ភ្នំពេញៈ អ្នក​ប្រដាល់​ឆ្នើម វ៉ាន់ វឿន បាន​ប្រើ​រយៈពេល​តែ​ ១ ​ទឹក​ក្នុង​ការបង្ខំ​ឲ្យ​កីឡាករ​ថៃ Banda Sak បោះបង់​ការប្រកួត​នៅក្នុង​ទឹក​ទី​ ១ ដើម្បី​សម្រេច​បំណង​នៃ​ការ​ផ្តួល​គូប្រកួត​បាន​លឿន​ក្នុង​ការប្រកួត​ជម្រុះ​ជុំ​ចុងក្រោយ ដណ្តើម​ខ្សែក្រវាត់​ខារ៉ាបាវ​ទម្ងន់​ ៦០ គីឡូក្រាម​នៅ​លើ​សង្វៀន SEATV កាលពី​ថ្ងៃ​សៅរ៍​។

ចំណែក សេន កុសល បាន​សន្លប់​ក្នុង​ទឹក​ទី​ ៣ ក្រោម​ការសង្ស័យ​ធ្វើ​ពុត​ចាញ់ ដែល​អាច​ជា​រឿង​ឃុបឃិត​គ្នា​ណា​មួយ​ក្នុង​ទីផ្សារ​ងងឹត​ភ្នាល់​ប្រដាល់​របស់​ឈ្មួញ ប៉ុន្តែ​បញ្ហា​នេះ​មន្ត្រី​បច្ចេកទេស​របស់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ នាំ​គ្នា​ស្ងាត់​មាត់​ឈឹង​ទំនង​ហាក់​ដូចជា​ចង់​សុំ​រួច​ខ្លួន​ប៉ុណ្ណោះ​នៅ​ពេល​មាន​រឿង​មិន​ប្រក្រតី​កើតឡើង​ម្តងៗ​។

នៅ​ក្រោយ​ការ​ផ្តួល Banda Sak ក្នុង​ទឹក​ទី​ ១ វ៉ាន់ វឿន និយាយ​ថា​៖ «​ខ្ញុំ​ធ្វើ​បាន​សម្រេច​ដូច​បំណង​! ពី​ដំបូង​ខ្ញុំ​បាន​តាំង​ចិត្ត​វាយ​សម្រុក​ខ្លាំង ដើម្បី​ផ្តួល​កីឡាករ​ថៃ​ឲ្យ​ចុះចាញ់​ក្នុង​អំឡុង​ ៣ ​ទឹក ប៉ុន្តែ​ជាក់ស្តែង​ខ្ញុំ​ផ្តួល​ដោយ​ក្បាច់​កណ្តាប់ដៃ វ៉ៃ​ចូល​មុខ​ពេញ​ទំហឹង​ហើយ​គេ​វង្វេងវង្វាន់​អាជ្ញាកណ្តាល​រាប់​ ១០ ​ទៅ​ហើយ មិន​អាច​តដៃ​ជាមួយ​ខ្ញុំ​បាន​»​។

វ៉ាន់ វឿន បាន​បន្ត​ថា​៖ «​ទោះបី​ជា​ខ្ញុំ​បាន​ឈ្នះ​ដោយ​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ទាំង​ ៤ ​លើក​មាន​ ១២ ​ពិន្ទុ ប៉ុន្តែ​មិន​ទាន់​ច្បាស់​ថា ខ្ញុំ​បាន​ឡើង​ទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ឬ​យ៉ាងណា​នោះ​ទេ​? គឺ​នៅ​រង់​ចាំមើល​លទ្ធផល​ការប្រកួត​រវាង លាភ រដ្ឋា ជាមួយ​ថៃ Yourt Vady នៅ​ថ្ងៃទី​ ៩ ខែ​មីនា ឆ្នាំ​ ២០១៩ ​សិន ព្រោះ​គេ​បាន​ផ្តួល​កីឡាករ​ថៃ​ឲ្យ​សន្លប់​បាន​ ៣ ​លើក​ហើយ អ៊ីចឹង​បើ​គេ​អាច​ផ្តួល Yourt Vady ឲ្យ​សន្លប់​ទៀត​គឺ​គេ​អាច​មាន​ប្រៀប​លើ​ខ្ញុំ​»​។

ចំណែក​អ្នកស្រី សុខា ដែល​គ្រប់គ្រង​កីឡាករ វ៉ាន់ វឿន និយាយ​ថា​៖ «​ខ្ញុំ​មាន​ការព្រួយបារម្ភ​ចំពោះ វ៉ាន់ វឿន ព្រោះ​គេ​មិន​ប្រាកដ​ថា​បាន​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នោះ​ទេ ព្រោះ​ច្បាប់​ប្រកួត​មិន​ដឹង​ថា​គេ​គិត​យ៉ាង​ដូចម្តេច​ទេ​? តាម​ខ្ញុំ​កត់ត្រា​ដឹងថា វ៉ាន់ វឿន ក្នុង​ ៤ ​ប្រកួត​កន្លង​មក​ឈ្នះ​ថៃ​ក្នុង​ទឹក​ទី​ ៣ ចំនួន​ ២ ​លើក ឈ្នះ​ក្នុង​ទឹក​ទី​ ១ ​ចំនួន​ ២ ​លើក មាន​ ១២ ​ពិន្ទុ​ប៉ុន្តែ​បើ​វា​មិន​បាន​ឡើង​ទៀត មិន​ដឹង​ថា​គណៈកម្មការ​គេ​គិត​យ៉ាង​ណា​ទេ ហើយ​ខ្ញុំ​នឹង​រក​អ្នកជំនាញ​ផ្នែក​កីឡា​ដើម្បី​ជួយ​ក្នុង​រឿង​នេះ​ខ្លាច​មាន​គេ​បន្លំ​យើង​»​។

