ភ្នំពេញ៖ ​ថ្នាក់​ដឹកនាំ​សហព័ន្ធ​កីឡា​វ៉ូវីណាម​កម្ពុជា​ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ខ្លាំង​ទៅ​លើ​កម្រិត​បច្ចេកទេស​របស់​អត្តពលិក​ជម្រើស​ជាតិ​ ដែល​នឹង​​មាន​ការ​ធ្លាក់​ចុះ ហើយ​អាច​ប៉ះពាល់​ដល់​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​​ប្រកួត​អន្តរជាតិ​នានា​ ក្នុង​ឆ្នាំ ​២០២១ បន្ទាប់​ពី​ពួក​គេ ត្រូវ​បាន​រំសាយ​ពី​ការ​ប្រមូល​ផ្តុំ​ដោយសារ​បញ្ហា​ជំងឺ​ឆ្លង​កូវីដ ​១៩ ​កក្រើក​ឡើង​វិញ ​ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ និង​​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា​នោះ។

លោក ​អ៊ូ ​រតនា អគ្គ​លេខាធិការ​សហព័ន្ធ​កីឡា​វ៉ូវីណាម​កម្ពុជា​បាន​​ប្រាប់​ ​ភ្នំពេញ ​ប៉ុស្តិ៍​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​៖ ​«នៅ​ឆ្នាំ ​២០២១ ​យើង​មាន​ការ​ប្រកួត​ធំៗ​ចំនួន ​៣ មាន​ប្រកួត​​ជើង​ឯក​អាស៊ាន​, ​ជើងឯក​ពិភព​លោក​ និង​ប្រកួត​​ស៊ីហ្គេម​លើក​ទី​៣១​ នៅ​វៀតណាម​ គឺ​ជា​ព្រឹត្តិការណ៍​ដែល​សហព័ន្ធ​បាន​ត្រៀម​ និង​រំពឹង​ខ្ពស់​ក្នុង​ការ​ដណ្តើម​យក​​ជយលាភី​ឱ្យ​បាន​ល្អ ​​ប៉ុន្តែ​ការ​ប្រមូល​ផ្តុំ​ហ្វឹកហាត់​ទើប​បាន​រយៈពេល​ខ្លី​ ឥឡូវ​ត្រូវ​បំបែក​គ្នា​វិញ ដោយសារ​បញ្ហា​ទប់​ស្កាត់​ជំងឺ​​កូវីដ ​១៩​ បាន​​កម្រើក​ឡើង​ជា​ថ្មី​នោះ ​គឺ​ជា​ក្តី​បារម្ភ​ជា​ថ្មី​ចំពោះ​លទ្ធផល​ខាង​មុខ​​។

លោក​បាន​បន្ត​ថា​៖ «​នេះ​ជា​ក្តី​កង្វល់​​មួយ ​ចំពោះ​សមត្ថភាព ​ឬ​កម្រិត​បច្ចេកទេស​របស់​អត្តពលិក ដែល​​ប្រាកដ​ជា​ធ្លាក់​ចុះ ​ជា​មិន​ខាន​។ ​ទោះ​ជា​យ៉ាង​ណា​ថ្នាក់​ដឹកនាំ​សហព័ន្ធ​កីឡា​វ៉ូវីណាម​ បាន​ដាក់​ផែនការ​សម្រាប់​ក្រុម​ជម្រើស​ជាតិ​ឱ្យ​រក្សា​នូវ​ការ​ហ្វឹកហាត់​តាម​ផ្ទះ​ផ្ទាល់​ខ្លួន​ក្នុង ​១ ​ថ្ងៃ ​ឱ្យ​បាន​យ៉ាង​តិច​ចំនួន ​២ ​ម៉ោង​ដែរ​»។​

អគ្គលេខាធិការ​រូប​នេះ ក៏​បាន​រំឭក​ពី​ការ​បាត់បង់​ឱកាស​ប្រកួត​របស់​ក្រុម​វីវ៉ូណាម​កម្ពុជា ដោយសារ​​ជំងឺ​កូវីដ ​១៩ កន្លង​មក​ផង​ដែរ។ លោក​​និយាយ​ថា​៖​ «​ដោយសារ​កូវីដ ​១៩​ បាន​ធ្វើ​ឱ្យ​ការ​ប្រកួត​ជើងឯក​អាស៊ី​អាគ្នេយ៍ ​​ដែល​គ្រោង​ធ្វើ​នៅ​​ប្រទេស​មីយ៉ាន់ម៉ា​ ក្នុង​អំឡុង​ខែ​កញ្ញា ​ឆ្នាំ ​២០២០ ​ត្រូវ​បាន​​ខក​ខាន​ ដែល​ធ្វើ​ឱ្យ​ក្រុម​អត្តពលិក​​​​យើង​បាត់បង់​កម្រិត​បច្ចេកទេស​មួយ​ចំនួន​ផង​ដែរ​ ​ព្រោះ​កីឡា​មាន​ការ​ប្រកួត​ញឹក​ សមត្ថភាព​កាន់​តែ​ល្អ​​»​។​

