​ក្រសួង​អប់​រំ​ យុវ​ជន និង​កីឡា បាន​បញ្ជាក់​ថា ការ​ប្រមូល​ផ្ដុំ​កីឡាករ​ហ្វឹកហាត់ និង​ការ​ប្រកួត ក្នុង​លីក​អាជីព នៅ​មិន​ទាន់​អាច​បើក​ដំណើរការ​បាន​ទេ​​ពេល​នេះ ដោយ​​ក្រសួងបាន​ចេញ​លិខិត​បញ្ជាក់​ ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​​ឧសភា​ ឆ្នាំ​២​០​២​០​ ដែល​ចុះ​ហត្ថ​លេខាដោយ​លោក ស សុខា រដ្ឋ​លេខា​ធិការ ក្រសួង​អប់រំ ​យុវជន និង​កីឡា​។

​ក្នុងលិខិត​ជូន​ដំណឹង​នោះ បាន​បញ្ជាក់​ថា បច្ចុប្បន្ន ​កម្ពុជា​​ស្ថិត​ក្នុង​ស្ថានភាព​ការពារ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ​ដដែល ​ដូច្នេះ​ គោល​ការណ៍​នានា​ដែល​បាន​ដាក់ចេញ ដូចជា​ច្បាប់​​គម្លាត​​សង្គម​ជាដើម​ ​ត្រូវ​បន្ត​អនុវត្ត​ដដែល​។ ​ការ​ប្រមូល​ផ្ដុំ​កីឡាករ កីឡា​ការិនី ​ដើម្បី​ហ្វឹកហាត់​ គឺ​មិន​ទាន់​អាច​ធ្វើ​ទៅ​បាន​នោះ​ទេ ​ហើយការ​ប្រកួត​តាម​លីក​ ​ក៏​ត្រូវបាន​ហាមឃាត់ដូច​គ្នាដែរ​។

ចំណែក​​ក្លិប​ហាត់​ប្រាណ​ ​ក៏​មិន​ទាន់​អាច​បើក​ទ្វារដំណើរ​ការ​​ដែរ ដោយ​គ្រប់​យ៉ាង​ត្រូវ​រង់​ចាំ​ដល់មានការ​​ណែនាំ​ពី​ក្រសួង​សុខាភិបាល​ ដែល​នឹង​អះអាង​ពី​​ស្ថានភាព​នៃជំងឺ​កូវីដ​១៩​ ថា អាច​គ្រប់គ្រង​បាន​ ឬ​យ៉ាង​ណា​​។​

នៅ​ក្នុង​លិខិត​ជូន​ដំណឹងនោះ មាន​ខ្លឹម​សារ​សំខាន់​ៗចំនួន ​៥​ចំណុច​៖​

១. រក្សា​គម្លាត​សង្គម និង​ពង្រឹង​វិធានការ​ទប់ស្កាត់ និង​ប្រឆាំង​ជំងឺ​កូវីដ ​១៩ ដោយ​ត្រូវ​ចេះ​កែ​ប្រែ​ទម្លាប់ និង​ឥរិយាបថ​​នៃការ​រស់នៅ​ឲ្យ​ស្រប​ទៅ​តាម​សភាព​ធម្មតា​បែប​គន្លង​ថ្មី ​ដូច​ជា​អនុវត្ត​អនាម័យ​ដៃស្អាត ​ពាក់ម៉ាស់​ និង​វាស់​កម្ដៅ ដើម្បី​រក្សា​សុខភាព​ឲ្យបាន​ល្អ​ប្រសើរ។​

២. ពុំទាន់​អនុញ្ញាត​ឲ្យ​ប្រមូល​ផ្ដុំ​កីឡាករ កីឡាការិនី ហាត់​ហ្វឹក​ហ្វឺន

៣. ពុំ​ទាន់​អនុញ្ញាត​ឲ្យ​ដំណើរ​ការ​ក្លិប​ហាត់​ប្រាណ

៤. ពុំ​ទាន់​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រកួត​លីក

៥.ត្រូវ​រង់​ចាំ​សេចក្តី​ប្រកាស​ផ្លូវ​ការ​របស់​រដ្ឋាភិបាល​ស្តី​ពី​ការ​អនុញ្ញាត​ឲ្យ​ដំណើរ​ការងារ​ប្រក្រតី​ឡើង​វិញ។

ផ្អែក​តាម​របាយ​ការណ៍​របស់​ក្រសួង​សុខា​ភិបាល​ស្តី​អំពី​ស្ថាន​ភាព​ជំងឺ​កូវីដ​១៩ ​នៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ​មានភាព​ល្អប្រសើរ ក្នុង​រយៈ​ពេល​មួយ​ខែ​កន្លង​មក ដោយ​ពុំ​មាន​អ្នក​ឆ្លង​ថ្មី ខណៈអ្នក​ជំងឺទាំង ១២២​ នាក់ បាន​ជា​សះ​ស្បើយ​ទាំង​អស់ ប៉ុន្តែ​តាម​ការ​វាយ​តម្លៃ ឃើញថា​ស្ថាន​ភាព​កូវីដ​១៩ ​នៅ​តែ​មាន​ហានិភ័យ​ខ្ពស់​នៅ​ឡើយ ដែល​ទាម​ទារ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត៕