ភ្នំពេញ៖ បើទោះបីជាសង្វៀនប្រដាល់មួយចំនួនបានសម្រេចផ្អាកការប្រកួតជាបណ្តោះអាសន្ន បន្ទាប់ពីរកឃើញថា បុគ្គលិករបស់ខ្លួនបានឆ្លងជំងឺកូវីដ ១៩ ដែលកំពុងតែមានការរីករាលដាលខ្លាំងនៅក្នុងប្រទេសកម្ពុជា ពិសេសនៅរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រៃវែង និងក្រុងព្រះសីហនុ ប៉ុន្តែសង្វៀនប្រដាល់គុនខ្មែរធំទាំង ២ គឺ CNC និងបាយ័ន នៅតែបើកឱ្យមានការប្រកួតជាធម្មតានៅចុងសប្តាហ៍នេះ។
នៅមុននេះ សង្វៀនហង្សមាសបានសម្រេចផ្អាកការប្រកួតភ្លាមៗចំនួន ២ សប្តាហ៍ បន្ទាប់ពីរកឃើញថា ក្រុមអ្នកសិល្បៈមួយចំនួននៅស្ថានីយទូរទស្សន៍ហង្សមាសបានឆ្លងជំងឺកូវីដ ១៩ ចំណែកនៅសប្តាហ៍នេះ សង្វៀនថោន ក៏បានសម្រេចផ្អាកការប្រកួតចំនួន ១ សប្តាហ៍ផងដែរ ក្រោយពេលអ្នកគ្រប់គ្រងផ្នែកកីឡាម្នាក់ គឺលោក ហាក់ សុខហេង បានរកឃើញលទ្ធផលវិជ្ជមានជំងឺកូវីដ ១៩។
លោក ជួប វុត្ថា អ្នកផ្គូផ្គងកីឡាកររបស់សង្វៀនថោនបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖ «សង្វៀនថោនបានផ្អាកការប្រកួតប្រដាល់ជាបណ្តោះអាសន្ន ចំនួន ១ សប្តាហ៍សិន ហើយបើមានការប្រែប្រួលយ៉ាងណាទៀតនោះ យើងនឹងជូនដំណឹងជាថ្មី តាមការណែនាំរបស់ថ្នាក់ដឹកនាំ និងស្ថាប័នជំនាញ»។
ផ្ទុយពីនេះ សង្វៀន CNC ដែលមានការប្រកួតនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នូវកម្មវិធីចំនួន ៤ ហើយសរុបមានកីឡាករចំនួន ១៩ គូ ស្មើនឹង ៣៨ នាក់ តែមិនទាន់គិតពីចំនួនគ្រូបង្វឹក អ្នកឱ្យទឹក ឬមន្ត្រីបច្ចេកទេស គណៈកម្មការ បម្រើការប្រកួតនោះ នៅតែដំណើរការប្រកួតធម្មតា ចំណែកសង្វៀនបាយ័ន ដែលមានការប្រកួតនៅសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ មាន ៥ កម្មវិធី ហើយសរុបកីឡាករមានចំនួន ២៧ គូ ស្មើនឹង ៥៤ នាក់ (មិនទាន់បូកបញ្ចូលគ្រូបង្វឹក អ្នកឱ្យទឹក និងមន្ត្រីបច្ចេកទេស) នោះ នៅតែបន្តបើកការប្រកួតជាធម្មតាដូចគ្នា។
លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាប្រធានមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ មានប្រសាសន៍ថា៖ «គិតមកដល់ល្ងាចថ្ងៃពុធនេះ ខ្ញុំទទួលបានថា នៅមានសង្វៀនប្រដាល់ចំនួន ២ គឺ ស៊ីអិនស៊ី និងបាយ័ន នៅប្រកួត ហើយយើងមិនអាចព្យាករថា សង្វៀនទាំង ២ នេះ បន្ត ឬផ្អាកសិននៅពេលណាទេ ព្រោះអាស្រ័យលើភាពជាក់ស្តែង និងការណែនាំរបស់ក្រុមអ្នកជំនាញ ប៉ុន្តែខ្ញុំបានជំរុញឱ្យខាងគ្រូពេទ្យប្រចាំសហព័ន្ធ និងខាងស្ថានីយនីមួយៗ ខិតខំអនុវត្ត និងរក្សាអនាម័យតាមបទបញ្ជារបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ»។
ចំពោះស្ថានភាពទូទៅក្រៅពីនេះ លោក តែម ម៉ឺន បានបញ្ជាក់ថា៖ «ក្រុមអត្តពលិកជម្រើសជាតិគុនខ្មែរ រួមទាំងគ្រូបង្វឹក ឬមន្ត្រីពាក់ព័ន្ធបានចាក់វ៉ាក់សាំងរួចរាល់អស់ហើយ។ បន្ថែមពីលើនេះ កីឡាករ និងមន្ត្រីបច្ចេកទេស ដែលបានជាប់ពាក់ព័ន្ធទៅនឹងសង្វៀនហង្សមាស និងសង្វៀនថោន កំពុងតែយកសំណាកទៅពិនិត្យ ហើយពួកគាត់មួយចំនួនមិនទាន់រកឃើញមេរោគជាវិជ្ជមាននៅឡើយ ប៉ុន្តែកំពុងដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃសិន អ៊ីចឹងសម្រាប់កីឡាករ និងមន្ត្រីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ មិនទាន់មាននរណាម្នាក់ មានផ្ទុកមេរោគកូវីដ ១៩ នៅឡើយទេ»៕