ភ្នំពេញ៖ អ្នក​ប្រ​ដាល់ ​វ៉ាន់ ​វឿន​ ​របស់​​ក្លិប​ឃ្លាំង​មឿង​កីឡា​ ​​ត្រូវ​វិល​មក​ជួប​​ថៃ ​Yorth Vandy ​ដើម្បី​ប្រជែង​គ្នា​យក ​​៣ ​ពិន្ទុ​បន្ថែម ​ក្នុង​ជុំប​ទី ២ ​​ ចំណែក​ ​សេន ​កុសល​ ដែល​ទើប​​ធ្លាក់​ពី​វគ្គ​ជម្រុះ​ដណ្តើម​ពាន​នៅ​សង្វៀន​ប៉ុស្តិ៍​លេខ ​៥ ​នោះ ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រកួត​ដណ្តើម​​ខ្សែ​ក្រ​វាត់​ខារ៉ាបាវ ​នៅ​​សង្វៀន SEATV នេះដែរ ​ជំនួស​កៅ​អី​ ​ម៉ន ​សាម៉េត ​ដែល​បោះ​បង់ ​ដោយ​ទទួល​បាន​ ៣​ ពិន្ទុ​ជា​ស្រេច​។​

សម្រាប់​ការ​ប្រកួតជម្រុះ​​ជុំ​ទី ​២ ​នា​ល្ងាច​ថ្ងៃ​សៅរ៍​​នេះ សេក កុសល ដែល​មាន ​៣ ពិន្ទុ​ជាមួយការ​បន្សល់​ទុក​ពី ម៉ន សាម៉េត នោះ នឹង​ត្រូវ​ប្រកួត​ជាមួយ​ថៃ Diek Ken ដែល​បាន​សន្លប់​ក្រោម​ជង្គង់​របស់ វ៉ាន់ វឿន កាល​​ប្រកួត​ជុំ​ទី ​១ ហើយ​សមត្ថភាព​របស់​ សេន​ កុសល ​មិន​ខុស​ពី ​វ៉ាន់ ​វឿន ​ទេ​ គឺ​គ្រប់​ការ​ប្រ​កួត​ វាយ​អស់​ពី​សមត្ថភាព​​។

សេន ​កុសល ​ជា​កីឡាករ​ជើង​ខ្លាំង​ម្នាក់​មក​ពី​ខេត្ត​បាត់​ដំបង ​ធ្លាប់​ឈ្នះ​បាន​មេដាយ​មាស​ប្រដាល់​គុន​ខ្មែរ​កីឡាជាតិ​ លើក​ទី ២​ ឆ្នាំ​ ២០១៨ ​ហើយ​ជា​បន្ត​បន្ទាប់មក​ទៀត រូប​​គេ​បាន​​ប្រ​កួត​ឈ្នះ​កីឡាករ​មក​ពី​បរទេស​ញឹក​ញាប់ ​ប៉ុន្តែ​កាល​២ ពីរ​សប្តាហ៍​មុន​ រូប​គេ​បាន​ចាញ់​ក្រោម​កណ្តាប់​ដៃ​ ​យុគ យក្ស​ផ្លែ​ នៅ​សង្វៀន​ប៉ុស្តិ៍​លេខ​ ៥ ក្នុង​វគ្គ​ជម្រុះ​ ៨​ នាក់​ចុង​ក្រោយ ទើប​គណៈកម្មការ​ដាក់​ឲ្យ​រូប​គេ​មក​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ខារ៉ាវបាវ​នេះ ដើម្បី​ប្រជែង​ខ្សែ​ក្រវាត់ អម​ដោយទឹក​ប្រាក់​ចំនួន​ ​៥ ០០០ ដុល្លារ​។​

កីឡាករ ​សេន ​កុសល​ បាន​និយាយ​ថា​៖ «​សព្វ​ថ្ងៃ​ខ្ញុំ​កំពុង​ហ្វឹក​ហាត់​បណ្តោះ​អាសន្ន​នៅ​ជាមួយ​ក្លិប​លោក ​មាស ​សុខ​គ្រី ​នៅ​ភ្នំពេញ​ ​ព្រោះ​កុំ​ឲ្យ​លំបាក​ទៅ​មក​ខេត្ត​បាត់​ដំបង ​ឆ្ងាយ​អស់​លុយ​ច្រើន​ផង​ និងមិន​សូវ​មាន​ដៃ​គូ​ហាត់​ផង​ ហើយ​​ការ​ប្រ​កួត​នេះ ​ខ្ញុំ​មាន​សង្ឃឹម​ឈ្នះ​កីឡាករ​ថៃ​ ៧០ ​ភាគ​រយ​ គឺ​ខ្ញុំ​នឹង​​ប្រឹង​​ប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​ ដើម្បី​ប្រជែង​យក​លេខ ​១ ​ក្នុង​ពូល​កម្ពុជា»។

អ្នក​ប្រដាល់ សេន កុសល មាន​​ការជឿ​ជាក់​ក្នុងការ​យក​ឈ្នះ​កីឡាករ​ថៃ Deuk Ken សម្រាប់​ការ​ប្រកួត​ជម្រុះ​សន្សំ​ពិន្ទុ​ខ្សែ​ក្រវាត់​ខារ៉ាបាវ នៅ​សង្វៀន SEATV។រូប សហការី

ដោយ​ឡែក វ៉ាន់​ វឿន ​និងថៃ​ Yorth Vandy ​​​​មាន​ប្រ​វត្តិ​ប្រ​កួត​ប្រ​ហាក់​ប្រហែល​គ្នា ​ប៉ុន្តែ​ទឹក​ចិត្ត​ក្លា​ហាន​របស់ ​វ៉ាន់ ​វឿន ​ត្រូវ​បាន​អ្នក​ទស្សនា​ មាន​ទំនុក​ចិត្ត​ថា ​មាន​ប្រៀប​ជាង​កីឡាករ​ថៃ​ Yorth Vandy​។​

