ភ្នំពេញ៖ សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម ទើបតែ​បាន​បិទ​វគ្គ​បណ្តុះបណ្តាល​ចៅក្រម អាជ្ញាកណ្ដាល​កម្រិត ក នៅ​ទីលាន​ហ្វឹកហាត់​របស់​សហព័ន្ធ ក្នុង​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា កាលពី​ល្ងាច​ថ្ងៃ​អង្គារ ខណៈ​វគ្គដែល​ទទួលបាន​ការគាំទ្រ​ថវិកាពី​ក្រសួង​អប់រំ យុវជន និង​កីឡា​នេះ ជា​គម្រោង​ឆ្នាំ ២០២០ ប៉ុន្តែ​បានអូសបន្លាយ និង​ពន្យារពេល រហូតមកដល់​ឆ្នាំ ២០២១ នេះ ដោយសារ​វិបត្តិ​ជំងឺ​វីដ ១៩។

ជាមួយគ្នានេះ សិក្ខាកាម​ជា​ចៅក្រម អាជ្ញាកណ្តាល ដែល​ទើបបាន​បញ្ចប់ នៅក្នុង​វគ្គប​ណ្តុះបណ្តាល​នេះ​ត្រូវបាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា ដាក់ឱ្យ​បំពេញការងារ​ផ្ទាល់​នៅក្នុង​ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ ២០២០ ដែល​ទើបបាន​រៀបចំជាថ្មីកាលពី​ថ្ងៃ​ពុធ ម្សិលមិញ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា នឹង​គ្រោង​បញ្ចប់​ថ្ងៃទី ២៩ ខែ មករា ឆ្នាំ២០២១។

លោក អ៊ូ រតនា ជា​អគ្គលេខាធិ​ការ​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជាបាន​ប្រាប់ថា៖ «វគ្គ​បណ្តុះបណ្តាល​នេះ មាន​សិក្ខាកាម​ចូលរួម​ចំនួន ២៨ នាក់ (ស្រី ៥ នាក់) មកពី​ខេត្តស្វាយរៀង ខេត្តកណ្តាល ខេត្តកំពង់ចាម ប៉ៃលិន ព្រៃវែង កំពង់ធំ កំពត ត្បូងឃ្មុំ ខេត្តសៀមរាប និង​ក្លិប​នៅក្នុង​រា​ធានី​ភ្នំពេញ មាន​ចំនួន ៦ បន្ថែមទៀត ព្រមទាំង​ក្រសួង ២ គឺ​ក្រសួងការពារជាតិ និង​ក្រសួងមហាផ្ទៃ ហើយ​តាមរយៈ​ការសិក្សា​រួចមក សិក្ខាកាម​មានការ​សិក្សា​ដោយ​យកចិត្តទុកដាក់​រៀនសូត្រ ទទួលបាន​លទ្ធផល​គួរឱ្យកត់សម្គាល់»។

វគ្គ​បណ្តុះបណ្តាល​ចៅក្រម អាជ្ញាកណ្តាល​កីឡា​វ៉ូ​វី​ណា​មលើក​នេះ ផ្តោតជាសំខាន់​ទៅលើ​ច្បាប់​នៃ​ការប្រកួត បែបបទ​ការដាក់ពិន័យ និង​ការព្រមាន​ពី​បច្ចេកទេស​នៃ​ការដាក់​ពិន្ទុ​ឱ្យ​កីឡាករ​កីឡាការិនី ការអនុវត្ត​ជាក់ស្តែង​លើ​ទីលាន រួមជាមួយ​បទ​ប្បញ្ញត្តិ​ទូទៅ​នៃ​កីឡា​ជា​ធរមាន។

លោក កៅ មករា ជា​គ្រូឧទ្ទេស បាន​ប្រាប់ថា តាម​ការវាយតម្លៃ គឺ​សិក្ខាកាម​ទទួលបាន​និទ្ទេស​ល្អ ៥០ ភាគរយ និទ្ទេស​មធ្យម ៣០ ភាគរយ និង​និទ្ទេស​ខ្សោយ ២០ ភាគរយ។

