ភ្នំពេញ៖ សកម្មភាពប្រកួតប្រដាល់នៅតាមស្ថានីយទូរទស្សន៍ ដែលទើបតែចាប់ដំណើរការបានវិញកាលពីថ្ងៃសៅរ៍ និងអាទិត្យ បន្ទាប់ពីបានផ្អាកចំនួន ៣ សប្តាហ៍ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដោយរាជរដ្ឋាភិបាលឈានដល់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ទាំងស្រុង នាពេលកន្លងមកគឺនៅសប្តាហ៍នេះ សង្វៀនថោនបានសម្រេចបិទ ខណៈសង្វៀនបាយ័ន និងសង្វៀន CNC បានលុបចោលនូវកម្មវិធីប្រកួតមួយចំនួនភ្លាមៗទៅតាមការណែនាំ។
ការសម្រេចបិទកម្មវិធីប្រកួតមួយចំនួននេះត្រូវបានមន្ត្រីរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងអ្នកគ្រប់គ្រងសង្វៀនប្រដាល់បានប្រាប់ថា ក៏ព្រោះកម្មវិធីប្រកួតទាំងនោះបានជាប់ទៅនឹងបម្រាម ហាមឃាត់ ដែលមានជាប់ទាក់ទងទៅនឹងការឧបត្ថម្ភពីគ្រឿងស្រវឹង និងផលិតផលមានស្រាបៀរជាដើម។
លោក និន វ៉ាន់ដា អ្នកកាន់កម្មវិធីប្រដាល់ប្រចាំសហព័ន្ធកីឡាគុនខ្មែរ បានប្រាប់ថា៖ «ពិតជាមានការផ្អាកការប្រកួតមែន ចំនួន ២ សប្តាហ៍ ចំពោះសង្វៀនប្រដាល់ណា ដែលទទួលបានការឧបត្ថម្ភពីផលិតផលជាគ្រឿងស្រវឹង ដូចជាស្រា និងស្រាបៀរជាដើម ព្រោះជាប់បម្រាម អ៊ីចឹងធ្វើឱ្យសង្វៀនខ្លះត្រូវផ្អាកសិន ប៉ុន្តែចំពោះកម្មវិធីប្រកួត ដែលមានឧបត្ថម្ភការប្រកួតផ្សាយផ្ទាល់ ក្រៅពីគ្រឿងស្រវឹង នៅតែបន្តការប្រកួតបានជាធម្មតា»។
លោកបានបញ្ជាក់ថា៖ «តាមបម្រាមនេះ ខ្ញុំទទួលបាន គឺសង្វៀនថោន បិទការប្រកួតទាំងស្រុង ព្រោះមានតែ ១ កម្មវិធីក្នុងល្ងាចថ្ងៃអាទិត្យ។ ចំណែកសង្វៀនបាយ័ន ដែលក្នុង ១ សប្តាហ៍មានចំនួន ៥ កម្មវិធីនោះ គឺនៅតែ ៣ កម្មវិធីទេ រីឯសង្វៀន CNC បានផ្អាក ២ កម្មវិធី នៅសល់ ២ កម្មវិធី ហើយជាមួយគ្នានេះ សង្វៀនឯកភ្នំខេត្តបាត់ដំបង បានបើកឡើងវិញ នៅសប្តាហ៍នេះ»។
ចំណែកលោក ជួប វុត្ថា អ្នកផ្គូផ្គងប្រចាំសង្វៀនប្រដាល់នៅទូរទស្សន៍ថោន បាននិយាយថា៖ «ខ្ញុំទើបទទួលបានដំណឹង ហើយកម្មវិធីខាងខ្ញុំ ទោះជាគ្រោងរួច ក៏ត្រូវផ្អាកតាមបម្រាមនេះដែរ ព្រោះសកម្មភាពប្រកួតនៃកម្មវិធីរាល់ល្ងាចថ្ងៃអាទិត្យរបស់សង្វៀនថោនបានទាំងស្រុងពីផលិតផលស្រាបៀរកម្ពុជា និងផលិតផលភេសជ្ជៈគ្រឿងសំណង់របស់ក្រុមហ៊ុនជីបម៉ុង»។
លោកបានបន្តថា៖ «ខ្ញុំទទួលបានបម្រាមនេះ ចំនួន ២ សប្តាហ៍ គឺសប្តាហ៍ទី ១ ចំថ្ងៃ ៩ ខែឧសភា ឆ្នាំ ២០២១ ដោយយើងបានប្រកួតរួចហើយ ហេតុនេះនៅសល់តែសប្តាហ៍ទី ២ ដែលចំថ្ងៃអាទិត្យ ទី ១៦ ខែឧសភា ហេតុនេះ សង្វៀនរបស់យើងនឹងបើកការប្រកួតវិញនៅថ្ងៃអាទិត្យ ទី ២៣ ខែឧសភា ឆ្នាំ ២០២១»។
តាមកម្មវិធីប្រកួតនៅសប្តាហ៍នេះ សង្វៀនបាយ័ននៅបន្តរៀបចំការប្រកួតកម្មវិធីឧបត្ថម្ភដោយ Champion (នៅព្រឹកថ្ងៃសៅរ៍ពីម៉ោង ៨ ដល់ម៉ោង ១០) កម្មវិធីរបស់ភេសជ្ជៈ WURKS (នៅយប់ថ្ងៃសៅរ៍ ពីម៉ោង ៦ ដល់ម៉ោង ៨) កម្មវិធីរបស់ភេសជ្ជៈ CARABAO (នៅថ្ងៃអាទិត្យ ពីម៉ោង ៦ ដល់ម៉ោង ៨ យប់) ចំណែកសង្វៀន CNC នៅសល់ការប្រកួតកម្មវិធីភេសជ្ជៈខារ៉ាបាវ (នៅថ្ងៃអាទិត្យ ពីម៉ោង ២ ដល់ម៉ោង ៤:៣០ រសៀល) និងកម្មវិធីអ្នកតស៊ូគុនខ្មែរ (នៅថ្ងៃសៅរ៍ ពីម៉ោង ៥:៥០ ដល់យប់ម៉ោង ៨)។
ចំពោះសង្វៀនឯកភ្នំខេត្តបាត់ដំបង ដែលទើបបើកប្រកួតវិញនៅថ្ងៃអាទិត្យ ពីម៉ោង ៨ ដល់ម៉ោង ១០ យប់ ហើយមានការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍បាយ័ននោះ ទទួលបានការឧបត្ថម្ភពីរ៉េដអានគឺមានន័យថា ការប្រកួតមួយចំនួនដែលមានការឧបត្ថម្ភដោយគ្រឿងស្រវឹងត្រូវបានផ្អាកទាំងអស់៕