ចំណែក​​លោក​ ស៊ុម​ សារឿន​ ប្រធាន​សហព័ន្ធកីឡា​​វ៉ូវីណាម​ មាន​ប្រ​សាន៍​ថា​៖ «សម្រាប់​ការ​ប្រកួត​​ស៊ីហ្គេម​លើក​ទី​៣១​ ឆ្នាំ ​២០២១​ នៅ​វៀតណាម ​គឺ​ក្រុម​វ៉ូវីណាម​កម្ពុជា​ បាន​ស្ថិត​នៅ​ក្នុង​ក្តី​កង្វល់​ចំពោះ​ការ​ដណ្តើម​​ជយលាភី​ឱ្យ​បាន​ល្អ​ ​ព្រោះ​បញ្ហា​កូវីដ ​១៩​ ជា​ឧបសគ្គ​ធំ ​ដែល​យើង​លំបាក​ប៉ាន់​ស្មាន​ពី​លទ្ធផល​ណាស់»​។

លោក​បាន​បន្ត​ថា​៖ «​នៅ​ក្នុង​វិញ្ញាសា​ទាំង ​៣៣ ដែល​​ដាក់​ឱ្យ​ប្រកួត​នៅ​វៀតណាម ​​គឺ​យើង​អាច​ត្រៀម​ហ្វឹកហាត់​ដាក់​ទាំង​អស់​បាន​ បើ​សិន​ជា​ខាង​ម្ចាស់​ផ្ទះ​វៀតណាម​ អនុញ្ញាត​ឱ្យ​យើង​មាន​លទ្ធភាព​ដាក់​បាន​គ្រប់​វិញ្ញាសា​ទាំង​អស់​នោះ​ ពីព្រោះ​​ធនធាន​អត្តពលិក​ជម្រើស​​ជាតិ​របស់​យើង​សព្វ​ថ្ងៃ​មាន​គ្រប់គ្រាន់​ ក្នុង​នោះ​យើង​​​ក្រុម​​ធំ​ជម្រើស​ជាតិ​​ចំនួន ​១៧ ​នាក់ ​និង​​ក្រុម​ថ្នាល​ ១២ ​នាក់​។​ ទោះ​ជា​យ៉ាង​ណា​​ បញ្ហា​ដែល​យើង​បារម្ភ​ខ្លាំង ​គឺ​វិញ្ញាសា​ប្រកួត​ជា​ក្រុម​ ​ព្រោះ​យើង​ហ្វឹកហាត់​ត្រៀម​ក្នុង​ពេល​កូវីដ ១៩ នេះជា​លក្ខណៈ​ឯក​ជន​រៀងៗ​ខ្លួន​»​។​

គួរ​រំឭក​ថា​ ​កីឡា​វ៉ូវីណា​មាន​សក្តានុពល​ល្អ​ក្នុង​ការ​ដណ្តើម​បាន​ជយលាភី​នៅ​លើ​ឆាក​អន្តរជាតិ​ជា​បន្ត​បន្ទាប់​ ហើយ​ប្រភេទ​​កីឡា​នេះ ​បាន​ចូល​ក្នុង​ប្រទេស​កម្ពុជា ​លើក​ដំបូង​តាំង​ពី​ឆ្នាំ ​២០០៨​ ដោយ​មាន​​លោក​ រ័ត្ន​ សុខន​ ជា​ស្ថាបនិក ​និង​ធ្លាប់​ឈ្នះ​មេដាយ​មាស ប្រាក់ និង​សំរឹទ្ធ ​ជា​បន្ត​បន្ទាប់​ទាំង​ការ​ប្រកួត​កម្រិត​អាស៊ាន អាស៊ី ពិភព​លោក និង​ប្រកួត​ស៊ីហ្គេម។ យ៉ាង​ណា​ក៏​ដោយ​ការ​ដណ្តើម​បាន​មេដាយ​មាស ប្រាក់ និង​សំរឹទ្ធ ជា​ច្រើន ដើម្បី​ឈរ​នៅ​លេខ ​២ បន្ទាប់​ពី​វៀតណាម​ក្នុង​ការ​ប្រកួត​ជើង​ឯក​ពិភព​លោក​ឆ្នាំ ​២០១៩ នៅ​កម្ពុជា​នោះ គឺ​ក្រុម​អត្ត​ពលិក​កម្ពុជា នៅ​មិន​ទាន់​បាន​ទទួល​ប្រាក់​រង្វាន់​ពី​រាជរដ្ឋាភិបាល​នៅ​ឡើយ​ទេ៕