ភ្នំពេញ៖ ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​គុន​ខ្មែរ Mas Fight Cambodai របស់​​សង្វៀន​ថោន​ បាន​ឈាន​ដល់​លុប​​ចោល​​ការ​នាំ​កីឡាករ​បរទេស​មក​ប្រកួត​នៅ​កម្ពុជា​មុន​គេ សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​អាទិត្យ​នេះ ជា​បណ្តោះ​អាសន្ន​សិន ​ដើម្បី​រក្សា​សុវត្ថិភាព និង​បង្ការ​​កុំ​ឲ្យ​ឆ្លង​​ជំងឺ​​កូវីដ ១៩ ដោយ​មាន​រៀបចំ​តែ​​ការ​​ប្រកួត​តែ​កីឡាករ​ក្នុង​ស្រុក។ ចំណែក​សង្វៀន​ចំនួន ​៥ ​ទៀត ដែល​មាន​គូ​ប្រកួត​មក​ពី​អន្តរជាតិ​ប្រចាំ​សប្តាហ៍​សរុប​មាន​ជាង ​៣០ ​នាក់​នោះ​ មិន​ទាន់​ទទួល​បាន​ចម្លើយ​នៅ​ឡើយ​ទេ ​ដោយ​រង់ចាំ​ទទួល​បទបញ្ជា​ពី​ស្ថាប័ន​ជំនាញ​។​

ជា​ធម្មតា​ការ​ប្រកួត​នៅ​តាម​ស្ថានីយ​ទូរទស្សន៍​ទាំង ​៦ រាល់​ចុង​សប្តាហ៍​នីមួយៗ​ មាន​ចំនួន ​១៦ ​លើក ដោយ​ក្នុង​នោះ​យ៉ាង​ហោច​ណាស់​ក៏​​មាន​កីឡាករ​មក​ពី​បរទេស ​៣០ ​នាក់​ដែរ​ ដោយ​មក​ពី​ប្រទេស ​ថៃ ​ច្រើន​ជាង​គេ។​

តាម​លិខិត​ជូន​ដំណឹង​ពី​ទូរទស្សន៍​ថោន​ និង​គណៈកម្មការ​ Mas ​Fight​ Cambodia ​និង​គណៈ​កម្មការ​ផ្គូផ្គង​ Mas​ Fight ​International ​មាន​ទីស្នាក់ការ​នៅ​ក្រុង​ហុងកុង ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា ការ​ប្រកួត​នេះ ត្រូវ​​ផ្អាក​បណ្តោះ​អាសន្ន​កីឡាករ​មក​ពី​បរទេស​ ដែល​ក្នុង ​១ ​សប្តាហ៍ ​មាន​ចំនួន​យ៉ាង​ហោច ​៣ ​នាក់​ ប៉ុន្តែ​ត្រូវ​ដាក់​ជំនួស​​ឲ្យ​មាន​ការ​ប្រកួត​ត្រឹម​កីឡាករ​ក្នុង​ស្រុក​ខ្មែរ​នឹង​ខ្មែរ​។​

លោក​ ស្រ៊ុន​ កុសល​ នាយក​គ្រប់គ្រង​កម្មវិធី​ទូរទស្សន៍​ថោន​ និង​ជា​គណៈកម្មការ​ Mas ​Fight ​Cambodia ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ ​«ដោយ​សារ​បញ្ហា​ជំងឺ​កូវីដ ​១៩​ រីក​រាលដាល និង​ក្តី​បារម្ភ​ពី​សុវត្ថិភាព​ការពារ​មិន​ឲ្យ​ឆ្លង​នោះ ​យើង​បាន​សម្រេច​រួម​គ្នា​ជាមួយ​គណៈកម្មការ​ផ្គូផ្គង​នៅ​ហុងកុង​ និង​បាន​ជួប​ជាមួយ​ប្រធាន​សហព័ន្ធ​កីឡា​​ប្រដាល់​គុន​ខ្មែរ ​គឺ​លោក ​តែម ​ម៉ឺន​ ដើម្បី​ផ្អាក​កីឡាករ​មក​ពី​បរទេស​ជា​បណ្តោះ​អាសន្ន ​ប៉ុន្តែ​យើង​នៅ​តែ​បន្ត​ការ​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​ថ្នាក់​ជាតិ​កីឡាករ​ខ្មែរ​នឹង​ខ្មែរ​ដដែល​»។​

