ភ្នំពេញ៖ កីឡាករ​ជើង​ខ្លាំង វ៉ាន់ វឿន បាន​បង្ហាញ​នូវ​អារម្មណ៍​សោក​ស្តាយ​ទៅ​លើ​ការ​បាត់បង់​ឱកាស​ដ៏​ពិសេស នៅ​ក្នុង​អាជីព​ប្រដាល់​របស់​ខ្លួន គឺ​ការ​គ្មាន​វត្តមាន​នៅ​ក្នុង​បញ្ជី​ឈ្មោះ​ក្រុម​ជម្រើសជាតិ​ប្រដាល់​គុន​ខ្មែរ សម្រាប់​ការ​ត្រៀម​ប្រកួត​ស៊ីហ្គេម នៅ​ឆ្នាំ ២០២១ នេះ បើ​ទោះបី​ជា​រូប​គេ​ធ្លាប់​បាន​ឈ្នះ​មេដាយ​សំរឹទ្ធ​ទាំង ២ លើក សម្រាប់​ការ​ប្រកួត​ស៊ីហ្គេម​កាល​ឆ្នាំ ២០១៧ និង​ឆ្នាំ ២០១៩ ​ក៏​ដោយ។

អ្នក​ប្រដាល់ វ៉ាន់ វឿន ធ្លាប់​បាន​ជាប់​ជា​កីឡាករ​ជម្រើសជាតិ​ប្រដាល់​គុន​ខ្មែរ ចំនួន ៤ ឆ្នាំ​ជាប់ៗ​គ្នា ប៉ុន្តែ​សម្រាប់​ការ​ប្រមូល​ផ្តុំ​ក្រុម​ជម្រើស​ជាតិ​ត្រៀម​ការ​ប្រកួត​ស៊ីហ្គេម​នៅ​ប្រទេស​វៀតណាម ចុង​ឆ្នាំ ២០២១ នេះ វ៉ាន់ វឿន គ្មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​នោះ​ទេ ហើយ​រូប​គេ ក៏​គ្មាន​វត្តមាន​នៅ​ក្នុង​បញ្ជី​ឈ្មោះ​នៃ​ក្រុម​ជម្រើសជាតិ​កីឡា​ប្រដាល់​ឃិកបុកស៊ិង ដែល​ទើប​បាន​បង្កើត​ឡើង​នោះ​ដែរ។

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ វ៉ាន់ វឿន បាន​និយាយ​ថា៖ «ខ្ញុំ​សោកស្តាយ​ខ្លាំង​ណាស់ ប៉ុន្តែ​ការ​បាត់បង់​ឱកាស​នេះ មក​ពី​ខ្ញុំ​មិន​បាន​ចូលរួម​ការ​ប្រកួត​ជម្រើស​ជើងឯក​ថ្នាក់​ជាតិ ឆ្នាំ ២០២០ ដោយសារ​កាល​នោះ ខ្ញុំ​ឈឺ​ខ្លួន​ផង ទើប​តែ​ប្រកួត​នៅ​តាម​ប៉ុស្តិ៍​រួច​ហើយ​ថ្មីៗ ហើយ​ម្យ៉ាងទៀត​នៅ​ក្នុង​មួយ​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម​នេះ គេ​កំណត់​ឱ្យ​ដាក់​បាន​តែ​ម្នាក់​ក្នុង ១ ខេត្ត-រាជធានី ឬ ១ ស្ថាប័ន ហេតុ​នេះ​ខ្ញុំ​មិន​ដឹង​ថា ទៅ​ប្រកួត​ឱ្យ​ខាង​ណា បើ​ក្លិប​ឃ្លាំង​មឿង ខេត្តពោធិ៍សាត់​របស់​ខ្ញុំ​មិន​បាន​មក​ចូលរួម​ប្រកួត​ផង​នោះ»។

អ្នក​ប្រដាល់​ជា​កូន​កំព្រា ដែល​កំពុង​ទទួល​បាន​ជោគជ័យ​តាមរយៈ​ការ​ប្រកួត​នៅ​តាម​សង្វៀន​ឯកជន វ៉ាន់ វឿន បាន​បញ្ជាក់​ថា៖ «ការ​មិន​បាន​ជាប់​ជម្រើសជាតិ​នៅ​ឆ្នាំ​នេះ គឺ​ខ្ញុំ​សោកស្តាយ​ខ្លាំង​ណាស់ ព្រោះ​វា​ធ្វើ​ឱ្យ​ខ្ញុំ បាត់បង់​ឱកាស​ដ៏​ពិសេស គឺ​ការ​ប្រកួត​តំណាង​ឱ្យ​ប្រទេស​ជាតិ​នៅ​ស៊ីហ្គេម។ តែ​ទោះបីជា​យ៉ាងណា ខ្ញុំ​នៅ​តែ​ព្យាយាម​ប្រកួត​នៅ​តាម​សង្វៀន​នានា ដើម្បី​ពង្រឹង​សមត្ថភាព​ខ្លួន​ឯង​បន្ថែម​ទៀត គឺ​មិន​ទាន់​អស់​សង្ឃឹម​នោះ​ឡើយ»។

