ភ្នំពេញ៖ ​ការ​ប្រកួត​ប្រដាល់​នៅ​តាម​សង្វៀន​ឯកជន​ទាំង ៦ ដែល​​បាន​​កំណត់​ឱ្យ​ផ្អាក​ការ​ប្រកួត​ជា​ថ្មី​ភ្លាមៗ បន្ទាប់​ពី​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ ​១៩ ចូល​សហគមន៍ កាល​ពី​ថ្ងៃទី ​២៨ ខែ វិច្ឆិកា ឆ្នាំ ​២០២០ ​នោះ គឺ​ពេល​នេះ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បើក​ការ​ប្រកួត​វិញ​ហើយ នៅ​ចុងសប្តាហ៍​នេះ។

ការ​អនុញ្ញាត​ឱ្យ​បើក​ការ​ប្រកួត​ប្រដាល់​ជា​ថ្មី​នេះ គឺ​ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ ​បាន​ប្រជុំ​ជាមួយ​ដៃគូ​ស្ថានីយ​ទូរទស្សន៍ ជាម្ចាស់​សង្វៀន​ប្រដាល់​កាល​ពី​ថ្ងៃ​ពុធ ហើយ​ក្នុង​នោះ​ ម្ចាស់​សង្វៀន​ទាំង ​៦ ស្ថានីយ​ទូរទស្សន៍​ ដោយ​​ធ្លាប់​ជា​ដៃគូ​សហការ​ មាន​បាយ័ន​ និង​ CNC ​ដែល​មាន​កម្មវិធី​ប្រកួត​​ច្រើន​ជាង​គេ រួម​ទាំង​សង្វៀន​ប៉ុស្តិ៍​លេខ ​៥ ​សង្វៀន​ថោន ​សង្វៀន ​PNN ​នៅ​រាជធានី​ភ្នំពេញ​ និង​សង្វៀន​​ឯក​ភ្នំ​ ខេត្ត​បាត់ដំបង ​ដែល​មាន​តែ ​១ ​លើក ​ក្នុង ​១ សប្តាហ៍​នោះ​ សុទ្ធ​តែ​ត្រៀម​បើក​ការ​ប្រកួត​ទាន់​ទាំង​អស់​នៅ​ចុង​​សប្តាហ៍​នេះ​។​

យ៉ាង​ណា​ក៏​ដោយ​ការ​អនុញ្ញាត​ឱ្យ​​បើក​ការ​​ប្រកួត​​ប្រដាល់​ឡើង​វិញ​នេះ ​​ត្រូវ​បាន​អង្គ​ប្រជុំ​បន្ថែម​នូវ​ចំណុច​ពិសេស​ គឺ​រក្សា​អនាម័យ​ការពារ​ជំងឺ​កូវីដ ​១៩​ តាម​គោលការណ៍​បច្ចេកទេស​របស់​ក្រសួង​សុខាភិបាល ​និង​កំណត់​ឱ្យ​កម្មវិធី​ប្រកួត​ទាំង​មូល​នៅ​ក្នុង​សង្វៀន​នីមួយៗ​ ​មាន​មនុស្ស​ចូល​រួម​ទាំង​អស់ គឺ​​ទាំង​កីឡាករ​ មន្ត្រី​បច្ចេកទេស​ ព្រម​ទាំង​ខាង​ទូរទស្សន៍​មាន​ពិធីករ ​ពិធីការិនី​​សរុប​មិន​ឱ្យ​លើស ​២០ ​នាក់​ និង​មិន​អនុញ្ញាត​​ឱ្យ​មាន​អ្នក​​ទស្សនា​ផ្ទាល់​ទេ។​

លោក​ ជួប​ វុត្ថា​ ដែល​បាន​ចូល​ប្រជុំ​កាល​ពី​ថ្ងៃ​ពុធ​នោះ ​បាន​ប្រាប់​ថា​៖ «​ព្រឹក​មិញ ​ខាង​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ ​និង​ភាគី​ពាក់ព័ន្ធ​ រួម​ទាំង​តំណាង​សង្វៀន​ទូរទស្សន៍​បាន​ទទួល​ការ​អនុញ្ញាត​ឱ្យ​រៀបចំ​ការ​​ប្រកួត​វិញ​ទាំង​អស់ ​គឺ​ចាប់​ពី​ថ្ងៃ​សុក្រ​ ទី ​១៨ ​ខែ ​ធ្នូ ​ឆ្នាំ ២០២០ ​នេះ​ទៅ​ ហើយ​តំណាង​ខាង​ទូរទស្សន៍​ សុទ្ធ​តែ​សម្តែង​ការ​សប្បាយ​ចិត្ត​ ​ព្រោះ​កម្មវិធី​ប្រកួត​បាន​ដំណើរការ ​យើង​មាន​ការងារ​ធ្វើ​ទាំង​គ្រប់​ភាគី​ ពិសេស​កីឡាករ​គ្នា​បាន​ប្រកួត ​ទទួល​បាន​​ប្រាក់​ជួយ​ជីវភាព»​។​