លោក​ ​កុសល​ បាន​បញ្ជាក់​ថា៖ ​«​គិត​មក​ដល់​ពេល​នេះ​ ទោះ​ជា​យើង​​​មិន​ទាន់​ទទួល​បាន​បទបញ្ជា​ពី​ស្ថាប័ន​ជំនាញ​ឲ្យ​ផ្អាក​​ការ​ប្រកួត ប៉ុន្តែ​កីឡាករ​ដែល​ខាង​សង្វៀន​ Mas​ Fight​Cambodia ​នាំ​មក​ប្រកួត​ ​គឺ​ឆ្លង​ទ្វីប ​ឆ្លង​តំបន់​ ដោយ​ធ្វើ​ដំណើរ​តាម​យន្តហោះ​ ហេតុ​នេះ​គេ​ត្រូវ​តែ​ប្រយ័ត្នប្រយែង​ការពារ​ដូច​គ្នា»​។​

តំណាង​ក្រុមហ៊ុន​ឧបត្ថម្ភ​កម្មវិធី​ប្រកួត​ប្រដាល់​មក​ពី​ក្រុមហ៊ុន​ Khmer Beverages ដែល​ស្ពនស័រ​កម្មវិធី​ប្រដាល់​នៅ​សង្វៀន​បាយ័ន​ សង្វៀន​ថោន​ និង​សង្វៀន ​CNC ​បាន​ប្រាប់​ដោយ​សុំ​មិន​ប្រាប់​ឈ្មោះ​ថា​៖ ​«កម្មវិធី​ក៏​អាច​នឹង​ប្រែប្រួល​ ដោយ​រង់ចាំ​ការ​ប្រជុំ​មួយ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នៅ​ថ្ងៃទី ​១៩​ ខែ​មីនា​នេះ ​អ៊ីចឹង​យើង​នឹង​ទទួល​បាន​លទ្ធផល​ច្បាស់​ការណ៍។

ចំណែក​លោក​ ថៃ​ អ៊ូ​ ប្រតិភូ​នាំ​កីឡាករ​ពី​ប្រទេស ថៃ​ មក​ប្រកួត​សង្វៀន​ប៉ុស្តិ៍​ SEATV ​និង​ប៉ុស្តិ៍​លេខ ​៥ បាន​​និយាយ​ថា​៖ «​ក្នុង​សប្តាហ៍​នេះ ​មិន​ទាន់​មាន​ការ​ហាម​ឃាត់​នៅ​ឡើយ​ ហេតុ​នេះ​ខ្ញុំ​នៅ​តែ​បន្ត​នាំ​កីឡាករ​មក​ប្រកួត​សិន​ ដោយ​រង់ចាំ​ទទួល​បទ​បញ្ជា​ថ្មី ​ទើប​អនុវត្ត​តាម​ភ្លាម​។​ ​ទោះ​ជា​យ៉ាង​ណា ​នៅ​ច្រកចេញ​ចូល​ព្រំដែន​មាន​ការ​រឹត​បន្តឹង ​ដោយ​មាន​ពេទ្យ​ពិនិត្យ​វាស់​កម្ដៅ​ជា​ច្រើន​កន្លែង​ គឺ​តឹងតែង​ជាង​មុន»​។​

ជាមួយ​គ្នា​ប្រភព​ពី​ការ​ប្រកួត​នៅ​ខេត្ត​ លោក ​សៅ ​ប៊ុនធិន ​គ្រូ​ប្រដាល់​ និង​ជា​ចៅ​ក្រម​អាជ្ញា​កណ្តាល​នៅ​ខេត្ត​បាត់ដំបង​បាន​​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «ការ​ប្រកួត​នៅ​ខេត្ត ​គេ​ផ្អាក​សិន​ ហើយ​កីឡាករ​ និង​គ្រូ​បង្វឹក​មួយ​ចំនួន ​ដែល​ធ្លាប់​ទទួល​បាន​កម្រៃ​ប្រាក់​ពី​ការ​ប្រកួត ​គឺ​បាត់​ចំណូល ​និង​មាន​ជីវភាព​លំបាក​ជាង​មុន​​»។​

ចំណែក​លោក​ ឈិន​ ក្វាន់ចៃ​ គ្រូ​បង្វឹក​ក្លិប​មកុដ​រាជសីហ៍​ បាន​និយាយ​ថា​៖ «​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ពេល​គេ​ផ្អាក​ការ​ប្រកួត​ ​ព្រោះ​រាល់​ថ្ងៃ​ទាំង​កីឡាករ​ និង​​គ្រូ​បង្វឹក​បាន​ចំណូល​ពី​ប្រដាល់ ​ដើម្បី​ទ្រទ្រង់​ជីវភាព»​៕