ភ្នំពេញ៖ ​កីឡាករ​ជា​ក្មេង​កំព្រា ​វ៉ាន់ ​វឿន​ ​បាន​ប្រើ​ពេល​ប្រកួត​សរុប​​ទាំង ​២ ​លើក​ត្រឹម ​៩:២៤ ​នាទី ដើម្បី​ក្លាយ​ជា​ម្ចាស់​ប្រាក់​លាន ដែល​មាន​ទឹក​ប្រាក់ ​៣,៤ លាន​រៀល ពី​ការ​ប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ប្រាក់​លាន នៃ​កម្មវិធី Mas Fight Cambodia នៅ​លើ​សង្វៀន​ថោន ហើយ​ថិរវេលា​ប្រកួត​នេះ គឺ​តិច​ជាង​​គេ​បំផុត បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈ​ពេល​ប្រកួត​របស់​​​កីឡាករ ម៉ន វណ្ណី, ព្រឿង សុជាតិ និង ឌុម កែវ​ដា ដែល​ធ្លាប់​បាន​ឈ្នះ​ជើងឯក​ប្រាក់​លាន​នេះ សម្រាប់​ការ​ប្រកួត​ ​៣​ សប្តាហ៍​កន្លង​មក។

សម្រាប់​ការ​ប្រកួត​កាល​ពី​ថ្ងៃ​អាទិត្យ​នោះ ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ីហ្គេម វ៉ាន់ វឿន បាន​យក​ឈ្នះ​ម្ចាស់​មេ​ដាយ​សំរឹទ្ធ ខេម ចាន់ ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ នៅ​ក្នុង​ការ​​ប្រកួត​​ត្រឹម ​៣ ​ទឹក ហើយ​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ ជាមួយ រិន ដាវីត ដែល​ប្រើ​ច្បាប់ Mas Fight ត្រឹម ១ ​ទឹក មាន ​៩ នាទី​នោះ វឿន ប្រើ​ពេល​ត្រឹម​ ២៤ វិនាទី ដោយ​វាយ​កែង​ស្តាំ​ បណ្តាល​ឲ្យ ដាវីត ដួល​សន្លប់ និង​បែក​ក្បាល ដេរ​អស់ ៤ ​ថ្នេរ។

នៅ​ក្នុង​ការ​ប្រកួត​ទាំង ​២ ​លើក ក្នុង​ថ្ងៃ​តែ​មួយ​នេះ វ៉ាន់ វឿន បាន​សារភាព​ថា រូប​គេ​មាន​ការ​បារម្ភ​នៅ​ពេល​ចាប់​ឆ្នោត​ប៉ះ ខេម ចាន់ នៅ​វគ្គ​ជម្រុះ។ «​ខ្ញុំ​មាន​ការ​​បារម្ភ​ខ្លាំង​ តាំង​ពី​មុន​ពេល​ប្រកួត​ ព្រោះ ​ខេម ចាន់ ​ជា​ឧបសគ្គ​ធំ ​ប៉ុន្តែ​ខ្ញុំ​មាន​​ល្បិច​ប្រកួត​ គឺ​វ៉ៃ​ឆ្ងាយ​ និង​ទាត់​ជើង​ក្រោម​ ព្រម​ទាំង​ចូល​ឱប​លេង​ក្បាច់​ជង្គង់​ឲ្យ​បាន​លឿន​ មុន​ពេល​អាជ្ញា​កណ្តាល​បំបែក​ ហើយ​ការ​​វាយ​ចេញ​ដោយ​បច្ចេកទេស​សន្សំ​ពិន្ទុ​នេះ​បាន​ធ្វើ​ឲ្យ​​ខ្ញុំ​ឈ្នះ​ពិន្ទុ ខេម ចាន់ ដោយ​ឯកច្ឆន្ទ»​។​

ចំពោះ​ការ​ឡើង​ទៅ​ជួប រិន ដាវីត នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដែល​បាន​យក​ឈ្នះ​ពិន្ទុ សាន សំអុន នៅ​វគ្គ​ជម្រុះ​ដែរ​នោះ វ៉ាន់ ​វឿន ​បាន​និយាយ​ថា​៖ «​ខ្ញុំ​សង្ឃឹម​ឈ្នះ​តាំង​ពី​មុន​ប្រកួត​ ​ព្រោះ​ខ្ញុំ​មាន​ប្រៀប​ជាង​ទាំង​កម្លាំង​ស្មារតី​ និង​បទពិសោធ ដោយសារ រិន ​ដាវីត ​ជា​សិស្ស​ប្អូន​នៅ​ខ្ចី​វស្សា​ ហើយ​ក៏​គ្មាន​លទ្ធភាព​ផ្តួល​ខ្ញុំ​បាន​នោះ​ទេ​»។