អ្នក​តំណាង​ឱ្យ​ស្ថានីយ​ទូរទស្សន៍​​សង្វៀន​ថោន ​លោក ជួប វុត្ថា ​បាន​បន្ថែម​ថា​៖ ​«ខាង​សង្វៀន​ថោន​ រៀបចំ​ប្រកួត​ថ្ងៃ​អាទិត្យ​ដូច​សព្វ​មួយ​ដង​ គឺ​រៀបចំ​ការ​ប្រកួត​ទាន់ ​ហើយ​ទទួល​បាន​តាម​ការ​ណែនាំ​ដូច​ជា​ពង្រឹង​អនាម័យ ​ពាក់​ម៉ាស់​ រក្សា​គម្លាត​ព្រម​ទាំង​កាត់​បន្ថយ​ចំនួន​មនុស្ស​ឱ្យ​តិច​ មិន​លើស ​២០ ​នាក់ ​គឺ​ធានា​បាន​»។​

ចំណែក​លោក​ ញាន​ សុធី​ ជំនួយ​ការ​រៀបចំ​ការ​ប្រកួត​របស់​​សង្វៀន​ប៉ុស្តិ៍​លេខ ​៥​ ​និយាយ​ថា​ ខាង​សង្វៀន​ប៉ុស្តិ៍​លេខ ​៥ ​រៀបចំ​ប្រកួត​ទាន់​នៅ​សប្តាហ៍​នេះ​ គឺ​កំពុង​តែ​ផ្គូ​ផ្គង​រៀប​រយ​ឱ្យ​បាន​ល្អ​ឡើង​វិញ​ និង​ដាក់​ឱ្យ​ប្រកួត​វគ្គ​ ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ​ដណ្តើម​ពាន​ផង​ដែរ​។ ចំណែក​ខាង ​បាយ័ន CNC PNN និង​សង្វៀន​ឯកភ្នំ បាន​ប្រកាស​ពី​ការ​រៀបចំ​ការ​ប្រកួត​ឡើង​វិញ ទាន់​ពេល​ដូច​គ្នា។

លោក​ តែម ​ម៉ឺន ​ប្រធាន​សហព័ន្ធ​កីឡា​​ប្រដាល់​គុន​ខ្មែរ ​មិន​អាច​ទាក់ទង​បាន​ទេ ​ប៉ុន្តែ​លោក​ឧត្តម​សេនីយ៍ទោ​ និន ​ភារម្យ ជា​អនុ​ប្រធាន​សហព័ន្ធ​​ប្រាប់​ថា​៖ «​គ្រប់​សង្វៀន​ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បើក​ការ​ប្រកួត​ឡើង​វិញ​គ្រប់​ស្ថានីយ ដែល​ធ្លាប់​ប្រកួត​តាម​ការ​ណែនាំ​របស់​ថ្នាក់​ដឹកនាំ ​ប៉ុន្តែ​បន្ថែម​ឱ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ជាង​មុន​ គឺ​​​អនុញ្ញាត​ឱ្យ​បន្ថែម​តែ​​​អ្នក​ឱ្យ​ទឹក​ម្នាក់​ប៉ុណ្ណោះ ​ក្នុង​កីឡាករ​ម្នាក់ ដោយ​​ហាម​គ្រូ​ និង​អ្នក​គាំទ្រ​»។

លោក​ឧត្តម​សេនីយ៍​ទោ ​និន ​ភារម្យ ​បាន​​ប្រាប់​បន្ថែម​ថា​៖ ​«ចំណែក​​គណៈកម្មការ​តិច​បំផុត​ ដែល​អាច​ធ្វើ​ទៅ​បាន​ គឺ​សរុប​គ្រប់​ផ្នែក​​ មិន​ឱ្យ​លើស ​២០ ​នាក់ ហើយ​តាម​ការ​ឯកភាព​គ្នា​ សង្វៀន​ដែល​ធ្លាប់​បើក​ប្រកួត​កន្លង​មក ​គឺ​អនុវត្ត​តាម​ការ​ណែនាំ​បាន​ ប៉ុន្តែ​សង្វៀន​ថ្មី​មួយ ដែល​​ទើប​តែ​ទទួល​បាន​ច្បាប់​អនុញ្ញាត​ថ្មីៗ ​គឺ​​សង្វៀន​ទូរទស្សន៍​ហង្សមាស​ ត្រូវ​បាន​ពន្យារពេល​​ការ​ប្រកួត​ដល់​ខែ​មករា ​ឆ្នាំ ​២០២១​»៕​​​