ប្រភព​ពី​គណៈ​កម្មការ​ផ្គូ​ផ្គង​ បាន​ឲ្យ​ដឹង​ថា ​វ៉ាន់ ​វឿន​ ​ធ្លាប់​ប្រកួត​ ​៧០ ​ដង ឈ្នះ​ ៥៦​ ​ចាញ់​ ១២​ និង​ស្មើ​ ២​ ដង ហើយ​គេ​ជា​អ្នក​ប្រ​ដាល់​កូន​កំ​ព្រា​វ័យ​ក្មេង​ ធ្លាប់​ឈ្នះ​មេដាយ​សំរឹទ្ធ​ពី​ការ​ប្រកួត​​ស៊ី​ហ្គេម​ ឆ្នាំ ​២០១៧​។​ ចំណែក​ Yorth Vandy ​ធ្លាប់​ប្រ​កួត​បាន​ ៧១​ ដង ​ឈ្នះ ​៥៨ ​និង​ចាញ់​ ១៣ ដង ​​ហើយ​គេ​​ធ្លាប់​មក​ប្រ​កួត​នៅ​សង្វៀន SEATV ​​បាន ​២ ​ដង​ហើយ ដោយ​​ឈ្នះ​ម្តង​ចាញ់​ម្តង​ជា​មួយ​ ​ម៉ន ​សាម៉េត​។​

លោក​ស្រី​ ម៉េង ​សុខា​ អ្នក​គ្រប់​គ្រង​ក្លិប​ឃ្លាំង​មឿង​ខេត្ត​ពោធិ៍សាត់​ ជំនួស​លោក ​សុខ ​វិជ័យ​ ដែល​មាន​សុខ​ភាព​មិន​ល្អ​នោះ​ បាន​ប្រាប់​ថា​៖​ «វ៉ាន់ ​វឿន ​ខំ​ហ្វឹក​ហាត់​ និង​គោរព​វិន័យ​បាន​ល្អ​ណាស់​ ហេតុ​នេះ​ការ​ប្រ​កួត​ជុំ​ទី ​២ ​នេះ​ ខ្ញុំ​មាន​ទំនុក​ចិត្ត ​ដោយ​ស​ង្ឃឹម​ថា​ វ៉ាន់ ​វឿន នឹង​​ឈ្នះ​ ៩០ ​ភាគ​រយ ​​ព្រោះ​គេ​​ប្រ​កួត​ឆ្លាត​ ​ស្នៀត​កែង​ និង​ជង្គង់ ​វ៉ៃ​បាន​ល្អ ​ទោះ​ជា​កម្លាំង​កាយ ​មិន​សូវ​ខ្លាំង​ដូច​កីឡាករ​ដទៃ​ក៏ដោយ​»។

លោក​ស្រី​បាន​ប​ន្ថែម​ថា៖ ​«​សម្រាប់​កីឡាករ​ វ៉ាន់ ​វឿន ​ទោះ​ជា​ចាញ់​ ឬ​ឈ្នះ​ក៏​ការ​ប្រ​កួត​របស់​គេ​ ទទួល​បាន​ការ​គាំ​ទ្រ​ខ្លាំង​ពី​មហា​ជនដែរ ​ដោយ​សារ​តែ​ការ​ប្រ​កួត​របស់​គេ​រៀង​រាល់​លើក ​គឺ​វាយ​អស់​ពី​សមត្ថភាព ​ហើយ​ដៃ​គូ​ប្រ​កួត​ភាគ​ច្រើន ​គេច​មិន​ផុត​ពី​ការ​ចាញ់​ដោយ​សន្លប់​នោះ​ឡើយ»​។​

ចំណែក​គ្រូ​បង្វឹក​កីឡាករ​ថៃ​ លោក​ ថាញ់​ វ៉ាឡែក​ បាន​និយាយ​ថា​៖ «​កម្រិត​គូ​ប្រ​កួត ​វ៉ាន់​វឿន ​និង ​សេន ​កុសល ​ពិត​ជា​មាន​ប្រៀប​ខ្លះៗ​លើ​កីឡាករ​ថៃ​មែន​ ប៉ុន្តែ​ចាំ​មើល​ការ​ប្រ​កួត​ជាក់​ស្តែង​សិន​ ​ព្រោះ​ការ​ប្រ​កួត​ជុំ​ទី ​១ ​កីឡាករ​ថៃ​ Yorth​ Vandy​ និង​ Deik Ken​ ចាញ់​ពិន្ទុ​កីឡាករ​កម្ពុជា​ទាំង ​២ ​នាក់ ​ទើប​តែ​មាន​ ១​ ពិន្ទុ​ប៉ុណ្ណោះ​»។

តាម​ការ​ព្យា​ករ​របស់​អ្នក​តាម​ដាន​ប្រ​ដាល់​ភាគ​ច្រើន​និយាយ​ថា​ ​សេន ​កុសល ​និង ​វ៉ាន់ វឿន​ ​មាន​ប្រៀប​ឈ្នះ​កីឡាករ​ថៃ​ក្នុង​ភាគ​រយ​ខ្ពស់​ជាង​ ហើយ​ហាង​ឆេង​ភ្នាល់​តាម​រោង​ការ​ហ្វេ​លេច​ដំណឹង​មក​ថា ​ឈ្មួញ​យក​កីឡាករ​ខ្មែរ​ទាំង​ ២​ នាក់ ​ដោយ​​ត​ឲ្យ​កីឡាករ​ថៃ ​១០ ​ស៊ី​តែ ​៤ ​ប៉ុណ្ណោះ៕​