ដោយ​ឡែក នៅ​ថ្ងៃ​សៅរ៍​នេះ វ៉ាន់ វឿន ត្រូវ​បាន​ដាក់​ឱ្យ​ប្រកួត​ដណ្តើម​ប្រាក់​លាន ជាមួយ ខេម ចាន់ នៅ​លើ​សង្វៀន CNC ហើយ​នេះ​ក៏​ជា​ជំនួប​លើក​ទី៦ របស់​ពួក​គេ​ផង​ដែរ ខណៈ​ការ​ប្រកួត ៥ លើក​កន្លង​មក វ៉ាន់ វឿន បាន​ឈ្នះ ៤ និង​ចាញ់​តែ ១ ដង​ទេ ចំណែក​ការ​ជួប​​គ្នា​លើក​ចុង​ក្រោយ កាល​ពី​ថ្ងៃទី ៧ ខែ​មីនា នៅ​សង្វៀន​ថោន វ៉ាន់ វឿន បាន​ឈ្នះ​ដោយ​ពិន្ទុ។

ជុំវិញ​ជំនួប​លើក​នេះ វ៉ាន់ វឿន បាន​ប្រាប់​ថា៖ «ការ​ប្រកួត​ដណ្តើម​ប្រាក់​លាន​លើក​នេះ ក៏​ដូចជា​ការ​ប្រកួត​សងសឹក​ដែរ អ៊ីចឹង​ខ្ញុំ​មិន​អាច​ប្រហែស ឬ​បន្ធូរ​ដៃ​នោះ​ទេ ព្រោះ​ស្នៀត​ទាត់ និង​ក្បាច់​លេង​ជង្គង់​មុត​ស្រួច​ដូច​គ្នា។ យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​មាន​ទំនុក​ចិត្ត​ត្រឹម ៥០ ភាគរយ ព្រោះ​ការ​ឈ្នះ ខេម ចាន់ កន្លង​មក ពិត​ជា​តឹងតែង​ខ្លាំង​ណាស់ គឺ​មាន​តែ ១ លើក​ប៉ុណ្ណោះ ដែល​ខ្ញុំ​បាន​ផ្តួល​ឱ្យ​គាត់​សន្លប់​ក្នុង​ទឹក​ទី​១»។

ចំណែក ខេម ចាន់ នៅ​តែ​មិន​ញញើត វ៉ាន់ វឿន បើ​ទោះបី​ជា​ធ្លាប់​បាន​ភ្លាត់​ស្នៀត​ចាញ់​ដោយ​សន្លប់​ទឹក​ទី១ កាល​ពី​ថ្ងៃ​សៅរ៍ ទី ២៧ កុម្ភៈ ឆ្នាំ ២០២១ ក៏​ដោយ។

កីឡាករ ខេម ចាន់ និយាយ​ថា៖ «ខ្ញុំ​គិត​ថា ការ​ប្រកួត​លើក​នេះ វា​ធម្មតា! ទោះបី​ជា​ខ្ញុំ​ធ្លាប់​បាន​ចាញ់​គាត់​ច្រើន​ដង ប៉ុន្តែ​ខ្ញុំ​មិន​ញញើត​គាត់​នោះ​ទេ ព្រោះ​ស្នៀត​ចេញ​មាន​ផ្លែ​ប្តូរ​គ្នា​ទៅ​វិញ​ទៅ​មក គ្រាន់តែ​គាត់​គេច​លឿន​រហ័ស រីឯ​ក្បាច់​ជង្គង់ ខ្ញុំ​មិន​ញញើត​ទេ អាច​ប្តូរ​គ្នា​បាន។ ខ្ញុំ​ហាត់​បាន​ល្អ តែ​សង្ឃឹម​ឈ្នះ ៥០ ភាគ-រយ​ទេ ចំណែក​បញ្ហា​បច្ចេកទេស​វ៉ៃ ខ្ញុំ​សុំ​មិន​និយាយ​ទេ ព្រោះ​ជា​ល្បិច​រៀងៗ​ខ្លួន»៕