ភ្នំពេញ៖ សង្វៀន​ហង្សមាស​ដែល​បាន​ផ្អាក​ការ​ប្រកួត ២ សប្តាហ៍ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩ នោះ នឹង​បើក​ការ​ប្រកួត​វិញ​នៅ​ថ្ងៃ​សៅរ៍​នេះ ចំណែក​សង្វៀន​បាយ័ន ដែល​បាន​ផ្អាក​ការ​ប្រកួត ២ សប្តាហ៍​ដែរ​នោះ ក៏​បើក​ការ​ប្រកួត​​ជា​ថ្មី ជាមួយ​នឹង​សង្វៀន ​CNC និង​សង្វៀន​ថោន ដែល​សរុប​ទាំង​អស់​មាន ១១ កម្មវិធី ប៉ុន្តែ​ជា​ការ​ប្រកួត​មាន​ត្រឹម​ការ​ផ្សាយ​ផ្ទាល់ តែ​មិន​អនុញ្ញាត​ឱ្យ​មាន​អ្នក​ចូល​ទស្សនា​ដូចគ្នា។

សម្រាប់​ការ​បើក​ឱ្យ​ប្រកួត​វិញ​របស់​សង្វៀន​ហង្សមាស​នេះ គឺ​ដើម្បី​បន្ត​ប្រកួត​វគ្គ​ជម្រុះ​សន្សំ​ពិន្ទុ​បង្គ្រប់​កិច្ច ដើម្បី​ឆ្លង​ចូល​វគ្គ​ជម្រុះ ៨ នាក់​ចុង​ក្រោយ​នៃ​ព្រឹត្តិការណ៍ ដែល​គេ​ឱ្យ​ឈ្មោះ​ថា «King Fighters» ប៉ុន្តែ​តាមរយៈ​ការ​ប្រកួត ៩ សប្តាហ៍​កន្លង​មក​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ការ​ប្រកួត​ជាក់​ស្តែង​មិន​មាន​ការ​ចាប់​អារម្មណ៍ ឬ​ទាក់ទាញ ដែល​មិន​ស័ក្តិសម​ទៅ​នឹង​ឈ្មោះ​ព្រឹត្តិការណ៍​នោះ​ទេ ចំណែក​តម្លៃ​ខ្លួន​ប្រកួត​របស់​កីឡាករ​ក្នុង​វគ្គ​ជម្រុះ​ក៏​នៅ​មិន​ទាន់​បាន​ប្រសើរ​ច្រើន​ដូច​សង្វៀន​ដទៃ​នោះ​ដែរ។

យ៉ាង​ណាមិញ សម្រាប់​ការ​បើក​ការ​ប្រកួត​ឡើង​វិញ​នេះ ភ្នំពេញ ​ប៉ុស្តិ៍ មិន​អាច​ទាក់ទង​អ្នក​គ្រប់គ្រង​សង្វៀន​ហង្សមាស ដើម្បី​សម្ភាស​បាន​ទេ ប៉ុន្តែ​លោក រាជ សុផែន អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ និង ជា​ប្រធាន​បច្ចេកទេស​ប្រកួត​ប្រចាំ​សង្វៀន​ហង្សមាស​បាន​ឱ្យ​ដឹង​ថា សង្វៀន​ហង្សមាស​បាន​បើក​ឡើង​វិញ​នៅ​សប្តាហ៍​នេះ ដើម្បី​បន្ត​ការ​ប្រកួត​ប្រចាំ​សប្តាហ៍​ទី១០ ក្នុង​ជម្រុះ​វគ្គ​សន្សំ​ពិន្ទុ​ចុង​ក្រោយ ដែល​មាន​កីឡាករ​ចំនួន ៤ គូ។

លោក រាជ សុផែន បាន​លម្អិត​ថា៖ «តាម​ការ​ប្រកួត​វគ្គ​ជម្រុះ​ចំនួន ៩ សប្តាហ៍​កន្លង​មក​នេះ​យើង​មាន​ទិន្នន័យ ដែល​ដឹង​ពី​សមាសភាព​កីឡាករ​ណា ត្រូវ​បាន​ឡើង​សឹង​តែ ៩៩ ភាគរយ​ទៅ​ហើយ អ៊ីចឹង​ការ​ប្រកួត​សប្តាហ៍​នេះ អាច​ថា​ជា​ការ​ប្រកួត​គម្រប់​កិច្ច​តាម​រូបមន្ត​ប៉ុណ្ណោះ ព្រោះ​ទោះ​ជា​លទ្ធផល​បែបណា​ក៏​មិន​ប្រែប្រួល​អ្វី​ធំដុំ​នោះ​ដែរ»។

