ភ្នំពេញ៖ ​ម្ចាស់​មេដាយ​​សំរឹទ្ធ​ស៊ីហ្គេម វ៉ាន់ វឿន និង អេលីត ចំរើន បាន​អះអាង​ពី​ការ​ត្រៀម​ខ្លួន​​រួច​រាល់​ដូច​គ្នា ហើយ​ពួក​គេ​បាន​បញ្ជាក់​ដូច​គ្នា​ថា នឹង​ប្រឹងប្រែង​ប្រកួត​គ្នា​ឲ្យ​កក្រើក​សង្វៀន PNN ដើម្បី​ដណ្តើម​យក​ខ្សែ​ក្រវាត់​មាស និង​ប្រាក់​រង្វាន់ ​១ ម៉ឺន​ដុល្លារ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ថ្ងៃ​អាទិត្យ​នេះ។

នៅ​ក្នុង​ការ​ប្រកួត​ដ៏​សំខាន់​នេះ វ៉ាន់ វឿន ហាក់​ចាញ់​ប្រៀប អេលីត ចំរើន ផ្នែក​កម្ពស់​បន្តិច ហើយ ចំរើន ក៏​មាន​ផ្លែ​វាយ​ចេញ​បាន​វែង​ជាង វ៉ាន់ វឿន ផង​ដែរ ខណៈ​​អ្នក​ទាំង ​២ ​នេះ ចូល​ចិត្ត​វាយ​ប្រយោល គឺ​ភាគ​ច្រើន​ប្រើ​ស្នៀត​ទាត់។ យ៉ាង​ណា​ក៏​ដោយ វ៉ាន់ វឿន បាន​អះអាង​ថា រូប​គេ​បាន​ត្រៀម​ក្បាច់​រួច​រាល់​អស់​ហើយ ដើម្បី​ទប់ទល់​ជាមួយ អេលីត ចំរើន។

ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ីហ្គេម វ៉ាន់ វឿន​ បាន​និយាយ​ថា៖​ «ខ្ញុំ​ហ្វឹកហាត់​ត្រៀម​បាន​ល្អ ​១០០ ​ភាគរយ​ហើយ ហើយ​ខ្ញុំ​ដឹង​ថា អេលីត ចំរើន ជា​កីឡាករ​មាន​អាវុធ​ចេញ​ធ្ងន់ៗ និង​មាន​ផ្លែ​ល្អ ប៉ុន្តែ​ខ្ញុំ​​ក៏​បាន​ត្រៀម​ក្បាច់ ដើម្បី​ទប់ទល់​ជាមួយ​គាត់​បាន​ល្អ​ហើយ​ដែរ។ ខ្ញុំ​សង្ឃឹម​លើ​ខ្លួន​ឯង ហើយ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ជំនួប​មួយ​នេះ ក្លាយ​ជា​ការ​ប្រកួត​នេះ​ដ៏​កក្រើក និង​ជក់​ចិត្ត​សម្រាប់​ទស្សនិកជន»។

នៅ​មុន​ការ​ប្រកួត​នេះ អេលីត ចំរើន និង វ៉ាន់ វឿន សុទ្ធ​តែ​ធ្វើ​បាន​ល្អ​ដូច​គ្នា ដើម្បី​ឈ្នះ​គ្រប់​ការ​ប្រកួត​ទាំង​អស់ ហើយ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង ចំពោះ​ជ័យ​ជម្នះ​របស់​ពួក​គេ​កន្លង​មក​នេះ គឺ​ការ​ទម្លាក់​ជើងខ្លាំង ប៊ុន សុធា និង អេ ណារ័ត្ន នៅ​វគ្គ ​១/២ ​ផ្តាច់​ព្រ័ត្រ ដោយ​ក្នុង​នោះ ចំរើន បាន​យក​ឈ្នះ​ដោយ​ពិន្ទុ​ទាំង​លំបាក​លើ ប៊ុន សុធា ហើយ វ៉ាន់ វឿន បាន​ឈ្នះ​ពិន្ទុ អេ ណារ័ត្ន ខណៈ​ជំនួប​នោះ វ៉ាន់ វឿន បាន​វាយ​កែង​បណ្តាល​ឲ្យ អេ ណារ័ត្ន មាន​ស្នាម​បែក និង​ពក នៅ​លើ​ផ្ទៃ​មុខ​ជា​ច្រើន​កន្លែង។

