អតីត​អ្នក​ប្រដាល់ វ៉ោយ សុធន ដែលមាន​លោក វ៉ោយ អេង ជា​ឪពុក​បង្កើត និង​ជា​គ្រូបង្វឹក​ផ្ទាល់​នោះ​ធ្លាប់​បាន​សាង​ភាពល្បីល្បាញ​ក្នុង​នាម​ជា​កីឡាករ​ប្រដាល់​លំដាប់​ជួរមុខ ដោយ​មាន​រហ្សនាម​ថា ជង្គង់​ពិឃាត​ត្រកូល «វ៉ោយ» ហើយ​បងប្អូន​បង្កើត​ចំនួន ៥ នាក់ (ស្រី ១ នាក់) របស់ សុធន សុទ្ធតែជា​អ្នក​ហាត់​ប្រដាល់​គុន​ខ្មែរ​ឆ្នើម មកពី​ក្រុង​សេរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ។

វ៉ោយ សុធន បាន​សាង​ភាពល្បីល្បាញ​ក្នុង​អំឡុង​ឆ្នាំ ១៩៩៦ ប៉ុន្តែ​បាន​ថមថយ ជា​បន្តបន្ទាប់​រហូត​បាត់បង់​អាជីព​តែម្តង​នៅក្នុង​ឆ្នាំ ២០១៣ ហើយ​បច្ចុប្បន្ន វ៉ោយ សុធន កំពុង​រស់នៅក្នុង​សភាព​ក្រីក្រ​តោកយ៉ាក​ក្នុង​ខ្ទម​កម្សត់​តូច​មួយ លើ​ទឹកដី​ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដោយ​មាន​ការងារ​ជា​កម្មករសំណង់​បាន​ព្រឹក ខ្វះ​ល្ងាច​ និង​កំពុង​ប្រឈម​ទៅនឹង​ការខ្វះ​អាហារ ដោយ​អត់​ការងារ​ធ្វើ ក្នុងសម័យ ដែល​កូវីដ១៩ រាតត្បាត​ខ្លាំង​នៅ​កម្ពុជា។

អ្នកលេង​ក្បាច់​ជង្គង់​ពិឃាត ដែល​ធ្លាប់​ដើរ​ប្រកួត​គ្រប់​ច្រកល្ហក ច្រើន​ខេត្ត​ក្រុង និង​ព្រំប្រទល់​ជាយដែន​ប្រទេស​ថៃ​អស់​រយៈពេល ២០ ឆ្នាំ វ៉ោយ សុធន បាន​អះអាងថា រូបគេ​ធ្លាប់​ឡើង​ប្រកួត​រហូតដល់​ជាង ៤០០ លើក ចាញ់​ប្រហែល ១០០ លើក ក្រៅពីនេះ​ឈ្នះ និង​ស្មើ ៨ លើក ហើយ​ក្នុងនោះ​បាន​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​បាន​ចំនួន ៨០ លើក និង​ធ្លាប់​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​បាន​ចំនួន ៧៨ លើក​ផងដែរ។

វ៉ោយ សុធន ថត​ជាមួយ​កូនៗ​ពេល​ទៅ​ដើរលេង​កម្សាន្ត​កន្លងមក។

យ៉ាងណា​ក៏ដោយ វ៉ោយ សុធន ទោះ​មាន​ឪពុក​បង្កើត គឺ​លោក វ៉ោយ អេង ជា​គ្រូបង្វឹក និង​ខំហាត់​យ៉ាង​យកចិត្ត​ទុកដាក់​បាន​ល្អ ព្រមទាំង​ប្រកួត​មាន​ភាពទាក់ទាញ​បំផុត ដោយ​ក្បាច់​ជង្គង់ ដែល​អាច​ឡើង​បាន​ល្អ​គ្រប់​ស្ថានភាព ប៉ុន្តែ សុធន មិន​ធ្លាប់​ឈ្នះ​បាន​ខ្សែក្រវាត់ ឬ​ចំណាត់ថ្នាក់​លេខ ១ ម្តងណា​ឡើយ គឺ​បាន​ត្រឹម​ចំណាត់ថ្នាក់​លេខ ៣ ប៉ុណ្ណោះ ក្រៅពីនេះ ភាគច្រើន​បាន​ត្រឹម​ចំណាត់ថ្នាក់​លេខ ៤ និង​លេខ ៥។

វ៉ោយ សុធន ​និយាយថា៖ «ខ្ញុំ​ធ្លាប់បាន​ចំណាត់ថ្នាក់​លេខ ១ ក្នុង​ការប្រកួត​ជម្រើស​ថ្នាក់ជាតិ ហើយ​ក្នុង​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​ស្រាបៀរ​ ABC កាលពី​ឆ្នាំ ២០០០ ខ្ញុំ​ឈ្នះ​បាន​លេខ ៣ ខណៈ​ដែល​លេខ ១ បាន​ទៅ​កីឡាករ ជ័យ ប៊ុនជឿ ​និង​លេខ ២ អូត ភូថង»។

សុធន បាន​បន្ថែមថា៖ «ខ្ញុំ​បាន​លាឈប់​ប្រដាល់​ក្នុង​ឆ្នាំ ២០១៣ បន្ទាប់ពី​បាក់ឆ្អឹង​ជំនីរ ក្រោយមក​បាក់ឆ្អឹង​ដៃ​ឆ្វេង ដោយ​ការទាត់​របស់​កីឡាករ ធន់ សុភា ហើយ​អ្នក​ដែល​រារាំង​ផ្លូវ និង​ជា​ឧបសគ្គ​ធំ ដែល​ធ្វើឱ្យ​ខ្ញុំ​មិនអាច​ឈ្នះ​បាន​ខ្សែក្រវាត់​គឺ​មាន​កីឡាករ នួន សូរិយា,ផៃ ប៊ុនឈឿ, អូត ភូថង និង ធន់ សុភា តែ​ក្រៅពីនេះ មិន​លំបាក ឬ​ជា​ឧបសគ្គ​ធំ​ក្នុង​ការប្រជែង​នោះឡើយ»។