វ៉ាន់ វឿន បាន​បន្ថែម​ថា៖ ​«ទោះ​ជា​យ៉ាង​ណា​ ខ្ញុំ​មិន​បាន​​មើល​ស្រាល​ដៃ​គូ ​ឬ​វ៉ៃ​បណ្តែត​បណ្តោយ​នោះ​​ទេ​ គឺ​ត្រូវ​តែ​ប្រើ​ស្នៀត​កែង​ ឬ​ជង្គង់ ​ដើម្បី​ផ្តួល​ដៃ​គូ ​មិន​​ពន្យារ​ពេល​ឡើយ ហើយ​​ក្នុង​រយៈពេល​មិន​ដល់ ​១ ​នាទី​ផង​ ខ្ញុំ​បាន​​វាយ​កែង​ចូល​ក្បាល​របស់ ​រិន ​ដាវីត ​បណ្តាល​ឲ្យ​ដួល​សន្លប់ ធ្វើ​ឲ្យ​​ខ្ញុំ​បាន​ទទួល​បាន​ជ័យជម្នះ​ និង​ក្លាយ​ជា​ម្ចាស់​ប្រាក់​លាន​តែ​ម្តង»​។​

ជាមួយ​ការ​ទទួល​បាន​ប្រាក់​រង្វាន់ ​៣,៤ ​លាន​រៀល​នេះ វ៉ាន់ វឿន បាន​បង្ហើប​ថា បាន​ជួយ​សម្រួល​ដល់​រូប​គេ​ទំនុក​បម្រុង​ដល់​ប្អូនៗ។ វឿន បាន​បញ្ជាក់​ថា៖ ​«​ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដល់​ប៉ុស្តិ៍​ថោន ​ដែល​មាន​ការ​ប្រកួត​ដណ្តើម​ប្រាក់​លាន​នេះ ​នាំ​ឲ្យ​ខ្ញុំ​​បាន​លុយ​ច្រើនៗ​ ហើយ​​ខ្ញុំ​បាន​យក​លុយ​នេះ​ទៅ​ជួយ​ចិញ្ចឹម​​ប្អូនៗ​ចំនួន ​៣​ នាក់​ទៀត ​ដែល​កំព្រា​ឪពុក​ម្តាយ​ស្លាប់​ចោល​អស់​ គឺ​មាន​តែ​កីឡា​ប្រដាល់​នេះ​ហើយ ​ដែល​ជួយ​ខ្ញុំ​ឲ្យ​មាន​ជីវភាព​ដល់​ពេល​នេះ​»​។

ចំណែក រិន ​ដាវីត ដែល​ទទួល​បាន​ប្រាក់​រង្វាន់ ​១,៨ ​លាន​រៀល​ដែរ​នោះ បាន​​និយាយ​ក្រោយ​ពេល​ចាញ់​ថា​៖ ​«វ៉ាន់ ​វឿន​ ខ្លាំង​ណាស់! គាត់​ឈ្នះ​ខ្ញុំ ​គឺ​ស័ក្តិសម​ ​ព្រោះ​ខ្ញុំ​ជា​សិស្ស​ប្អូន​ជំនាន់​ក្រោយ​ ប៉ុន្តែ​បាន​ប្រកួត​ជាមួយ​គាត់​វា​ជា​កិត្តិយស​ ដែល​ទទួល​បាន​បទពិសោធ​​ល្អ ​សម្រាប់​យើង​ដែរ»​។​

ជាមួយ​គ្នា​នេះ ខេម​ ចាន់​ ក៏​ទទួល​ស្គាល់​ថា បាន​ចាញ់ វ៉ាន់ វឿន ដោយ​អស់​ចិត្ត​ដែរ។ ចាន់ និយាយ​ថា​៖ «​ខ្ញុំ​ចាញ់ ​វ៉ាន់ ​វឿន ​ដោយ​គាត់​រហ័ស​ជាង ​វ៉ៃ​លឿន​ជាង​ខ្ញុំ ​ហើយ​គាត់​មិន​ព្រម​វ៉ៃ​ត​ទល់​ទេ ​គឺ​គេច ​និង​ចេញ​ចូល​លំបាក​វ៉ៃ​ណាស់។ ​ការ​ចាញ់​នេះ ​គ្មាន​អ្វី​ត្រូវ​និយាយ​នោះ​ទេ ​គឺ​គេ​ឈ្នះ​ពិន្ទុ​បាន​ឡើង​ទៅ​វគ្គ​ចុង​ក្រោយ​»។

ចំណែក​នាយក​គ្រប់គ្រង​កម្មវិធី​ប្រចាំ​សង្វៀន​ថោន ​គឺ​លោក គឹម ​ស្រ៊ុនកុសល​ បាន​ប្រាប់​ថា​៖ «​ការ​ប្រកួត​ម៉ារ៉ាតុង​ដណ្តើម​​ប្រាក់​លាន​នេះ ​យើង​ច្របាច់​បញ្ជូល​គ្នា​រវាង​ច្បាប់​ប្រកួត​គុន​ខ្មែរ​ និង​ច្បាប់ ​Mas ​Fight ​ហើយ​កម្មវិធី​នេះ ​គឺ​ពេញ​និយម​ ព្រម​ទាំង​ទទួល​បាន​ការ ​គាំទ្រ​ពី​ស្ពនស័រ​ពេញ​ទំហឹង​ពិសេស​ក្រុមហ៊ុន​ Cambodia Beer និង​ជីប ​ម៉ុង»​៕​