ភ្នំពេញ៖ តាម​គម្រោង​កាល​ពី​ដើម​សប្តាហ៍​របស់​សង្វៀន​បាយ័ន គឺ​មាន​ការ​ប្រកួត​ចំនួន ៣ ថ្ងៃ មាន​ថ្ងៃ​សុក្រ សៅរ៍ និង​ថ្ងៃ​អាទិត្យ ប៉ុន្តែ​ជាក់​ស្តែង​ការ​ប្រកួត​បាន​តែ​ថ្ងៃ​សុក្រ​មួយ​ទេ ចំណែក​ថ្ងៃ​សៅរ៍ និង​អាទិត្យ ត្រូវ​បាន​ផ្អាក​ភ្លាមៗ​តែ​ម្តង ទោះបី​អ្វីៗ​បាន​ត្រៀម​រួចរាល់​អស់​ហើយ​ក៏​ដោយ។ ផ្ទុយ​ពី​នេះ ចំពោះ​សង្វៀន CNC មិន​បាន​ផ្អាក​ការ​ប្រកួត​​នោះ​ទេ គឺ​នៅ​តែ​រៀបចំ​ប្រកួត​ទាំង ៤ កម្មវិធី​កាល​ពី​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ដោយ​មាន​ផ្សាយផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​យ៉ាង​រលូន។

សង្វៀន​បាយ័ន ដែល​មាន ៥ កម្មវិធី​នោះ គឺ​បាន​ប្រកួត​រួចរាល់​តែ​កម្មវិធី​គូបូតា កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ ដោយ​មាន​កីឡាករ​ចំនួន ៥ គូ ប៉ុន្តែ​កម្មវិធី ចំនួន ៤ ទៀត មាន​កម្មវិធី Chhampion កម្មវិធី​ប្រដាល់ Super Whisky កម្មវិធី​ប្រដាល់ ​Wurkz និង​កម្មវិធី​ប្រដាល់​របស់ Carabao ដែល​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ ត្រូវ​បាន​ផ្អាក​ទាំង​ស្រុង​តែ​ម្តង។

ជុំវិញ​បញ្ហា​នេះ លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​បាន​ថ្លែង​ថា៖ «សង្វៀន​ប្រដាល់​នៅ​បាយ័ន បាន​ផ្អាក​ការ​ប្រកួត​ភ្លាមៗ ដើម្បី​ចូលរួម​រក្សា​ការពារ​បញ្ហា​ចម្លង​នៃ​ជំងឺ​កូវីដ ១៩ និង​ដើម្បី​សុវត្ថិភាព​ដល់​កីឡាករ គ្រូបង្វឹក និង​គណៈកម្មការ ប្រកួត​ផង​ដែរ។ ចំណែក​សង្វៀន ​CNC នៅ​បន្ត​ការ​ប្រកួត​ចប់​ទាំង ៤ កម្មវិធី ទាំង​សៅរ៍ និង​ថ្ងៃអាទិត្យ»។

នៅ​ពេល​សួរ​ថា ចុះ​ហេតុអ្វី​សង្វៀន​ប្រដាល់​ខ្លះ​បិទ សង្វៀន​ខ្លះ​នៅ​បន្ត​ប្រកួត​បាន? ហើយ​កីឡាករ និង​គណៈកម្មការ​ប្រកួត ជា​មន្ត្រី​ក្នុង​សហព័ន្ធ​តែ​មួយ ដោយ​អ្នក​ខ្លះ​ចល័ត​ពី​ប៉ុស្តិ៍​មួយ​ទៅ​មួយ​ទៀត ឬ​កីឡាករ​ខ្លះ​ប្រកួត​ប្តូរ​សង្វៀន​នោះ លោក តែម ម៉ឺន បាន​ពន្យល់​ថា៖ «យើង​កំពុងតែ​ត្រួត​ពិនិត្យ​តាម​ការ​ជាក់ស្តែង ក្នុង​នោះ​យើង​ចាប់​ផ្តើម​ផ្អាក​ការ​ប្រកួត​ជា​បណ្តោះអាសន្ន​ពី​សង្វៀន​មាន​បញ្ហា និង​ឈាន​ទៅ​ជា​បន្តបន្ទាប់ ទៅ​តាម​លក្ខណៈ​ជាក់​ស្តែង​តាម​ការ​ណែនាំ​របស់​ក្រសួង​ជំនាញ និង​ភាគី​ពាក់ព័ន្ធ ដូចជា​ខាង​អ្នក​គ្រប់គ្រង​សង្វៀន​ផ្ទាល់​តែ​ម្តង»។

ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​រូប​នេះ បាន​បញ្ជាក់​ថា៖ «តែ​ទោះជា​យ៉ាងណា ចំពោះ​បញ្ហា​នេះ (ការ​ផ្អាក​ការ​ប្រកួត​នៅ​សង្វៀន​បាយ័ន) វា​បាន​កើត​ឡើង​ភ្លាមៗ អ៊ីចឹង​ជួន​ពេលខ្លះ យើង​ខិតខំ​ដោះស្រាយ​តាម​លទ្ធភាព​ជាក់​ស្តែង ហើយ​សប្តាហ៍​បន្ត​បន្ទាប់ យើង​ក៏​មិន​អាច​ទស្សន៍ទាយ​មុន​បាន​ឡើយ​ថា វា​យ៉ាងណា?»។

ចំណែក​លោក ធន់ សុភា គ្រូបង្វឹក​ប្រចាំ​ក្រសួង​ការពារជាតិ និង​ជា​ជំនួយការ​ផ្គូផ្គង​ប្រចាំ​សង្វៀន​បាយ័ន​បាន​និយាយ​ថា សង្វៀន​បាយ័ន ផ្អាក​ការ​ប្រកួត​ចំនួន ២ សប្តាហ៍ ដោយ​មូលហេតុ​រក្សា​ការពារ​ជំងឺឆ្លង​កូវីដ ១៩ ដែល​មាន​មនុស្ស​ឆ្លង​ច្រើន។ លោក​បន្ថែម​ថា ចំណែក​កីឡាករ ដែល​ត្រៀម​ខ្លួន​មក​ប្រកួត ហើយ​ត្រូវ​ខកខា​ន​នោះ គ្មាន​ប្រាក់​តម្លៃ​ខ្លួន​ទេ ប៉ុន្តែ​អ្នក​មក​ពី​ខេត្ត​មួយ​ចំនួន​តូច​ទទួល​បាន​សោហ៊ុយ​ធ្វើ​ដំណើរ​ខ្លះ ទៅ​តាម​អ្វី​ដែល​អនុវត្ត​កន្លងមក។

លោកគ្រូ​ពេទ្យ​ម្នាក់​បាន​ប្រាប់ ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា៖ «ការ​ប្រកួត​ប្រដាល់​នេះ គួរ​តែ​ផ្អាក​ជា​បណ្តោះអាសន្ន ព្រោះ​មាន​ការ​ជួបជុំ​គ្នា​ច្រើន ហេតុ​នេះ​បើ​មាន​កីឡាករ​ណា​ម្នាក់​ផ្ទុក​ជំងឺ​កូវីដ ១៩ គឺ​ងាយ​នឹង​ឆ្លង​ណាស់ ហើយ​ខ្ញុំ​ឆ្ងល់​ថា កីឡាករ​ប្រមូលផ្តុំ​ជម្រើសជាតិ​អាច​ផ្អាក​បាន ចុះ​ហេតុអ្វី​ការ​ប្រកួត​ប្រដាល់​ឯកជន​ជា​លក្ខណៈ​ផ្សាយពាណិជ្ជកម្ម ហេតុ​អ្វី​ផ្អាក​មិន​បាន?»៕