ទាក់ទង​ទៅនឹង​ជីវភាព​ប្រចាំថ្ងៃ​ក្នុង​សម័យ​កូវីដ១៩​នេះ វ៉ោយ សុធន ​បាន​និយាយថា៖ «ខ្ញុំ​ឥឡូវ ដាច់បាយ​ហើយ! កន្លងមក ខ្ញុំ​ធ្វើការ​សំណង់​ផង បើកឡាន​ឱ្យគេ​ផង ដោយ​បាន​ត្រឹម​ម៉ារស់ៗ​ប្រចាំ​ថ្ងៃ ហើយ​ក្នុង​រយៈពេល​ឈប់​ពី​ប្រដាល់​នេះ ខ្ញុំ​បាន​សន្សំ​លុយ និង​ជំពាក់​គេ​ខ្លះ ទិញ​ដី​បាន​ទំហំ ១២ គុណ​នឹង ១៧ ម៉ែត្រ​សង់​បាន​ខ្ទម​តូច​មួយ នៅ​ភូមិ​ក្បាលព្រលាន សង្កាត់​អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដើម្បី​រស់នៅ​ជាមួយ​ប្រពន្ធ និង​កូន ៣ នាក់ យ៉ាង​កម្សត់​ណាស់»។

អតីត​កីឡាករ វ៉ោយ សុធន ថត​នៅ​កន្លែង​ហ្វឹកហាត់ នាពេល​កន្លងមក។

បន្ថែម​លើ​ភាពកម្សត់​នេះ វ៉ោយ សុធន់ និង​ប្រពន្ធ កូន កាន់តែ​ជួប​បញ្ហា​ខ្លាំង នៅក្នុង​វិបត្តិ​ជំងឺ​កូវីដ១៩​នេះ​ដោយ​ពួកគេ​រក​អង្ករ​ច្រក​ឆ្នាំង​លែង​បាន​ហើយ។ សុធន បាន​បញ្ជាក់ថា៖ «មកដល់​ពេល​នេះ ពួកខ្ញុំ​គ្មាន​អី​ហូប​ទេ អង្ករ​ក៏​អស់ លុយ​ក៏​គ្មាន គឺ​ដាច់បាយ​តែម្តង ព្រមទាំង​គ្មាន​ការងារ​ធ្វើ​ទៀត ហេតុនេះ​សូម​បងប្អូន និង​ថ្នាក់ដឹកនាំ​មេត្តាជួយ​ដល់​ពួក​ខ្ញុំ​ផង»។

ជាមួយ​គ្នា​នេះ វ៉ោយ សុធន បានបញ្ជាក់​ពី​ភាពអយុត្តិធម៌​ខ្លាំង ចំពោះ​គ្រួសារ​គាត់ ដែល​មាន​បងប្អូន​ចំនួន ៦ នាក់​ហាត់​ប្រដាល់​ទាំងអស់ និង​បាន​នាំយក​ភាពល្បីល្បាញ​កន្លងមក តែ​គ្មាន​នរណា​ម្នាក់​បាន​ទទួល ឬ​ចាប់​ក្របខ័ណ្ឌ​ជា​មន្ត្រីរាជការ​ជា​ប៉ូលិស ទាហ៊ាន ដូច​កីឡាករ​ដទៃ​ទេ ហើយ​អ្នក​មាន​ក្របខ័ណ្ឌ គេ​មាន​ប្រាក់ខែ​ជួយ​ទប់ នៅពេល​ប្រកួត​មិនកើត។ សុធន បាន​បញ្ជាក់ថា៖ «ខ្ញុំ​ស្នើសុំ​ឱ្យមាន​ក្របខ័ណ្ឌ​នឹង​គេ​ផង ពិសេស​នៅពេល​បើក​ការប្រកួត​វិញ សុំ​ការងារ​ជា​ចៅក្រម អាជ្ញាកណ្តាល ដូច​មិត្តៗ​រួម​អាជីព​កន្លងមក​ផង ដើម្បី​បាន​កម្រៃ​ទ្រទ្រង់​ជីវភាព»។

គួររំឭកថា បងប្អូន​ទាំង ៦ នាក់​របស់ វ៉ោយ សុធន ដែល​បងប្អូន​ធ្លាប់​ស្គាល់​ជា​អ្នក​ប្រដាល់​ឆ្នើម​មកពី​ទិស​ខាងលិច រួមមាន​ទី ១ កីឡាករ វ៉ោយ ចន្ទតារា ទី ២ វ៉ោយ វណ្ឌី ទី ៣ វ៉ោយ សុធន ទី ៤ វ៉ោយ ចន្ទដារិទ្ធ ទី ៥ វ៉ោយ ចន្ទដារ័ត្ន និង​ទី ៦ កីឡាការិនី វ៉ោយ ស្រីម៉ុច ខណៈ​ពួកគេ​ចាប់ផ្តើម​ល្បីល្បាញ នៅក្នុង​ក្លិប​ប្រដាល់​ខេត្ត​បន្ទាយមានជ័យ​ក្នុង​អំឡុង​ឆ្នាំ ១៩៩៩ ដល់​ឆ្នាំ ២០១០៕