តាមរយៈ​ការ​ប្រកួត និង​សមត្ថភាព​របស់​អ្នក​ទាំង ​២ ត្រូវ​បាន​គេ​គិត​ថា អេលីត ចំរើន ហាក់​មាន​ភាគរយ​ខ្ពស់​ជាង វ៉ាន់ វឿន ព្រោះ​ការ​ទាត់​ចេញ​របស់​គេ​មាន​ទម្ងន់​ជាង និង​ធ្ងន់​ជាង ហើយ​ជាមួយ​គ្នា​នេះ ក៏​មាន​អ្នក​ខ្លះ​បាន​ព្យាករ​ថា វ៉ាន់ វឿន មិន​អាច​ទប់ អេលីត ចំរើន ដល់ ​៥ ទឹក​ពេញ​ផង​ដែរ ប៉ុន្តែ វ៉ាន់ វឿន បាន​អះអាង​ថា គ្មាន​អ្វី​ជា​ឧបសគ្គ​ចំពោះ​រូប​គេ​នោះ​ទេ គឺ​គេ​នឹង​ធ្វើ​ឲ្យ​បាន​ល្អ។

សិស្សគណ​ក្លិប​ឃ្លាំង​មឿន​កីឡា វ៉ាន់ វឿន បញ្ជាក់​ថា៖ ​«សម្រាប់​ខ្ញុំ​ ដូចជា​គ្មាន​ឧបសគ្គ​អ្វី​ទេ គឺ​ខ្ញុំ​រំពឹង​ថា ខ្លួន​ឯង​នឹង​ធ្វើ​បាន​ល្អ។ ខ្ញុំ​នឹង​ប្រឹងប្រែង​ឲ្យ​អស់​សមត្ថភាព និង​ធ្វើ​ឲ្យ​បាន​ល្អ ព្រោះ​នេះ​ជា​ការ​ប្រកួត​ដ៏​សំខាន់​សម្រាប់​ខ្ញុំ ប៉ុន្តែ​ការ​ប្រកួត​ដែល​មាន​ការ​វាយ​ប្តូរ​គ្នា​ទៅ​វិញ​ទៅ​មក​បែប​នេះ យើង​មិន​អាច​ស្មាន​ទុក​មុន​បាន​ទេ ព្រោះ​បើ​អ្នក​ណា​ភ្លាត់​ស្នៀត និង​បរាជ័យ​រៀងៗ​ខ្លួន»។

ចំណែក អេលីត ចំរើន កំពុង​តែ​អន្ទះសា​ខ្លាំង ចំពោះការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​នេះ ហើយ​រូប​គេ​បាន​អះអាង​ថា នឹង​ធ្វើ​ឲ្យ​ជំនួបនេះ​ក្លាយជា​ការ​ប្រកួត​ដ៏​អស្ចារ្យ​បំផុត ប៉ុន្តែ អេលីត ចំរើន ក៏​បាន​ស្នើសុំ​រឿង​មួយ​ដល់​អ្នក​គាំទ្រ ដែល​តែងតែ​ជេរ​ប្រមាថ​ដល់​កីឡាករ នៅ​ក្រោយ​ការ​ប្រកួត​ផង​ដែរ។

កីឡាករ​វ័យ ​២៤ ​ឆ្នាំ អេលីត ចំរើន បាន​និយាយ​ថា៖ ​«ខ្ញុំ​ត្រៀម​ខ្លួន​បាន​រួច​រាល់​អស់​ហើយ គឺ​ចាំ​តែ​ថ្ងៃ​ប្រកួត​មក​ដល់​ប៉ុណ្ណោះ ហើយ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ការ​ប្រកួត​នេះ ក្លាយ​ជា​ការ​ប្រកួត​ដ៏​អស្ចារ្យ និង​កក្រើក នៅ​សង្វៀន PNN។ យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​សង្ឃឹម​ថា ទោះបី​ខ្ញុំ​ឈ្នះ ឬ​ចាញ់ សូម​កុំជេរ​ប្រមាថ​ដល់​ខ្ញុំ ព្រោះ​កីឡា​តែង​មាន​ឈ្នះ​ និង​ចាញ់ ប៉ុន្តែ​ខ្ញុំ​នឹង​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថភាព មិន​ឲ្យ​អ្នក​គាំទ្រ​អស់​សង្ឃឹម​ឡើយ»៕