ភ្នំពេញ៖ សង្វៀន​ប្រដាល់​របស់​ស្ថានីយទូរទស្សន៍​បាយ័ន, CBS និង​ទូរទស្សន៍​ថោន គឺ​នៅ​តែ​រៀបចំ​ការ​ប្រកួត​ជា​ធម្មតា​នៅ​ចុង​សប្តាហ៍​នេះ ប៉ុន្តែ​សង្វៀន​ហង្សមាស ដែល​បាន​ចាប់​ផ្តើម​មុខរបរ​នេះ​ក្រោយ​គេ ត្រូវ​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​ក្នុង​ជំហាន​ដំបូង​ចំនួន ២ សប្តាហ៍​សិន គឺ​ពី​ថ្ងៃ​សៅរ៍​នេះ​ទៅ បើ​ទោះបី​ជា​ការ​ផ្គូផ្គង​សម្រាប់​ការ​ប្រកួត​នៅ​សប្តាហ៍​នេះ ត្រូវ​បាន​ធ្វើ​រួចរាល់​ហើយ​ក៏​​ដោយ។

តាម​គម្រោង​ប្រកួត​របស់​សង្វៀន​ហង្សមាស គិត​មក​ដល់​ពេល​នេះ បាន​និង​កំពុង​តែ​ប្រកួត​ជម្រុះ​ជុំ​ទី២ ឬ​វគ្គ​ជម្រុះ ១៦ នាក់​ចុងក្រោយ ដោយ​បាន​ចែក​ការ​ប្រកួត​ជា ៤ ពូល ដើម្បី​យក​កីឡាករ​ទទួល​បាន​លេខ ១ និង​លេខ ២ នៅ​តាម​ពូល​ទាំង ៤ ឡើង​ទៅ​ប្រកួត​វគ្គ ៨ នាក់​ចុង​ក្រោយ និង​បន្ត​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ប៉ុន្តែ​បញ្ហា​ផ្ទុះ​រីករាលដាល​នៃ​ជំងឺ​កូវីដ ១៩ ពិសេស​ការ​តេស្ត​វិជ្ជមាន​របស់​សិល្បករ សិល្បការិនី ដែល​ធ្វើ​ការងារ​នៅ​ស្ថានីយ​ទូរទស្សន៍​ហង្សមាស​នោះ បាន​បង្ក​ឱ្យ​មាន​ភាព​ចលាចល​នឹង​ឈាន​ទៅ​ដល់​ឱ្យ​មាន​ការ​ផ្អាក​ជា​បណ្តោះអាសន្ន​នៅ​ក្នុង​ការ​ប្រកួត​កីឡា​ប្រដាល់​គុន​ខ្មែរ​របស់​សង្វៀន​ហង្សមាស។

លោក រាជ សុផែន អគ្គលេខាធិការ​រង​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ ដែល​ទទួល​បន្ទុក​បច្ចេក​ទេស​ប្រកួត​នៅ​សង្វៀន​ហង្សមាស មិន​អាច​សុំ​ការ​ពន្យល់​បាន​ក្បោះក្បាយ​ទេ ប៉ុន្តែ​លោក​បាន​ទទួល​ស្គាល់​ថា សង្វៀន​ហង្សមាស​ពិត​ជា​ផ្អាក​ការ​ប្រកួត​ចំនួន ២ សប្តាហ៍​សិន​មែន។

ជាមួយ​គ្នា​នេះ សមាសភាព​អ្នក​ប្រដាល់​ដែល​ត្រៀម​ការ​ប្រកួត ព្រម​ទាំង​គណៈកម្មការ​បច្ចេកទេស គឺ​ផ្អាក​ទាំង​អស់​គ្នា​សិន ហើយ​បន្ថែម​ពី​លើ​នេះ កីឡាករ គណៈកម្មការ ឬ​អ្នក​ចូលរួម​ប្រកួត​កាល​ពី​សប្តាហ៍​មុន និង​ក្រុម​សិល្បៈ ដែល​មាន​អ្នក​ខ្លះ​បាន​ឆ្លង​ជំងឺ​កូវីដ និង​កំពុង​ជាប់​ក្នុង​ចត្តាឡីស័ក​មួយ​ចំនួន​ហើយ។

ចំណែក លោក និន វណ្ណា អ្នក​កាន់​កម្មវិធី​ប្រដាល់​ប្រចាំ​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​បាន​ឱ្យ​ដឹង​ថា៖ «គិត​ត្រឹម​ល្ងាច ថ្ងៃទី ១១ ខែ​មីនា នេះ យើង​នៅ​តែ​​ទទួល​បាន​ការ​ប្រកួត ៣ ស្ថានីយ មាន​បាយ័ន CBS និង​សង្វៀន​ថោន ចំណែក​សង្វៀន​ហង្សមាស​ច្បាស់​ថា មិន​ប្រកួត​ទេ ​គឺ​សម្រាក ២ សប្តាហ៍​សិន​រង់ចាំ​បទបញ្ជា​ជាថ្មី»។

លោក ជួប វុត្ថា អ្នក​ផ្គូផ្គង​ប្រចាំ​សង្វៀន​ថោន​បាន​និយាយ​ថា៖ «សង្វៀន​ថោន នៅ​តែ​ត្រៀម​ប្រកួត ដោយ​មិន​ទាន់​មាន​ដំណឹង​ផ្អាក​នៅ​ឡើយ។ ទោះ​យ៉ាងណា យើង​ក៏​មិន​ប្រាកដ​ច្បាស់​ដែរ គឺ​បើ​មាន​បទបញ្ជា​ពី​ថ្នាក់​លើ ឬ​ក្រសួង​ជំនាញ​ឱ្យ​ផ្អាក ទោះបី​ជិត​ដល់​ម៉ោង ឬ​ថ្លឹង​ទម្ងន់​រួច ក៏​យើង​គោរព​តាម​ដែរ»។

ជុំវិញ​ហានិភ័យ​នៃ​ជំងឺ​កូវីដ ១៩ នេះ លោក​វេជ្ជបណ្ឌិត​ម្នាក់​ប្រចាំ​ក្នុង​កីឡដ្ឋាន​បាន​ប្រាប់​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា៖ «ការ​ប្រកួត​កីឡា​ប្រដាល់​នេះ ទោះបី​កាត់​បន្ថយ​ចំនួន​មនុស្ស និង​សម្រិតសម្រាំង​អនាម័យ​ល្អ​យ៉ាងណា​ក៏​មាន​ហានិភ័យ​ខ្ពស់​ដែរ ពី​បញ្ហា​ឆ្លង បើ​សិន​មាន​នរណា ឬ​កីឡាករ​ណា​ម្នាក់​មាន​ផ្ទុក​កូវីដ​នោះ ហើយ​ការ​ប្រកួត​ប្រដាល់​នេះ ខ្ញុំ​សង្កេត​ឃើញ​ថា បើក​បិទៗ​ជា​ច្រើន​លើក ប៉ុន្តែ​វា​ទាក់ទង​ទៅ​នឹង​ជីវភាព​កីឡាករ គណៈកម្មការ អ្នក​រៀបចំ និង​ជំនួញ​ពាណិជ្ជកម្ម ហេតុនេះ​ចំពោះ​ខ្ញុំ​ជា​វេជ្ជបណ្ឌិត​ម្នាក់​នៅ​តែ​ព្រួយ​បារម្ភ​ខ្លាំង​ពី​ការ​ជួប​ជុំគ្នា ក្នុង​ពេល​ប្រកួត​នេះ»៕