ភ្នំពេញ៖ ម្ចាស់មេដាយសំរឹទ្ធនៅស៊ីហ្គេម វ៉ាន់ វឿន ពិតជាធ្វើបានយ៉ាងល្អក្នុងការទម្លាក់ថៃ Payak Insee ដើម្បីទទួលបានឱកាសឡើងទៅប្រកួតដណ្តើមខ្សែក្រវាត់ប្រាក់នៅលើង្វៀន PNN ដូចការរំពឹងទុក ចំណែក ផល សោភ័ណ្ឌ ក៏បានបង្កើតកំណត់ត្រាដ៏ល្អសម្រាប់ការបង្ហាញខ្លួនជាលើកដំបូង នៅលើសង្វៀននេះផងដែរ។
ការមិនស្គាល់ពីបច្ចេកទេសប្រកួត Payak Insee វាបានធ្វើឲ្យ វ៉ាន់ វឿន មានភាពស្ទាក់ស្ទើរផងដែរ ក្នុងការស្វែងរកជ័យជម្នះ ប៉ុន្តែសម្រាប់ការប្រកួតជាក់ស្តែងនៅសង្វៀន PNN កាលពីថ្ងៃអាទិត្យកន្លងមកនេះ វ៉ាន់ វឿន ធ្វើបានល្អ លើសពីអ្វីដែលគេរំពឹងទុកទៅទៀត ខណៈរូបគេបានប្រើពេលមិនដល់ ៤ នាទី ក្នុងការផ្តួលឲ្យ Payak Insee សន្លប់ក្រោកលែងរួចនោះ។
ការម៉ាត់ចូលពេញៗចំនួន ៣ ដៃ ព្រមទាំងការគំរាមបន្ថែមដោយការវាយកែងលឿនៗ បានធ្វើឲ្យ វ៉ាន់ វឿន មានប្រៀបទៅលើ Payak Insee តាំងពីទឹកទី ១។ យ៉ាងណាក៏ដោយ កីឡាករជើងចាស់របស់ថៃ ដែលពោរពេញទៅដោយបទពិសោធ Payak Insee បានធ្វើការវាយបកយ៉ាងរន្ថើន នៅក្នុងទឹកទី ២ ប៉ុន្តែការស្ទុះស្ទារចូលម៉ាត់ និងវាយកែងរបស់គេត្រូវបាន វ៉ាន់ វឿន មើលដឹងរួចបានបុកជង្គង់ស្កាត់មុន ចូលពោះចំនួន ២ ជង្គង់ បណ្តាលឲ្យ Payak Insee ដួលក្រោកលែងរួចនៅពាក់កណ្តាលទឹកទី ២ នេះតែម្តង។
សិស្សគណក្លិបឃ្លាំងមឿងកីឡា វ៉ាន់ វឿន បានបង្ហាញការរំភើបយ៉ាងខ្លាំង ចំពោះការផ្តួលឲ្យ Payak Insee សន្លប់ត្រឹមទឹកទី ២ នេះ ព្រោះវាជាជ័យជម្នះ ដែលបានជួយឲ្យរូបគេ ឡើងទៅកាន់ការប្រកួតវគ្គ ៨ នាក់ចុងក្រោយ ដើម្បីដណ្តើមយកខ្សែក្រវាត់ប្រាក់ ទៅតាមក្តីស្រមៃរបស់ខ្លួន។
យ៉ាងណាក៏ដោយ កីឡាករធ្លាប់ឈ្នះមេដាយសំរឹទ្ធនៅស៊ីហ្គេមចំនួន ២ លើក វ៉ាន់ វឿន បានគិតទុករួចទៅហើយថា រូបគេនឹងត្រូវប្រឈមការលំបាកកាន់តែខ្លាំង សម្រាប់ការប្រកួតនៅវគ្គបន្ត។ វ៉ាន់ វឿន បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «សម្រាប់ការប្រកួតនៅវគ្គបន្ទាប់ វាកាន់តែមានការលំបាក ព្រោះគេក៏ខំប្រឹងដូចយើងដែរ។ អ៊ីចឹងនៅក្នុងវគ្គ ៨ នាក់ចុងក្រោយ ទោះបីជាខ្ញុំត្រូវជួបកីឡាករខ្មែរគ្នាឯង ឬក៏កីឡាករថៃ គឺវាមានការប្រកួតលំបាកសម្រាប់ខ្ញុំទាំងអស់»។
គិតមកដល់ពេលនេះ PNN បានរកឃើញបេក្ខភាពចំនួន ៤ នាក់ហើយ សម្រាប់ឡើងទៅប្រកួតវគ្គ ៨ នាក់ចុងក្រោយ ចំណែកកីឡាករកម្ពុជា ៤ នាក់ និងថៃ ៤ នាក់ទៀតនឹងធ្វើការប្រកួតជម្រុះចាញ់ធ្លាក់ៗជាបន្តបន្ទាប់ រហូតរកឃើញអ្នកឈ្នះឲ្យគ្រប់ ៨ នាក់ ដើម្បីប្រកួតយកខ្សែក្រវាត់ប្រាក់ ហើយអ្នកឈ្នះខ្សែក្រវាត់ប្រាក់ទាំង ៤ នាក់ នឹងត្រូវឡើងទៅប្រកួតដណ្តើមយកខ្សែក្រវាត់មាសអមជាមួយប្រាក់រង្វាន់ ១ ម៉ឺនដុល្លារ។
ដោយឡែកអ្នកប្រដាល់មានប្រភពចេញពីប្រដាល់សកល ផល សោភ័ណ្ឌ បានប្រើទម្ងន់ជើងដ៏ធ្ងន់របស់ខ្លួនទាត់ឲ្យកីឡាករថៃ Phit Udorn ខូចជើងឆ្វេងនៅក្នុងដើមទឹកទី ២ បន្ទាប់ពីលោកអាជ្ញាកណ្តាលរាប់ចំនួន ៣ លើក គឺទឹកទី ១ ម្តង និងដើមទឹកទី ២ ចំនួន ២ លើក ទៅលើថៃម្នាក់នេះ។
ជាមួយការផ្តួលឲ្យកីឡាករថៃសន្លប់នៅដើមទឹកទី ២ នេះ វាបានក្លាយជាកំណត់ត្រាដ៏ល្អបំផុតរបស់ ផល សោភ័ណ្ឌ ចំពោះការបង្ហាញខ្លួនជាលើកដំបូងនៅលើសង្វៀន PNN ហើយជាមួយគ្នានេះ សោភ័ណ្ឌ ក៏ទទួលបានប្រាក់រង្វាន់ ១០០ ដុល្លារបន្ថែម លើប្រាក់តម្លៃខ្លួនសម្រាប់ការទាត់ Phit Udorn ឲ្យខូចជើង និងបញ្ឈប់នៅដើមទឹកទី ២ នេះផងដែរ៕