ភ្នំពេញៈ សង្វៀន​ប្រដាល់​ថ្មី​មួយ​ដែល​ផ្ទុក​អ្នកទស្សនា​បាន​ ២៥០០ ​នាក់​ឈ្មោះ​ថា «​សង្វៀន​ប្រដាល់​ឯកភ្នំ​» នឹង​ត្រូវ​បើក​ឲ្យ​ដំណើរការ​នៅក្នុង​បុរីរស្មី​បាត់ដំបង ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​នេះ​ដើម្បី​ជួយ​អ្នក​ប្រដាល់​វ័យក្មេង​គ្មាន​ទីផ្សារ​ប្រកួត​បាន​ឡើង​ប្រកួត​ពង្រឹង​សមត្ថភាព​ឲ្យ​ក្លាយ​ទៅ​ជា​ជើង​ខ្លាំង និង​ស្តារ​ប្រជាប្រិយ​របស់​ខេត្ត​បាត់ដំបង​ឲ្យ​ស័ក្តិសម​ទៅ​នឹង​ពាក្យ​មួយ​ថា «​អ្នក​បាត់ដំបង​ជា​ពូជ​អ្នក​ប្រដាល់​»​។

លោក ហេង តុលា ម្ចាស់​សង្វៀន​ប្រដាល់​ឯកភ្នំ និង​ជា​ប្រធាន​ក្រុមហ៊ុន​ហេងតុលា​គ្រុប បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា​៖ «​ខ្ញុំ​ជា​អ្នក​ខេត្ត​បាត់ដំបង អ៊ីចឹង​ខ្ញុំ​ចង់​ឲ្យ​ខេត្ត​នេះ​មាន​កន្លែង​ប្រដាល់ ដើម្បី​ជួយ​ឲ្យ​កីឡាករ និង​ក្លិប​ប្រដាល់​ក្នុង​ខេត្ត​បាត់ដំបង​មាន​ការងារ​ធ្វើ​ព្រោះ​យើង​ឭ​ថា ក្លិប​ដែល​មាន​កីឡាករ​ហើយ តែ​បែរ​ជា​មិន​បាន​ឡើង​ប្រកួត​»​។

លោក​បន្ត​ថា​៖ «​សង្វៀន​ប្រដាល់​តាម​ប៉ុស្តិ៍​នៅ​ភ្នំពេញ គេ​យក​តែ​កីឡាករ​ល្បីៗ​ទៅ​វ៉ៃ តែ​អ្នក​អត់​សូវ​ល្បី គេ​អត់​យក​ទៅ​វ៉ៃ​ទេ អ៊ីចឹង​អ្នក​ហាត់​ថ្មីៗ អត់​មាន​កន្លែង​វ៉ៃ​ទេ​។ ខ្ញុំ​បាន​ឭ​ក្មេងៗ​និយាយ​រអ៊ូ​ពី​បញ្ហា​នេះ​ថា ខំ​ហាត់​ប្រដាល់​ធ្វើ​អី បើ​ហាត់​ហើយ អត់​បាន​ឡើង​វ៉ៃ​ដដែល​ហ្នឹង​? បញ្ហា​ទាំង​នេះ​ទើប​ខ្ញុំ​បង្កើត​ឲ្យ​មាន​សង្វៀន​ប្រដាល់​ឯកភ្នំ​នេះ​ឡើង ដើម្បី​ឲ្យ​វិស័យ​ប្រដាល់​នៅ​ខេត្ត​បាត់ដំបង​មាន​ភាពប្រសើរ​ឡើង​វិញ ព្រោះ​អ្នក​បាត់ដំបង​របស់​យើង​ចូលចិត្ត​មើល​ប្រដាល់​ណាស់ និង​ជា​ខេត្ត​មាន​ឈ្មោះ​ល្បី​ខាង​ប្រដាល់​តាំងពី​បុរាណ​មក​»​។

ការសម្រេច​បើក​ឲ្យ​មាន​សង្វៀន​ប្រដាល់​ឯកភ្នំ​នេះ​ក៏​ដើម្បី​លើក​មុខមាត់​ខេត្ត​បាត់ដំបង​ពី​ការមើល​ស្រាល​ពី​សំណាក់​អ្នក​មកពី​ខេត្ត​មួយ​ចំនួន​របស់​ថៃ​ផងដែរ ដែល​ពួកគេ​បាន​ចំអក​ថា ខេត្ត​បាត់ដំបង​កម្សត់​ដល់​ថ្នាក់​រក​សង្វៀន​ប្រដាល់​ផ្ទាល់​ខ្លួន​មួយ​មិន​បាន​។

