ភ្នំពេញ៖ ​«​​ស្វែងរក​កំពូល​អ្នក​ប្រដាល់​គុន​ខ្មែរ» ជា​ឈ្មោះ​ព្រឹត្តិការណ៍​​ប្រកួត​ប្រដាល់​ថ្មី ដែល​ស្ថានីយ​ទូរទស្សន៍​ហង្សមាស រួម​ជាមួយ​ដៃគូ​ឧបត្ថម្ភ និង​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​បាន​សហការ​គ្នា​រៀបចំ​ឱ្យ​មាន​ឡើង​ជា​លើក​ដំបូង ហើយ​នឹង​ចាប់​ផ្តើម​ប្រកួត​ជា​ផ្លូវ​ការ នៅ​យប់​ថ្ងៃ​សៅរ៍ ចុង​សប្តាហ៍​នេះ។

ទូរទស្សន៍​ហង្សមាស​​ធ្លាប់​គ្រោង​រៀបចំ​កម្មវិធី​​ប្រកួត​​ប្រដាល់​​នេះ ​រយៈពេល​យូរ​ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​នៅ​តែ​មិន​ទាន់​លេច​ចេញ​ជា​សកម្មភាព​នៅ​ឡើយ​ គឺ​ទើប​តែ​ថ្មីៗ​នេះ​ ប្រភព​ច្បាស់​ការ​ពី​មន្ត្រី​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​បាន​​ឱ្យ​ដឹង​ថា​ ​ការ​ប្រកួត​នឹង​ចាប់​ផ្តើម​នៅ​ដើម​ខែ​មករា​ ឆ្នាំ ​២០២១ ​នេះ​ ដោយ​មាន​កីឡាករ​ឆ្នើមៗ​ក្នុង​ប្រភេទ​ទម្ងន់ ​៦០ ​គីឡូក្រាម​ ​សរុប ​៣២ ​នាក់ ​មក​ពី​ទូទាំង​ប្រទេស​ឱ្យ​ប្រកួត​គ្នា។​

លោក​ឧត្តមសេនីយ៍ទោ​ និន ​ភិរម្យ ​អនុប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​បាន​ប្រាប់​ថា​៖ «​​សង្វៀន​ប្រដាល់​ថ្មី​របស់​​ទូរទស្សន៍​ហង្សមាស​ បាន​​ត្រៀម​ និង​រៀបចំ​មន្ត្រី​បច្ចេកទេស​ មាន​ចៅក្រម​ អាជ្ញា​កណ្តាល និង​​កីឡាករ ​​រួច​រាល់​ហើយ​ ដោយ​រង់ចាំ​តែ​ថ្ងៃ​​បើក​ការ​ប្រកួត​ប៉ុណ្ណោះ​។​ ចំពោះ​រូបមន្ត​ប្រកួត​វិញ គឺ​​កីឡាករ​ឆ្នើមៗ​​ទាំង ​៣២ ​នាក់ ត្រូវ​​ដាក់​ឱ្យ​ប្រកួត​ជម្រុះ ​៥ ​វគ្គ ​ឬ ​៥ ​ជុំ​ដោយ​សម្រួច​យក​តែ​ជើង​ឯក​ចំណាត់​ថ្នាក់​លេខ ​១ ​ម្នាក់​គត់ ​គឺ​​គ្មាន​ចំណាត់​ថ្នាក់​លេខ ​២​ លេខ ៣ ​និង​លេខ ​៤ ​នោះ​ឡើយ​»។​

តាម​តារាង​កម្មវិធី​ប្រកួត ​គឺ​​កីឡាករ​​ទាំង ​៣២ ​នាក់ ត្រូវ​ប្រកួត​​ជម្រុះ​​យក​ ​១៦ ​នាក់ ហើយ​​កីឡាករ​ទាំង ១៦ ​នាក់​នេះ ត្រូវ​ចាប់​ឆ្នោត​បែង​ចែក​ជា ​៤ ពូល ដោយ​ពូល​នីមួយៗ​ត្រូវ​ប្រកួត​ជម្រុះ​វិល​ជុំ យក​អ្នក​លេខ ​១ និង​លេខ ​២ តាម​ពូល​ទាំង ៤ ឡើង​ទៅ​ប្រកួត​វគ្គ ​៨ ​នាក់​។ នៅ​ក្នុង​វគ្គ​ ៨ នាក់​នេះ ត្រូវ​ចែក​ជា ​២ ពូល​ទៀត ហើយ​ត្រូវ​ប្រកួត​ជម្រុះ​យក​អ្នក​លេខ ​១ និង​លេខ ​២ ឡើង​ទៅ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ រួច​បន្ត​យក​អ្នក​ឈ្នះ ​២ ​នាក់ នៅ​វគ្គ​នេះ ឡើង​ទៅ​ប្រកួត​ផ្តាច់​ព្រ័ត្រ​រក​ម្ចាស់​ជើងឯក ដោយ​ការ​ប្រកួត​ទាំង ​៥ ជុំ​នេះ ​​ត្រូវ​ចំណាយ​ពេល​វេលា​​ប្រកួត​សរុប​​អស់​ចំនួន ​១៩ ​សប្តាហ៍​។​

ចំណែក​​កីឡាករ​ឆ្នើមៗ​ បាន​ត្រៀម​រួច​ហើយ​នោះ មាន​ដូចជា ​ទូច ​ដេវីត​, ព្រឿង​ សុជាតិ​, លី​ តឿន​, រឿម ​វណ្ណៈ, ចិត្ត​ សុភី​, បាង​ កាយ៉ាក​, លាភ​ សំណាង​, ថា ​សារុន, សុខ​ សាវិន​, ស៊ន ​រ៉ាគីម​, គង់ ​ហូវ​, លាភ​ រដ្ឋា​, យុគ​ យក្សផ្លែ​, ឡូញ​ វណ្ឌី​, ខាំ​ សូរិយា, ​​ម៉ន ​សាម៉េត​, ស៊ឹម​ ប៊ុនឆៃ​, ​អេលីត ​សាន់​, សុខ​ សុវណ្ណ​, មាឃ ​វណ្ណរ៉ា​ និង​ឡុង ​លីផេង ​ជា​ដើម​។​

លោក​ អ៊ា​ វណ្ណា ​អ្នក​សម្របសម្រួល​សង្វៀន​ថ្មី​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​ហង្សមាស​ប្រាប់​ថា​៖ «​ការ​ប្រកួត​នេះ នឹង​ចាប់​ផ្តើម​នៅ​​រៀង​រាល់​ថ្ងៃ​សៅរ៍ ​ចាប់​ពី​ថ្ងៃទី ​៩ ​ខែ ​មករា​ ឆ្នាំ ​២០២១ ​នៅ​ស្ថានីយ HDTV Eaon 2​ ផ្ទាល់​ចាប់​ពី​ម៉ោង ​១៨ ​ដល់​ម៉ោង ​២០ ​យប់ ដោយ​មាន​ការ​​ផ្សាយផ្ទាល់​»៕