ទោះបី​ជា​យ៉ាងណា​អ្នកស្រី​បាន​បន្ថែម​ថា​៖ «​ខ្ញុំ​នៅ​តែ​មាន​ជំនឿ​ថា វ៉ាន់ វឿន បាន​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ព្រោះ​ដៃគូ​ប្រជែង​របស់​គេ លាភ រដ្ឋា ដែល​ ៣ ​ប្រកួត​កន្លង​មក​ឈ្នះ​ថៃ​ទឹក​ទី​ ៤ ​មួយ​លើក ឈ្នះ​ទឹក​ទី​ ១ ​ពីរ​លើក​នោះ មិន​ទាន់​ប្រាកដ​ថា​អាច​ផ្តួល​ថៃ Yourt Vady បាន​លឿន ដើម្បី​យក​ប្រៀប​លើ វ៉ាន់ វឿន នោះ​ទេ​»​។

ផ្ទុយ​ពី​នេះ​កីឡាករ សេន កុសល ដែល​ឡើង​ប្រកួត​បង្គ្រប់កិច្ច​ជាមួយ​កីឡាករ​ថៃ Reung Sayam ដោយ​មក​ប្រកួត​ជំនួស​បេក្ខភាព​ថៃ Deuk Deur គឺ​ការប្រកួត​របស់ សេន កុសល​ត្រូវ​បាន​គេ​មើលឃើញ​ថា​ជាប់​សង្ស័យ​ពី​ការប្រកួត​មិន​អស់​ពី​សមត្ថភាព​ដោយ​ធ្វើ​ពុត​ចាញ់​។

សម្រាប់​ប្រវត្តិ​ប្រកួត​របស់ សេន កុសល កន្លង​មក​ឲ្យ​តែ​ឭ​ស្នូរ​ជួង​សឹង​មិន​ទាន់​ទេ​គឺ​គេ​ចូល​វាយ​សម្រុក​អស់​ពី​សមត្ថភាព ប៉ុន្តែ​លើក​នេះ កុសល ហាក់បី​ដូចជា​ស្លូត​ណាស់ មិន​ចូល​វាយ​សម្រុក​ខ្លាំង​ទេ​។

ការប្រកួត​អូសបន្លាយ​ដល់​ដើម​ទឹក​ទី​ ៣ កីឡាករ​ថៃ​វ៉ៃ​ចេញ​ដោយ​កណ្តាប់ដៃ​ត្រូវ​ស្រាលៗ ហើយ​ទាត់​បន្ថែម​ខុស​ផង​នោះ ប៉ុន្តែ សេន កុសល ដួល​ងើប​លែង​រួច​ទោះបី​ជា​អាជ្ញាកណ្តាល​ ម៉ាក់ សាមឿន រាប់​ដល់​​ ១០ ​ក៏ដោយ​។ ការបរាជ័យ​បែប​នេះ​ធ្វើឲ្យ​អ្នក​ទស្សនា​ផ្ទាល់​នៅ​ជិត​សង្វៀន​នាំ​គ្នា​សើច ហើយ​មាន​អ្នក​ខ្លះ​លាន់មាត់​ថា ទាត់​ត្រូវ​ខ្យល់​សោះ​សន្លប់​ងើប​លែង​រួច​។

កីឡាករ សេន កុសល មិន​អាច​សុំ​សម្ភាស​បាន​ទេ ព្រោះ​ក្រោយ​ការប្រកួត​ចប់ គេ​បាន​គេច​ចេញពី​សង្វៀន​យ៉ាង​លឿន ប៉ុន្តែ​ប្រភព​ស្និទ្ធ​ជា​កីឡាករ​ដូចគ្នា​បាន​ខ្សឹប​ថា​៖ «​សេន កុសល មក​ហាត់​នៅ​ភ្នំពេញ​មួយ​រយៈ​នេះ​បាន​ដើរលេង​ជាមួយ​ក្រុម​ពួក​ខូច​អាច​មាន​គំនិត​មិន​ល្អ គឺ​ប្រកួត​បែប​នេះ​»​។

ដោយឡែក​ការប្រកួត​មិត្តភាព​អន្តរជាតិ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​ម្សិលមិញ​អ្នក​ប្រដាល់​ ពុទ្ធ ឆាយរិទ្ធី មកពី​ក្លិប​ពុទ្ធ​សេរីវង្ស បាន​ចំណាយពេល​ចំនួន​ត្រឹម​ ៣ ​ទឹក​ក្នុង​ការផ្តួល​កីឡាករ​ថៃ Mee Chhouk ដោយ​ក្បាច់​ជង្គង់​ហោះ​ចូល​គោលដៅ​បណ្តាល​ឲ្យ​អាជ្ញាកណ្តាល​រាប់​ចំនួន​ ៣ ​លើក និង​បាន​បន្ថែម​ដោយ​ក្បាច់​ទាត់​ធ្វើឲ្យ Mee Chhouk ដួល​ងើប​លែង​រួច​តែ​ម្តង​៕