លោក ហេង តុលា បាន​បញ្ជាក់​ថា​៖ «​ខេត្ត​មួយ​ចំនួន​របស់​ថៃ​ដែល​នៅ​ជិត​យើង​ដូចជា​ខេត្ត​ត្រាត ខេត្ត​ចន្ទ ខេត្ត​ឈុនបូរី និង​ផាត់តាយ៉ា​ជាដើម​គេ​មាន​សង្វៀន​ប្រដាល់​ខ្នាត​អន្តរជាតិ​ទាំងអស់​គឺ​អត់​តែ​ខេត្ត​បាត់ដំបង អ៊ីចឹង​ពេល​គេ​មក​លេង​ខេត្ត​យើង គេ​មើលងាយ​យើង​ថា ម៉េច​បាន​ជា​អត់​មាន​សង្វៀន​ប្រដាល់​? អ៊ីចឹង​ហើយ​ទើប​ខ្ញុំ​ចេះ​តែ​គិត​ថា​ខេត្ត​របស់​យើង​ធ្លាប់​មាន​ភាព​ស៊ីវិល័យ​តាំងពី​សម័យ​សង្គម​មក ហេតុនេះ​យើង​ត្រូវ​តែ​បើក​ឲ្យ​មាន​សង្វៀន​ខ្នាត​អន្តរជាតិ​នេះ​ឡើង ដើម្បី​កុំ​ឲ្យ​គេ​មើលស្រាល​យើង​ទៀត​»​។

បើ​តាម​លោក ហេង តុលា បាន​ឲ្យ​ដឹង​ទៀត​ថា​សង្វៀន​ប្រដាល់​ឯកភ្នំ​មាន​ការប្រកួត​ ២ ​ថ្ងៃ​ក្នុង​ ១ ​សប្តាហ៍​គឺ​ថ្ងៃ​សៅរ៍​មាន​ ៧ ​គូ និង​ថ្ងៃ​អាទិត្យ​មាន​ ៧ ​គូ ហើយ​ក្នុង​នោះ​មាន​គូ​មិត្តភាព​ក្នុង​ស្រុក​ ៣ ​គូ និង​មិត្តភាព​អន្តរជាតិ​ ៤ ​គូ​ដូចគ្នា ចំណែក​ប្រាក់​តម្លៃ​ខ្លួន​នៃ​ការប្រកួត​ត្រូវ​បាន​លោក តុលា បង្ហើប​ថា​មាន​ចំនួន​ច្រើន​ជាង​តម្លៃ​ខ្លួន​ប្រកួត​នៅ​សង្វៀន​ភ្នំពេញ​ទៅ​ទៀត​។

សម្រាប់​ការប្រកួត​មិត្តភាព​អន្តរជាតិ​ទាំង​ ៤ ​គូ​នៅ​ថ្ងៃ​សៅរ៍​ដែល​ចាប់ផ្តើម​ពី​ម៉ោង​ ៦:៣០ ដល់​ម៉ោង​ ១០ ​យប់​កីឡាករ​កម្ពុជា ឈុត សេរីវ៉ាន់ថង ត្រូវ​ប៉ះ​ថៃ Pechtsakaew ក្នុង​ទម្ងន់​​ ៥៨ ​គីឡូក្រាម ឯម ឡេងលី ជួប​ថៃ Khundech ក្នុង​ទម្ងន់​ ៧០ ​គ.ក្រ ឯ ណាម ម៉ូរ៉ាក់ ប្រកួត​ក្នុង​ទម្ងន់​​ ៦៣ ​គ.ក្រ​ជាមួយ​ថៃ Saksith ហើយ សេន កុសល ត្រូវ​ជួប​ថៃ Pecthboonmee ក្នុង​ទម្ងន់​ ៥៧ ​គីឡូក្រាម​។

ចំណែក​ការប្រកួត​នៅ​ថ្ងៃ​អាទិត្យ​ពី​រសៀល​ម៉ោង ២:៣០ ដល់​ល្ងាច​ម៉ោង​ ៦ អ្នក​លេង​ជង្គង់ ឡុង សុភី ត្រូវ​ប៉ះ​ថៃ Suay Ngam ក្នុង​ទម្ងន់​ ៧១ ​គ.ក្រ មុន​ពេល ឈួន រិទ្ធី តទល់​ជាមួយ​ថៃ Dennakorn ក្នុង​ទម្ងន់​ ៧០ ​គ.ក្រ ឯ រៀម វណ្ណៈ ប្រឈម​ជាមួយ​កីឡាករ​វៀតណាម Dennhonghua ក្នុង​ទម្ងន់​ ៦៤ ​គ.ក្រ ហើយ ឈឿន ឆៃដែន ប៉ះ​ថៃ​ទម្ងន់​ ៦១ ​គ.ក្រ Linglom៕