ភ្នំពេញ៖ ​កម្មវិធី​ប្រដាល់​គុន​ខ្មែរ​នៅ​សង្វៀន​អាស៊ី​អាគ្នេយ៍​ ដែល​ធ្លាប់​មាន​ប្រកួត​ច្រើន​លើក​ក្នុង ​១ សប្តាហ៍​នោះ​ គិត​មក​ដល់​បច្ចុប្បន្ន​នៅ​សល់​តែ​ ១ កម្មវិធី​ទេ គឺ​ការ​ប្រកួត​នៅ​​ល្ងាច​ថ្ងៃ​សៅរ៍​ ​ក្រោម​ការ​ឧបត្ថម្ភ​​ផ្តាច់​មុខ​ដោយ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ខារ៉ាបាវ​ ហើយ​ដោយសារ​កម្មវិធី​នេះ ​នឹង​ត្រូវ​ចប់​កិច្ច​សន្យា​ត្រឹម​ថ្ងៃទី ​៣០​ ខែ ​មិថុនា ​ឆ្នាំ ​២០២០​ អ៊ីចឹង​​មាន​ន័យ​ថា ​សង្វៀន ​SEATV នឹង​​ផ្អាក​កម្មវិធី​​ប្រដាល់​គុន​ខ្មែរ​ទាំង​ស្រុង​ ដោយ​មិន​ទាន់​មាន​គម្រោង​ថ្មី​បន្ត​ទៀត​នៅ​ឡើយ​។

សង្វៀន​ SEATV បាន​ចាប់​ផ្តើម​រៀបចំ​ការ​ប្រកួត​ល្បី​ខ្លាំង​នៅ​ឆ្នាំ ​២០១៣​ ដោយ​កាល​នោះ​ក្នុង ​១ សប្តាហ៍​ មាន​រហូត​ដល់ ​៦ ​កម្មវិធី​ ​និង​ប្រកួតពី​​ថ្ងៃ​សុក្រ​ ដល់​អាទិត្យ​ ដោយ​ទទួល​បាន​ប្រិយភាព​ខ្ពស់​ជាង​គេ​។ ប៉ុន្តែ​​ក្រោយៗ​មក​ទៀត ស្រប​ពេល​​សង្វៀន​ប្រដាល់​ប៉ុស្តិ៍​ផ្សេង ​មាន​ប្រជាប្រិយភាព​ជាង​វិញ​នោះ ​ធ្វើ​ឲ្យ​សង្វៀន​មួយ​នេះ​ ត្រូវ​បាន​ដៃគូ​សហការ​ឧបត្ថម្ភ​ដក​ថយ​ទៅ​សង្វៀន​ដទៃ​ ដោយ​គ្មាន​មូលហេតុ​ច្បាស់​លាស់​ធំ​ដុំ​ ខណៈ​ពេល​នេះ កម្មវិធី​ ១ ​ចុង​ក្រោយ ក៏​នឹង​ផុត​កុងត្រា​នៅ​ត្រឹម​ថ្ងៃទី ​៣០ ខែ​មិថុនា ខាង​មុខ។

លោក​ ញាន ​សុធី​ អ្នក​គ្រប់គ្រង​កម្មវិធី​​ប្រដាល់​គុន​ខ្មែរ​​ប្រចាំ​នៅ​សង្វៀន SEATV ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ​កាល​ពី​ថ្ងៃ​អង្គារ​​ថា​៖ ​«​សង្វៀន​ខាង​ខ្ញុំ​ពិត​ជា​បញ្ចប់​ការ​ប្រកួត​ជា​បណ្តោះ​អាសន្ន​មួយ​រយៈ​សិន ​ដោយសារ​តែ​ដៃគូ​សហការ​ឧបត្ថម្ភ​កម្មវិធី​ផុត​កិច្ច​សន្យា​ ហើយ​មិន​ទាន់​មាន​ដៃ​គូ​ឧបត្ថម្ភ​ថ្មី​បន្ត​ទៀត​នៅ​ឡើយ​។​ ខ្ញុំ​មិន​អាច​ប្រាប់​ពី​កម្មវិធី​ប្រដាល់​នេះ ​នឹង​បើក​ឡើង​វិញ​បាន​នៅ​ពេល​ណា​ទេ​ ​ព្រោះ​ទាក់ទង​ទៅ​នឹង​ការ​ស្វែង​រក​ដៃ​គូ​ពាណិជ្ជកម្ម ​អ្នក​សហការ​ឧបត្ថម្ភ​កម្មវិធី​ថ្មី»​។​

