍មានរិទ្ធសមាគមប្រដាល់ក្រសួងមហាផ្ទៃសុទ្ធសឹងដណ្តើមបានជ័យជម្នះលើកីឡាករថៃរៀងៗខ្លួន ដើម្បីទទួលបានម្នាក់ ៣ ពិន្ទុកាលពីល្ងាចថ្ងៃសៅរ៍ ទី ១២ ខែមករា ឆ្នាំ ២០១៩។
កីឡាករ វ៉ាន់ វឿន មានប្រៀបផ្នែកក្បាច់ជង្គង់បានល្អ និងបានផ្តួលកីឡាករជើងខ្លាំងរបស់ថៃឲ្យបោះបង់ការប្រកួតត្រឹមទឹកទី ៣ ប៉ុណ្ណោះ។ កីឡាករថៃ Deuk Ken មានកម្លាំងល្អ និងជំហររឹងមាំ ប៉ុន្តែក្នុងពេលការប្រកួតបានឈានចូលមកដល់ទឹកទី ២ ការប្រើស្នៀតចាប់ឱបរបស់ វ៉ាន់ វឿន ធ្វើឲ្យគេទទួលបានឱកាសល្អក្នុងការឡើងក្បាច់ជង្គង់ចូលទ្រូងផ្ទួនៗដែលនាំឲ្យកម្លាំងកីឡាករថៃស្រុតចុះ និងបានដួលតែម្តង។
ភ្លាមៗនោះអាជ្ញាកណ្តាលលោក ឡុង ស៊ីលីន បានចាប់កីឡាករថៃរាប់ចំនួន ៨ ដល់ទៅ ២ លើកទើបស្នូរជួងបញ្ចប់ទឹកទី ២ ដើម្បីសង្គ្រោះផុតពីការសន្លប់។ ប៉ុន្តែក្នុងទឹកទី ៣ វ៉ាន់ វឿន ហាក់ដូចជាមិនបណ្តោយឲ្យឱកាសមាសធ្លាក់ចេញពីដៃទេ ដោយរូបគេបានចូលវាយសម្រុកបន្ថែមគ្មានបន្ធូរដៃតាមរយៈការប្រើស្នៀតជង្គង់បានល្អបោះចូលទ្រូង និងពោះរបស់កីឡាករថៃ Deuk Ken ដើម្បីនាំឲ្យអាជ្ញាកណ្តាលរាប់ចំនួន ២ លើកទៀតមុននឹងបញ្ឈប់ការប្រកួតតែម្តង។
ដោយឡែកកីឡាករ ម៉ន សាម៉េត ដែលត្រៀមខ្លួនបានល្អនោះបានគ្រប់គ្រងស្ថានភាពប្រកួតរបស់ខ្លួនគ្រប់ទឹកទាំងអស់នៅពេលប្រកួតជាមួយនឹងកីឡាករថៃ Yort Vandy ដើម្បីឈ្នះដោយពិន្ទុជាឯកច្ឆន្ទ។
ក្រោយពីការប្រកួតកីឡាករ ម៉ន សាម៉េត បាននិយាយថា៖ «ជ័យជម្នះនេះ ខ្ញុំប្រឹងណាស់ ហើយខ្ញុំចេញស្នៀតមួយចំនួនដើម្បីវាយយកពិន្ទុ ប៉ុន្តែគ្មានមហិច្ឆតាចង់វាយឲ្យកីឡាករថៃសន្លប់នោះទេ។
ម៉ន សាម៉េត បានប្រាប់បន្ថែមទៀតថា៖ «ជ័យជម្នះក្នុងជុំទី ១ នេះខ្ញុំមិនទាន់ស្ងប់ចិត្តនោះទេ ពីព្រោះខ្ញុំឈ្នះថៃត្រឹមពិន្ទុ ហើយកីឡាករ វ៉ាន់ វឿន នៅក្នុងពូលជាមួយខ្ញុំបានផ្តួលដៃក្នុងទឹកទី ៣ ហេតុនេះខ្ញុំឈរនៅលំដាប់ក្រោមគេនៅឡើយ ប៉ុន្តែនៅសល់ការប្រកួតចំនួន ៣ លើកខាងមុខទៀត ខ្ញុំមិនទាន់អស់សង្ឃឹមនោះទេ»។
តាមរូបមន្តប្រកួតក្នុងអំឡុងវគ្គជម្រុះខ្សែក្រវាត់នេះ ពូលនីមួយៗទាំងពូលកីឡាករថៃ និងពូលកីឡាករកម្ពុជានឹងជ្រើសយកតែកីឡាករម្នាក់គត់ដើម្បីយកទៅប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមយកខ្សែក្រវាត់ និងទឹកប្រាក់តែម្តងដោយគ្មានវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឬចំណាត់ថ្នាក់លេខ ៣ និងលេខ ៤ នោះឡើយ។
ជាមួយគ្នានេះតាមរយៈការប្រកួតក្នុងវគ្គជម្រុះជុំទី ១ កីឡាករ វ៉ាន់ វឿន និង ម៉ន សាម៉េត ឈ្នះថៃបាន ៣ ពិន្ទុវគ្គដំបូង ខណៈដែលកីឡាករថៃទាំង ២ នាក់បានចាញ់ទទួលបានត្រឹម ១ ពិន្ទុម្នាក់ប៉ុណ្ណោះ៕