លោក​បាន​បញ្ជាក់​ថា៖ «អនុវត្តតាម​រូបមន្ត​ប្រកួត ​គឺ​គណៈកម្មការ​វិនិច្ឆ័យ​បាន​សរុប​ពិន្ទុ​ឃើញ​ថា មាន​កីឡាករ ៧ នាក់ ​ហើយ ដែល​មាន​ពិន្ទុ​គ្រប់គ្រាន់ សម្រាប់​ឡើង​ទៅ​វគ្គ ៨ នាក់​ចុង​ក្រោយ​ក្នុង​នោះ​មាន ម៉ន សាម៉េត មក​ពី​ក្លិប​ព្រែក​ឯង​កីឡា ទូច ដេវីដ មក​ពី​ក្លិប​អរុណរះ លាភ រដ្ឋា មក​ពី​បន្ទាយមានជ័យ ពុទ្ធ សំបូរ របស់​ក្លិប​ពុទ្ធ​សេរីវង្ស ថា សារុន មក​ពី​ការពារជាតិ ភួង ពិសិដ្ឋ មក​ពី​ក្លិប​តាឡីដំរី​មានរិទ្ធ និង អេ អាំម៉ារីនភូថង មក​ពី​ការពារជាតិ ហើយ​នៅ​សល់​កីឡាករ​ម្នាក់​ទៀត មិន​ទាន់​ប្រាប់​ឈ្មោះ​បាន​ទេ ដោយ​រង់ចាំ​លទ្ធផល​ប្រកួត​នៅ​សប្តាហ៍​ទី១០ នេះ​សិន»។

សម្រាប់​ការ​ប្រកួត​ទាំង ៤ ​គូ នៅ​សប្តាហ៍​នេះ គឺ ព្រឿង សុជាតិ របស់​ក្រសួង​ការពារជាតិ ត្រូវ​ប៉ះ ថន ភឿត មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ដែល​នេះ​ជា​ការ​ប្រកួត​បង្គ្រប់​កិច្ច ព្រោះ​ពូល ​A នេះ ម៉ន សាម៉េត និង លាភ រដ្ឋា បាន​ឈ្នះ​កៅ​អី​រួច​ហើយ។ រីឯ ថា សារុន របស់​កងយោធពល​ខេមរភូមិន្ទ ត្រូវ​ដណ្តើម​យក​លេខ ១ និង​លេខ ២ ប្រចាំ​ពូ​ល ​C ជាមួយ ភួង ពិសិដ្ឋ ហើយ អេ អាំម៉ារីនភូថង ជួប ទូច ដេវីដ ដែល​ជា​ការ​ប្រកួត​ដណ្តើម​យក​លេខ ១ និង​លេខ ២ ប្រចាំ​ពូល ​D។

ចំណែក​កីឡាករ លាភ សំណាង មក​ពី​ខេត្តបាត់ដំបង​ត្រូវ​ឈម​ជាមួយ ពុទ្ធ សំបូរ ហើយ​ការ​ប្រកួត​ជម្រុះ​ចុង​ក្រោយ​ក្នុង​វគ្គ ១៦ នាក់​នេះ គឺ លាភ សំណាង ត្រូវ​ធ្វើ​យ៉ាង​ណា​ផ្តួល សំបូរ ឱ្យ​សន្លប់​នៅ​មុន​ទឹក​ទី២ ទើប​រូប​គេ អាច​បាន​ឡើង​ទៅ​វគ្គ​បន្ត ប៉ុន្តែ​ប្រសិន​បើ សំណាង ធ្វើ​មិន​បាន​ទេ គឺ បាង កាយ៉ាក ជា​អ្នក​ឡើងទៅ​វគ្គ ៨ នាក់​ចុងក្រោយ​ជាមួយ ពុទ្ធ សំបូរ តំណាង​ឱ្យ​ពូល​ B នេះ៕