ទោះ​ជា​យ៉ាង​នេះ​ក្តី​ ការ​ផលិត​ព័ត៌មាន​កម្មវិធី​កីឡា ​ប្រចាំ​ថ្ងៃ​ របស់ SEATV នៅ​តែ​ផលិត​ផ្សាយ​បន្ត​ជា​ធម្មតា​។​ ​លោក ​ជឿង​ ធួន​ ប្រធាន​ក្រុម​ផលិត​ព័ត៌មាន​កីឡា​ប្រចាំ​ថ្ងៃ​នៅ​ SEATV បាន​​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​ខ្ញុំ​បាន​ដឹង​ថា កីឡា​ប្រដាល់​ត្រូវ​​ផ្អាក ​ប៉ុន្តែ​ខាង​ខ្ញុំ​ជា​អ្នក​ផលិត​ព័ត៌មាន​កីឡា​ប្រចាំ​ថ្ងៃ ​មាន​គ្នា​ ​៣ ​នាក់ ​មិន​ទាន់​ផ្អាក​ទេ ​គឺ​នៅ​តែ​ផលិត​ផ្សាយ​ជា​ធម្មតា​គ្រាន់​តែ​ខាង​ក្រុមហ៊ុន ​នៅ​ជំពាក់​ប្រាក់​ខែ​តាំង​ពី​ខែ​កុម្ភៈ ​ឆ្នាំ ​២០២០ ​មក ​មិន​ទាន់​បាន​បើក​ជូន​នៅ​ឡើយ»​។

លោក​ ជឿង​ ធួន​ ក៏​បាន​បន្ថែម​ថា​ កាល​ពី​សប្តាហ៍​មុន ​ខាង​ក្រុមហ៊ុន​បាន​ហៅ​ប្រជុំ​ប្រាប់​ដល់​បុគ្គលិក​ផ្នែក​ព័ត៌មាន​មួយ​ចំនួន​ឲ្យ​ព្យូរ​ការងារ​មួយ​រយៈ​សិន​ ដោយ​គ្មាន​ប្រាក់​ខែ ​ប៉ុន្តែ​អ្នក​យក​ព័ត៌មាន​ទាំង​នោះ​ អាច​ទៅ​យក​ព័ត៌មាន​ ដោយ​ស្ម័គ្រ​ចិត្ត​បាន​ជា​ធម្មតា ​ហើយ​អ្នក​ព្យូរ​ការងារ​ទាំង​នោះ ​នឹង​ទទួល​បាន​ប្រាក់​ខែ ​ដែល​បាន​ជំពាក់​កន្លង​មក​ចំនួន ​៤ ​ខែ ​នៅ​ពាក់​កណ្តាល​ខែ​មិថុនា​ឆ្នាំ ២០២០​​។​

គួរ​រំឭកក់​ថា​ សង្វៀន​ SEATV ក្រៅ​ពី​ផ្តល់​តម្លៃ​ខ្លួន​ប្រកួត​ឲ្យ​កីឡាករ ​ដែល​មក​ប្រកួត គឺ​​នៅ​មាន​ការ​​ឧបត្ថម្ភ​កម្រៃ​ពលកម្ម​ដល់​មន្ត្រី​បច្ចេកទេស​របស់​សហព័ន្ធ ​ពី​​ថ្នាក់​ដឹកនាំ​ប្រកួត​រហូត​ដល់​ចៅ​ក្រម​អាជ្ញា​កណ្តាល​ សរុប​ជាង ​៣០ ​នាក់ ​ក្នុង ​១ ​ប្រកួត ​ប៉ុន្តែ​ការ​ផ្អាក​ជា​បណ្តោះ​អាសន្ន​ ដោយ​គ្មាន​កាល​កំណត់​នេះ គឺ​បាន​ធ្វើ​ឲ្យ​ពួក​គាត់​បាត់​ប្រាក់​ចំណូល​ និង​មាន​ជីវភាព​កាន់​តែ​លំបាក។

មន្ត្រី​ខាង​អ្នក​ឧបត្ថម្ភ​កម្មវិធី​ប្រកួត​ប្រដាល់​បាន​ប្រាប់​ដោយ​សុំ​​មិន​ចេញ​ឈ្មោះ​ថា​​៖ ​«សង្វៀន​អាស៊ី​អាគ្នេយ៍​ មាន​ប្រិយភាព​ល្អ​ជាង​សង្វៀន​មួយ​ចំនួន​ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​ខាង​ខ្ញុំ​ទទួល​បាន​ព័ត៌មាន​ពី​ខេត្ត​ និង​តំបន់​មួយ​ចំនួន​ក្នុង​ប្រទេស​ថា ​ទូរទស្សន៍​នេះ មើល​មិន​ឃើញ​ ហេតុ​នេះ​ខាង​ខ្ញុំ​សម្រេច​ដក​ទៅ​សង្វៀន​ផ្សេង​សិន​ ហើយ​បើ​ថ្ងៃ​ក្រោយ​មាន​រូប​ភាព​ច្បាស់​ មើល​ឃើញ​ឡើង​វិញ​ល្អ​នោះ​ យើង​នឹង​ចរចា​គ្នា​ឡើង​វិញ​មិន​ខាន»​៕​