ចំណែក​លោក ស៊ូ​ម សារឿន ប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា លោក​បន្ថែមថា៖ «វគ្គ​នេះ​បង្ហាញថា សិក្ខាកាម​របស់​យើងនៅមាន​សមត្ថភាព​ខ្វះខាត​ច្រើន ចាំបាច់​ណាស់ ត្រូវតែ​ពង្រឹង​បន្ថែមទៀត ក្នុងន័យ ដើម្បី​ធ្វើឱ្យ​សិក្ខាកាម​របស់​យើង ក្លាយទៅជា​ចៅក្រម និង​អាជ្ញាកណ្តាល ប្រកបដោយ​គុណវុឌ្ឍិ និង​ថាមពល ទាំង​ក្នុង​ក្របខ័ណ្ឌ​ការប្រកួត​ថ្នាក់ជាតិ តំបន់ និង​អន្តរជាតិ នាពេល​អនាគត ពិសេស​ឆ្នាំ ២០២១ នេះ គឺ​បន្ត​បើក​វគ្គ​បណ្តុះបណ្តាល​ចៅក្រម និង​អាជ្ញាកណ្តាល ឱ្យបាន​ច្រើន​បន្ថែមទៀត ដើម្បី​ពង្រឹង និង​ជំរុញ​អភិវឌ្ឍ​សមត្ថភាព​ធនធាន​របស់​ពួកគាត់ ឱ្យមាន​ការរីកចម្រើន ព្រោះ​វ៉ូ​វី​ណា​ម​ជា​ប្រភេទ​កីឡា មាន​សក្តានុពល​ឈ្នះ​មេដាយ​ច្រើន»។

ដោយឡែក​ចំពោះ​ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ថ្នាក់ជាតិវិញ លោក អ៊ូ រតនា បាន​ប្រាប់ថា ត្រូវធ្វើឡើង​ចំនួន ៣ ថ្ងៃ ដោយ​ចាប់ផ្តើម​នៅ​ល្ងាច​ថ្ងៃទី ២៧ និង​បញ្ចប់​នៅ​ថ្ងៃទី ២៩ ខែ មករា ឆ្នាំ២០២១ ហើយ​ការប្រកួត​នេះ មាន​អត្ត​ព​លិ​ក​ចូលរួម​ប្រកួត​ចំនួន ៧៦ នាក់ មកពី​ក្លិបសមាគម ចំនួន ១២ ក្នុងនោះ​មាន​ខេត្ត​ប៉ៃលិន ខេត្ត​ស្វាយរៀង ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និង​ក្លិប​ក្នុង​រាជធានីភ្នំពេញ ចំនួន ៨ ក្លិប​ទៀត។

ទាក់ទង​ទៅនឹង​បច្ចេកទេស លោក អ៊ូ រតនា បាន​បន្ថែមថា ការប្រកួត​មាន ១៧ វិញ្ញាសា​ ក្នុងនោះ​វិញ្ញាសា​ប្រយុទ្ធ​ចំនួន ៩ និង​វិញ្ញាសា​សម្តែង​ចំនួន ៨ មាន​សម្តែង​មេគុណ​ជា​ក្រុម និង​ឯកជន។

ចំណែក​លោក ស៊ូ​ម សារឿន បញ្ជាក់ថា៖«ក្រោយ​ប្រកួត​ជើងឯក​ថ្នាក់ជាតិ​នេះ សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជាមាន​ការងារ​ច្រើន​បំផុត ដោយ​ត្រូវបញ្ជូន​អត្ត​ព​លិ​ក​ទៅ​ហ្វឹកហាត់​ឱ្យបាន​ខ្លាំងក្លា នៅ​ប្រទេស​វៀតណាម ដើម្បី​ត្រៀម​ប្រកួត​អន្តរជាតិ​ជាច្រើន»៕